ក្រុមសកម្មជនបរិស្ថាន និងអង្គការសង្គមស៊ីវិល បានស្នើដល់រដ្ឋាភិបាលឱ្យបញ្ឈប់ការកាត់ដីនៅតំបន់ឧទ្យានជាតិក្នុងប្រទេសកម្ពុជាទៅឱ្យឯកជន និងទាមទារដកសិទ្ធិគ្រប់គ្រងពីក្រុមហ៊ុនឯកជនទាំងនោះឱ្យទៅរដ្ឋគ្រប់គ្រងឡើងវិញ។
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រុមសកម្មជនបរិស្ថានប្រមាណ២០នាក់បានដាក់ញត្តិទៅក្រសួងបរិស្ថាន ដើម្បីស្នើដល់ស្ថាប័ននេះ រក្សាទុកដីតំបន់ឧទ្យានជាតិទាំងអស់នៅកម្ពុជា និងដកសិទ្ធិពីក្រុមហ៊ុនឯកជនលើកការគ្រប់គ្រងឧទ្យានជាតិគិរីរម្យ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃកែវសីមាឱ្យរដ្ឋវិញ។
សកម្មបរិស្ថានលោក គឹម ឈីលីន ប្រាប់សារព័ត៌មានពលរដ្ឋថា រដ្ឋាភិបាលបានកាត់ដីតំបន់ឧទ្យានជាតិជាច្រើនកន្លែងទៅឱ្យក្រុមហ៊ុនឯកជនគ្រប់គ្រង និងធ្វើការអភិវឌ្ឍតាមរយៈគម្រោងដីសម្បទានសេដ្ឋកិច្ច។ លោកថា ករណីនេះបានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ធនធានធម្មជាតិ។
លោក គឹម ឈីលីន បន្តថា ធនធានធម្មជាតិទាំងអស់នោះ គឺជាទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ លោកថា ក្រោមគម្រោងកាត់ដីឧទ្យានជាតិឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍នេះ គឺព្រៃឈើត្រូវបានកាប់ និងឈូសឆាយបំផ្លាញចោល ដើម្បីបម្រើផលប្រយោជន៍បុគ្គល ឬអ្នកមានលុយមានអំណាចមួយក្រុមប៉ុណ្ណោះ។
លោកបន្ថែមថា៖« អញ្ចឹងហើយយើងដែលជាពលរដ្ឋទាំងអស់គ្នា ក៏ជាម្ចាស់ នៃទ្រព្យសម្បត្តិធនធានទាំងអស់នេះដែរ។យើងមានសិទ្ធិការការពារទៅលើទ្រព្យសម្បត្តិធនធានទាំងនោះ។ ហើយយើងខ្ញុំស្នើទៅតំណាងរាស្ត្រ និងអ្នកធ្វើការសម្រេចចិត្តផ្សេងៗ ជាតួអង្គរដ្ឋាភិបាល ត្រូវបម្រើ និងការពារប្រយោជន៍ឱ្យប្រជាពលរដ្ឋ»។
សកម្មជនបរិស្ថានរូបនេះបន្ថែមថា រូបលោក និងយុវជនដែលស្រលាញ់បរិស្ថានបានព្រួយបារម្ភពីការបាត់បង់ធនធានធម្មជាតិឆាប់រហ័ស ប្រសិនបើរដ្ឋាភិបាលមិនដកហូតសិទ្ធិ និងបញ្ឈប់ការផ្តល់ដីតំបន់ឧទ្យានជាតិទៅឱ្យឯកជន។
សកម្មជនបរិស្ថានម្នាក់ទៀតកញ្ញា ធួន ស្រីពៅ បានលើកឡើងថា ឧទ្យានជាតិ និងដែនជម្រកសត្វព្រៃសំបូរទៅដោយធនធានធម្មជាតិ។ កញ្ញាថា ប្រសិនបើតំបន់ទាំងនេះ នៅតែបន្តពុះជ្រៀកទៅឱ្យបុគ្គលមានលុយមានអំណាចនោះ គឺធនធានធម្មជាតិក្នុងតំបន់ការពារទាំងនេះ នឹងរងការបាត់បង់អស់ជាមិនខាន។
សកម្មបរិស្ថានកញ្ញា ធួន ស្រីពៅ បន្តថា ក្រុមយុវជាន ឬសកម្មជនបរិស្ថាន មិនបានជំទាស់ជាមួយការអភិវឌ្ឍរបស់រដ្ឋាភិបាលនោះទេ ប៉ុន្តែគម្រោងការអភិវឌ្ឍមួយចំនួនបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបង្កការឈឺចាប់ដល់ពួកគាត់។ កញ្ញាថា ឧទ្យានជាតិ និងតំបន់ការពារមួយចំនួនបានបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋច្រើនណាស់ ដូចជាការដើរកំសាន្ត និងការអាស្រ័យផលផ្សេងៗ។
កញ្ញាបន្ថែមថា៖«អញ្ចឹងក្រសួង និងស្ថាប័នពាក់ព័ន្ធគួរណាស់តែយកចិត្តទុកដាក់ចំពោះរឿងហ្នឹង ជាជាងអាការលាបពណ៌បង្កាច់បង្ខូចអ្នកដែលហ៊ាននិយាយអំពីរឿងទាំងអស់ហ្នឹង។ សម្រាប់ខ្ញុំខ្ញុំនៅតែលើកទឹកចិត្តយុវជនផ្សេងទៀតឱ្យព្យាយាមអានពីច្បាប់ផ្សេងៗ មិនថាច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ភូមិបាលអ្វីផ្សេងៗ ដើម្បីដឹងពីករណីកិច្ចរបស់ពួកគេក្នុងការចូលរួមការពារធនធានធម្មជាតិ»។
ក្នុងញត្តិទៅក្រសួងបរិស្ថានកាលពីថ្ងៃទី២២ ខែឧសភានេះ បានលើកឡើងថា ការកាត់ដីព្រៃនៅក្នុងឧទ្យានជាតិព្រះសុរាម្រិតដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃកែវសីមាឱ្យក្រុមហ៊ុនលោកស្រី ជឹង សុគន្ធាវី កូនស្រីបង្កើត លោកស្រី ជឹង សុភាព ហៅយាយភូ គឺបង្កើតបានជាក្តីព្រួយបារម្ភ និងមិនសប្បាយចិត្តដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ជោគវាសនាប្រទេស និងអ្នកបង់ពន្ធជូនរដ្ឋ។
ម្យ៉ាងវិញទៀត ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដោយប្តេជ្ញាថា នឹងបង្កើនគម្របព្រៃឈើឱ្យបាន៦០ភាគរយនៅឆ្នាំ២០៣០នោះ គឺមិនអាចសម្រេចបានឡើយ។
ញត្តិដដែលនេះ បានស្នើដល់ក្រសួងបរិស្ថាន ឱ្យបញ្ឈប់ការកាត់ដីព្រៃនៅឧទ្យានជាតិនានានៅកម្ពុជា និងដកសិទ្ធិពីក្រុមហ៊ុនឯកជនឱ្យរដ្ឋគ្រប់គ្រងវិញ ហើយអភិវឌ្ឍន៍តំបន់ទាំងនោះ ជាតំបន់អេកូទេសចរណ៍ដែលគ្រប់គ្រងដោយសហគមន៍មូលដ្ឋាន ដើម្បីធានាបាននូវការគ្រន់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងគង់វង្សយូរអង្វែងដល់មនុស្សជំនាន់ក្រោយ។
អ្នកសារព័ត៌មានពលរដ្ឋមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានទេពាក់ព័ន្ធករណីនេះ។ យ៉ាងណាសកម្មជនបរិស្ថានឱ្យដឹងថា ការដាក់ញត្តិម្សិលមិញនោះ គឺខាងក្រសួងបរិស្ថានបានទទួលញត្តិ ប៉ុន្តែមិនបានឆ្លើយតបអ្វីនោះទេ។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជាលោក ហេង គឹមហុង មានប្រសាសន៍ថា នៅក្នុងសង្គមប្រជាធិបតេយ្យប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងការស្នើសុំ ឬសុំការឆ្លើយបំភ្លឺពីអង្គការរដ្ឋ ប្រសិនបើពួកគេមានការព្រួយបារម្ភចំពោះផលប៉ះពាស់អ្វីមួយពីគម្រោងអភិវឌ្ឍន៍ទៅផលប្រយោជន៍ពលរដ្ឋ ឬផលប្រយោជន៍សាធារណៈរបស់ រដ្ឋ។
លោក ហេង គឹមហុង បន្តថា ប្រសិនបើអង្គការរដ្ឋ ឬក្រសួងបរិស្ថានមិនឆ្លើយតបណាមួយចំពោះពលរដ្ឋទេ វាបង្ហាញពីការមិនទទួលខុសលើកាតព្វកិច្ចរបស់ខ្លួន និងប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
លោកបន្ថែមថា៖«បើសិនជាប្រជាពលរដ្ឋលើកសេចក្តីកង្វល់យ៉ាងដូច្នេះក្រសួងបរិស្ថាន ឬក៏រដ្ឋាភិបាលត្រូវតែធ្វើការឆ្លើយតប់ ឬឆ្លើយបំភ្លឺជូនប្រជាពលរដ្ឋជាសាធារណៈឱ្យប្រជាពលរដ្ឋបានដឹងបានឮ។ មិនមែនធ្វើមិនដឹងមិនឮដែលទម្រង់ បែបនេះមិនបានឆ្លើយតបនឹងអភិបាលកិច្ច តម្លាភាព និងគណនេយ្យភាព ដែលរដ្ឋកំពុងកំណត់នោះទេ»។
កាលពីដើមខែឧសភានេះ ក្រុមយុវជនសកម្មជនស្រឡាញ់ធនធានធម្មជាតិ បាននាំគ្នាធ្វើយុទ្ធនាការពហិការមិនប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនអ្នកស្រី ជឹង សុគន្ធារី ត្រូវជាកូនស្រីអ្នកស្រី ជឹង សុភាព ហៅយាយភូ បន្ទាប់ពីប្រធានក្រុមហ៊ុនមួយនេះទទួលបានសិទ្ធិអភិវឌ្ឍលើដីតំបន់ឧទ្យានជាតិគិរីរម្យ។
កាលពីខែមិថុនា ឆ្នាំ២០២២ រដ្ឋាភិបាលបានចេញអនុក្រឹត្យ កាត់ដីនៅតំបន់ដីព្រៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាង៦០០ហិកតារ(៦៤១) និងដីព្រៃឧទ្យានជាតិគិរីរម្យជាង២០០ហិកតារ (២២១)ទៅឱ្យក្រុមហ៊ុនវ័នម៉រ លីមីតធីត (One More LTD.) របស់អ្នកស្រី ជឹង សុគន្ធារី ដែលត្រូវជាកូនស្រីរបស់លោកស្រី ជឹង សុភាព ហៅយាយភូគឺជាប្រពន្ធរបស់លោក ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា៕
………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួស ចាន់ឌឿន