សកម្មជនបរិស្ថានសាទរចំពោះការចេញសេចក្តីជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ស្តីពីវិធានការទប់ស្កាត់ និងដកហូតដីព្រៃនៅតំបន់ព្រៃឡង់ ដែលបានកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិ ខុសច្បាប់យកមកធ្វើជាសម្បត្តិរដ្ឋវិញ។
កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្ដស្ទឹងត្រែងបានចេញសេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់ និងដកហូតដីព្រៃដែលបានកាប់ទន្ទ្រានអណាធិបតេយ្យ យកធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិគិរីសុខសាន្ត និងសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សេចក្ដីជូនដំណឹងនោះថាមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានអង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តផ្សេងៗ ចូលមកកាប់ទន្ទ្រានដីព្រៃយ៉ាងអនាធិបតេយ្យដែលជាការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ។
សេចក្ដីជូនដំណឹងបន្តថា ករណីនេះមន្ទីរបរិស្ថានខេត្តបានចាត់វិធានការជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន តែសកម្មភាពនេះមិនបានរាងចាលឡើយនៅតែបន្តកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន មានការកើនឡើង ជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ។
យោងតាមស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានជំរុញការអនុវត្តច្បាប់ ឱ្យបានមួយរយភាគរយ របស់ក្រសួងបរិស្ថាន ស្តីពីវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬឈូសឆាយ ដីព្រៃ ក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ។
លិខិតលើកឡើងថា៖ «មោឃៈភាពចោល នូវរាល់លិខិតសម្គាល់លក់-ទិញ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ ការពារធម្មជាតិ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។ ដកហូតយកមកជាសម្បត្តិរដ្ឋវិញ នូវរាល់ដីព្រៃ ដែលបានកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុង សហគមន៍តំបន់ការពារធម្មជាតិគិរីសុខសាន្ត និងសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ»។
សេចក្ដីជូនដំណឹងនោះចាត់ទុកសកម្មភាពការចូលកាប់ទន្ទ្រានដីព្រៃដាំដំណាំ និងសាងសង់ផ្ទះ ខ្ទម រោង ក្នុងសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត និងសហគមន៍តំបន់ការពារធម្មជាតិ អន្លង់ជ្រៃ ជាការល្មើសច្បាប់ ចំពោះប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធក្នុងតំបន់ ខាងលើត្រូវបញ្ឈប់ជាបន្ទាន់នូវការចូលរស់នៅកាន់កាប់ត្រូវរុះរើ ចាកចេញ និងបញ្ឈប់ឱ្យបានមុនថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៤ ជាកំហិត។
ក្នុងករណីមិនអនុវត្តន៍តាមខ្លឹមសារខាងលើ មន្ទីរបរិស្ថានខេត្ត នឹងសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពាក់ព័ន្ធ នឹងចាត់វិធានការស្របតាមនីតិវិធីច្បាប់មិនលើកលែង និងអនុវត្តន៍តាមក្រមបរិស្ថាន និងធនធានធម្មជាតិជាធរមាន។
លោក ខេង ខូ សកម្មជនការពារព្រៃឡង់ខេត្ដស្ទឹងត្រែង បានប្រាប់ពលរដ្ឋអ្នកសាព័ត៌មានកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ថា លោកសាទរចំពោះការអនុវត្តច្បាប់ ការទប់ស្កាត់ការកាប់គាស់រុករានទន្រ្ទានដីព្រៃរបស់រដ្ឋ។
សកម្មជនព្រៃឡង់រូបនេះសប្បាយចិត្តបើមន្ទីរបរិស្ថានខេត្ដស្ទឹងត្រែងពិតជាដកហូតដីទាំងនោះមកធ្វើជាសម្បត្តិរដ្ឋវិញ ប៉ុន្តែលោកបារម្ភខ្លាចអាជ្ញាធរដកដីពីប្រជាពលរដ្ឋយកទៅឱ្យក្រុមហ៊ុនមួយដែលលោកមិនស្គាល់ឈ្មោះកំពុងធ្វើអាជីវកម្មយករ៉ែនៅក្បែនោះ។
លោកបន្តថា បច្ចុប្បន្នមានពលរដ្ឋចំណូលថ្មីចូលទៅកាប់ព្រៃទន្រ្ទានយកដីធ្វើជាកម្មសិទ្ធឯកជនមានចំនួនច្រើន ពលរដ្ឋចូលពីខាងខេត្ដស្ទឹងត្រែងកាប់ទៅដល់ខេត្ដព្រះវិហារ ពលរដ្ឋចូលពីខាងខេត្ដព្រះវិហារកាប់មកដល់ខេត្ដស្ទឹងត្រែង ទំហំដីដែលបានកាប់មានចំនួនច្រើនរាប់រយហិកតាស្ថិនៅចំណុចស្រះ៣តំបន់៥ ។
លោក ខេង ខូ សំណូមពរឱ្យមន្ទីរបរិស្ថានខេត្ដស្ទឹងត្រែងធ្វើការដកហូតដីណាដែលកាប់រានទន្រ្ទានថ្មីៗ ហើយដីណាដែលពលរដ្ឋអាស្រ័ផល១០ឆ្នាំទៅ១៥ឆ្នាំត្រូវទុកឱ្យពលរដ្ឋអាស្រ័យផលបន្តបើអាជ្ញាធរដកដីពីប្រជាពលរដ្ឋយកទៅឱ្យក្រុហ៊ុនមែនត្រូវតែផ្ដល់សំណងទៅពលរដ្ឋឱ្យបានសមរម្យ ។
លោកលើឡើងថា៖ « ខ្ញុំសំណូពរទៅរាជរដ្ឋាភិបាលប្រមុខរដ្ឋាភិបាលឱ្យគាត់ចុះទៅសិក្សាស្រាវជ្រាវដើម្បីធ្វើការវ៉ាយតម្លៃផលប៉ះពាល់ប្រជាពលរដ្ឋអាហ្នឹងខ្ញុំថាល្អជាង បើសិនជាឱ្យទៅកាន់ថ្នាក់ស្រុកថ្នាក់ខេត្ដខ្ញុំថាទៅអត់រួចទេដោយសារគាត់ជាលក្ខណៈប្រព័ន្ធរួចទៅហើយ។ក្រសួងពាក់ព័ន្ធទាំងអស់ចុះសិក្សាវ៉ាយតម្លៃផលប៉ះពាលទើបប្រជាពលរដ្ឋគាត់អស់ចិត្ត »។
មេឃុំអន្លង់ជ្រៃលោក ជូន វេ បា្រប់ថាលោកមិនបានដឹងថាមានពលរដ្ឋប៉ុន្មានគ្រួសារដែលកំពុងរស់នៅ នឹងធ្វើស្រែចម្ការនៅក្នុងដីសហគមន៍ទាំងពីរនេះទេ បន្ទាប់ខាងមន្ទីរដកហូតរួចហើយធ្វើអ្វីបន្តទៀតក៏លោកមិនដឹង ពលរដ្ឋដែលកំពុងរស់នៅលើដីសហគមន៍ទាំងពីរក៏មិនទាន់បានរើចេញដែរនៅថ្ងៃនេះ។
លោកលើកឡើងថា៖ «សេចក្ដីជូនដំណឹងនោះគេទើបតែចុះមកផ្សព្វផ្សាយថ្ងៃហ្នឹង »។
ប្រធានមន្ទីរបរិស្ថានខេត្ដស្ទឹងត្រែងលោក ស្រេង ជាហេង បានថ្លែងថាដីដែលខាងមន្ទីរគ្រោងដកហូតមានចំនួន៥០០ទៅ៦០០ហិកតា ដីដែលដកហូតបានខាងមន្ទីរជាអ្នកគ្រប់គ្រង់។
លោកបន្តថា ខាងមន្ទីរដកហូតតែដីណាដែលពលរដ្ឋកាន់កាប់ថ្មីប៉ុណ្ណោះដីដែលពលរដ្ឋកាន់កាប់អាស្រ័យផលចាប់ពី១០ឆ្នាំឡើងទៅមិនមានការដកហូតទេ មន្ទីរបរិស្ថាខេត្ដស្ទឹងត្រែង នឹងមានវិធានការដកហូតបន្តបន្ទាប់ទៀតឱ្យតែដីស្ថិតនៅក្នុងតំបន់ការពារ។
លោកលើកឡើងថា៖ «ដកហូតហើយគឺយើងយកមកគ្រប់គ្រង។ក្នុងករណីមានលិខិតលក់ទិញយើងត្រូវនិរាករណ៍ចោលដោយសារការលក់ទិញអត់ស្របច្បាប់» ។
សកម្មជនបរិស្ថានលោក ម៉ា ចិត្រា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា លោកគាំទ្រចំពោះវិធានការដកហូត នឹងទប់ស្កាត់ការកាប់គាស់រុករានទន្រ្ទានយកដីព្រៃរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិឯកជន។
លោក ចិត្រា សម្ដែងការសោកស្ដាយកន្លងមក សហគមន៍ និងសកម្មជនបរិស្ថានធ្លាប់បានរាយការណ៍អំពីការកាប់ឈូសឆាយបំផ្លាញ់ព្រៃឈើយកដីធ្វើកម្មសិទ្ធិនៅតំបន់នោះទៅក្រសួងបរិស្ថាន ប៉ុន្តែអតីតរដ្ឋមន្រ្តីបរិស្ថាន លោក សាយ សំអាល់ និងអ្នកនាំពាក្យក្រសួងបរិស្ថានតែងតែបដិសេធនូវរបាយការណ៍របស់សហគមន៍ និងសកម្មជនបរិស្ថានដែលបានរកឃើញ ។
លោក ម៉ា ចិត្រា សង្ឃឹមថា រដ្ឋាភិបាលអាណត្តិថ្មី និងរដ្ឋមន្រ្ដីក្រសួងបរិស្ថានថ្មីមិនយកគំរូអាក្រក់តាមរដ្ឋាភិបាលអាណត្តិមុន អាជ្ញាធរត្រូវចាត់វិធានការឱ្យបានស្មើភាពគ្នាមិនត្រូវដកហូតតែដីពលរដ្ឋក្រីក្រធម្មតាហើយទុកដីឈ្មួញនាយទុនឬអ្នកមានអំណាចឱ្យនៅដដែលវាជារឿងអយុត្តិធម៌ ហើយមិនគួរកើតឡើងនៅក្នុងប្រទេសកម្ពុជាច្បាប់តែមួយមិនត្រូវអនុវត្តស្តង់ដាពី។
លោកលើឡើងថា៖ «កន្លងមកអ្នកនាំពាក្យក្រសួងបរិស្ថានហ្នឹងតែងតែច្រានចោលរបាយការណ៍ថាយើងផ្សាយព័ត៌មានមិនពិត។កាត់ឈើអស់ហើយបានយើងទៅដកយកមកវិញយើងស្ដាយមែនតែនដោយសារតែឈើវាបានបាត់បង់។ប៉ុន្តែយើងគាំទ្រវិធានការដកហូតដីព្រៃនេះយកមកទុកជាដីដើម្បីដាំកូនឈើឡើងវិញបើទុកឱ្យទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិវាហិនហោចព្រៃឈើអស់ហើយ »។
ព្រៃឡង់មានផ្ទៃដីសរុបចំនួន៤៣១ ៦៨៤ហិកតា គ្របដណ្តប់នៅក្នុងខេត្ដចំនួន៤រួមមាន ខេត្ដក្រចេះ ខេត្ដស្ទឹងត្រែង ខេត្ដព្រះវិហារ និងខេត្តកំពង់ធំ ព្រៃឡង់ជាព្រៃធំជាងគេនៅក្នុងប្រទេសកម្ពុជាមានសត្វព្រៃ ជាច្រើនប្រភេទរស់នៅ៕
…………………………………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក សួន វុត្ថា