ក្រសួងបរិស្ថាន បានបន្តធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិក» រយៈពេលជាង១ឆ្នាំមកនេះ ដែលមានអ្នកចូលរួមនៅតាមបណ្តាខេត្ត រាជធានី ជាច្រើនមានចំនួនរហូតជាង ៩លានអង្គនិងនាក់។
តាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែវិច្ឆិកា បានបន្តផ្សព្វផ្សាយពីសកម្មភាពធ្វើយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិក» និង «កម្ពុជាស្ពាត ខ្មែរធ្វើបាន » ដែលដាក់ចេញដោយក្រសួងមួយនេះ ហើយត្រូវបានដឹកនាំអនុវត្តបន្តដោយមន្ទីរបរិស្ថាននៅទូទាំងប្រទេស។
ក្រសួងបន្តថា គ្រាន់តែនៅថ្ងៃទី៧ ខែវិច្ឆិកា យុទ្ធនាការនេះ មានសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ ប្រជាពលរដ្ឋ និយោជិត ព្រះសង្ឃ បន្តចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចំនួនជិតម៉ឺនអង្គ/នាក់ (៨ ១៦៤អង្គ/នាក់)។ ដោយឡែក យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” មានអ្នកចូលរួមបានចំនួនជាង១ម៉ឺននាក់( ១១ ០១៧អង្គ/នាក់)។ ក្រសួងបន្ថែមថា យុទ្ធនាការនេះ អនុវត្តបាននៅបណ្តាខេត្ត រាជធានី ជាច្រើន ដូចជាខេត្តកំពត ខេត្តកែប ខេត្តរតនគិរី ខេត្តតាកែវ ខេត្តស្វាយរៀង រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្ដសៀមរាប ខេត្តកំពង់ធំ ខេត្តក្រចេះ និង ខេត្តកំពង់ចាម។
ដោយឡែកនៅថ្ងៃទី៨ ខែវិច្ឆិកា មានសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ ប្រជាពលរដ្ឋ និយោជិត ព្រះសង្ឃ បន្តចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចំនួន ១១ ៧១៨អង្គ/នាក់។ ចំណែក យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ចូលរួមបានចំនួន ១០ ៧៣០អង្គ/នាក់ និងបានអនុវត្តនៅបណ្តា ខេត្ត រាជធានី ចំនួន១០។
ក្រសួងបរិស្ថានបន្តថា យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិក» បានចាប់ផ្តើមតាំងពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាង៩លាននាក់(៩,៧លានអង្គ/នាក់)។ ដោយឡែក យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ដែលធ្វើឡើងចាប់ផ្តើមពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានអ្នកចូលរួមជាង៣លានអង្គ/នាក់(៣,៤៧លានអង្គ/នាក់)។
ក្រសួងបរិស្ថាន៖ « សាធារណជនបន្តរួមគ្នាកសាងវប្បធម៌ស្អាតជារៀងរាល់ថ្ងៃ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ដាក់ចេញដោយក្រសួងបរិស្ថាន»។
ពលរដ្ឋអ្នកសារព័ត៌មាននៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ដើម្បីសុំការពន្យល់បន្ថែមអំពីយុទ្ធនាការនេះបាននៅឡើយទេ។
ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងអភិវឌ្ឍន៍ លោក សាន់ ម៉ាឡា បានលើកឡើងថា ប្រជាជនកម្ពុជាបច្ចុប្បន្ននាំគ្នាប្រើប្រាស់ថង់ប្លាស្ទិកលើសប្រមាណ ខណៈថង់ប្លាស្ទិកក៏បានផ្តល់ភាពងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃដល់ពួកគេ ដូចជាមិនត្រូវការលាងចាន ឬកែវទឹក ពេលហូបចំណី និងភេជ្ជសៈ និង ប្រើប្រាស់សម្រាប់ខ្ចប់នំចំណី បន្លែ ត្រីសាច់ និងសម្ភារៈផ្សេងៗទៀត។
យ៉ាងណា លោកថា ការប្រើប្រាស់ថង់ប្លាស្ទិកលើសប្រមាណនេះ បានបង្កផលប៉ះពាល់ដល់បរិស្ថាន និងសង្គម ដោយសារប្លាស្ទិក មិនងាយនឹងរលាយឆាប់ៗនោះឡើយ។
លោក សាន់ ម៉ាឡា មានប្រសាសន៍ថា៖ «ដូច្នេះខ្ញុំគិតថា យុវជនកម្ពុជារបស់យើង សង្គមរបស់យើងគួរតែយកចិត្តទុកដាក់លើបញ្ហានេះ ហើយត្រឡប់ទៅប្រើប្រាស់អ្វីដែលអាចប្រើប្រាស់បានច្រើនដងនិងមិនប៉ះពាល់ដល់បរិស្ថាន»។
អ្នកស្រលាញ់បរិស្ថានរូបនេះបន្ថែមថា យុទ្ធនាការខ្ញុំមិនប្រើប្រាស់ប្លាស្ទិកនេះ កន្លងមកក៏ធ្លាប់ត្រូវបានរៀបចំឡើងទាំងក្នុងក្របខណ្ឌអង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងក្រសួងបរិស្ថានផ្ទាល់ផងដែរ។ លោកយល់ថា ដើម្បីឱ្យយុទ្ធនាការនេះមានប្រសិទ្ធភាព រាជរដ្ឋាភិបាលគួរតែគិតពិចារណា ក្នុងការតម្លើងពន្ធទៅសម្ភារៈប្លាស្ទិក ដែលពលរដ្ឋប្រើប្រាស់បច្ចុប្បន្ន។ លោកថា ធ្វើដូច្នេះ អាចធ្វើឱ្យអ្នកប្រើប្រាស់គិតពិចារណាទៅដល់ការប្រើប្រាស់សម្ភារៈប្រចាំថ្ងៃដោយប៉ះពាល់បរិស្ថាន ដើម្បីធ្វើយ៉ាងកាត់បន្ថយការប្រើប្រាស់កែវជ័រ ថង់ប្លាស្ទិក ឱ្យមកនៅកម្រិតទាបបំផុត។
ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានបង្ហាញរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងសំណល់រឹងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានបានឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២៤ ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើសង្វាក់ផលិតកម្ម បានថយចុះដល់ទៅ៧៥% បើធៀបរយៈពេលដូចគ្នាក្នុងត្រីមាសទី១ ឆ្នាំ២០២៣។
ក្រសួងបន្តថា ក្នុងនោះការនាំចូលមានតែក្នុងខែមករា និងមានក្រុមហ៊ុនចំនួន២ តែប៉ុណ្ណោះដែលបានទទួលការអនុញ្ញាតនាំចូល ចំណែកឯការស្នើសុំរបស់ក្រុមហ៊ុនចំនួន៦ ទៀតស្ថិតក្នុងដំណាក់កាលពិនិត្យ និងសម្រេច។
របាយការណ៍នេះឱ្យដឹងថា ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើសង្វាក់ផលិតកម្ម នៅត្រីមាសទី១ឆ្នាំ២០២៤ មានបរិមាណសរុបត្រឹម ៩ ១៥២,៤៤គីឡូក្រាម។ ដោយឡែក កាលពីឆ្នាំ២០២៣ ក្នុងរយៈពេលត្រីមាសទី១ដូចគ្នា ការនាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្មមានបរិមាណ ៣៥ ៥៨០,០៩គីឡូក្រាម។
ក្រសួងបរិស្ថានក៏បានស្រង់សម្តីរបស់ រដ្ឋមន្ត្រី លោក អ៊ាង សុផល្លែត ដោយបានថ្លែងថា ការថយចុះនៃការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ គឺជាសញ្ញាវិជ្ជមាន ដែលបង្ហាញថាការ អប់រំផ្សព្វផ្សាយ តាមរយៈការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កន្លងមកទទួលបានជោគជ័យ ដែលបានផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋផងដែរ។
ក្រសួងបរិស្ថានកាលពីឆ្នាំ២០២៣ ធ្លាប់ចេញរបាយការណ៍របស់ខ្លួនដោយបង្ហាញថា រាជធានីភ្នំពេញនិងទីក្រុងធំៗនានា បានផលិតសំរាមជាមធ្យម៣០០០តោនក្នុងមួយថ្ងៃ។ ដោយឡែក ប្រជាពលរដ្ឋក្រុងភ្នំពេញអាចប្រើប្រាស់ថង់ប្លាស្ទិក ៥ថង់ក្នុងមួយថ្ងៃ ហើយបើយើងសរុបទៅថង់ប្លាស្ទិកដែលប្រើប្រាស់នៅទូទាំងប្រទេសក្នុងមួយថ្ងៃ មានប្រមាណ ៥៦លានថង់ ឬស្មើនឹង២៧៩តោន៕
……………………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ