សកម្មជនបរិស្ថាននិងសង្គមស៊ីវិលសាទរចំពោះរដ្ឋបាលស្រុកឱរ៉ាល់ ដែលបានចេញសេចក្ដីជូនដំណឹងស្ដីពីការពង្រឹងវិធានការទប់ស្កាត់ការទន្រ្ទានកាន់កាប់ទិញលក់ និងការបញ្ជាក់លិខិតផ្សេងៗលើដីរបស់រដ្ឋ និងដីព្រៃរបស់រដ្ឋ។
កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹងឱ្យប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ នាយកផ្នែករដ្ឋបាលពព្រៃឈើឱរ៉ាល់ត្រូវដាក់បទបបញ្ជាដល់មន្រ្ដីក្រោមឱវាទឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ក្នុងការទប់ស្កាត់ បង្រ្កាបការទន្រ្ទាន ឈូសឆាយដីរបស់រដ្ឋ និងដីព្រៃរដ្ឋ ដោយជនណាប្រព្រឹត្តផ្ទុយពីសេចក្តីជូនដំណឹងនឹងត្រូវចាត់វិធានការច្បាប់តែម្តង។
នៅក្នុងសេចក្ដីជូនដំណឹងដដែលនោះថាមេភូមិ មេឃុំគ្រប់រូប មិនត្រូវចុះហត្ថលេខាលើលិខិតទិញលក់ដីរដ្ឋ និងដីព្រៃជាដាច់ខាត មន្រ្ដីជំនាញទាំងរដ្ឋ និងឯកជនមិនត្រូវប្រើប្រាស់ឧបករណ៍វាស់វែង ឬចេញគំនូសបង្ហាញទីតាំងដីរដ្ឋ ឬដីព្រៃដោយគ្មានការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ចឡើយ ម្ចាស់គ្រឿងចក្រទាំងឡាយមិនត្រូវស៊ីឈ្នួលឈូសឆាយដីរដ្ឋ និងដីព្រៃដែលមិនមានលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ ។
សេចក្ដីជូនដំណឹងសរសេរថា៖ «ក្នុងករណីដែលរកឃើញថាមន្រ្ដី និងអ្នកពាក់ព័ន្ធទាំងឡាយណាដែលបានគប់គិតគ្នាដោយផ្ទាល់ឬដោយប្រយោលក្នុងទន្រ្ទានដីរដ្ឋ ដីព្រៃធ្វើជាកម្មសិទ្ធិ ឬប្រព្រឹត្តបទល្មើសផ្សេងៗពាក់ព័ន្ធនឹងដីព្រៃ ដីរបស់រដ្ឋ ខ្ញុំនឹងអនុវត្តវិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែង» ។
សកម្មជនបរិស្ថានលោក ម៉ា ចិត្រា បានប្រាប់ពលរដ្ឋអ្នកសាព័ត៌មាននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នេះថាលោកអបអរសារទចំពោះរដ្ឋបាលស្រុកឱរ៉ាល់ដែលមានភាពក្លាហានក្នុងការចេញលិខិតឱ្យទប់ស្កាស់ការទន្រ្ទានដីព្រៃរបស់រដ្ឋតាមការកត់សម្គាល់របស់លោកកន្លងមកមិនមែនមានតែអភិបាលស្រុកទេ សូម្បីអតីតអភិបាលខេត្ដកំពង់ស្ពឺលោក វ៉ី សំណាង ក៏ធ្លាប់បានចេញសេចក្ដីណែនាំដែរប៉ុន្តែការទន្រ្ទានដីរបស់រដ្ឋ និងដីព្រៃរដ្ឋនៅតែបន្តកើតមានឡើង ។
លោកបន្តថាលិខិតរបស់រដ្ឋបាលស្រុកឱរ៉ាល់មិនមានប្រសិទ្ធភាពទេដោយសារតែមានអំពើពុករលួយអ្នកដែលទៅរំលលោភដីព្រៃរបស់រដ្ឋមានតួនាទីនឹងអំណាចធំជាងរដ្ឋបាលស្រុក ថ្មីនេះក្រុមទាហានង៧០បានយកគ្រឿងចក្រទៅឈូសឆាយបំផ្លាញកូនឈើដែលទើបតែដាំនៅក្នុងព្រៃសហគមន៍ឧត្ដមស្រែពស់ឬព្រៃមេត្តាធម្មជាតិ កន្លងមកមិនដែលឃើញចាប់អ្នកឈូសឆាយទន្រ្ទានយកដីព្រៃរបបស់រដ្ឋមកអនុវត្តច្បាប់ទេ ដើម្បីឱ្យលិខិតរបស់រដ្ឋបាលស្រុកមានប្រសិទ្ធភាពទាល់តែមន្រ្ដីថ្នាក់ជាតិចុះទៅជួយ ហើយត្រូវចាប់អ្នករំលោភយកដីព្រៃរបស់រដ្ឋនឹងអ្នកពាក់ព័ន្ធទាំងអស់មកអនុវត្តច្បាប់ ។
លោកលើកឡើងថា៖ «ទាល់តែអាជ្ញាធរថ្នាក់ជាតិមានភាពក្លាហានខ្លួនឯងដើម្បីចុះទៅជួយព្រោះអីថ្នាក់ស្រុកគាត់មិនមានឥទ្ធិពលដល់អ្នកមានអំណាចនៅឈក្រោយខ្នងរឿងហ្នឹង[រំលោភដីព្រៃរបស់រដ្ឋ]អញ្ចឹងគាត់មិនអាចដោះស្រាយបានទេ។អញ្ចឹងមានតែអាជ្ញាធរថ្នាក់ជាតិជាពិសេសប្រមុខរដ្ឋាភិបាលគាត់ស្រែកតែមួយម៉ាត់ពួកនុងគេលែងហ៊ានហើយដូចយើងបានដឹងហើយកន្លងមកពេលខ្លះការអនុវត្តច្បាប់សឹងតែមិនដល់ការអនុវត្តអនុសាសន៍ផង អនុសាសន៍លឿនជាងច្បាប់តាមការកត់សម្គាល់កន្លង់មក» ។
ពលរដ្ឋអ្នកសាព័ត៌មានមិនអាចសុំការឆ្លើយតមពីលោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់បាននោះទេនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ ។
ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិនឹងការពារសិទ្ធិពលរដ្ឋលោក ជា ហ៊ាន យល់ឃើញថាការដែលរដ្ឋបាលស្រុកឱរ៉ាល់ចេញលិខិតឱ្យទប់ស្កាត់ការទន្រ្ទានកាន់កាប់ ទិញលក់ និងឈូសឆាយដីព្រៃ និងដីរបស់រដ្ឋយកធ្វើកម្មសិទ្ធិឯកជននៅពេលនេះរឿងល្អក្នុងការការពារទប់ស្កាត់ការរំលោភទន្រ្ទាយកដីព្រៃរបស់រដ្ឋពីជនខិលខូចដែលស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់អភិរក្សជួរភ្នំក្រវាញ ។
ប្រធានអង្គការរូបនេះសង្កេតឃើញថាមួយរយៈពេលចុងក្រោយនេះមានការទិញលក់ដីព្រៃរបស់រដ្ឋយ៉ាងអណាធិបតរយ្យបំផុតស្ថិតនៅក្នុងភូមិក្បាលដំរី ភូមិសំរោង ភូមិក្រវៀក ភូមិពុទ្រា ក្នុងឃុំត្រពាំងជោនឹងមួយចំនួនទៀតនៅក្នុងឃុំតាសាល ភូមិរមាំងស ភូមិអូរអញ្ចា ភូមិសុរិយា ភូមិត្រពាំងឆ្មៀ ទីតាំងទាំងនេះសុទ្ធតែជាតំបន់ការពារដែលតម្រូវឱ្យអនុវត្តច្បាប់ ប៉ុន្តែការអនុវត្តច្បាប់នៅមិនទាន់មានប្រសិទ្ធភាព រដ្ឋបាលខេត្ដកំពង់ស្ពឺត្រូវតែអនុវត្តដីកាដកហូតឱ្យមានប្រសិទ្ធភាពកុំឱ្យជនល្មើសមើលងាយអ្នកអនុវត្តច្បាប់
លោកលើកឡើងថា៖ «រដ្ឋបាលខេត្តលោកហ្នឹងខិតខំដែរដោយមានដីកា ចេញដីកាដកហូតជាច្រើនប៉ុន្ដែការអនុវត្តដីកាដកហូតនៅមិនទាន់មានដូចច្នេះករណីហ្នឹងហើយបានពលរដ្ឋមិនខ្លាចការអនុវត្តច្បាប់ក្រោយចេញដីកាហើយគាត់នៅប្រព្រឹត្តបទល្មើសដដែលអត់មានចាប់គាត់ផ្ដន្ទារទោសអញ្ចឹងគាត់អត់ខ្លាច។ខ្ញុំសុំជម្រុញឱ្យរដ្ឋបបាលខេត្ដគួរតែអនុវត្តដីកាដកហូតឱ្យមានប្រសិទ្ធភាពជាសវាងជនល្មើសគាត់មើលងាយអ្នកអនុវត្តច្បាប់» ។
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងឱ្យមន្ទីរបរិស្ថានរាជធានីខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិត្រូវអនុវត្តច្បាប់ឱ្យបាន១០០ភាគរយ ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស ។
នៅក្នុងសេចក្តីជូនដំណឹងនោះបញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធត្រូវមោឃភាព និងបញ្ឈប់ជាបន្ទាន់រាល់ការចុះហត្ថលេខាលើលិខិត ឬឯកសារស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ ផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតនៅក្នុងតំបន់ការពារធនធានធម្មជាតិ ។
ក្រសួងបន្តថាបុគ្គលដែលបានប្រព្រឹត្តរអំពើកាប់គាស់ ឬរុករានឆ្ការដុត ឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ និងត្រូវប្រគល់ដីដែលខ្លួនកាន់កាប់នោះជូន រដ្ឋវិញដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ ។ក្រសួងបរិស្ថានបាននឹងកំពុងសហការជាមួយ ក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោម ជាតិ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដោយ អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន៕
………………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា