គណបក្សប្រជាជនកម្ពុជា បានកើនសំឡេងឆ្នោតយ៉ាងច្រើន នៅក្នុងឃុំចំនួន៤ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដែលកំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី។
បេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀន នៅក្នុងឃុំបឹងខ្យាង លោក ថោង វ៉េត បានថ្លែងដោយមិនអស់ចិត្តថា តើជ័យជំនះរបស់គណបក្សប្រជាជននៅក្នុងឃុំទាំងនេះ គឺដោយសារមានភាពមិនប្រក្រតីកើតឡើងច្រើនឬយ៉ាងណា។
បេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀនរូបនេះបន្តថា ខាងឃុំបឹងខ្យាង គឺគណបក្សភ្លើងទៀនទទួលបានសំឡេងឆ្នោត ១ ១១៧ ទទួលបាន១អាសនៈ ដែលចំនួននេះបានថយចុះ១អាសនៈ បើធៀបនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិមុន ខណៈដែលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោត ៣ ០៦១ សំឡេង។
លោកថា៖ «អាណត្តិនេះ វាសមនិងគណបក្សប្រឆាំងទទួលបានអាសនៈច្រើនជាងអាណត្តិមុនដោយសារតែបឹងខ្យាង និង៣ឃុំទៀត ជាឃុំដែលកំពុងមានជំលោះដីធ្លីនិងក្រុមហ៊ុនព្រលានយន្ដហោះអន្ដរជាតិ តែបែជាគណបក្សកាន់អំណាចទទួលបានអាសនៈច្រើនទៅវិញ វាហាក់ដូចជាប្លែកនិងមិនសមទំនងទាល់តែសោះ»។
លោកបន្ដថា មុនការបោះឆ្នោតមកដល់ គឺតែងតែមានវត្តមានមន្ដ្រីមូលដ្ឋានកោះហៅអ្នកភូមិឲ្យទៅប្រជុំជារឿយៗ និងមានការចែកអំណោយផ្សេងៗទៀត។ នៅថ្ងៃបោះឆ្នោត គឺមេភូមិ អនុភូមិ បានឈរនៅមុខការិយាល័យបោះឆ្នោតជាប់មិនទៅណាទេ ប៉ុន្ដែលោកបានទៅហាមនិងដេញចេញពីកន្លែងទាំងអស់នោះ តែគេនៅមិនចេញ គឺគេមានចេតនាក្នុងការបង្ហាញភាពមិនប្រក្រតីសម្រាប់អ្នកបោះឆ្នោត។
លោកថ្លែងថា៖ «ខ្ញុំឆ្ងល់ដែរ វាសមតែកន្លែងមានជំលោះគណបក្សកាន់អំណាចធ្លាក់សំឡេង តែនេះបែរជាកើន ម្យ៉ាងដែរ»។
ចំណែកបេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀននៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ វិញបានអះអាងដែរថា មូលហេតុដែលគណបក្សភ្លើងទៀននៅក្នុងឃុំពត់សរ ទទួលបានសំឡេងឆ្នោតតិចតួចនៅក្នុងឃុំពត់សរ គឺដោយសារតែមន្ដ្រីមូលដ្ឋានរបស់គណបក្សកាន់អំណាចតែងតែដើរគំរាមកំហែង និងធ្វើការតាមដានប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស គឺការឈរនៅមុខការិយាល័យបោះឆ្នោតផ្ទាល់តែម្ដង។ បើតាមលោក អ៊ូ ម៉ៅ ក្នុងឃុំពត់សរ គឺគណបក្សភ្លើងទៀន ទទួលបានសន្លឹកឆ្នោតចំនួន ១៩៦៩សំឡេង ខណៈគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតសរុប ៥ ៤៣៥។
យ៉ាងណាក្តី លោកថា ពួកលោកនឹងមិនឲ្យមេឃុំគណបក្សប្រជាជនកម្ពុជា ធ្វើអ្វីតាមចិត្ត ឬក៏ជិះសេះលែងដៃនោះទេ ក្នុងនាមលោកជាប់ជាជំទប់ទី២នៃគណបក្សភ្លើងទៀននេះ។
លោកបន្ដថា៖ «វាបានបង្ហាញពីការគំរាមផ្លូវចិត្តពេលដែលប្រជាពលរដ្ឋដែលទៅចូលរួមបោះឆ្នោតគិតចង់បោះឲ្យគណបក្សផ្សេង ប៉ុន្ដែបែរជាឃើញមេភូមិនិងអនុភូមិឈរនៅមុខការិយាល័យ អ៊ីចឹងពួកគាត់នឹងមានអារម្មណ៍ថា ខ្លាចនិងភិតភ័យ ក៏មិនហ៊ានបោះឲ្យបក្សផ្សេងដែរ»។
ចំណែកលោក ភោគ ផាន់នី ជាបេក្ខភាពម្នាក់ដែលឈរលេខរៀងទី១ឃុំអំពៅព្រៃដែលជាឃុំមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មីនៅស្រុកកណ្តាលស្ទឹង នោះ ក៏ទទួលបានសំឡេងគាំទ្រតិចតួចផងដែរ បើធៀបនឹងបក្សកាន់អំណាច។ យ៉ាងណាក្តី លោកបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ក្រោយពីលោកទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋក្នុងឃុំអំពៅព្រៃ ជាង១០០០ សំឡងមក លោកនឹងចូលខ្លួនទៅបម្រើ និងដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋកំពុងជួបប្រទះជាពិសេសបញ្ហាដីធ្លីនិងក្រុមហ៊ុនព្រលានយន្តហោះថ្មី ដែលជាបញ្ហាចម្បងដែលលោកត្រូវលើកឡើងមកដោះស្រាយមុនគេ។
លោកបន្ដថា៖ «ខ្ញុំនឹងខិតខំប្រឹងប្រែងទៅតាមអំណាចរបស់យើង តួនាទីរបស់យើង ដើម្បីបំពេញភាពក្នុងនាមជាអ្នកដឹកនាំបម្រើពួកគាត់ឲ្យបានល្អ និងចំពោះការទុកចិត្តរបស់ពួកគាត់»។
ជម្លោះដីធ្លីរវាងក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់លោកឧកញ៉ា ពុង ឃាវសែ ជាមួយនឹងប្រជាពលរដ្ឋសរុបជាង៣រយគ្រួសារ (៣៣០) នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល អូសបន្លាយជាង៣ឆ្នាំមកហើយ ដោយពលរដ្ឋមិនព្រមទទួលយកសំណងដែលអាជ្ញាធរផ្ដល់ឲ្យចន្លោះពី ៣ដុល្លារ ទៅ ៨ដុល្លារ ក្នុងដី១ម៉ែត្រការ៉េ។ កន្លងមក ក៏មានការចាប់ឃុំខ្លួនប្រជាពលរដ្ឋ និងការបង្ក្រាបទៅលើប្រជាពលរដ្ឋណាដែលហ៊ានចេញតវ៉ានៅក្នុងជម្លោះដីធ្លីនេះផងដែរ។
លោក នី សុខា ប្រធានអង្គការអាដហុកដែលបានចេញរបាយការណ៍និងអង្គការសង្គមស៊ីវិល៥ផ្សេងទៀត បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIMថា តាមច្បាប់ គ.ជ.ប បានចែងថា នៅមុខការិយាល័យបោះឆ្នោត មិនអាចអនុញ្ញាតឱ្យមានវត្តមានរបស់មន្ដ្រីមូលដ្ឋាន ឬក៏អ្នកមានអំណាចបានទេ។ ប៉ុន្ដែជាក់ស្ដែង គឺពួកគេបានឈរតាមចិត្តទាំងអស់។
លោកថា ការណ៍នេះបង្ហាញថា ការបោះឆ្នោតនៅកម្ពុជាមិនមានភាពប្រក្រតីនិងមិនយុត្តិធម៌សម្រាប់គណបក្សដែលបានចូលរួមប្រកួតប្រជែងជាហេតុដែលធ្វើឲ្យសំឡេងឆ្នោតភាគច្រើនគឺបានទៅលើតែបក្សកាន់អំណាច និងមិនឲ្យមន្ដ្រីឃ្លាំមើលការបោះឆ្នោតថត ឬក៏ចូលទៅជិតការិយាល័យរាប់សន្លឹកឆ្នោតទាំងនេះ គឺវាមិនស្មើភាពគ្នានោះទេ។
លោកថា៖ «គ.ជ.ប គួរតែពិនិត្យឡើងវិញចំពោះបញ្ហាទាំងអស់ហ្នឹង បើមិនអ៊ីចឹងទេ គឺវានឹងធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតជាតិខាងមុខទៀត ហើយរឿងនេះ គឺនៅតែដដែល»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា គ្មានការបោះឆ្នោតលើលោកណាល្អឥតខ្ចោះនោះទេ គឺតែងតែមានចន្លោះប្រហោងខ្លះអ៊ីចឹងហើយ។ ប៉ុន្ដែលោកថាការបោះឆ្នោតមួយដែលអាចប្រព្រឹត្តទៅបាន មិនមែនឋិតលើការវាយតម្លៃរបស់ក្រុម១ ឬក្រុម២នោះទេ គឺទាមទារមតិភាគច្រើននៃអ្នកវាយតម្លៃ ដូចជាការវាយតម្លៃរបស់គណបក្សនយោបាយនិងអង្គការសង្គមស៊ីវិលជាដើម។
លោកថ្លែងថា៖ «ការដែលគេចោទ គ.ជ.ប ថាមានភាពលម្អៀងទៅរកគណបក្សកាន់អំណាច គឺមិនពិតទេ គ.ជ.ប តែងតែធ្វើការឈរលើអព្យាក្រឹត្យ និងយុត្តិធម៌គ្រប់គូរភាគីទាំងអស់ មិនមានការរើសអើងដូចការលើកឡើងគេទេ ខ្ញុំសុំបញ្ជាក់»។
បើយោងតាមរបាយការណ៍របស់ គ.ជ.ប ឱ្យដឹងថា មានប្រជាពលរដ្ឋចំនួន ៧ ១៧២ ៤៤៨នាក់បានចេញទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ក្នុងចំណោមអ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតចំនួន៩ ២៥០ ៦៨១នាក់ ស្មើនឹង៧៧,៩១%។ រីឯលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនេះវិញ គណបក្សប្រជាជនកម្ពុជាទទួលបានតំណែងជាមេឃុំនិងចៅសង្កាត់ចំនួន១៦៤៨ឃុំ-សង្កាត់នៅក្នុងចំណោមឃុំសង្កាត់ចំនួន ១ ៦៥២ ខណៈគណបក្សភ្លើងទៀន ទទួលបានតំណែងមេឃុំចំនួន៤ឃុំ គឺនៅខេត្តកំពង់ធំ៣ឃុំ និងខេត្ដកំពង់ចាមចំនួន ១ឃុំ។
គ.ជ.ប ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ គឺប្រកបទៅដោយរលូននិងត្រឹមត្រូវដោយសេរី និងយុត្តិធម៌ ខណៈដែលគណបក្សភ្លើងទៀន និងអង្គការសង្គមស៊ីវិល បាននាំគ្នាចេញរបាយការណ៍ដែរថា ការបោះឆ្នោតមិនមានភាពល្អប្រសើរ និងមិនយុត្តិធម៌ឡើយ៕
_____________________________
ដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្ដាល