អ្នកការពារព្រៃឈើ និងសត្វព្រៃនៅសហគមន៍សង្ឃរុក្ខាវ័ន ស្ថិតស្ថិតក្នុងឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានរម្ភពីផលប៉ះពាល់ត្រី និងសត្វព្រៃ ខណៈទំនប់ទឹកនៅសហគមន៍នេះកំពុងប្រឈមរីងស្ងួតដោយសារការប្រែប្រួសអាកាសធាតុ និងការបង្ហូរទឹកចេញស្រោចស្រពទៅលើដំណាំពីសំណាក់អាជ្ញាធរ។
ប្រធានសហព័ន្ធសហភាពសមាគមន៍សង្ឃរុក្ខាវ័នលោក ប៊ុន សាលួត ប្រាប់សារព័ត៌មានពលរដ្ឋថា ទំនប់ទឹកមួយឈ្មោះទំនប់អាងស្ទឹងស្រែងពីរ ស្ថិតក្នុងភូមិចារថ្មី និងភូមិគោកសំព័រ នៃឃុំលំទង ស្រុកអន្លង់វែង បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋនៅតំបន់ជុំវិញនោះ និងសត្វព្រៃរស់នៅសហគមន៍សង្ឃរុក្ខាវ័ន។ លោកថា ទំនប់មួយនេះកំពុងប្រឈមនឹងការរីងស្ងួតដោយសារការប្រែប្រួសអាកាសធាតុ និងការបង្ហូរទឹកចេញពីសំណាក់អាជ្ញាធរ ដើម្បីទៅស្រោចស្រពដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋ។
លោក ប៊ុន សាលួត បន្តថា ប្រសិនជាទំនប់មួយនេះ ត្រូវបានរីងស្ងួត នឹងធ្វើឱ្យប៉ះពាល់ដល់ត្រី និងសត្វព្រៃរស់នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន រួមទាំងប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះផងដែរ ដោយសារគ្មានទឹកសម្រាប់ប្រើប្រាស់។
លោកបន្ថែមថា៖ « រឿងអាងរីងទឹកជារឿងធំ ដែលពួកយើងត្រូវគិត។ បើអាងរីងត្រីជាច្រើនត្រូវងាប់ ឬដាច់ពូជ ។ចំណែកសត្វព្រៃអាចខ្វះទឹក ខណៈទឹកតាមកន្លែងមួយចំនួនមិនអាចផ្គត់ផ្គង់បាន»។
ប្រធានល្បាតព្រៃសហគមន៍សង្ឃរុក្ខាវ័ន ព្រះតេជព្រះគុណ តោន បូលីន មានថេរដីកាបង្ហាញការព្រួយបារម្ភថា បើទឹកទំនប់មួយនេះ បន្តរីងស្ងួតទៀត គឺប្រជាពលរដ្ឋអាចនឹងសម្រុកទៅនេសាទត្រីកាន់តែច្រើថែមទៀតទាំងនៅតំបន់ហាមឃាត់ និងតំបន់អាស្រ័យផល ដែលធ្វើប៉ះពាល់ដល់ពូជត្រីនៅក្នុងតំបន់នោះ។
ព្រះភិក្ខុ បូលីន មានថេរដីកា៖ « បើទឹកក្នុងទំនប់ខះជិតអស់ ហើយសល់ផ្ទៃទឹកតិចនោះ នឹងមានផលប៉ះពាល់ដល់ពពួកមច្ឆា។ ផ្ទៃទឹកធម្មតាមានជាង៦ពាន់ហិកតា សម្បូរដោយត្រីគ្រប់ប្រភេទ រួមទាំងក្រពើរផង។ បច្ចុប្បន្នសូម្បីកន្លែងហាមឃាតសម្រាប់ការពារ និងអភិរក្ស សម្រាប់ត្រីមេពូជពង មានចំនួនផ្ទៃដី១៥៦៦ហិកតា ក៏កំពុងចាប់ផ្តើមរីងបណ្ដើរៗហើយ យើងបារម្ភណាស់ណាស់ខ្លាចទឹករីងដូចកាលលើកទីមួយ»។
ព្រះតេជព្រះគុណ តោន បូលីន មានថេរដីថា កាលពីឆ្នាំ២០២១ ទំនប់ទឹកនេះ បានរីងស្ងួតម្តងហើយ និងនៅឆ្នាំ២០២៣នេះ បានប្រឈមរីងស្ងួតម្តងទៀត។ ព្រះអង្គថា ប្រសិនករណីនេះ ពុំមានការគិតគូរ ឬជួយសង្គ្រោះទេ វានឹងធ្វើឱ្យប៉ះពាល់ដល់មេពូត្រី សត្វព្រៃដោយខ្វះទឹកផឹក និងអសុវត្ថិភាពនៅក្នុងព្រៃសហគមន៍ជាដើម។
ព្រះភិក្ខុបូលីនបន្ត៖ «ទីនោះជាប្រភពទឹកសម្រាប់សត្វព្រៃ នៅក្នុងព្រៃសង្ឃសហគមន៍ ឱ្យពេលព្រឹក ល្ងាច យប់ សត្វតែដើរទៅផឹកទឹកនៅអាងនោះជាប្រចាំ។ បើសិនទឹករីងលឿនបែបនេះ សត្វពិបាករកទឹកផឹក។ មួយវិញទៀតបញ្ហាកាន់តែលំបាកប្រសិនមានមនុស្សចូលមករកត្រីនៅតាមកាន់តែច្រើននោះ សត្វនឹងមិនហ៊ានចេញមកផឹកទឹកនោះទេ»។
ព្រះចៅអធិការវត្តប្រាសាទរាជាសំរោង និងជាប្រធានព្រៃសហគមន៍សង្ឃរុក្ខាវ័ន ព្រះតេជព្រះគុណ ថូ ធូរស់ មានថេរដីកាថា ទំនប់អាងស្ទឹងស្រែងពីរ មានទំហំផ្ទៃបឹងជាង៦ ០០០ហិកតា ហើយបច្ចុប្បន្នបានរីងស្ងួតស្ទើរតែទាំងអស់។
ជុំវិញករណីនេះអភិបាលរងខេត្តឧត្តរមានជ័យ លោក ឌី រ៉ាដូ ប្រាប់សារព័ត៌មានពលរដ្ឋថា ករណីនេះលោកមិនទាន់ទទួលបានព័ត៌មាននៅឡើយទេ។ លោកថា លោកនឹងសួរទៅមន្ត្រីជំនាញ ដើម្បីឈានទៅរកដំណោះស្រាយណាមួយ។
លោកបន្ថែមថា៖ « ខ្ញុំមិនទាន់ទទួលបានព័ត៌មាននេះទេ ចាំខ្ញុំសួរទៅអ្នកជំនាញសិន។ រឿងមិនទាន់ច្បាស់ខ្ញុំក៏មិនទាន់អាចនិយាយអ្វីបានដែរ ទាល់តែសួរជំនាញសិន បានដឹង»។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យលោក ញឺង កួន មានប្រសាសន៍ថា មន្ទីរធនធានទឹកបានបើកបង្ហូរទឹកចេញពីអាងប្រហែល៧០ភាគរយ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ពលរដ្ឋដែលធ្វើស្រូវចន្លោះ ពីរទៅបីរដូវ លើផ្ទៃដី២៥ ០០០ហិកតា ក្នុងខេត្តបន្ទាយមានជ័យ និងសៀមរាប។ ចំណែកឯ៣០ភាគរយទៀតបន្សល់ទុកក្នុងផ្ទៃអាងនៅក្នុងខេត្តឧត្តរមានជ័យ។
លោកថា៖ « ទំបន់នេះទប់ដើម្បីរក្សាទឹកសម្រាប់បញ្ជូនទៅឱ្យពលរដ្ឋធ្វើស្រូវពីរឬបីរដូវនៅក្នុងខេត្តចំនួនពីរ។ យើងប្រើតែ៧០ភាគរយ ឯ៣០ភាគរយទៀតបន្សល់ទុកក្នុងផ្ទៃអាង ដូច្នេះអាចទុកសម្រាប់ឱ្យប្រព័ន្ធអេកូឡូស៊ី និងសត្វនៅក្នុងតំបន់នោះប្រើប្រាស់និងរស់នៅបាន»។
គួររំលឹកថា ព្រៃសហគមន៍សង្ឃរុក្ខាវ័នមានផ្ទៃដី ៣០ ២៥៤ហិកតា ក្នុងនោះមានផ្ទៃដីលិចទឹកជាង៦ ០០០ហិកតា នៅរដូវប្រាំង និងជិត១ម៉ឺនហិកតានៅរដូវវស្សា។ សហគមន៍នេះ ស្ថិតក្នុងស្រុកអន្លង់វែង ស្រុកចុងកាល់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ព្រៃសហគមន៍សង្ឃរុក្ខវ័នត្រូវបានរដ្ឋាភិបាលដាក់ជាតំបន់ការពារដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ននៅឆ្នាំ២០១៨ ក្រោយការតស៊ូការពារពីអតីតព្រះសង្ឃលោក ប៊ុន សាលួត និងសមាជិកសហគមន៍ផ្សេងដែលស្រលាញ់ព្រៃឈើ និងធនធានធម្មជាតិតាំងពីឆ្នាំ២០០១។
ព្រៃឈើក្នុងសហគមន៍នេះ អាចជាព្រៃចុងក្រោយមួយនៅក្នុងខេត្តឧត្តរមានជ័យ ដែលនៅសេសសល់ព្រៃឈើ និងសត្វព្រៃប្រភេទកម្រ ដូចជាខ្ទីង ទន្សោង និងប្រភេទផ្សេងជាច្រើនទៀត៕
………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ប៉ូ សុភា៕