ប្រជាពលរដ្ឋនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បង្ហាញការព្រួយបារម្ភក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទៅដល់សហគមន៍។
ពលរដ្ឋម្នាក់រស់នៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ អ្នកស្រី សីម សុផុន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា គាត់មានការព្រួយបារម្មណ៍ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយគាត់លេចឮពាក្យចាមអារាមថា ការចាក់វ៉ាក់សាំងនេះអាចធ្វើឱ្យមានអាការឈឺក្បាលវិលមុខ រកក្អួតចង្អោរ ថប់ដង្ហើម ខណៈអ្នកស្រីមានសុខភាពមិនល្អផងនោះ។
អ្នកស្រីបន្ដថា៖ «ខ្ញុំសុខភាពខ្សោយហើយខ្ញុំមិនហ៑ានចាក់វ៉ាក់សាំងការពារកូវីដ-១៩»។
យុវតីម្នាក់ទៀតរស់នៅឃុំថ្មី ស្រុកចិត្របុរីនេះដែរ អ្នកស្រី សារិត ស្រីនាង ក៏បង្ហាញក្ដីបារម្ភពីផលប៉ះពាល់សុខភាពដូចគ្នា ដោយថា គាត់កំពុងមានផ្ទៃពោះ និងមិនអាចធ្វើដំណើរទៅតំបន់ផ្សេងផងនោះ។
អ្នកស្រីបន្ដថា៖ «ខ្ញុំមិនអាចធ្វើដំណើរទៅណាមកណាបានទេ ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩ ដល់កូនក្នុងផ្ទៃនិងក្រុមគ្រួសារព្រោះកូវីដ-១៩។ ឥឡូវកំពុងតែរីករាលដាលកាន់តែកើនឡើងជារៀងរាល់ថ្ងែនៅតាមបណ្ដាខេត្តក្រុង»។
ម្យ៉ាងទៀត ក្រៅពីក្ដីបារម្ភខ្លាចជំងឺកូវីដ-១៩ហើយនោះ អ្នកស្រីនិយាយថា ជំងឺសកលមួយនេះបានធ្វើឱ្យប្រជាពលរដ្ឋលំបាកក្នុងការរស់នៅ និងប្រកបមុខរបរ ដោយមិនអាចរកប្រាក់ចំនូលដូចមុនឡើយ។
មេឃុំថ្មី ស្រុកចិត្របុរី លោក មុំ ខាំ មានប្រសាសន៍ថា បច្ចុប្បន្ន អាជ្ញាធរបានសម្រុកចាក់វ៉ាក់សាំងដល់មន្ដ្រីរាជការ និងគ្រូបង្រៀនមុន ដោយមកទល់ពេលនេះ បានចំនួន៤០នាក់ហើយ។
លោកថា សម្រាប់ការផ្ដល់ការវ៉ាក់សាំងដល់ប្រជាពលរដ្ឋ គឺត្រូវរងចាំយុទ្ធនាការរបស់រដ្ឋាភិបាលនាពេលខាងមុខបន្ដទៀត ដោយ មេឃុំរូបនេះលើកឡើងថា ពលរដ្ឋមួយចំនួនបានបង្ហាញឆន្ទៈចង់ចូលរួមចាក់វ៉ាក់សាំងផងដែរ។
លោកបន្ដថា៖ «នៅភូមិថ្មីយើង ឥឡូវនេះប្រជាពលរដ្ឋអត់ទាន់បានចាក់ទេ។ យើងផ្ដោតទៅលើមេភូមិ អនុភូមិ និងជំនួយការ ប៉ុន្ដែ អត់ទាន់អស់ទេ»។
យ៉ាងណាក៏ដោយ បើតាមលោក មុំ ខាំ នៅមេឃុំថ្មី ស្រុកចិត្របុរី នៅមិនទាន់មានករណីឆ្លងជំងឺកូវីដ-១៩ ចូលដល់សហគមន៍របស់លោកនោះទេ ខណៈអាជ្ញាធរមូលដ្ឋានបានខិតខំផ្សព្វផ្សាយ និងអប់រំពលរដ្ឋពីវិធានការការពារ និងអនាម័យ៕
———————————————————————
ពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ កញ្ញា ហេង វ៉ាវី