សេរីភាពសារព័ត៌មានគឺជាសសរស្តម្ភទី៤ ក្នុងសង្គមដែលដើរតាមមាគ៌ាប្រជាធិបតេយ្យ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងតាមដានតួអង្គកាន់អំណាចផ្សេងទៀតឱ្យមានតុល្យភាព និងតម្លាភាពក្នុងសង្គម។
ប៉ុន្ដែ សេរីភាពសារព័ត៌មាននៅកម្ពុជាឯនេះវិញ ត្រូវបានមជ្ឈដ្ឋានមួយជ្រុងលើកឡើងថា អ្នកសារព័ត៌មានខ្លះកំពុងអនុវត្តខុសក្រមសីលធម៌ និងវិជ្ជាជីវៈ ដែលការរិះគន់បែបនេះ ភាគច្រើនកើតចេញពីមន្ដ្រីរដ្ឋាភិបាល អាជ្ញាធរ និងអ្នកអនុវត្តច្បាប់។
ចំណែក ទស្សនៈម្ខាងទៀតយល់ថា បើទោះមានច្បាប់ ឬរដ្ឋធម្មនុញ្ញការពារហើយក្ដី ប៉ុន្ដែ អ្នកអនុវត្តច្បាប់មិនបានគោរពតាមទេ ពោលគឺអ្នកសារព័ត៌មាននៅតែប្រឈមការចាប់ខ្លួន ការគំរាមកំហែង ឬបញ្ហាសុវត្ថិភាពក្រោយការចេញផ្សាយអត្ថបទរបស់ខ្លួន ពិសេសការចោទប្រកាន់ពីបទញុះញង់ជាសាធារណៈ ការបរិហារកេរ្ដិ៍ ឬការជ្រៀតជ្រែកកិច្ចការមន្ដ្រីសាធារណៈជាដើម។
ត្រង់នេះ គេអាចចោទសួរថា តើសមត្ថកិច្ចអាចប្រើពាក្យ «អនុវត្តច្បាប់» និងរារាំងសកម្មភាពរបស់តួអង្គទាំងអស់ឬយ៉ាងណា? ចុះបើអ្នកសារព័ត៌មានទាំងនោះបានអនុវត្តត្រឹមត្រូវ តើសមត្ថកិច្ចបានអនុវត្តខុសច្បាប់ឬទេ? តើគេកំណត់សិទ្ធិ និងកាតព្វកិច្ចតួអង្គទាំងពីរត្រឹមកម្រិតណា?
ជាក់ស្ដែង ពលរដ្ឋអ្នកសារព័ត៌មាន CCIM មួយរូបអះអាងថា កាលពីថ្ងៃទី១០ ខែមេសាកន្លងទៅ សមត្ថកិច្ចស្រុកលើកដែក ខេត្តកណ្តាល បានគំរាមចាប់ខ្លួនគាត់បញ្ជូនទៅតុលាការ បើសិនគាត់មិនលុបរូបភាព និងវីដេអូ ដែលថតបានពីសកម្មភាពមន្ត្រីនគរបាលទាំងនោះយកលុយពីម្ចាស់ឡានឈ្នួល ជាថ្នូរនឹងការអនុញ្ញាតឱ្យដឹកលើសចំណុះ។
អ្នកសារព័ត៌មានពលរដ្ឋ លោក សួន វុត្ថា បានរៀបរាប់ថា កំឡុងពេលធ្វើដំណើរនោះ លោកបានឃើញបទល្មើសចរាចរណ៍ជាច្រើនករណី ដូចជា រថយន្តឈ្នួលដាក់មនុស្សលើសចំនួន ប៉ុន្តែនៅពេលមកដល់ចំណុចដែលមន្ត្រីនគរបាលចរាចរណ៍ដាក់គោលដៅពិនិត្យក្នុងស្រុកលើកដែកនោះ បែរជាសមត្ថកិច្ចទាំងនោះទទួលយកលុយសំណូកជាហូរហែពីម្ចាស់រថយន្តឈ្នួលដែលល្មើស ដោយពុំឃើញមានវិធានការតាមច្បាប់ចរាចរណ៍ឡើយ។
ករណីមួយទៀត គឺការចាប់ខ្លួនអ្នកសារព័ត៌មាន៣នាក់ និងអ្នកបើកបរម្នាក់ ក្រោយពីមានពាក្យបណ្ដឹងរបស់ម្ចាស់ផ្ទះជាអ្នករកស៊ីលក់ម៉ូតូ នៅថ្ងៃទី២១ ខែមេសាកន្លងទៅ ប៉ុន្ដែក៏ត្រូវបានដោះលែងវិញ ក្រោយពីមានកិច្ចអន្ដរាគមន៍ពីសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជានៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។ អ្នកសារព័ត៌មានចំនួន ៣នាក់ និងអ្នកបើកបរនោះ រួមមានលោក សាយ រស្មី អាយុ៣១ឆ្នាំ លោក ទួន ឈុនលី អាយុ៥២ឆ្នាំ លោក មិន ធី អាយុ៤៣ឆ្នាំ និងអ្នកបើកបរឈ្មោះ ប៊ុន ចន្ថា អាយុ៦៥ឆ្នាំ។
និពន្ធនាយកនៃគេហទំព័រសារព័ត៌មាន «រស្មីស្ទឹងត្រង់» លោក ឃីម រដ្ឋា បានប្រាប់ថា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកសារព័ត៌មានខាងលើមិនដល់ ៥នាទីផង និងមិនបានសួរនាំ ឬការប្រព្រឹត្តខុសពីវិជ្ជាជីវៈនោះទេ ប៉ុន្ដែបែរជាចោទអ្នកសារព័ត៌មានទាំងនេះថា បានជំរិតទារប្រាក់ទៅវិញ បន្ទាប់ពីម្ចាស់ហាងខលហៅអ្នកសារព័ត៌មានទៅជួបនិយាយគ្នារឿងការលក់ម៉ូតូខុសច្បាប់ឯណោះសោះ។
លោកយល់ថា នេះជាការរៀបចំទុកជាមុនរវាងម្ចាស់ហាង និងសមត្ថកិច្ច ដើម្បីចាប់ខ្លួន និងរារាំងដល់ការងារអ្នកសារព័ត៌មាន ដែលឃ្លាំមើលបញ្ហាខុសប្រក្រតីរបស់សមត្ថកិច្ច។
នាយកប្រតិបត្តិស្ដីទីនៃមជ្ឍមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ CCIM លោក អ៊ិត សូធឿត ចាត់ទុករឿងនេះថា មិនត្រឹមត្រូវ ដោយលោករិះគន់ថា អាជ្ញាធរមិនបានសួរនាំរកដើមហេតុឱ្យបានច្បាស់លាស់ និងថា នេះជាការរំលោភបំពានសិទ្ធិសេរីភាពធ្ងន់ធ្ងរលើការងាររបស់អ្នកសារព័ត៌មាន។
លោកបន្ដថា៖«ការចាប់ខ្លួនអ្នកសារព័ត៌មានរបស់អាជ្ញាធរ ប្រហែលជាមានអ្វីនៅពីក្រោយខ្នងហើយ បានជាហ៊ានធ្វើអឹចឹង»។
បើតាមនាយកប្រតិបត្តិស្ដីទីអង្គការ CCIM រូបនេះ លោក សូធឿត ថ្លែងបន្ដថា ក្នុងឆ្នាំ២០២២នេះ ស្ថានភាពសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាកំពុងឆ្ពោះទៅកាន់លំហកាន់តែរួមតូច និងបង្កការលំបាកដល់អ្នកសារព័ត៌មាន ក្រោមហេតុផលការអនុវត្តច្បាប់ និងការចោទពួកគេថា អនុវត្តខុសវិជ្ជាជីវៈ។
ប្រធានសមាគមសិទ្ធិសេរីភាពអ្នកសារព័ត៌មានកម្ពុជា លោក ទេព វិបុល លើកឡើងថា លោកមិនគាំទ្រចំពោះសកម្មភាពអ្នកសារព័ត៌មានណាដែលរំលោភក្រមសីលធម៌វិជ្ជាជីវៈ ដើរទារលុយ ឬគំរាមកំហែងគេនោះទេ។ ប៉ុន្ដែ លោកក៏គាំទ្រចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច ដែលភ័យខ្លាចចំពោះអ្នកសារព័ត៌មានក្រមសីលធម៌ត្រឹមត្រូវ ហើយពួកគេបានរកឃើញការប្រព្រឹត្តខុសឆ្គងរបស់អ្នកអនុវត្ដច្បាប់។
លោកបន្ដថា៖«ឱ្យទៅគាំទ្រយ៉ាងមិចបើខ្លួនយកឈ្មោះអ្នកសារព័ត៌មានបំពានគេហ្នឹង»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ច្រានចោលការលើកឡើងថា សិទ្ធិសេរីភាពអ្នកសារព័ត៌មាននៅកម្ពុជាមានការរឹតត្បិតនិងរួមតូចទៅៗ ដោយលោកការពារថា ក្រសួងតែងតែយកចិត្តទុកដាក់ចំពោះអ្នកសារព័ត៌មាន និងបានជម្រុញឱ្យអាជ្ញាធរចូលរួមជាមួយអ្នកសារព័ត៌មាន ដើម្បីផ្ដល់ព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋទូទៅ។
លោក មាស សុភ័ណ្ឌ ថ្លែងបន្ដថា បើអ្នកសារព័ត៌មានមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ គឺក្រសួងលើកទឹកចិត្តឲ្យបន្ដខិតខំសកម្មភាពរបស់ខ្លួនដើម្បីផ្សព្វផ្សាយអ្វីដែលល្អៗដល់ប្រជាពលរដ្ឋ។
លោកបន្ថែមថា៖«សុំអ្នកសារព័ត៌មានទាំងអស់អនុវត្តន៍តាមអនុសាសន៍របស់នាយករដ្ឋមន្រ្ដីកម្ពុជាថា កុំបំពានសិទ្ធិអ្នកដ៌ទៃ កុំបំភ្លៃការពិត»។
បើតាមរបាយការណ៍មជ្ឍមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកត់ត្រាពីការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មាន មានចំនួន៥១ករណីឬស្មើនឹងអ្នកសារព័ត៌មានរងគ្រោះ៩៣នាក់(មាន៥នាក់ជាស្រ្ដី) ក្នុងនោះអ្នកសារព័ត៌មានចំនួន៣២នាក់ត្រូវបានឃាត់ខ្លួន ហើយ២៤នាក់ប្រឈមពាក្យបណ្ដឹងផ្លូវច្បាប់និង១៨នាក់ទៀត អះអាងថា បានទទួលរងការគំរាមកំហែងនិងការធ្វើទុក្ខបុកម្នេញ៕
———————————
ពលរដ្ឋអ្នកសារព័ត៌មាន CCIM ប្រចាំខេត្តកណ្ដាល