ពលរដ្ឋរស់នៅខេត្តសៀមរាបបាននាំគ្នាទៅទទួលវ៉ាក់សាំងតាមការប្រកាសរបស់អាជ្ញាធរខេត្តនេះ ប៉ុន្ដែពួកគេនៅតែបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩ ដោយសារមានការលើកឡើងថា វ៉ាក់សាំងមិនអាចការពារការឆ្លងជំងឺកូវីដ-១៩ទាំងស្រុង។
ពលរដ្ឋម្នាក់រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ខេត្តសៀមរាប អ្នកស្រី គង់ ពិសី អាយុ ៣៦ ឆ្នាំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ត្បិតវ៉ាក់សាំងចិននេះពុំសូវមានប្រសិទ្ធភាព ប៉ុន្ដែ គាត់សង្ឃឹមថា វាអាចជួយការពារបានខ្លះដែរ។
អ្នកស្រីបន្តថា៖ «ខ្ញុំសប្បាយចិត្ត ទោះដឹងថា វ៉ាក់សាំងស៊ីណូហ្វាម ពុំមានប្រសិទ្ធភាពបាន១០០ភាគរយក៏ដោយ។ ខ្ញុំបានចាស់វាលើកទី១រួចហើយ តែពុំប្រាកដថា វាមិនឆ្លងនោះទេ។ ដើម្បីចៀសផុតពីការឆ្លងបាន ខ្ញុំត្រូវតែស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ» ។
ព្រះសង្ឃមួយអង្គគង់នៅវត្តអធ្វារខេត្តសៀមរាប ព្រះអង្គ ភ្លឿន រ័ត្ន បានសង្ឃដីកាថា ព្រះសង្ឃនៅក្នុងវត្តក៏ត្រូវចាក់វ៉ាក់សាំងដែរ បើទោះបីជាដឹងថា វ៉ាក់សាំងមិនសូវមានប្រសិទ្ធភាពក៏ដោយ។
ព្រះអង្គបន្តថា៖ «មុនដំបូង អាត្មាក៏មានអារម្មណ៍ស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងចិននេះដែរ។ អាត្មារងចាំមើលគេចាក់មុនសិន។ ឥឡូវអាត្មាបានចាក់វ៉ាក់សាំងរួចហើយ ពុំមានឃើញកើតរឿងអីទេ»។
ក្រៅពីមានមន្ទិលសង្ស័យជុំវិញប្រសិទ្ធិភាពវ៉ាក់សាំងនេះ ព្រះអង្គ ភ្លឿន រ័ត្ន រងចាំមើលពីផលប៉ះពាល់សុខភាព ក្រោយទទួលបានវ៉ាក់សាំងផងដែរ។
អាជ្ញាធរម្នាក់ជាកងការពារសណ្ដាប់ធ្នាប់នៅកន្លែងចាក់វ៉ាក់សាំងបឋមសិក្សាចុងឃ្នៀស សង្កាត់សៀមរាប បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ពលរដ្ឋមួយចំនួនភ័យខ្លាច និងព្រួយបារម្ភក្នុងការចាក់វ៉ាក់សាំង ក្រោយលេចឮថា ទោះចាក់វ៉ាក់សាំងហើយ ក៏ពុំអាចការពារឆ្លងជំងឺកូវីដ-១៩។
លោកបន្តថា៖ «ខ្ញុំបានចាក់វ៉ាក់សាំងរួចហើយតែដូចជាធម្មតាពុំមានឃើញអ្វីសោះ ឥឡូវនេះប្រជាពលរដ្ឋសម្រុកចាក់វ៉ាក់សាំងច្រើនកុះករ ដោយរងចាំចាប់លេខរៀងដើម្បីទទួលបានការចាក់វ៉ាក់សាំង»។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ដំណើរការចាក់វ៉ាក់សាំងជូនពលរដ្ឋអាយុចាប់ពី១៨ឆ្នាំ ធ្វើឡើងក្នុងរយៈពេល១៤ ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ ទីតាំងចាក់វ៉ាក់សាំងស្ថិតនៅក្នុងសង្កាត់ទាំង ១២ រួមមាន ក្រុងសៀមរាប សង្កាត់ទឹកវិល សង្កាត់សាលាកំរើក សង្កាត់ជ្រាវ សង្កាត់ចុងឃ្លៀស សង្កាត់គោគចក សង្កាត់នគរធំ សង្កាត់សៀមរាប សង្កាត់ស្រង៉ែ សង្កាត់សំបួរ សង្កាត់ក្របីរៀល សង្កាត់ស្លរក្រាម និងសង្កាត់ស្វាយដង្គំ។
គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាបបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៣១៧នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន ១៤៩៦នាក់ ស្លាប់៣១នាក់ និង១៧៩០នាក់ទៀត កំពុងសម្រាកព្យាបាល។
ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១២ កក្កដា ឆ្នាំ២០២១ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ង៉ូវ កាង បញ្ជាក់ជាថ្មីថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ មិនអាចការពារការចម្លងជំងឺកូវីដ-១៩ បានទាំងស្រុងនោះទេ ប៉ុន្តែវាអាចកាត់បន្ថយអាត្រាភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកជំងឺ៕
_______________________________________
ពលរដ្ឋអ្នកសារព័ត៌មាន CCIM