សង្គមស៊ីវិល ខកចិត្តចំពោះស្ថាប័នទទួលពាក្យបណ្តឹងថ្នាក់ជាតិរបស់រដ្ឋាភិបាលហូឡង់ ដែលបញ្ចប់ការសម្របសម្រួល ដោយមិនមានការព្រមព្រៀងគ្នារវាងភាគីនៃអង្គការចំនួនបី និងភាគីក្រុមហ៊ុន Ecumenical Development Cooperative Society U.A. ឬ Oikocredit លើការរំលោភបំពានសិទិ្ធមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងស្នើរកដំណោះស្រាយផ្នែកហិរញ្ញវត្ថុដល់កូនបំណុលជាបន្ទាន់ ព្រោះពួកគេកំពុងរងគ្រោះពីការរំលោភសិទិ្ធមនុស្ស ដោយសារប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា។
យោងតាមសេចក្តីថ្លែងការណ៍រួមមួយនៃអង្គការសង្គមស៊ីវិលចំនួនបី ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដំណើរការសម្រុះសម្រួលរវាងសម្ព័ន្ធខ្មែរជំរឿន និងការពាសិទិ្ធមនុស្ស លីកាដូ អង្គការសមធម៌កម្ពុជា និងអង្គការ FIAN អាឡឺម៉ង់ ជាមួយក្រុមហ៊ុន Ecumenical Development Cooperative Society U.A. ឬ Oikocredit លើបណ្ដឹងពាក់ព័ន្ធនឹងការរំលោភបំពានសិទិ្ធមនុស្សយ៉ាងធ្ងន់ធ្ងរក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបានបញ្ចប់ដោយមិនទទួលបានកិច្ចព្រមព្រងគ្នាណាមួយនោះទេ។
អង្គការសង្គមស៊ីវិលទាំងបី បានបង្ហាញការខកចិត្តក្រោយពីមិនទទួលបានផ្លែផ្កាពីកិច្ចសម្រុះសម្រួលនេះ និងមិនបានដំណោះស្រាយទាន់ពេលវេលា និងការអនុគ្រោះជាក់លាក់ណាមួយ ដល់កូនបំណុលនៅកម្ពុជា។
សេចក្តីថ្លែងការណ៍បន្តថា៖ «យើងខ្ញុំខកចិត្តយ៉ាងខ្លាំង ដែលដំណើរការសន្ធានកម្មនេះ មិនបានផ្តល់លទ្ធផលជាដំណោះស្រាយឱ្យបានទាន់ពេលវេលា និងការអនុគ្រោះជាក់លាក់ណាមួយ ដល់កូនបំណុលជាច្រើននាក់នៅកម្ពុជា ដែលកំពុងរងគ្រោះពីការរំលោភសិទិ្ធមនុស្សនៅក្នុងវិស័យនេះ។ កូនបំណុលទាំងនោះ កំពុងត្រូវការ និងសមនឹងទទួលបាននូវ យន្តការដោះស្រាយបណ្តឹងមួយដែលមានប្រសិទិ្ធភាព និងសំណងផ្នែកហិរញ្ញវត្ថុយ៉ាងសមរម្យ ពីអ្នកវិនិយោគអន្តរជាតិនានា ដែលបាន និងកំពុងបន្តទទួលបានប្រាក់ចំណេញយ៉ាងច្រើនលានដុល្លារអាមេរិក នៅខណៈដែលកូនបំណុលជាច្រើនដែលជាប្រជាពលរដ្ឋនៅកម្ពុជា កំពុងរងទុក្ខវេទនា»។
លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍បន្ថែមលើសេចក្តីថ្លែងការណ៍ថា ការវិនិយោគរបស់ក្រុមហ៊ុន Oikocredit បានចូលរួមរំលោភសិទ្ធិមនុស្ស។
លោកថា៖ «យើងមើលឃើញថា ការវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្ម Oikocredit ហ្នឹង គឺចូលរួមរំលោភសិទ្ធិមនុស្ស និងបរាជ័យក្នុងការរអនុលោមតាមគោលការណ៍ណែនាំសម្រាប់សហគ្រាសពហុជាតិរបស់អង្គការ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ OECD ហ្នឹង អ៊ីចឹងយើងឃើញថា អ្នកវិនិយោគជាច្រើន ក៏ដូចជាក្រុមហ៊ុន Oikocredit នេះ កំពុងតែបរាជ័យក្នុងការស្វែងរកដំណោះស្រាយសម្រាប់ការរំលោភបំពានសិទ្ធិមនុស្សទាំងអស់ហ្នឹង។ អ៊ីចឹងការចាកចេញឆ្ងាយពីការសន្ទនា ហើយនិងការមិនអាចស្វែងរកដំណោះស្រាយរួមបាន គឺជាភាពបរាជ័យទាក់ទងនឹងបញ្ហាហ្នឹង»។
លោក អំ សំអាត បន្ដថា អង្គការសង្គមស៊ីវិលទាំងបី នៅតែជំរុញក្រុមហ៊ុន Oikocredit ឱ្យរកដំណោះស្រាយឱ្យបានពេញលេញទៅលើបញ្ហាដែលកើតចេញពីការវិនិយោគរបស់ខ្លួន។
លោកមានប្រសាសន៍ថា៖ «យើងនៅតែជំរុញឱ្យក្រុមហ៊ុន Oikocredit ហ្នឹងមានការទទួលខុសត្រូវ និងការស្វែងរកដំណោះស្រាយឱ្យបានពេញលេញ សម្រាប់ជនរងគ្រោះឬក៏អ្នកខ្ចីដែលត្រូវបានមានការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ចូលរួមវិនិយោគដោយក្រុមហ៊ុន Oikocredit ហ្នឹងគឺជាគោលបំណងរបស់យើង យើងនៅតែជំរុញ»។
ចំណែកឯ លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា មានប្រសាសន៍ថា ក្រុមអង្គការសង្គមស៊ីវិល នៅតែបន្តជជែកជាមួយក្រុមហ៊ុន Oikocredit ដើម្បីរកដំណោះស្រាយ។
លោកថា៖ «ការងារបន្តទៀត យើងនៅបន្តធ្វើការជាមួយអ្នក investor អ្នកផ្ដល់មូលនិធិហ្នឹង ដើម្បីឱ្យមានការចូលរួមដោះស្រាយបញ្ហបំណុលដែលប្រជាពលរដ្ឋគាត់អត់អាចសងបាន ដោយសារកម្ចីហ្នឹង យើងដឹងហើយតាមរបាយការណ៍ពីមុនមក មានការរំលោភសិទ្ធិមនុស្ស មានការរំលោភដីធ្លីជាដើមហ្នឹង សុំឱ្យមានយន្ដការជាក់ស្ដែង ដើម្បីឱ្យពួកគាត់អាចធ្វើការដោះស្រាយនូវបញ្ហបំណុល ការរឹបអូសដីធ្លី»។
លោកបានបន្ថែមថា៖ «កន្លងមកពួកគាត់ដោយសារតែបំណុលហ្នឹង គឺមានចំណាកស្រុក កូនបាត់បង់ការសិក្សា បាត់បងដីធ្លីដែលជាប្រភពចំណូលរបស់គាត់ហ្នឹង មានការធ្វើពលកម្មកុមារ កុមារមួយចំនួនហ្នឹង ត្រូវបានរកប្រាក់ចំណូលបន្ថែម ដើម្បីក្រុមគ្រួសារហ្នឹង ដើម្បីសងបំណុល មានការធ្វើអត្តឃាត សម្លាប់ខ្លួនអីជាដើម បាត់បង់ដីធ្លីជនជាត់ដើមភាគតិចក៏មានច្រើនដែរ ដែលជាដីសហគមន៍ ហៅថាប្រពៃណីរបស់ពួកគាត់»។
Newsroom Cambodia មិនអាចសុំការឆ្លើយតបពីក្រុមហ៊ុន Oikocredit បានទេនៅថ្ងៃទី២៨ ខែមករានេះ។
ប៉ុន្តែបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Oikocredit កាលពីថ្ងៃទី២៤ ខែមករា បានបញ្ជាក់ថា Oikocredit បានបញ្ចប់ដំណើរការសម្រុះសម្រួលជាមួយអង្គការទាំង៣ ក្រោមការគាំទ្រ ពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ហើយកិច្ចពិភាក្សានោះមានគោលបំណងដោះស្រាយបញ្ហាបំណុលលើសលប់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលបានគូសបញ្ជាក់ពីតម្រូវការសម្រាប់ការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយក្រមសីលធម៌។
ប្រភពដដែលបន្តថា ខណៈពេលដែលការរួមចំណែកផ្នែកហិរញ្ញវត្ថុរបស់ Oikocredit មានការឆ្លើយតបតិចតួច ក្នុងការជំរុញមីក្រូហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។ អង្គការ OECD កំពុងបង្កើតក្របខណ្ឌការសម្រុះសម្រួលថ្មី និងកន្លែងផ្តល់ជំនួយសង្គ្រោះសម្រាប់អ្នកខ្ចី រួមជាមួយនឹងកម្មវិធីផ្តល់អំណាចដល់អតិថិជន ដែលរួមមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការប្រឹក្សាបំណុល។ ការប្ដេជ្ញាចិត្តរបស់ Oikocredit គឺនៅតែបន្តលើកកម្ពស់ជីវភាពពលរដ្ឋនៅកម្ពុជា។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា យល់ថា ពាក្យបណ្តឹងរបស់អង្គការក្រៅរដ្ឋាភិបាលទាំងនោះ គឺជាសិទ្ធិសេរីភាពរបស់ពួកគេក្នុងការបំពេញកិច្ចការខ្លួន។ លោកបញ្ជាក់ថា សេចក្តីថ្លែងការណ៍ខាងលើ គឺជាដំណោះស្រាយរឹងមាំ និងពិតប្រាកដដែលអាចដោះស្រាយនូវការបារម្ភ និងការប្រឈមនានា។
លោកថា៖ «ការដែលអង្គការសង្គមស៊ីវិលគាត់ដាក់ពាក្យបណ្តឹងទៅរដ្ឋាភិបាល ឬស្ថាប័នអន្តរជាតិហ្នឹង វាជាសិទ្ធិសេរីភាពរបស់ពួកគាត់ទេ ក្នុងការធ្វើការនៅក្នុងកិច្ចការងារហ្នឹង តែសម្រាប់សមាគមន៍យើងយល់ថា អ្វីដែលអង្គការសហប្រជាជាតិនៅកម្ពុជា រួមទាំងធនាគារជាតិនៅកម្ពុជា ដាក់ចេញហ្នឹង ទើបជាដំណោះស្រាយពិតប្រាកដមានលក្ខណៈនិរន្តភាពហើយនិងដោះស្រាយបញ្ហាប្រឈមបានជាប្រព័ន្ធតែម្តង»។
បើតាមសេចក្តីថ្លែងការណ៍រួមរវាងធនាគារជាតិ និងអង្គការសហប្រជាជាតិកម្ពុជា ចុះថ្ងៃទិ២៣ខែមករា ឆ្នាំ២០២៥ ស្តីពីបច្ចុប្បន្នភាពនៃដំណើរការពិគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ ស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានឲ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កិច្ចពិភាក្សាមួយបានចាប់ផ្ដើមឡើង ដើម្បីយល់ដឹងពីបញ្ហាប្រឈមនានា និងកំណត់សកម្មភាពអាទិភាពមួយចំនួន ក្នុងការដោះស្រាយបញ្ហាទាំងនោះ ដែលសកម្មភាពអាទិភាព រួមមាន ការពង្រឹងការផ្ដល់ឥណទានប្រកបដោយការទទួលខុសត្រូវ ការការពារផ្លូវច្បាប់ និងយន្តការការពារអ្នកប្រើប្រាស់ និងដោះស្រាយបណ្ដឹងជាដើម។
ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក មាស សុខសេនសាន សុំមិនអធិប្បាយឡើយដោយថា លោកគ្មានយោបល់ចំពោះរឿងនេះ។
លោកថា៖ «ខ្ញុំអត់មានយោបល់ទេ»។
គួរបញ្ជាក់ថា ក្រុមហ៊ុនសាជីវកម្ម Ecumenical Development Cooperative Society U.A. ឬ Oikocredit គឺជាសង្គមសហករណ៍ដែលមានមូលដ្ឋាននៅប្រទេសហូឡង់។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៥ ផ្តោតជាចម្បងលើការផ្តល់ប្រាក់កម្ចី និងដើមទុនវិនិយោគដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ សហករណ៍ និងសហគ្រាសធុនតូចដល់មធ្យមនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
តែយ៉ាងណា សម្ព័ន្ធខ្មែរជំរឿន និងការពាសិទិ្ធមនុស្ស លីកាដូ អង្គការសមធម៌កម្ពុជា និងអង្គការ FIAN អាឡឺម៉ង់ បានដាក់ពាក្យបណ្ដឹងទៅកាន់ស្ថាប័នទទួលពាក្យបណ្តឹងថ្នាក់ជាតិនៃប្រទេសហូឡង់ ប្ដឹងក្រុមហ៊ុន Oikocredit នេះ កាលពីខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការរំលោភបំពានសិទិ្ធមនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា៕
……………………………………
អត្ថបទដោយ អ៊ួក ចាន់ធីតា