កាលពីថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២៥ យន្ដហោះថៃបានហោះចូលទម្លាក់គ្រាប់បែក៤គ្រាប់ចូលស្រុកបាណន់ដែលកៀកមែនទែននឹងក្រុងបាត់ដំបង។ ហេតុការណ៍ទម្លាក់គ្រាប់បែកនេះបង្កឱ្យប្រជាពលដ្ឋជាច្រើនព្រួយបារម្ភពីសុវត្ថិភាព ក្នុងនោះអ្នកខ្លះចោទជាសំណួរសួរជុំវិញប្រព័ន្ធជូនដំណឹងពីគ្រោះអាសន្ន។ តើអាជ្ញាធរកម្ពុជាបានគិតហើយឬនៅ ពីប្រព័ន្ធជូនដំណឹងគ្រាមានអាសន្នដូចជាករណីទម្លាក់គ្រាប់បែកឬបាញ់ប្រហារបែបនេះ?
ព្រឹត្តិការណ៍ថៃទម្លាក់គ្រាប់បែកនៅស្រុកបាណន់ដែលកៀកនឹងក្រុងបាត់ដំបងនេះ បង្កឱ្យពលរដ្ឋអ្នករស់នៅជិតទីតាំងទម្លាក់គ្រាប់បែក និងអ្នករស់ក្រុងបាត់ដំបងមានការតក់ស្លុតយ៉ាងខ្លាំង។ គេមិនអាចវាស់ស្ទង់ទំហំឈឺចាប់ភ័យខ្លាចរបស់ពលរដ្ឋបានទេ។ ប៉ុន្តែគេអាចឃើញបានពីទឹកចិត្តភ័យខ្លាចរបស់ពលរដ្ឋ តាមរូបភាពវីដេអូដែលបង្ហាញលើបណ្ដាញសង្គមនានា គឺគេឃើញកុមារតូចៗជាច្រើនស្រែកទ្រហោរយំរកម្ដាយដោយការតក់ស្កុតភិតភ័យជាតក្កមា។ក្មេងខ្លះយំស្ទើគាំងក៏មាន។ សាលារៀនឯកជននៅក្នុងក្រុងបាត់ដំបង ហៅទូរសព្ទឱ្យអាណាព្យាបាលទៅទទួលកូនចេញពីសាលា ក្នុងនោះម្ដាយឪពុកខ្លះទៅយកកូនមិនទាន់កូនក៏ស្រែកទួញយំទ្រហឹងអឺងកងពេញសាលាដោយសារតែភ័យខ្លាច។
គ្រូៗសិស្សធំៗរត់ស្វែងរកទីសុវត្ថិភាពរៀងៗខ្លួន។ សិស្សានុសិស្សនៅសាលានានាជុំវិញតំបន់ភ្នំសំពៅ បានយកកង់ម៉ូតូជិះយ៉ាងប្រសាចចេញពីសាលាឆ្ពោះទៅផ្ទះរបស់ពួកគេរៀងៗខ្លួន។ តើផ្ទះសម្បែងរបស់ពួកគេជាទីដែលមានសុវត្ថិភាពដែលអាចជ្រកផុតពីគ្រោះថ្នាក់ដោយសារគ្រាប់បែកថៃឬទេ? ចម្លើយគឺមិនអាចទេ។ ផ្ទះសម្បែងជាទូទៅនៅស្រុកបាណន់ដែលកៀកនឹងក្រុងបាត់ដំបង សុទ្ធតែមិនមានលេនដ្ឋាន ឬត្រង់សេដែលអាចការពារខ្លួនពីគ្រាប់បែកដែលថៃទម្លាក់ពីលើយន្ដហោះនោះឡើយ។ ពួកគេតម្រង់ទៅផ្ទះគ្រាន់តែជាទីតាំងដែលពួកគេអាចមានសុវត្ថិភាពផ្លូវចិត្តប៉ុណ្ណោះ។
កាលមុនថ្ងៃទី២៤ ខែធ្នូ អ្នកបាណន់ឬអ្នកក្រុងបាត់ដំបងសុទ្ធតែជឿថា គ្រាប់ផ្លោងរបស់ថៃមិនអាចធ្លាក់ដល់ទីលំនៅរបស់ពួកគេទេ។ចំណែកឯអាជ្ញាធរក៏ប្រហែលជាគិតដូចគ្នានេះដែរទើប មិនទាន់មានឡើយការជូនដំណឹងឱ្យប្រជាពលរដ្ឋរៀប លេនដ្ឋាន ។ មិនទាន់ឃើញឡើយការជូនដំណឹងពីតំបន់ហានិភ័យ មិនមានសោះឡើយការជូនដំណឹងបន្ទាន់ពីការវាយប្រហារនានាដែលអាចនឹងកើតមានឡើង។ ប្រការទាំងអស់នេះ បើរាស្ត្របន្ទោសអាជ្ញាធរក៏មិនត្រូវ ហើយបើមិននិយាយជំរុញឱ្យមានយន្តការជូនដំណឹងគ្រាមានអាសន្ននេះក៏មិនកើត។
ក្នុងកាលៈទេសៈនេះ យ៉ាងហោចណាស់ អាជ្ញាធរខេត្តជាប់ព្រំដែនថៃទាំងអស់គួរតែជូនដំណឹងឬជំរុញឱ្យពលរដ្ឋរៀបចំលេនដ្ឋានការពារគ្រាប់តាមលទ្ធភាពដែលអាចធ្វើទៅបាន។ សាលារៀនមន្ទីរពេទ្យ ផ្សារ គួរតែមានលេនដ្ឋានឬត្រង់សេដូចគ្នា ដើម្បីបង្ការហានិភ័យ ពិសេសការពារគ្រោះថ្នាក់ដែលបណ្ដាលមកពីការវាយប្រហារឈ្លានពាន។ ចំណែកឯប្រព័ន្ធជូនដំណឹងពីហានិភ័យគួរតែមាន និងត្រូវតែមានជាការចាំបាច់បន្ទាន់ជាទីបំផុត ដោយមានកិច្ចសហការផ្ដល់ព័ត៌មានពីសំណាក់អាជ្ញាធរពាក់ព័ន្ធ។ អាជ្ញាធរអាចជូនដំណឹងបានតាមរយៈកម្មវិធីផ្ញើសារតាមទូរសព្ទ ឬអាចជូនដំណឹងតាមទំព័រហ្វេសប៊ុកផ្លូវការ ឬអាចឈានដល់ដាក់ខេត្តឬតំបន់ណាមួយស្ថិតក្នុងគ្រាអាសន្នក៏បាន គឺអាចធ្វើបានដូចជាករណីជូនដំណឹងពីគ្រោះទឹកជំនន់ឬជំងឺឆ្លងអ៊ីចឹងដែរ។ ការជូនដំណឹងពីហានិភ័យជា ប្រការចាំបាច់បំផុតមិនអាចខ្វះបាន ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ ខណៈដែលភាគីថៃនៅតែចិញ្ចឹមចិត្តឈ្លានពានកម្ពុជាបន្តទៀត។
ប្រសិនបើប្រជាពលរដ្ឋទទួលបានព័ត៌មានពីហានិភ័យនោះ ពួកគេនឹងអាចការពារខ្លួនបានដោយខ្លួនឯង និងម្យ៉ាងទៀតពួកគេអាចចូលរួមជាមួយអាជ្ញាធរដើម្បីដោះស្រាយបញ្ហានានាបានដែរ៕
………………………………………….
អត្ថបទដោយ កូនអ្នកបាត់ដំបង
បញ្ជាក់៖ អត្ថបទទស្សនៈខាងលើនេះ មិនឆ្លុះបញ្ចាំងពីគោលជំហររបស់ CJ-News នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ(CCIM) ឡើយ។ សូមអរគុណ

