#របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
ប្រជាពលរដ្ឋរស់នៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ត្អួញត្អែរផ្លូវលំមួយខ្សែពិបាកធ្វើដំណើរដែលស្ថិតនៅឃុំថ្មីតភ្ជាប់ទៅឃុំកន្ទួត រងការខូចខាតដោយសារទឹកភ្លៀង តែអាជ្ញាធរមិនទាន់មានការជួសជុលដោយសន្យាថានឹងជួសជុលពេលឆាប់ៗខាងមុខនេះ។
ពលរដ្ឋរស់នៅភូមិច្រណោល ឃុំថ្មី លោក អិត ច្រិច អាយុ៧១ ឆ្នាំ បានរៀបរាប់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានយើងថា ផ្លូវមួយខ្សែនេះចេញពីភូមិច្រណោលតភ្ជាប់ភូមិថ្មីប្រវែងជាង៣គឺឡូម៉ែត្រដែលប្រជាពលរដ្ឋតែងតែធ្វើដំណើរឆ្លងកាត់មានការលំបាក។ លោករៀបរាប់បន្តទៀតថា ផ្លូវនេះរងការខូចខាតដោយសារមានភ្លៀងធ្លាក់ច្រើនធ្វើហូរដាច់ជាច្រើនកន្លែងពិបាកធ្វើដំណើរ ពេលប្រជាពលរដ្ឋមានជំងឺយប់ប្រលប់ ជាពិសេសស្រ្តីមានផ្ទៃពោះទៅពិនិត្យនៅមណ្ឌលសុខភាព។
បុរសរូបនេះបន្តទៀតថា កន្លងមកផ្លូវមួយខ្សែនេះបានសាងសង់ជាច្រើនឆ្នាំមកហើយ តែមិនទាន់បានចាក់ក្រាលក្រួសក្រហមបន្ថែមទេ ដោយគ្រាន់តែកៀរដីត្រឡប់ឡើងនៅពេលមានភ្លៀងធ្លាក់ជោគជាំធ្វើឱ្យបែកភក់មានដើរអិលធ្វើពិបាកធ្វើដំណើរឆ្លងកាត់។
លោកបន្តថា៖ «គេកៀចុះឡើងមិនមានចាក់ក្រួសក្រហមពីលើទៀតឯណា ដីសរហើយនឹងទឹកភ្លៀងមិនធន់ពេលរាំងខែប្រាំងហុយទ្រលោម ហើយចូលដល់រដូវវស្សាផ្លូវនេះបែកភក់» ។
ពលរដ្ឋម្នាក់ទៀតរស់នៅភូមិថ្មី លោក សេន អឿន អាយុ៥៦ ឆ្នាំសំណូមពរឱ្យអាជ្ញាធរឃុំចុះត្រួតពិនិត្យជួយដោះស្រាយធ្វើផ្លូវឱ្យបានស្អាតស្រួលប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។
លោកបានបន្ដថា៖ «សុំឱ្យអាជ្ញាធរនឹងអ្នកពាក់ព័ន្ធទាំងអស់មេតាជួយសំរួលធ្វើយ៉ាងណាឱ្យផ្លូវមួយខ្សែនេះស្អាតល្អស្រួលធ្វើដំណើរផង»។
មេឃុំថ្មី លោក មុំ ខាំ បានឆ្លើយតបយ៉ាងខ្លីថាលោកនឹងខិតខំដោះស្រាយនឹងសហការណ៍ជាមួយមន្ទីអភិវឌ្ឍន៌ខេត្តជួយជួសជុលផ្លូវមួយខ្សែនេះឱ្យបានសម្រេចតាមការសំណូមពររបស់ប្រជាពលរដ្ឋនៅពេលខាងមុខនេះ ។
លោកមេឃុំបន្តថា៖ «ខ្ញុំនឹងសហការណ៍ជាមួយអ្នកពាក់ព័ន្ធ ដូចជាមន្ទីអភិវឌ្ឍន៍ខេត្តជួសជុលនៅខែក្រោយនេះ»។
បើតាមពលរដ្ឋប្រាប់យើងថា ផ្លូវនេះមានការប្រើប្រាស់យានយន្តគ្រប់ប្រភេទ ហើយប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ចំនួន៦ ភូមិ បើគិតជាគ្រួសារជាង២០០០គ្រួសារដោយមិនគិតអ្នកក្រៅចេញចូល។
_________________________________
ពលរដ្ឋអ្នកសារព័ត៌មាន CCIM អ្នកស្រី ណេត នឿន