CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ខួប​២១ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា ​សហជីពនិងបក្សនយោបាយ​​បន្ត​ទាមទារ​រដ្ឋាភិបាល​ស្វែងរក​ឃាតករ​ពិត​

CJs khmer ដោយ CJs khmer
January 23, 2025
ក្នុង សង្គម
0
ខួប​២១ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា ​សហជីពនិងបក្សនយោបាយ​​បន្ត​ទាមទារ​រដ្ឋាភិបាល​ស្វែងរក​ឃាតករ​ពិត​

សហជីព សង្គមស៊ីវិល និងអ្នកនយោបាយ អំពាវនាវឱ្យមានយុត្តិធម៌ចំពោះការស្លាប់របស់លោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ (រូបភាព៖ នឿន ដាវីន)

0
ចែករំលែក
51
ចំនួនមើល

សាច់ញាតិ​ ​សហជីព គណបក្សនយោបាយ​ និង​សង្គមស៊ីវិល ​បន្ត​​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌​ដោយ​​វែក​​មុខ​ឃាតករ​ពិត ​និង​អ្នក​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​​លើមេដឹកនាំសហជីព ​លោក​ ជា វិជ្ជា ខណៈ​ករណី​​​ឃាត​កម្ម​​នេះ​​​បានកើតឡើង​ជាង ២០ឆ្នាំហើយ។​

ការទាមទារនេះ ធ្វើឡើងនៅក្នុងពិធីរំលឹកខួបរំលឹកមរណភាពលោក​ ជា វិជ្ជា អតីតប្រធាន​សហ​ព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា​(​F​T​U​W​KC)​ គម្រប់ ២១ឆ្នាំ នៅមុខស្តូប​របស់​លោក នៅ​សួន​ច្បារ​មុខវត្តលង្កា​ រាជ​​ធានី​ភ្នំពេញ។

ប្រធាន​គណបក្សកម្លាំងជាតិ និងជាប្អូនប្រុសបង្កើត​​របស់លោក ជា វិជ្ជា គឺលោក ជា មុនី បានលើកឡើង​ថា កាលពី​ឆ្នាំ​២០១៥ រដ្ឋាភិបាល​បានបង្កើតគណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​ស៊ើបអង្កេតពិសេស​លើ​ករណី​បណ្តឹង​លេខ​២៣១៨​ ស្តីពី ​ឃាត​កម្ម​លើ​មេដឹក​នាំ​សហជីព​ គឺលោក​ជា វិជ្ជា​ លោក​ហ៊ី វុទ្ធី ​និង​​លោករស់ សុវណ្ណា​រ៉េត ប៉ុន្តែ​មក​ដល់​ពេល​នេះ មន្ត្រីជំនាញនៅមិនទាន់​បង្ហាញពីលទ្ធផល​ស៊ើបអង្កេត និងកំណត់អត្តសញ្ញាណឃាតករពិតក្នុង​សំណុំរឿងនេះនៅឡើយ។

លោកបន្តថា ក្រុម​គ្រួសារ​ជនរងគ្រោះ ​បាន​តស៊ូ​មតិ​​ទាមទារ​យុត្តិធម៌​អស់​រយៈពេល​​ជាង​​២​ទសវត្សរ៍​​មក​​ហើយ ហើយក៏​នៅតែអំពាវនាវ​​​ដល់សមត្ថកិច្ច​ឱ្យ​ស៊ើបអង្កេត និង​​​កំណត់​អត្តសញ្ញាណ​​អ្នក​ទទួលខុសត្រូវចំពោះ​ករណី​ឃាត​កម្ម​ទាំងនេះ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងគ្រួសារ។

លោកជា មុនី បានបន្ថែម​​​ថា៖ «មេដឹកនាំសហជីពដែលជាអ្នកការពារសិទ្ធិពលករនេះ យើងបានបញ្ជូនទៅអង្គការពលកម្មអន្តរ​ជាតិ ដើម្បីជួយជំរុញឱ្យរដ្ឋាភិបាលវែកមុខជនដៃដល់ ហើយ​ខ្ញុំដឹងអំពីបញ្ហាជនដៃដល់ ជនគោលដៅ និងអ្នកនៅពីក្រោយ​​ខ្នង​​ច្បាស់​​លាស់ ប៉ុន្តែយើងទុកសិទ្ធិ​ឱ្យសមត្ថកិច្ចដែលលោកមានភារៈកិច្ចក្នុងការស្វែងរកយុត្តិធម៌»។

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានបង្ហាញការ​សោកស្តាយដែលរយៈពេល ២១​ឆ្នាំហើយ ប៉ុន្តែ​ពន្លឺយុត្តិ​ធម៌​​សម្រាប់ លោក ជា វិជ្ជា នៅមិនទាន់មាននៅឡើយ។ ករណីនេះ លោក​នៅតែបន្តអំពាវ​នាវ​ដល់រដ្ឋាភិបាល និង​អាជ្ញាធរ​មានសមត្ថកិច្ច​ ត្រូវ​ស៊ើបអង្កេត​ស្វែងរកឃាតករ​ពិតយកមកផ្តន្ទាទោស​ទៅតាមច្បាប់ ដើម្បីកុំឱ្យ​មាន​វប្បធម៌​និទណ្ឌភាពនៅកម្ពុជា និង​ករណី​បាញ់សម្លាប់ និង​អំពើហិង្សាផ្សេងៗទៅលើ​សកម្មជន សហជីព និង​​អ្នកនយោ​បាយ​។

លោក រ៉ុង ឈុន ថ្លែង​ថា៖ «ទោះបី២១ឆ្នាំហើយក្តី យើងនៅតែប្រកាន់ជំហរ ស្រែកទាមទារកយុត្តិធម៌ជូនលោកជា វិជ្ជា ក៏ ព្រោះយើងមិនចង់ឃើញកម្ពុជាយើង មានអ្នកល្បីៗឈ្មោះត្រូវបានគេសម្លាប់ដូចអ្នកវិភាគលោកបណ្ឌិត កែម ឡី អ្នក​បរិ​ស្ថាន លោក​ឈុត វុទ្ធី អ្នកចម្រៀងសិល្បករ​ជាដើម និងថ្មីៗនេះមានឃាតកម្មទៅលើអ្នកនយោបាយ​ខ្មែរ​នៅលើទឹកដីសៀម»។

លោកបន្ថែមថា៖ «យើងនៅតែផ្ញើ​ក្តីសង្ឃឹម ថ្ងៃនេះ ឆ្នាំនេះ វែក​មុខ​រក​ឃាតករ​មិន​ឃើញ ឆ្នាំក្រោយៗ​បន្ត​ទៀត យើង​នឹងចូល​រួម​ជំរុញ​ធ្វើ​ម៉េច ត្រូវ​តែ​រក​ឃាតករ និង​អ្នក​ពាក់​ព័ន្ធ​ជុំវិញ​ករណីនេះមកផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់[…]​ប្រទេស​មួយប្រកាន់​របប​ប្រជាធិប​តេយ្យ យើងមិនត្រូវទុកឱ្យបន្តនិទណ្ឌ​ភាព មាន​នៅសង្គមកម្ពុជាបន្តទៀតទេ»។

រីឯប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ដែលបានចូលរួមពិធីរំលឹកខួប​លោក ជា វិជ្ជា ដែរនោះ ក៏បាន​​​ស្នើ​ឱ្យ​អ្នកបន្តវេននៃគណបក្សកាន់អំណាច គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្តស្វែងរកនូវអ្វីដែល​ជាយុត្តិ​ធម៌ និង​​វែក​មុខឃាតករដែល​បាញ់​​សម្លាប់ លោក ជា វិជ្ជា​ ផង​ដែរ។

​លោក អាត់ ធន់ ជាអនុប្រធានសម្ព័ន្ធសហភាពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(CCAWDU) យល់​ថា សមត្ថ​កិច្ច​អាច​រក​ឃាតករ​ពិត​ប្រាកដ​យកមកកាត់ទោស​បាន បើមានឆន្ទៈក្នុងការ​ស្វែងរក ទោះ​បី​ករណីនេះ​កើត​ឡើង​​​​យូរ​ឆ្នាំ​​​ក៏​ដោយ ព្រោះលោក ជា វិជ្ជា គឺជា​អ្នកដែ​ល​ចាប់​ផ្តើម​ឱ្យ​មានចលនាសហជីព រៀបចំ​ឱ្យមានប្រាក់ឈ្នួលត្រឹមត្រូវ និង​មានកិច្ចសន្យាការងារជាដើម ហើយ​ដោយសារតែការចាប់ផ្តើម​របស់លោក ជា វិជ្ជា ពេលនោះ ទើបធ្វើឱ្យវិស័យការងារ​មាន​ការ​ផ្លាស់​ប្តូរជាវិជ្ជមានជា​ច្រើន​សម្រាប់កម្មករ។

លោកបន្ថែមថា៖ «បើយើងមើលអំពីប្រវត្តិនៃការស្រាវជ្រាវ តាំងពីឃាតករមិនទាន់រកឃើញ គេអាចរកឃើញឃាតករមួយចំនួនបាន ហើយឃាតករមិនពិត គេស្វែងរកពិតបន្តទៀត ហើយបីនាក់លោក ហ៊ី វុទ្ធី លោករស់ សុវណ្ណារ៉េត និង​លោក ជា វិជ្ជា ​គឺ​មាន​ម្នាក់ដែលគេអាចចាប់ជនល្មើស​មក​ដាក់​គុក​ និង​មាន​សំណង ប៉ុន្តែពីរនាក់ទៀតគឺមិនរកឃើញ អញ្ចឹង​ខ្ញុំគិត​ថា រដ្ឋាភិ​បាល នឹងបន្តរកឃាតករឱ្យឃើញ ដើម្បីឱ្យជនរងគ្រោះក៏ដូចជាឪពុកម្តាយ ឬសាច់ញាតិអាចទទួលបានយុត្តិធម៌ផងដែរ»។

លោកសុំណូមពរឱ្យរដ្ឋាភិបាល រកយុត្តិធម៌សម្រាប់លោក ជា វិជ្ជា ហើយ​បន្ត​រៀបចំ​ប្រព័ន្ធ​ការ​ងារ​ក្នុង​ប្រទេស​កម្ពុជាឱ្យ​មាន​តម្លាភាព និងដោះស្រាយសិទ្ធិសហជីព សិទ្ធិកម្មករ និងសិទ្ធិសង្គមផ្សេងៗឱ្យមានភាពល្អប្រសើរ។

ជាមួយគ្នានេះដែរ អ្នកស្រី រឿន កូលាប ជាអតីតប្រធានសហព័ន្ធសហជីពសេរីកម្មករ ក៏នៅតែសង្ឃឹមថា សមត្ថកិច្ច​​​ជំនាញ​​នឹង​​អាច​រកយុត្តិ​ធម៌ជូន​សព លោក ជា វិជ្ជា បាន​នៅ​ពេល​ណាមួយ។

អ្នកស្រី​​ថា៖ «ខ្ញុំមកគោរពវិញ្ញាណក្ខនគាត់[លោក ជា វិជ្ជា]​ដោយសារខ្ញុំដឹងគុណគាត់ ដោយសារគាត់​ខំប្រឹងជួយកម្មករលះ​បង់​ជីវិត​ដើម្បី​ជួយ​កម្មករ​ទាំងអស់[…] ចង់ឱ្យ​ថា អ្នកណាដែល​សម្លាប់គាត់[លោកជា វិជ្ជា]ហ្នឹង សូមឱ្យគាត់ចេញមុខបកស្រាយ​ឱ្យខាងប៉ូលីស ឬក៏មន្រី្តជំនាញហ្នឹងឱ្យគាត់ស្វែងរកយុត្តិធម៌​ឱ្យគាត់ផង ដើម្បីឱ្យក្រុមគ្រួសារគាត់បានស្ងប់»។

មន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខ​សាន្ត មាន​ប្រសាសន៍​ថា លោកហាក់អស់សង្ឃឹមចំពោះការ​ស្រាវជ្រាវស្វែងរកឃាតករពិតដែលសម្លាប់ លោក ជា វិជ្ជា​ ពីសំណាក់សម្ថកិច្ចជំនាញ ខណៈឃាតកម្មនេះបានកើតឡើង​រយៈពេល ២១ឆ្នាំមកហើយ។

លោកបន្ត​ថា៖ «មិនមែនតែ លោក ជា វិជ្ជា ទេ​ខ្ញុំក៏ធ្លាប់ទទួលរង​នូវអយុត្តិធម៌ដែរ ខ្ញុំគ្មានសង្ឃឹម​លើ​រដ្ឋាភិបាលទេ តិចតួចណាស់ដែល​ខ្ញុំ​សង្ឃឹម ប៉ុន្តែអ្វីដែលយើងមើល​ទៅ គឺអ្វីដែលលោក​[រដ្ឋាភិបាល]បារម្មណ៍ លោក​មាន​ឆន្ទៈ​លោក​ធ្វើ​យូរណាស់​មកហើយ មិន​ពន្យាពេលរហូតដល់២១ឆ្នាំទេ»។

តែយ៉ាងណា លោកថា៖ «ខ្ញុំចង់ឃើញយុត្តិធម៌​ពិត​ យុត្តិធម៌ត្រឹមត្រូវ បើទោះបីជាវាយូរមកដល់២១ឆ្នាំ ក៏វាមិនទាន់ហួសពេលចំពោះបទ​ឧក្រិដ្ឋនៃការបាញ់សម្លាប់មនុស្សដូចសត្វធាតុ វាអត់មានអាយុកាលកំណត់ថា ត្រូវតែឈប់ស្រាវជ្រាវស៊ើបអង្កេត ឬក៏ស្វែង​រកការចាប់​ឧក្រិដ្ឋជនមកកាត់ទោស​ នៅលើប្រព័ន្ធតុលាការមួយឯករាជ្យ ដើម្បីឱ្យមាន​យុត្តិធម៌សម្រាប់ក្រុមគ្រួសាររបស់គាត់»។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បាន​បដិសេធការអធិប្បាយជុំវិញករណីនេះ ដោយ​បង្វែរសំណួរឱ្យសួរទៅកាន់​ក្រសួង​យុត្តិធម៌ ឬសមត្ថកិច្ច​វិញ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងលោក សេង ឌីណា ពុំបានឆ្លើយតបនឹងការហៅទូរសព្ទ​ទេ ហើយ​លោក​ក៏មិនបានឆ្លើយតបនឹង​សារតាមតេឡេក្រាមដែរ ជុំវិញ​ការវិវឌ្ឍ​នៃការស៊ើបអង្កេត​ក្នុង​ករណី​នេះ។

លោក ​ជា វិជ្ជា ​ដែលជាមេដឹកនាំសហជីពដ៏ល្បីមួយរូប​ ​ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​ចំ​សៀត​ផ្កា និងដើមទ្រូង ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​ នា​ព្រឹក​ថ្ងៃទី​២២ ខែ​មករា​ ឆ្នាំ​២០០៤ ​ខណៈ​លោក​កំពុង​ឈរ​នៅ​ក្នុង​តូប​កាសែត​មួយ ​ខាងលិច​​វត្ត​​លង្កា​ ទីក្រុង​ភ្នំពេញ។ ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា​ កើត​មាន​ឡើង​ បន្ទាប់​ពី​លោក​បាន​ទទួល​រង​ការ​ព្រមាន​សម្លាប់ ​និង​ការ​គំរាម​កំហែង​ពី​ជន​មិន​ស្គាល់​មុខ​ជា​បន្ត​បន្ទាប់ ​ចំពោះ​សកម្មភាព​សហជីព​ដ៏​សកម្ម​របស់​លោក ​ដើម្បី​ទាម​ទារ​អត្ថប្រយោជន៍ដល់​កម្មករ​រួមមាន​ទាំង​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ផង​ដែរ​នោះ។

ក្រោយឃាតកម្មលោក ជា វិជ្ជា សមត្ថកិច្ចបានចាប់ជនសង្ស័យពីររូប ឈ្មោះ ប៊ន សំណាង និង សុក សំអឿន យកទៅកាត់ទោសជាប់ពន្ធនាគារ២០ឆ្នាំ តែត្រូវបានតុលាការកំពូលដោះលែងវិញកាលពីឆ្នាំ២០១៣ ក្រោយពីបានចំណាយពេលអស់ ២០៧២ថ្ងៃក្នុងពន្ធនាគារ។

៥ខែបន្ទាប់ពីការបាញ់សម្លាប់លោក ជា វិជ្ជា សមាជិកម្នាក់ទៀតនៃគណៈកម្មាធិការសហជីពសេរីកម្មករ គឺលោក រស់ សុវណ្ណារ៉េត ក៏ត្រូវបានគេបាញ់សម្លាប់ ហើយនៅ​ឆ្នាំ២០០៧ អតីតមេដឹកនាំសហជីព លោក ហ៊ី វុទ្ធី ត្រូវបានបាញ់សម្លាប់ទៀត៕

…………………………………..

អត្ថបទដោយ៖ នឿន ដាវីន

អត្ថបទមុន

បក្ស​ប្រឆាំង​ខ្លះ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ស្វែង​រក​យុត្តិធម៌​ពិត​ករណី​លោក​ ​ជា​ វិជ្ជា​

អត្ថបទបន្ទាប់

សង្គមស៊ីវិលចង់ឃើញការ​កែសម្រួល​​នីតិវិធី​ជ្រើស​រើស​​មេភូមិ និង​សមាជិក​ភូមិ ធ្វើ​ដោយ​តម្លា​ភាព

អត្ថបទបន្ទាប់
សង្គមស៊ីវិលចង់ឃើញការ​កែសម្រួល​​នីតិវិធី​ជ្រើស​រើស​​មេភូមិ និង​សមាជិក​ភូមិ ធ្វើ​ដោយ​តម្លា​ភាព

សង្គមស៊ីវិលចង់ឃើញការ​កែសម្រួល​​នីតិវិធី​ជ្រើស​រើស​​មេភូមិ និង​សមាជិក​ភូមិ ធ្វើ​ដោយ​តម្លា​ភាព

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង