អង្គការធ្វើការផ្នែកលើកកម្ពស់សិទ្ធិមនុស្សនិងអ្នកតាមដានបញ្ហាសង្គមលើកឡើងថា យុវជនមានការស្ទាក់ស្ទើរមិនហ៊ានចូលប្រឡូកយ៉ាងសកម្មក្នុងបញ្ហាសង្គមនោះទេ ដោយសារមូលហេតុស្ថានភាពនយោបាយមិនអំណោយផល និងកម្រិតសមត្ថភាពរបស់ពួកគេ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានរៀបចំកម្មវិធីបោះជំរំយុវជនមួយមានរយៈពេល៣ថ្ងៃ នៅខេត្តកំពង់ចាម ចាប់ពីថ្ងៃទី ២៩ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «សិទ្ធិសេរីភាពខាងការបញ្ចេញមតិ» ដោយមានយុវជនចូលរួម ៣៨អង្គ/នាក់។ កម្មវិធីជំរំយុវជននេះក៏ផ្ដោតសំខាន់លើប្រធានបទមួយចំនួនដូចជា យុវជននិងភាពជាអ្នកដឹកនាំ សិទ្ធិសេរីភាពខាងការបញ្ចេញមតិ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សិទ្ធិទទួលបានព័ត៌មាន សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា និងការចូលរួមរបស់យុវជនក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ។
ថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅក្រោយកម្មវិធីនេះ លោក ហួន ផន អ្នកសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា ស្ថានភាពគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបច្ចុប្បន្ន បានបង្កនូវលក្ខខណ្ឌមិនអំណោយផលដល់ការចូលរួមរបស់យុវជន ស្របពេលមានការយាយីដល់អង្គការសង្គមស៊ីវិល ការចាប់ខ្លួនសកម្មជន អ្នកតវ៉ាបញ្ហាដីធ្លី អ្នកទាមទារសិទ្ធិការងារ និងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។
លោកបន្ដថា កម្មវិធីនេះគឺជាផ្នែកមួយនៃការងារសង្គមជួយជំរុញឱ្យយុវជនមានភាពរឹងមាំផ្នែកបញ្ញាស្មារតី និងហ៊ានចូលរួមលើកកម្ពស់សិទ្ធិសេរីភាពខាងការបញ្ចេញមតិ និងចូលរួមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យកាន់តែល្អប្រសើរថែមទៀត។
លោកបន្ដថា៖ «ស្ថានភាពបច្ចុប្បន្ននេះ លំហសេរីភាពខាងការបញ្ចេញមតិ លំហសេរីភាពនយោបាយក្នុងសង្គមយើងហាក់ដូចជាដើរថយក្រោយ ហើយមានភាពរឹតត្បឹតច្រើន។ យើងឃើញថា អ្នកធ្វើការងារសង្គមក៏មានបញ្ហាប្រឈមច្រើន ទាំងការប្រឈមនឹងជាប់បណ្ដឹងតុលាការ។ យើងអាចនិយាយយ៉ាងខ្លីថា ការយាយីខាងផ្នែកផ្លូវច្បាប់និងការគំរាមកំហែងរូបភាពផ្សេងៗទៀត ទាំងអស់នោះជារូបភាពដែលមិនល្អ ដែលវាបង្អាក់នៅស្មារតីយុវជនក្នុងការចូលរួមជួយសង្គម»។
លោក ហួន ផល បន្ដថា យុវជនត្រូវស្វែងយល់បន្ថែមអំពីទម្រង់ទាំងអស់នោះ ពិសេសទាក់ទងនឹងសិទ្ធិសេរីភាពបញ្ចេញមតិ និងតួនាទីរបស់យុវជនក្នុងការចូលរួមដំណើរការលទ្ធិប្រជាធិបតេយ្យ និងត្រូវពង្រឹងសមត្ថភាពនិងស្មារតី ក្នុងការរួមចំណែកដោះស្រាយបញ្ហា។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានដែរថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនទាន់មានភាពចាស់ទុំនិងអនុវត្តឱ្យបានពេញលេញនោះទេ ដោយលោកថា អ្នកនយោបាយខ្មែរគឺស្ទើរតែលែងនិយាយរកគ្នា និងបង្កើតនូវវប្បធម៌ហែកហួរនិងតាមសងសឹកគ្នាទៅវិញទៅមក។
យ៉ាងណាមិញ លោកថា យុវជនត្រូវចេះតាមដាននិងថ្លឹងថ្លែងបញ្ហានយោបាយក្នុងប្រទេសរបស់ខ្លួន និងត្រូវចូលរួមមតិកែលំអ ដើម្បីឈានទៅរកការបង្រួបបង្រួមជាតិនិងឯកភាពជាតិពិតប្រាកដ។
លោកបន្ដថា៖ «ខ្ញុំមិនចង់និយាយថាជាចេតនារបស់អ្នកនយោបាយទេ ប៉ុន្តែជាលំនាំនៃការដឹកនាំដំណើរការប្រជាធិបតេយ្យរបស់យើង។ គឺដល់ដំណាក់កាលមួយដែលគូភាគីអ្នកនយោបាយមានតែការយកប្រៀបគ្នាតាមបែបសងសឹកគ្នា។ យុវជនខ្មែរគួរតែរៀនសូត្រអំពីបទពិសោធន៍ហ្នឹង ហើយធ្វើការកែតម្រូវថាតើ បើសិនជាខ្លួនឯងចូលទៅធ្វើនយោបាយឬគិតគូរអំពីបញ្ហានយោបាយ។ តើយើងចង់ឃើញជាតិយើងបែកបាក់ដូចសព្វថ្ងៃឬត្រូវតែនាំគ្នាធ្វើការយ៉ាងណាប្រើឥទ្ធិពលរបស់យើងទៅដល់អ្នកដឹកនាំនយោបាយជាន់ខ្ពស់ឱ្យធ្វើការឈានទៅរកការបង្រួបបង្រួមជាតិនិងឯកភាពជាតិ»។
យុវតីម្នាក់មកពីខេត្តកំពង់ធំដែលចូលរួមកម្មវិធីបោះជំរំយុវជន កញ្ញា ម៉ុន សុធារី សង្កេតឃើញថា យុវជនមួយចំនួនពិតជាមានការរារែងក្នុងការចូលរួមរិះគន់បញ្ហាសង្គម ដោយសារបរិបទនយោបាយនៅកម្ពុជាមានភាពតូចចង្អៀត និងរឹតត្បឹតលំហសិទ្ធិសេរីភាពរបស់ពលរដ្ឋ ពិសេសអ្នកដែលមានសំឡេងផ្ទុយពីរដ្ឋាភិបាល។
ប៉ុន្ដែ បញ្ហាដែលកញ្ញាព្រួយបារម្ភជាងនេះ គឺភាពអសកម្មនិងភាពភ័យខ្លាចដែលកើតមានក្នុងអារម្មណ៍របស់ពលរដ្ឋ ដែលធ្វើឱ្យពួកគេមិនស្វែងយល់ពីសិទ្ធិនិងតួនាទីរបស់ខ្លួន ដែលអាចនាំឱ្យកម្ពុជាធ្លាក់ក្នុងភាពអន្តរាយបន្ថែមទៀត។
យុវតី ម៉ុន សុធារី បន្ដថា៖ «នេះជាផ្នែកមួយដែលនាងខ្ញុំអាចធ្វើបាន ដើម្បីចូលរួមចំណែកលើកកម្ពស់សិទ្ធិរបស់យុវជនក៏ដូចជាសិទ្ធិមនុស្ស ក្នុងគោលបំណងលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យប្រកបដោយតម្លាភាព។ អ្វីដែលនាងខ្ញុំបារម្ភ គឺខ្លាចយុវជននិងប្រជាពលរដ្ឋមិនបានស្វែងយល់អំពីសិទ្ធិរបស់ខ្លួនក្នុងការបំពេញតួនាទីជាប្រជាពលរដ្ឋ និងយុវជនបានត្រឹមត្រូវ ដែលជាផ្លូវនាំឱ្យប្រទេសកម្ពុជាធ្លាក់ក្នុងភាពអន្តរាយ»។
របាយការណ៍ស្ទង់មតិមួយរបស់អង្គការតម្លាភាពកម្ពុជាស្ដីពី «ការស្ទង់មតិយុវជនស្ដីពីគោលនយោបាយ» ដែលបានចេញផ្សាយនៅខែតុលា ឆ្នាំ២០២២ រកឃើញថា យុវជនកម្ពុជាភាគច្រើនមិនសូវខ្វាយខ្វល់រឿងនយោបាយក្នុងប្រទេសនោះទេ ដោយសារតែព្រួយបារម្ភពីសុវត្ថិភាព និងចាត់ទុកនយោបាយគឺជារឿង «គ្រោះថ្នាក់»។
ការរកឃើញរបស់អង្គការតម្លាភាព គឺផ្អែកទៅការស្ទង់មតិដោយផ្ទាល់ជាមួយយុវជនចំនួន ១ ៦០០នាក់ អាយុចន្លោះពី១៥ឆ្នាំ ទៅ៣០ឆ្នាំ នៅភូមិចំនួន២០០ នៅទូទាំងប្រទេស ចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២១។
បើតាមរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជា ៨២ភាគរយ ក្នុងចំណោមយុវជន១ ៦០០នាក់ និយាយថា ពួកគេមិនចាប់អារម្មណ៍ទាល់តែសោះ ឬចាប់អារម្មណ៍បន្តិចបន្តួចលើកិច្ចការនយោបាយ។ ចំណែកប្រមាណ ១៧ភាគរយទៀត និយាយថា ពួកគេចាប់អារម្មណ៍ ឬចាប់អារម្មណ៍ខ្លាំងលើកិច្ចការនយោបាយ ហើយភាគច្រើនជាបុរសមានការអប់រំខ្ពស់ រស់នៅទីប្រជុំជន និងមានចំណូលក្នុងគ្រួសារខ្ពស់។
មូលហេតុចម្បងដែលយុវជនមិនចាប់អារម្មណ៍លើនយោបាយ គឺយុវជន ៦៦ភាគរយ បានលើកឡើងពីមូលហេតុកង្វះចំណេះដឹងផ្នែកនយោបាយ ខណៈពួកគេនៅក្មេងពេក និងខ្លះទៀតគិតថា នយោបាយជារឿងគ្រោះថ្នាក់។
ស្ថានការណ៍នយោបាយនៅកម្ពុជាក៏ត្រូវបានសហគមន៍និងរបាយការណ៍អន្ដរជាតិវាយតម្លៃថា រដ្ឋាភិបាលបច្ចុប្បន្នបានដើរបញ្ច្រាសពីមាគ៌ាប្រជាធិបតេយ្យ និងដឹកនាំតាមប្រព័ន្ធឯកបក្ស ឬផ្ដាច់ការ ក្រោយពីតុលាការបានសម្រេចរំលាយអតីតគណបក្សប្រឆាំង ការយាយីនិងធ្វើទុក្ខបុកម្នេញលើសំឡេងរិះគន់ ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការចាប់អ្នកតវ៉ាសិទ្ធិដីធ្លី និងសិទ្ធិការងារដាក់ពន្ធនាគារជាដើម។
ប៉ុន្ដែរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានច្រានចោលក្ដីកង្វល់នានារបស់សហគមន៍អន្ដរជាតិ ដោយចាត់ទុកកង្វល់ទាំងនោះថា ជាការប៉ុនប៉ងជ្រៀតជ្រែកឯករាជ្យភាពរបស់កម្ពុជា និងបកស្រាយថា វិធានការលើអង្គការសង្គមស៊ីវិល សារព័ត៌មានឯករាជ្យ និងអតីតបក្សប្រឆាំង កាលពីពេលកន្លងមក គឺជាការអនុវត្តច្បាប់៕
———————-
ពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន