សហព័ន្ធសហជីពកម្ពុជា ហៅកាត់ថា(CATU)បានធ្វើការថ្កោលទោសចំពោះលោក ព្រំ កុសល(ហៅតយ)ដែលជាប្រធានសហជីពមួយផ្សេងទៀត និងបក្ខពួក ដែលបានប្រើអំពើហិង្សាមកលើមន្ត្រីសហព័ន្ធសហជីពកម្ពុជា(CATU )និងអំពាវនាវឱ្យអាជ្ញាធរចាត់វិធានការទៅតាមផ្លូវច្បាប់។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សហព័ន្ធសហជីពកម្ពុជា ហៅកាត់ថា(CATU)បានធ្វើការថ្កោលទោសចំពោះលោក ព្រំ កុសល(ហៅតយ) ដែលគេដឹងថា ជាប្រធានសហព័ន្ធសហជីពខ្មែរដើម្បីកម្មករ និងបក្ខពួក ដែលបានប្រើអំពើហិង្សាមកលើមន្ត្រីសហព័ន្ធសហជីពកម្ពុជា និងថ្នាក់ដឹកនាំសហជីពមូលដ្ឋានចំនួន៤នាក់ ព្រមទាំងបំផ្លាញឯកសារបញ្ជីកាសហជីពកម្ពុជានៃក្រុមហ៊ុន ស៊ីក្លូ(ខេមបូឌា)ឯ.ក ។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះសរសេរថា កាលពីវេលាម៉ោង១១. ៣០នាទីថ្ងៃត្រង់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក កុសល និងបក្ខពួក បានវាយមន្ត្រីចងក្រងឈ្មោះកញ្ញា ផល ចាន់ថា មួយដៃចំថ្ពាល់ខាងស្តាំ និងវាយប្រធាន សហជីពមូលដ្ឋានលោក គឹម ស៊ីនមករា ចំដើមទ្រូង។
សហព័ន្ធសហជីពកម្ពុជា បានសង្កេតឃើញថា ជនឈ្មោះ ព្រំ កុសល និងបក្ខពួក បាន ប្រព្រឹត្តទង្វើរំលោភបំពានច្បាប់យ៉ាងកម្រោល ជាពិសេសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាច្បាប់ កំពូល ដែលបានធានាការពារសិទ្ធិសេរីភាព និងសិទ្ធិចូលរួមយ៉ាងសកម្មក្នុង ការបង្កើត អង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត ។
លិខិតលើកឡើងថា៖ « សហព័ន្ធសហជីពកម្ពុជា សូមស្នើសុំទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងការងារ និងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការទៅលើជនបង្កឈ្មោះ ព្រំ កុសល និងបក្ខពួក ទៅតាម ផ្លូវច្បាប់ជាក់ជាមិនខានឡើយ »។
កញ្ញា ផល ចាន់ថា មន្រ្ដីចងក្រងនៃសហព័ន្ធសហជីពកម្ពុជា និងជាជនរងគ្រោះដោយសារការប្រើអំពើហិង្សាបានប្រាប់ថា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ កញ្ញាបានចុះទៅរៀបចំបោះឆ្នោត និងចងក្រងបណ្ដាញសហជីពនៅក្នុងរោងចក្រ ស៊ីក្លូ(ខេមបូឌា)ឯ.ក ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។
កញ្ញា ផល ចាន់ថា បន្តថា ការរៀបចំការបោះឆ្នោតនោះធ្វើឡើងនៅក្នុងហាងមីហិរមួយកន្លែងស្ថិតនៅភូមិបុរីកម្មករ ពេលនោះបុគ្គលឈ្មោះ ព្រំ កុសល និងបក្ខពួកម្នាក់ទៀតបានចូលមកស្រែកខ្លាំងៗ ហើយប្រើអំពើហិង្សា និងបំផ្លាញឯកសារបញ្ជីការសហជីពកម្ពុជា នៃក្រុមហ៊ុន ស៊ីក្លូ ។
កញ្ញាលើកឡើងថា៖ « គាត់វ៉ៃដណ្ដើមឯកសារខ្ញុំ។ ខ្ញុំអត់ឱ្យគាត់ក៏បានក្រវាសត្រូវខ្ញុំមួយដៃត្រូវថ្ពាល់ខាងស្ដាំត្រូវខ្លាំង។បន្ទាប់មកទៀតខ្ញុំហុចឯកសារឱ្យទៅក្រុមការងារម្នាក់ទៀត គាត់ក៏ស្ទុះទៅវ៉ៃក្រុមការងារម្នាក់ទៀតដើម្បីយកឯកសារមកហែកចោល។ត្រូវគាត់មួយដៃចំទ្រូងរាងចុកដែរ » ។
កញ្ញា ផល ចាន់ថា និយាយថាលោក ព្រំ កុសល បានប្រើពាក្យគំរាមថាផ្ទះដែលកញ្ញារស់នៅរាល់ថ្ងៃលោកបានស្គាល់ទាំងអស់ ហើយប្រាប់ឱ្យកញ្ញាប្រយ័ត្នខ្លួន។ នៅថ្ងៃដដែលកញ្ញាបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលច្បារមន ប៉ុន្តែបុគ្គលឈ្មោះ ព្រំ កុសល់ និងបក្ខបានទៅស្រែកឡូឡានៅក្នុងប៉ុស្ដិ៍ប៉ូលិសទៀតធ្វើឱ្យកញ្ញាមានអារម្មណថាគ្មានសុវត្ថិភាពសម្រាប់ខ្លួន ។
កញ្ញាបន្ថែមថា៖ « ប្រើអំពើហិង្សាមករំលោភបំពានទាំងច្បាប់បំពានទាំងសិទ្ធិមនុស្សជាពិសេសពួកខ្ញុំជាស្រ្ដីខ្ញុំគិតថាអំពើនេះឃោឃៅណាស់ខ្ញុំអត់ទទួលយកបានទេព្រោះវាគំរាមកំហែងប៉ះពាល់ស្មារតីពួកខ្ញុំ » ។
មន្រ្ដីចងក្រងបណ្ដាញសហជីពរូបនេះអំពាវនាវឱ្យរដ្ឋាភិបានក្រសួងពាក់ព័ន្ធទាំងអស់ និងអាជ្ញាធរចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរឹងបំផុតទៅលើបុគ្គលដែលបានប្រើអំពើហិង្សាមកលើកញ្ញានិងក្រុមការងារ។ រាល់ថ្ងៃកញ្ញាមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួននៅពេលធ្វើដំណើរទៅធ្វើការម្ដងៗ។
កញ្ញានិយាយថា៖ « នៅពេលដែលយើងមានអ្នកគំរាមកំហែងចឹងខ្ញុំបារម្ភ។ ពេលខ្ញុំទៅធ្វើការនៅខេត្ដភាគច្រើនខ្ញុំជិះម៉ូតូម្នាក់ឯងខ្ញុំបារម្ភពីសុវត្ថិភាពខ្លាចគេធ្វើបាបតាមផ្លូវ ធាក់ម៉ូតូដួលចូលឡាន តែបើតតាំងគ្នាចំពោះមុខច្បាប់ខ្ញុំអត់ខ្លាចទេ » ។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបបញ្ហានេះពីប្រធានសហព័ន្ធសហជីពខ្មែរដើម្បីកម្មករ លោក ព្រំ កុសល បានទេនៅថ្ងៃពុធ ដោយទូរសព្ទចូលតែគ្មានអ្នកទទួល។
បើយោងតាមវីដេអូចំនួន២១វិនាទីដែលបង្ហោះនៅលើផេករបស់សហព័ន្ធសហជីពគេបានឃើញថាលោក ព្រំ កុសល បានប្រើកាយវិការ និងពាក្យសម្ដីមិនសមរម្យ នៅក្នុងនោះមានដូចជា ចាប់យកក្រដាស់អ្វីម្យ៉ាងយកមកហែកចោល ទំនង់ជាឯកសាររបស់សហព័ន្ធសហជីពកម្ពុជា។
លោកនិយាយថា៖ « ឯកសារមក។ មកញ៉េញ៉ៃកន្លែងគេធ្វើអី ចុយម៉ាយឡូវ ចេញឱ្យឆ្ងាយ សហជីពស្អីគេមកញ៉េញ៉ៃ »។
មេប៉ុស្ដិ៍នគរបាលរដ្ឋបាលច្បារមនលោក ឈាង សុធា ប្រាប់ថា ករណីនេះលោកបានបញ្ចូនសំណុំរឿងទៅឱ្យអធិការដ្ឋាននគរបាលក្រុងច្បារមនរួចហើយ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។
លោកលើកឡើងថា៖ « ខ្ញុំបានបបញ្ជូនទៅក្រុងហើយកាលពីល្ងាចថ្ងៃទី៨ អត់សម្របសម្រួលបានដោយសារគាត់អ្នកប្ដឹងសុំឱ្យចាត់ការតាមនីតិវិធី។ចឹងខ្ញុំបញ្ជូនទៅក្រុង ក្រុងមានចំណាត់ការយ៉ាងមិចបញ្ជូនបន្តទៀតទៅ » ។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ថ្លែងថា អ្នកស្រីពិតជាមានការសោកស្ដាយណាស់ចំពោះលោក ព្រំ កុសល ដែលជាប្រធានសហព័ន្ធសហជីពខ្មែរដើម្បីកម្មករមួយរូបដែរ តែបែជាមកប្រើអំពើហិង្សាវ៉ៃមកលើក្រុមការងាររបស់អ្នកស្រីដែលជាមនុស្សស្រីហើយធ្វើការសហជីពដូចគ្នា ។
ប្រធានសហព័ន្ធសហជីពរូបនេះបានអះអាងថា ទង្វើរបស់លោក ព្រំ កុសល ដែលបានព្រឹត្តិអំពើហិង្សាបែបចំនួន២ដង់រួចទៅហើយ លើកទី១លោក ព្រំ កុសល បានធ្វើការគំរាមដោយប្រើពាក្យសម្លាប់ឬចាប់រំលោភទៅលើសមាជិកសហជីពរបស់អ្នកស្រីចំនួន៤នាក់នៅក្នុងរោងចក្រ ស៊ិនស៊ីជី ។
លោកស្រីលើកឡើងថា៖ « ខ្ញុំមើលឃើញថាជនហ្នឹងគាត់ហាក់ដូចគាត់មានអ្នកណានៅពីក្រោយខ្នងគាត់ ដែលអាចបណ្ដោយឱ្យគាត់ព្រឹត្តអំពើ [ហិង្សា ]បែបហ្នឹងទៅដល់កម្មករនិយោជិតដោយមិនញញើតដៃ។ ស្នើសុំឱ្យផ្ដន់ទាទោសលោក ព្រំ កុសល់ និងបក្ខពួករបស់គាត់ទៅតាមផ្លូវច្បាប់ » ។
អ្នកស្រីបន្តថា នៅក្នុងហេតុការណ៍ប្រើអំពើហិង្សានោះធ្វើឱ្យខូចខាតឯកសារសំខាន់ៗមួយចំនួនដែលសម្រាប់ចុះបញ្ជីការ ឯកសារជួនដំណឹងទៅក្នុងក្រុមហ៊ុនស៊ីក្លូ ឈ្មោះនិងរូបថតអ្នកជាប់ឆ្នោត និងឯកសារសម្រាប់ដាក់ទៅក្រសួងការងារដើម្បីសុំបង្កើតសហជីពនៅក្នុងក្រុមហ៊ុនស៊ីក្លូ ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ថាការប្រើប្រាស់អំពើហិង្សាពីសំណាក់លោក ព្រំ កុសល មកលើក្រុមការងាររបស់អ្នកស្រីគឺជាអំពើគិតទុកជាមុនព្រោះលោក ព្រំ កុសល បានដឹងពីទីតាំងក្រុមការងាររបស់អ្នកស្រីបានណាត់គ្នាប្រជុំនិងផ្ដិតមេដៃរបស់ថ្នាក់ដឹកនាំសហជីពរបស់អ្នកស្រី ។
អ្នកស្រីបន្តថា៖ «ចឹងបានន័យថាគាត់ធ្វើការតាមដានហើយនេះជាអំពើដែលគិតទុកជាមុនថាគាត់ត្រូវប្រើហិង្សាមកលើក្រុមការងាររបស់ខ្ញុំ។ ខ្ញុំគិតថាវាជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរបំផុត គាត់មានការប៉ុនប៉ងគិតទុកជាមុននៅក្នុងការធ្វើបានក្រុការងារខ្ញុំ រហូតដល់វ៉ៃដំច្រំធាក់ »។
ច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំពូក ៣ បានចែងអំពីសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ។ មាត្រា៣៦ នៅត្រង់កថាខណ្ឌទី៥បានចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបង្កើតសហជីព និងចូលរួមជាសមាជិកសហជីព ឬអង្គការវិជ្ជាជីវៈ៕
……………………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា