កម្ពុជា តាមរយៈក្រសួងការពារជាតិ បានអះអាងពីករណី ទាហានខ្មែរម្នាក់ដែលជាទាហានឈរជើងនៅតំបន់ព្រំដែនមុំបី បានស្លាប់នៅក្នុងការផ្ទុះអាវុធជាមួយទាហានថៃនៅព្រឹកថ្ងៃទី២៨ ខែឧសភានេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនៅថ្ងៃពុធនេះ បានអះអាងថា ពិតជាមានការប៉ះទង្គិចគ្នារវាងកងកម្លាំងយោធាកម្ពុជា និងយោធាថៃ នៅចំណុចភូមិតេជោមរតក ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៨ ខែឧសភានេះ ដោយសារយោធាថៃបានបាញ់រើមកលើទីលេរណដ្ឋានយោធាខ្មែរដែលបានបោះទីតាំងតាំងពីយូរមកហើយ។ ក្រសួងបន្តថា ហេតុការណ៍នេះបណ្តាលឱ្យទាហានខ្មែរម្នាក់ ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានស្លាប់។ សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា ការប៉ះទង្គិចគ្នានេះ មិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយកម្ពុជានឹងបន្តពិភាក្សាជាមួយភាគីក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយក្នុងការធ្វើឱ្យស្ថានភាពត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់។
ក្រសួងការពារជាតិ៖ «កម្ពុជាប្រកាន់ភ្ជាប់នូវមធ្យោបាយការទូត និងដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងរក្សាព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក»។
ទោះបីជាយ៉ាងនេះក្តី ក្រសួងការពារក៏បានបញ្ជាក់ច្បាស់ក្នុងសេចក្តីប្រកាសព័ត៌មានខ្លួនថា កម្ពុជា ក៏ប្តេជ្ញាចិត្តក្នុងការពារបូរណភាពដែនដីរបស់ខ្លួនទោះបីក្នុងតម្លៃណាក៏ដោយ។
សម្រាប់ព័ត៌មានថៃនៅថ្ងៃនេះ ក៏បានចុះផ្សាយនូវសេចក្ដីថ្លែងការណ៍របស់ភាគីថៃបានលើកឡើងថា ទាហានខ្មែរបានចូលទៅក្នុងតំបន់ព្រំដែនមានជម្លោះ ហើយទាហានរបស់ខ្លួនបានចូលទៅចរចានិងហាមឃាត់ ប៉ុន្តែទាហានខ្មែរបានបើកការបាញ់ប្រហារ ដែលបណ្ដាលឱ្យទាហានថៃត្រូវបាញ់តបតការពារខ្លួនទៅវិញ។
ទោះជាយ៉ាងណា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជាលោក ម៉ៅ ផល្លា បាននិយាយប្រាប់សារព័ត៌មានក្នុងស្រុកថា ទាហានថៃបានបើកការបាញ់ប្រហារ នៅពេលទាហានខ្មែរកំពុងដើរល្បាតតាមទម្លាប់នៅតាមព្រំដែន។ ក្រោយប៉ះទង្គិចគ្នាអស់រយៈពេល១០នាទី មេបញ្ជាការកងទ័ពប្រចាំតំបន់ប្រទេសទាំងពីរបានជួបនិយាយគ្នាតាមទូរសព្ទដើម្បីបញ្ជាឱ្យមានបទឈប់បាញ់គ្នាសិន។
សារព័ត៌មានថៃផ្សាយថា ក្នុងការប៉ះទង្គិចគ្នានោះភាគីថៃ ពុំមានទាហានរបស់ខ្លួនណាម្នាក់ស្លាប់ក្នុងហេតុការណ៍ប្រយុទ្ធគ្នានេះទេ។ បច្ចុប្បន្ន ពិធីបុណ្យសពឱ្យលោក សួន រោន កំពុងធ្វើឡើងនៅក្នុងបន្ទាយទាហានកងពលលេខ៩។
ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា ក៏បានអំពាវនាវដល់សាធារណៈជនសុំកុំជឿលើការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួនដែលបានផ្សាយព័ត៌មានមិនពិត ដែលអាចរុញច្រាននាំឱ្យស្ថានការណ៍តាមព្រំដែនមានអស្ថិរភាព និងអសន្តិសុខ នាំទៅដល់ផលប៉ះពាល់នៃទំនាក់ទំនងកងទ័ព ប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋ ក៏ដូចជាប្រទេសទាំងសងខាង។ ក្រសួងការពារជាតិ សុំឱ្យសាធារណជនទទួលយកព័ត៌មាន ដែលមានប្រភពច្បាស់លាស់ និងផ្លូវការ ពិសេសសេចក្តីប្រកាសនានារបស់ក្រសួងការពារជាតិ៕
……………………………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ