រដ្ឋាភិបាល បានប្រកាសហាមឃាត់ការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីប្រទេសថៃ ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ជំងឺឈាមខ្មៅ ឬអង់ត្រាក់ បន្ទាប់ពីជំងឺនេះ កំពុងផ្ទុះជាថ្មី និងបណ្ដាលមានមនុស្សស្លាប់នៅប្រទេសក្បែរខាងកម្ពុជាមួយនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥នេះ ឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មិនមានករណីជំងឺនេះនៅឡើយទេ ខណៈក្រសួងកំពុងសហការយ៉ាងជិតស្និទ្ធនឹងស្ថាប័នពាក់ព័ន្ធ នៅតាមបណ្ដាច្រកព្រំដែនកម្ពុជា-ថៃទាំងអស់ ដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការឱ្យមានប្រសិទ្ធភាព ព្រមទាំងរៀបចំបណ្ដាញប្រព័ន្ធប្រតិកម្មរហ័សមួយនៅគ្រប់រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងអន្តរាគមន៍ក្នុងករណីសង្ស័យ។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃីម ហ្វីណង់ មិនអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញករណីបានទេ នៅថ្ងៃទី០៧ ខែឧសភានេះ។
ប៉ុន្តែលោកបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា ចំណាត់ការរបស់ក្រសួង គ្រាន់តែជាវិធានការបង្ការតែប៉ុណ្ណោះ មិនមានភាពចាំបាច់ណាមួយត្រូវព្រួយបារម្ភ និងមានការភ្ញាក់ផ្អើលឡើយ។ លោកបន្តថា ក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងផ្ដល់ព័ត៌មានថ្មីៗបន្ថែមទៀតពីការវិវត្តនៃជំងឺនេះក្នុងករណីចាំបាច់។
អ្នកស្រី ស៊ុំ រដ្ឋា អាយុ ៣៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ គាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺនេះមកកម្ពុជា។ តែយ៉ាងណា អ្នកស្រីក៏មានក្តីបារម្ភផងដែរចំពោះជំងឺនេះ បើទោះជាកម្ពុជាពុំមានករណីឆ្លងឬកើតមានជំងឺនេះទៅលើសត្វពាហនៈ និងមនុស្សក៏ដោយ។
អ្នកស្រីនិយាយថា៖ «ពេលលឺចឹងសប្បាយចិត្តដែលគាត់បិទមិនឱ្យនាំចូលមកប្រទេសយើង បើនៅតែស្រុកខ្មែរយើង គោនៅខ្មែរយើងមិនបញ្ហាអីទេ ខ្មែរយើងអត់មានបញ្ហាអីទេ កុំឱ្យតែនាំចេញពីខាងក្រៅមក […] មានអារម្មណ៍ថាភ័យខ្លាចអីចឹង ដល់ចឹងសឹងថាមិនសូវហ៊ានញ៉ាំសាច់គោ ប៉ុន្តែតាំងពីនោះមក[ពេលលឺថានៅថៃឆ្លងជំងឺនេះ] មិនដែលបានញ៉ាំសាច់គោអីទេ។ សូមឱ្យគាត់[ប្រជាពលរដ្ឋ]ការពារប្រយ័ត្នប្រយែង ពេលដែលទិញយកមកហូប ឱ្យគាត់ពិនិត្យឱ្យបានច្បាស់លាស់អីចឹង»។
ចំណែក អ្នកស្រី យ៉ារ៉ គីយ៉ះ អាយុ ៤៤ឆ្នាំ ជាអាជីវករលក់សាច់គោនៅផ្សារចាស់ ឱ្យដឹងថា ការលក់របស់អ្នកស្រីថយចុះពាក់កណ្ដាល ខណៈអ្នកទិញបង្ហាញការព្រួយបារម្ភចំពោះការបរិភោគសាច់គោ ទោះបីមិនមានករណីជំងឺឈាមខ្មៅឬជំងឺអង់ត្រាក់ទៅលើសត្វគោ-ក្របីនៅកម្ពុជាក៏ដោយ។
យ៉ាងណា អ្នកស្រីបង្ហាញការគាំទ្រ ប្រសិនបើអាជ្ញាធរទប់ស្ដាប់ការនាំចូលសាច់សត្វ ដែលអាចបង្កហានិភ័យសម្រាប់ប្រជាពលរដ្ឋបាន ខណៈអ្នកស្រីអះអាងថា អ្នកស្រីលក់តែសាច់គោក្នុងស្រុកប៉ុណ្ណោះ។
អ្នកស្រី យ៉ារ៉ គីយ៉ះ និយាយថា៖ «គោយើងយកមករស់ៗអ៊ីចឹង ដូចជាមិនអីទេ ណាគោយើងចិញ្ចឹមនៅខ្មែរនេះហ្នឹង។ ពីមុនយកមកលក់ពី ៦០ ទៅ ៧០គីឡូដែរ តែឥឡូវនៅត្រឹម ៤០ ឬ ៥០គីឡូអីទេ»។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ថា ការទប់ស្កាត់ទាន់ពេលវេលាទៅលើបញ្ហាជំងឺឆ្លង គឺជារឿងសំខាន់សម្រាប់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់បានការពារខ្លួន និងសត្វចិញ្ចឹមរបស់ពួកគាត់។
យ៉ាងណា លោកបានស្នើដល់អាជ្ញាធរ ស្ថាប័ន និងភាគីពាក់ព័ន្ធ គួរផ្សព្វផ្សាយអំពីការយល់ដឹងលើបព្ហានេះឱ្យបានទូលំទូលាយបន្ថែម និងជំរុញឱ្យអ្នកចិញ្ចឹមសត្វតាមដានសុខភាពសត្វឱ្យបានដិតដល់។
លោកបន្តថា៖ «កត្តាលើសពីនេះ តាមសត្វឃាត ពេទ្យសត្វគួរតែមានហើយ គឺមានការត្រួតពិនិត្យ យកសំណាកធ្វើតេស្ត ថាគ្មានជំងឺ អុកត្រាលើសាច់សត្វ ដែលមានសុវត្ថិភាព កាន់តែបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់»។
បើតាមលោក ស្រ៊ុន ពៅ ការផ្អាកនាំចូលសត្វពាហនៈពីប្រទេសដែលផ្ទុះជំងឺនេះ នឹងមិនប៉ះពាល់ដល់ការផ្គត់ផ្គង់សាច់គោនៅកម្ពុជានោះទេ ព្រោះចំនួនគោនៅក្នុងស្រុកនៅសល់កកស្ទះ។
កាលពីថ្ងៃម្សិលមិញនេះដែរ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីប្រកាសព័ត៌មាន អំពាវនាវដល់ប្រជាពលរដ្ឋការពារខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់នេះផងដែរ។
ក្រសួងបញ្ជាក់ថា មេរោគអង់ត្រាក់ ឬឈាមខ្មៅនៅលើសត្វពាហនៈ និងជំងឺអង់ត្រាក់ ឬពិសធ្យូងដែលឆ្លងលើមនុស្ស បង្កឡើងដោយបាក់តេរីម្យ៉ាង ដែលអាចធុននឹងអាធាតុអាកាសខាងក្រៅ និងអាចសំងំដល់រាប់ឆ្នាំ (៣០-៤០ឆ្នាំ) នៅក្នុងដី សាកសពសត្វ និងលាមកសត្វ។
ប្រភេទសត្វស៊ីស្មៅ ដូចជា គោ ក្របី ចៀម ពពែ សេះ សុទ្ធសឹងអាចឆ្លងមេរោគអង់ត្រាក់ និងក្លាយជាភ្នាក់ងារចម្លងបន្តមកមនុស្ស។
ប្រភពដដែល បន្តថា បាត់តេរីប្រភេទនេះ អាចបន្តឆ្លងមកមនុស្សបាន តាមរយៈការប៉ះពាល់សត្វ ឬបរិភោគផលិតផលពីសត្វឈឺ ដូចជា សាច់ ឈាម រោម ឆ្អឹង ដែលមានស្ព័រមេរោគអង់ត្រាក់។ បាក់តេរីនេះ ក៏អាចឆ្លងតាមរយៈការដកដង្ហើមចូលនូវធូលីដែលមានស្ព័រមេរោគ ការបរិភោគសាច់ដែលមានមេរោគ ប្រើម្ជុលសឺរ៉ាំងរួមគ្នាជាមួយអ្នកជំងឺអង់ត្រាក់ បើទោះជាមេរោគនេះមិនមានភស្តុតាងឆ្លងរាលដាលពីមនុស្សទៅមនុស្ស ប៉ុន្តែដំបៅស្បែកលើអ្នកជំងឺអាចឆ្លងខ្លាំង។
ចំណែក រោគសញ្ញានៃជំងឺនេះ មាន៣សណ្ឋាន គឺសណ្ឋានលើស្បែក ដែលស្រដៀងនឹងសត្វ ល្អិតខាំ ហើយប្រែទៅជាឈឺចាប់ ដោយចំណុចកណ្តាលខ្មៅ មាននៅលើមុខ ក ដៃ ហើមកូនកណ្តុរ និងអាចបង្កឱ្យឈឺក្បាល ឈឺសាច់ដុំ គ្រុនក្តៅ និងក្អួត។ សណ្ឋានក្រពះ-ពោះវៀន បង្ហាញអាការៈដូចជាពុលអាហារ តែមានឈឺពោះ ក្អួត ចង្អោរ ក្អួតឈាម រាគធ្ងន់ធ្ងរ រាគឈាម គ្រុនក្តៅ ញាក់ ហើមក ហើមកូនកណ្តុលនៅក ឈឺក ឈឺបំពង់ក ឈឺក្បាល មុខក្រហម ភ្នែកក្រហម សន្លប់។
ចំណែក សណ្ឋានផ្លូវដង្ហើម ជាករណីធ្ងន់ធ្ងរ មានរោគសញ្ញាស្រដៀងនឹងជំងឺគ្រុនផ្តាសាយ អាចវិវត្តយ៉ាងរហ័សទៅជាពិបាកដកដង្ហើម ក្អួត ចង្អោរ ឈឺពោះ ឈឺក្បាល បែកញើស អស់កម្លាំងខ្លាំង និងមានអាការៈឈឺទ្រូង ដែលអាចមានកកឈាមនៅក្នុងបេះដូង ហូរឈាមនៅសន្ទុះខណ្ឌចន្លោះសួត ហើយស្បែកប្រែពណ៌ស្វាយ។
យ៉ាងណា ចំពោះវិធានការបង្ការការឆ្លងវិញ ក្រសួងសុខាភិបាល បានណែនាំឱ្យចៀសវាងប៉ះពាល់ដោយផ្ទាល់ ជាមួយសត្វដែលសង្ស័យថា មានជំងឺអង់ត្រាក់ និងហាមបរិភោគសត្វដែលងាប់ដោយសារជំងឺអង់ត្រាក់។ ចំពោះសាកសពសត្វដែលងាប់ ត្រូវយកទៅកប់ ឬដុតកំទេចចោល និងមិនត្រូវវះពិនិត្យសាកសពដែលងាប់ដោយសារជំងឺនេះទេ។
បើតាមការក្រសួង បច្ចុប្បន្ន ជំងឺអង់ត្រាក់ មានឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំងសម្រាប់ចាក់បង្ការ។
បើតាមសារព័ត៌មានថៃ The Nation ជំងឺអង់ត្រាក់ បានផ្ទុះឡើងជាថ្មីនៅប្រទេសថៃ កាលពីថ្មីៗនេះ ដែលបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និងឆ្លងជំងឺចំនួន ៤នាក់ ហើយមនុស្សប្រមាណ ៦៣៦នាក់ មានហានិភ័យនៃជំងឺឆ្លងមួយនេះ។
ប្រភពដដែលបន្តថា កន្លងមក ថៃបានផ្ទុះករណីឆ្លងមេរោគឈាមខ្មៅមកមនុស្ស កាលឆ្នាំ២០០០ ដោយមានចំនួនអ្នកឆ្លង ១៥នាក់ ប៉ុន្តែមិនមានអ្នកស្លាប់ទេ បន្ទាប់មកក្នុងឆ្នាំ២០១៧ មនុស្សនាក់ ២នាក់បានឆ្លង ហើយបានព្យាបាលដោយជោគជ័យវិញ៕
អត្ថបទដោយ៖ រ៉ាត់ ទី