CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

កម្ពុជាស្នើអាមេរិក​​បន្តជំនួយមកកម្ពុជា ខណៈការបង្កកជំនួយរបស់USAIDផ្តល់​ផល​ប៉ះពាល់​លើ​វិស័យ​មួយ​ចំនួន

CJs khmer ដោយ CJs khmer
January 31, 2025
ក្នុង សង្គម, សេដ្ឋកិច្ច
0
អង្គការក្រៅរដ្ឋាភិបាលមួយចំនួនស្នើអាមេរិកផ្ដល់ជំនួយឡើងវិញ បន្ទាប់ពីអាមេរិកបង្កក​ជំនួយUSAID

និមិត្តសញ្ញានៃ USAID ប្រចាំនៅកម្ពុជា ។ រូបភាពពី(ទំព័រហ្វេសប៊ុកផ្លូវការ នៃUSAID Cambodia)

0
ចែករំលែក
158
ចំនួនមើល

មន្ត្រីរដ្ឋាភិបាល​កម្ពុជា ឱ្យដឹងថា វិស័យមួយចំនួននៅប្រទេសកម្ពុជា ជាពិសេស​សកម្មភាពបោសសម្អាត​មីន​ កំពុង​រង​ផល​ប៉ះ​ពាល់​ពី​ការ​ផ្អាក​ជំនួយ​កម្មវិ​ធី​មូលនិធិដោយ USAID បើទោះបីជាបញ្ហានេះមិនប៉ះពាល់ដល់​ការ​អភិវឌ្ឍ​ប្រទេស​ ប៉ុន្តែកម្ពុជានៅបន្តស្នើដល់សហរដ្ឋអាមេរិក និងស្វាគមន៍​​ដៃគូរអភិវឌ្ឍន៍ផ្សេង​ទៀត​ ​ក្នុងការ​​បន្តសហប្រតិបត្តិការ​ជួយ​ដល់កម្ពុជា។

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ក្រោយពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចូលកាន់​តំណែង លោកបានចុះហត្ថលេខាលើ​បទបញ្ជាប្រតិបត្តិ​ឱ្យ​ផ្អាកជំនួយ​ទៅក្រៅប្រទេស​ទាំង​អស់ នៃ​កម្មវិធីរបស់​ទីភ្នាក់ ងារ​ USAID ក្នុង​រយៈពេល ៩០ថ្ងៃ ដើម្បី​ពិនិត្យ​មើលឡើង​វិញ ពីប្រសិទ្ធភាព និងភាពស៊ីសង្វាក់នៃ​​គោល​នយោបាយ​​ការបរទេស​រដ្ឋការរបស់​លោក។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកប៉ែន បូណា មានប្រសាសន៍នៅថ្ងៃទី៣១ ខែមករានេះ​ថា ការ​ប្រកាស​បង្កក​ជំនួយ​ពី​សំណាក់​រដ្ឋាភិបាល​​អាមេរិក ក្រោម​អាណត្តិ​ដឹកនាំ​របស់​ លោក ដូណាល់ ត្រាំ ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​គ្រប់​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក ដែល​ទទួល​ជំនួយ​ពីសហរដ្ឋអាមេរិក ក្នុង​នោះ​ប្រទេស​កម្ពុជា ក៏​រង​ផល​ប៉ះពាល់​ផងដែរ ចំពោះវិស័យមួយចំនួន។

លោកថា៖ «នៅកម្ពុជាយើងក៏មានគម្រោងមួយចំនួន ដែលទទួលរងផលប៉ះពាល់ដែរ ដោយ​សារ​តែ​យើង​មាន​កិច្ច​សហប្រតិបត្តិការណ៍ ទទួល​ជំនួយ​ពី​សហរដ្ឋអាមេរិក។ ពិតណាស់ ពេល​ដែល​គាត់​ប្រកាស​អញ្ចឹង​ទៅ​គម្រោង​ទាំង​អស់​ហ្នឹង ទទួល​រង​ផល​ប៉ះពាល់​ហើយ​ជាការពិត។​ ក៏ប៉ុន្តែ គ្រាន់តែថាជំនួយទាំងអស់ហ្នឹង ទៅ​តាម​វិស័យ​នីមួយៗ ឧទាហណ៍ថា វិស័យកសិកម្ម វិស័យសុខាភិបាល អប់រំ  ឬ​វិស័យ​ដោះ​មីន​អី​ហ្នឹង​ជាដើម​ហ្នឹង។ អញ្ចឹង​ប៉ះ​កន្លែង​ណា យើង​ព្យាយាមដោះស្រាយនៅកន្លែងហ្នឹង»។

តែយ៉ាងណា លោកបញ្ជាក់​ថា ផល​ប៉ះពាល់លើគម្រោង​​ទាំង​នោះ ​មិន​អាច​រារាំង​ដល់​ការ​អភិវឌ្ឍ​របស់​​ប្រទេស​កម្ពុជា​នោះទេ​។

លោក​បន្ថែម​ថា៖ «ប៉ុន្តែសួរថា​តើ​ផល​ប៉ះពាល់​ទាំង​អស់​​ហ្នឹង​ ​បង្កឧបសគ្គ​រារាំង​ដល់​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស​ទេ? ធ្វើ​ឱ្យសេដ្ឋកិច្ឋគាំងទេ? រដ្ឋាភិបាលកម្ពុជាគាំងដំណើរ​ទេ? អត់ទេបាទ អត់មាន​ទេ។ វាទៅតាមវិស័យ ហើយវិ​ស័យដែលប៉ះពាល់យើងដោះស្រាយទៅតាមអ្វី ដែលយើងអាចដោះស្រាយបាន ព្រោះ​រដ្ឋាភិបាល​យើង​មាន​ដៃ​គូអភិវឌ្ឍហ្នឹង​ច្រើន មានប្រភពលុយផ្សេងៗក៏ច្រើន អញ្ចឹងយើងអាចផ្លាស់ប្តូពីរមួយទៅមួយ ជាក់​ស្តែង អូស្រ្តាលី គាត់នៅតែបន្តវិស័យដោះមីនជាហូរហែរបន្តបន្ទាប់ទៀត»។

ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ ​បានប្រាប់ Newsroom Cambodiaថា អាមេរិកជាដៃគូដ៏សំខាន់របស់កម្ពុជា ក្នុងការបោសសម្អាតមីនតាំងពីឆ្នាំ១៩៩០​ដល់​បច្ចុប្បន្ន ដោយ​អាមេរិក​បាន​សម្រាល​បន្ទុក​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ជំនួយ​ប្រមាណ ១០លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ គិត​ជា​មធ្យម ដើម្បី​កាត់​បន្ថយ​ការ​បាត់បង់ជីវិត និងបាន​ដីសុ​វត្ថិ​ភាព​សម្រាប់ធ្វើកសិកម្ម។ លោក​បន្ត​ថា ការ​ដែល​អាមេរិក​ផ្អាក​ជំនួយ​ទៅ​ទូទាំង​ពិភពលោក​ដែល​រួម​ទាំង​កម្ពុជា​ផង​នោះ​ បាន​ធ្វើឱ្យ​ប៉ះ​ពាល់​គម្រោង​បោស​សម្អាត​មីន​នៅ​កម្ពុជា។

លោកមានប្រសាសន៍ថា៖ «ប៉ះពាល់ដល់៩៣គម្រោង​បោសសម្អាត បោស​សម្អាត​មីន​ដោយ​ប្រើ​ធន​ធាន​មក​ពី​អាមេរិក ដែលមានបុគ្គលិកអ្នក​បោស​សម្អាតមីន និងបុគ្គលិកពាក់ព័ន្ធប្រហែល​ជាជាង​១ពាន់​នាក់។ […] វា​ប៉ះ​ពាល់​ជា​ទូទៅ វាមាន​ការ​ប៉ះពាល់​ហើយ ព្រោះ​ថវិកា​យើង​ត្រៀម​ចំណាយ​ដែល​បាន​មក​ពី​សហរដ្ឋ​អាមេរិក​គាំទ្រ​ដល់​ជីវភាព​រស់នៅ របស់​អ្នក​ដោះមីន​យើង ហើយនិងកម្មវិធីផ្សេងៗទៀត​ក្នុងវិស័យមីនហ្នឹង»។

តែយ៉ាងណា លោកថា កម្ពុជាបាននឹងកំពុងព្យាយាមរក​​ជំនួយពី​បណ្ដាប្រ​ទេស​ជាមិត្តផ្សេង​ទៀត ឬ​ពី​ប្រភព​ផ្សេងៗ​ទៀត ដើម្បី​បន្ត​គាំទ្រដល់​សកម្មភាព និងគម្រោងដែលបានត្រៀមប្រើធនធានពី​អាមេរិក។ ជាមួយ​គ្នានេះ លោក​ក៏សង្ឃឹ​ម និងស្នើដល់​សហរដ្ឋអាមេរិក បន្ត​គាំទ្រដល់​ការ​បោស​សម្អាត​មី​ននៅ​កម្ពុជា ខណៈ​អាជ្ញាធរ​មីន​កំពុង​បោស​សម្អាតមីននៅខេត្តចំនួន៧ រួមមាន ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និង​បន្ទាយមានជ័យ។

លោកថា៖ «អ្វីដែលយើងមានក្ដីសង្ឃឹមនោះ គឺ យើង​សង្ឃឹម​ថា សហរដ្ឋ​អាមេរិក​លោក​នឹង​បន្ត ពី​៩០ថ្ងៃ​ដែល​ផ្អាក​នេះ នឹង​បន្តសកម្មភាព​ដែលមានផែនការរួចមកហើយ ហើយ​ដែល​បាន​ចាប់​ផ្ដើម​រួច​មក​ហើយ​នេះ​ទៅ​មុខ[…] យើង​ស្នើសុំ​ឱ្យ​អាមេរិក​បន្តជួយ​ការងារ​បោស​សម្អាត​មីន​រដ្ឋាភិបាល​របស់​យើង គោល​នយោបាយ​រដ្ឋាភិបាល​របស់​យើង​ ក្នុងការងារបោសសម្អាតមីន​នេះ​បន្ត​ទៅ​មុខ​ទៀត ព្រោះ​យើង​នៅ​សល់​ចំការ​មីន​យើង​ច្រើន​នៅ​ប្រទេស​របស់​យើង​នេះ»។

ចំណែក អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា ការ​ផ្អាក​ជំនួយ​របស់​អាមេរិក​ តាមរយះទីភ្នាក់ងារ​ USAID នេះ មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​របស់​ក្រសួង​ទេ ព្រោះ​ជំនួយ​នោះ​ធ្វើ​ឡើង​ដោយ​ប្រយោល។

កញ្ញាថា៖ «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិច្ចសហការមួយចំនួនជាមួយមូលនិធិ USAID តែ​កិច្ច​សហការទាំងនោះ ធ្វើឡើងក្នុងរូបភាព​ជាការគាំទ្រប្រយោលប៉ុណ្ណោះ។ ម្ល៉ោះហើយ ជំនួយ​និង​ការ​គាំទ្រ​នានា តាម​រយៈ USAID មិនមានផលប៉ះពាល់​ដល់ដំណើរការការងាររបស់ក្រសួងឡើយ»។

តែយ៉ាងណា អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ក្រសួងស្វាគមន៍​នូវរាល់ជំនួយ​ ការ​គាំទ្រ និង​កិច្ច​សហការ​ប្រកប​ដោយ​ភាពស្មោះត្រង់ ពីអង្គការ​ និងដៃគូអភិវឌ្ឍន៍ ហើយ​ក្រសួង​នឹង​​នៅតែបន្ត​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ ដើម្បីបម្រើដល់កសិករ និងពលរដ្ឋ។

រីឯ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន មាន​ប្រសាសន៍ថា ការ​ផ្អាក​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នេះ​មិន​ទាន់​មាន​ព័ត៌មាន​ជាក់​លាក់​ណាមួយ ដែលថាអាចប៉ះពាល់ដល់ដំណើរការក្រសួងបរិស្ថានទេ។

លោក​ថា៖ «យើងនឹងនៅរងចាំមើលបន្តទៀត សម្រាប់​ការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិក ដែល​នៅ​ក្នុង​ពេល​នេះ យើង​នៅ​សង្ឃឹម​ថា មិន​មាន​អ្វី​ប្រែប្រួល​ទេ ចំពោះ​ករណី​ជំនួយ​ផ្សេងៗ​ទាក់​ទង​នឹង​វិស័យ​បរិស្ថាន​នេះ»។

លោកបន្ថែម​ថា៖ «កន្លងមកនេះ គឺយើង​ស្វាគមន៍​ទាំង​អស់​នូវ​ភាគី​ពាក់ព័ន្ធ ដែល​ចូល​រួម​នៅ​ក្នុង​វិស័យ​បរិស្ថាន ហើយ​យើង​ក៏ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ពង្រឹង​គុណ​ភាព​បរិស្ថាន គេហៅថា​សុក្រិត្យ​កម្ម​បរិស្ថាន​នេះ ដើម្បី​បង្ហាញ​អំពី​ការ​ចូល​រួម​របស់​អន្តរជាតិ​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ ក៏​ដូច​ជា​ដើម្បី​លើក​កម្ពស់​គុណ​ភាព​បរិស្ថាន​ ការពារធនធានធម្មជាតិ​របស់​យើង ហើយ​ទាក់​ទង​នឹង​ជំនួយ​របស់​ USAID នេះ​ គាត់​ផ្តោត​សំខាន់​ទៅ​លើ​សហគមន៍​ដែល​ធ្វើការ​ជាមួយ​ដៃ​គូរ​របស់​គាត់ ហើយ​យើង​គាំទ្រ​សម្រាប់​ការ​គាំទ្រ​កន្លង​មក​នេះ ធ្វើ​ឲ្យ ជា​ចំណែក​មួយ​ជួយ​ទៅ​ដល់​វិស័យបរិស្ថានយើង»។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក​ កុយ វ៉ាននី មានប្រសាស​ន៍​ថា លោក​មិន​ទាន់​អាច​វាយ​តម្លៃ​ពី​ផល​ប៉ះពា​ល់​នៃ​ការផ្អាកជំនួយពីសហរដ្ឋអាមេរិ​ក​នៅឡើយទេនៅពេលនេះ​ ដោយ​សារ​ការ​ផ្អាក​ជំនួយ​ទើប​បាន​រយៈ​ពេល​ខ្លី។

លោក​បន្ថែម​ថា៖ «យើង​អត់​អាច​ដឹង​ជំហរ​បស់​មិត្ត​ភក្តិ​អាមេរិក​យើង​យ៉ាង​ម៉េច​ទេ ក៏ប៉ុន្តែ​អ្វី​ដែល​យើង​ជឿ​ជាក់​នោះ គឺ​ថា​រាល់​គម្រោង​ទាំង​ឡាយ​ដែល​កំពុង​តែ​ធ្វើ​ផ្នែក​សុខាភិបាល​ សហភាតរៈ​យើង​USAID លោក​ដឹង​ច្បាស់​ណាស់ គឺ​ជា​ការ​គម្រោង​អភិវឌ្ឍន៍​ពិត​ប្រាកដ​នៅ​ក្នុង​ភាព​គេ​ហៅ​ថា​ចាំបាច់​ សម្រាប់ប្រទេសកម្ពុជាយើង មិន​មែន​គម្រោង​បង្កើត​ចេះតែបង្កើតដើម្បីបង្កើតទេ សហភាតរៈយើង USAID លោក​ដឹង​ច្បាស់​ណាស់​ថា​លោក​ខិតខំ​ការ​ពារ​គម្រោង​ទាំង​អស់​នោះ​ ឲ្យ​បាននៅបន្ត ហ្នឹងជាអ្វីបាន​ដឹង​មក យើង​មិន​ទាន់​ឃើញ​​​USAID ថា​ចប់​ ឬ​ថាផ្តាច់​ អត់​ទេ ផ្ទុយ​ទៅវិញ​លោក​ចង់​​ឲ្យ​បាន​នៅ​បន្ត​ ​ហើយ​យើង​កាន់​តែ​ចង់​នៅ​បន្ត»។

ជុំវិញករណីនេះ លោកស្រី Kerry Pelzman នាយិកាទីភ្នាក់ងារជំនួយអាមេរិក USAID  ឆ្លើយ​តប​តាម​រយៈ​អ៊ីម៉ែល​​មក​Newsroom Cambodia ថា ដើម្បីធ្វើការពិនិត្យឡើងវិញឱ្យបានហ្មត់ចត់ នៅពេលនេះ​រាល់​​កម្ម​វិធី និង​ជំនួយទាំងអស់​ដែលប្រើប្រាស់មូលនិធិជំនួយបរទេស​ត្រូវ​បាន​ផ្អាក លើកលែងតែកម្មវិធីនិង​ជំនួយ​ណា ដែល​ទទួល​បាន​ការ​លើកលែង ដែលអនុម័តដោយក្រសួងការបរទេសប៉ុណ្ណោះ។

លោកស្រីបន្តថា៖ «ក្រសួងការបរទេស​បានអនុម័តយល់ព្រមផ្តល់ជំនួយមនុស្សធម៌។ អ្នក​អនុវត្ត​កម្មវិធី​ជំនួយ​មនុស្ស​ធម៌ ដែល​មាន​ស្រាប់​គួរតែបន្ត ឬបន្តធ្វើការងារឡើងវិញ។ សម្រាប់ព័ត៌មានបន្ថែម សូមចូល​ទៅ​អាន​សេចក្តី​ជូន​ដំណឹង ដែលចេញផ្សាយដោយក្រសួងការបរទេស ស្តីពីដំណើរកា​រ​លើកលែង»។

គួរជម្រាបជូនថា ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍអន្តរជាតិ​ ហៅកាត់ថា USAID​ ជា​កម្មវិធី​ជំនួយ​ដំបូង​​គេ​​របស់​សហរដ្ឋអាមេរិក​នៅ​ប្រទេស​កម្ពុជា​ ហើយបានចាប់ផ្តើម​តាំងពី​ឆ្នាំ១៩៦០។ កម្មវិធីនេះ បាន​រួម​ចំណែក​​អភិវឌ្ឍន៍​​ប្រទេស​កម្ពុជា​ តាម​រយៈ​ជំនួយ​មនុស្សធម៌​ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។ កម្មវីធី USAID បានវិវត្តន៍ជាកម្មវិធី​រយៈពេល​​វែង​ និង​ទ្រង់ទ្រាយ​ធំ​ ចាប់ពីឆ្នាំ១៩៩១។ វិស័យ​អាទិភាព​មួយ​ចំនួន​ដែល USAID ផ្ដោត​លើ​រួម​មាន លទ្ធិ​ប្រជាធិបតេយ្យ​ និង​អភិបាលកិច្ច​ វិស័យ​សុខភាព​ ​អប់រំ​ ការ​ការពារ​កុមារ​ បរិស្ថាន​ និង​សន្តិសុខ​ស្បៀង​។​ ចំពោះជំនួយចំពោះការលើក​​កម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​អភិបាលកិច្ច ទីភ្នាក់ងារ USAID បានគាំទ្រអង្គការក្រៅរដ្ឋាភិបាល​ដែល​ជាដៃគូសំខាន់ៗចំនួន​១១​អង្គការ​នៅ​ប្រទេស​កម្ពុជា។

គេហទំព័រ​​​​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​​សម្រាប់​ការ​​​អភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAID ឱ្យដឹងថា USAID បាន​ចាត់​ចែង​​ថវិ​កា​​ចំនួន ២២,៦​ពាន់​​លាន​​ដុល្លារ​ ក្នុងឆ្នាំ២០២៥ នៅទូទាំងពិភពលោក។

សម្រាប់​​នៅកម្ពុជា ក្នុងរយៈពេល​ ៣ទស្សវត្សរ៍មក​នេះ ទីភ្នាក់ងារ​ USAID បានផ្តល់ជំនួយជាង ៣ពាន់​លាន​ដុល្លារ​ដល់​វិស័យ​ផ្សេងៗ ដូចជា វិស័យសុខាភិបាល កសិកម្ម បរិស្ថាន អភិបាលកិច្ចល្អ ការ​អប់រំ និង​សិទ្ធិ​មនុស្ស​​ ជាដើម៕
……………………………………

អត្ថបទដោយ៖ នឿន ដាវីន

អត្ថបទមុន

លោក ស សុខា បញ្ជាឱ្យរាជធានី-ខេត្ត​​លុបបំបាត់​ការផ្សាយ​ពាណិជ្ជ​កម្ម​ភេសជ្ជៈ​ផ្អែម​​តាម​ទី​​សាធារណៈ

អត្ថបទបន្ទាប់

អាជ្ញាធរ​ខេត្ដ​ស្វាយរៀង​កសាង​សំណុំ​រឿង​ជន​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ជន​ជាតិ​ចិន​ទៅ​តុលាការ​

អត្ថបទបន្ទាប់
រថយន្តនគរបាលបើកកាត់មុខរដ្ឋបាលសាលាខេត្តស្វាយរៀងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ (សួន វុត្ថា)

អាជ្ញាធរ​ខេត្ដ​ស្វាយរៀង​កសាង​សំណុំ​រឿង​ជន​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ជន​ជាតិ​ចិន​ទៅ​តុលាការ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង