ការយល់ដឹងផ្នែកសមភាពយេនឌ័រជំរុញឱ្យបុរសជាស្វាមីមួយចំនួនបញ្ឈប់អំពើហិង្សាក្នុងគ្រួសារ ដោយមើលឃើញពីផលប៉ះពាល់លើគ្រួសារផ្ទាល់ សហគមន៍ និងសង្គមទាំងមូល។
ស្ដ្រីម្នាក់រស់នៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អ្នកស្រី ខុន ឡៃហួយ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា គាត់បានរៀបការជាមួយប្ដីឈ្មោះ សែ សុភី អាយុ២៧ឆ្នាំ ដោយរួមរស់ជាមួយគ្នាបាន២ឆ្នាំហើយ។
ក្រោយរៀបអាពាហ៍ពិពាហ៍ គាត់បានផ្ដល់កំណើតដល់កូនស្រីម្នាក់ ខណៈជីវភាពគ្រួសារក៏មានភាពខ្វះខាត ហើយពួកគាត់ត្រូវប្រកបរបរធ្វើស្រែចម្ការ។ អ្នកស្រីនិយាយថា តាំងពីចាប់ដៃរួមរស់ជាមួយគ្នាមក ប្ដីគាត់បានផ្លាស់ប្ដូរអត្តចរិកមិនបន្ដប្រើប្រាស់អំពើហិង្សា ផឹកស៊ីនៅខាងក្រៅ និងរករឿងបង្កជម្លោះក្នុងគ្រួសារ។
អ្នកស្រី ខុន ឡៃហួយ បន្ដថា៖ «កាលពីរស់នៅជាមួយឪពុកម្តាយមិនដែលស្តីបន្ទោស ឬប្រើហិង្សាឡើយ។ ដល់ពេញរូបពេញរាង ឪពុកម្តាយឱ្យមានប្តី ប្តីរស់នៅមិនសូវចុះសម្រុងគ្នា។ ប្តីខ្ញុំតែងធ្វើបាបផ្លូវកាយ ផ្លូវចិត្ត ដូចជា ប្រើហិង្សា ទះវាយតប គាត់ដើរផឹក។ ដើរលេងមិនដែលប្រាប់ខ្ញុំដឹងទេ ខ្ញុំមិនមានក្តីសុខឡើយ ទោះបីយ៉ាងណាក៏ខ្ញុំនៅស៊ូទ្រាំដើម្បីកូនស្រីរបស់ខ្ញុំ»។
ទោះយ៉ាងនេះក្ដី អ្នកស្រី ខុន ឡៃហួយ រៀបរាប់ថា ក្រោយមក ប្ដីគាត់បានសម្រេចចិត្តទៅទទួលការបណ្ដុះបណ្ដាលផ្នែកសមភាពយេនឌ័រពីអង្គការមួយក្នុងសហគមន៍ ដែលបានជួយកាត់បន្ថយការប្រើប្រាស់ពាក្យពេចន៍អសុរស ពិសារគ្រឿងស្រវឹង ប្រើអំពើហិង្សាទៅលើប្រពន្ធ និងកូនៗ។
អ្នកស្រីបន្ថែមថា៖ «វាធ្វើឱ្យប៉ះពាល់ខ្លួនផ្ទាល់ ចំពោះគ្រួសារ សហគមន៍ និងសង្គម។ ព្រោះតែហេតុផលទាំងនេះហើយធ្វើឱ្យប្តីរបស់ខ្ញុំផ្លាស់ប្តូរអត្តចរិកលែងប្រើហិង្សាដូចមុន។ ពេលគាត់ទៅណាមកណាបានប្រាប់ខ្ញុំឱ្យជាដឹងមុន ប្រាក់ចំណូលដែលរកបានគាត់បានឱ្យខ្ញុំទុកដាក់។ គាត់បានកែប្រែចរិករបស់គាត់បានច្រើន ដោយមានការបណ្តុះបណ្តាលពីអង្គការសហប្រតិបត្តិដើម្បីកាត់បន្ថយភាពក្រីក្រ»។
ស្វាមីអ្នកស្រី ខុន ឡៃហួយ គឺលោក សែ សុភី ប្រាប់ពលរដ្ឋសារព័ត៌មានដែរថា ចំណេះដឹងផ្នែកសមភាពយេនឌ័រធ្វើឱ្យគាត់បញ្ឈប់ការប្រើហិង្សា និងអត់ធ្មតច្រើនជាងមុន ដោយព្យាយាមយល់ចិត្តប្រពន្ធ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។
លោក សែ សុភី បន្ដថា៖ «ខ្ញុំឈប់មានអំពើហឹងទៀតហើយ ដោយសារបានយល់ដឹងអំពីយេនឌ័រ និង មានការយល់ចិត្តគ្នារវាងប្តីប្រពន្ធ ព្រមទាំងមានមុខរបរ ទទួលបានប្រាក់ចំណូលសមរម្យ»។
មន្ត្រីសម្របសម្រួលកម្មវិធីអង្គការសហប្រតិបត្តិដើម្បីកាត់បន្ថយភាពក្រីក្រនៅខេត្តកំពង់ធំ លោក អ៊ឹម គីម មានប្រសាសន៍ថា កាលពីមុន គ្រួសារអ្នកស្រី ខុន ឡៃហួយ ពិតជាមានបញ្ហាច្រើនក្នុងគ្រួសារ។ ប៉ុន្ដែបច្ចុប្បន្ននេះ ប្ដីគាត់បានផ្លាស់ប្តូរច្រើន ដោយមិនជ្រើសយកការប្រើអំពើហិង្សាដូចមុន ហើយថែមមានមុខរបរពិតប្រាកដ និងប្រាក់ចំណូលសមរម្យ។
អ្នកស្រី ខុន ឡៃហួយ អះអាងថា សព្វថ្ងៃនេះ គ្រួសារគាត់រស់នៅដោយសុខដុមរមនាជាមួយគ្នា និងអរគុណចំពោះការផ្តល់វគ្គបណ្តុះបណ្តាលពីសមភាពយេនឌ័រ ដែលថា វាបានជួយកាត់បន្ថយ និងលុបបំបាត់អំពើហិង្សាក្នុងគ្រួសារគាត់៕
——————————————————————————————
ពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ហ៊ត គឹមហ៊ាត