តុលាការកំពូលបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនចលនាមាតាធម្មជាតិ
តុលាការកំពូល បានបដិសេធសំណើសុំដោះលែងឱ្យមានសេរីភាពពីសំណាក់សកម្មជនចលនាមាតាធម្មជាតិ ៥នាក់ ក្រោយពេលដែលមានសវនាការសុំនៅក្រៅឃុំរបស់ពួកគេកាលពីដើមខែមេសា។ អង្គការការពារសិទ្ធិមនុស្សលីកាដូ បានលើកឡើងនៅថ្ងៃពុធនេះថា តុលាការកំពូលបានបដិសេធសំណើរនៅក្រៅឃុំរបស់សកម្មជនមាតាធម្មជាតិហើយនៅថ្ងៃទី៣០ មេសា ដោយតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ទុកជាបានការដដែល។ អង្គការលីកាដូលើកឡើងថា៖ «សកម្មជនបរិស្ថានបីរូបដែលមានវត្តមាននៅតុលាការកំពូលព្រឹកនេះ ត្រូវបាននាំទៅកាន់ពន្ធនាគារផ្សេងៗវិញ បន្ទាប់ពី តុលាការកំពូលបានប្រកាសសាលដីកា»។ ទំព័រហ្វេសប៊ុករបស់មាតាធម្មជាតិបានលើកឡើងបន្ថែមថា សំណើសុំនៅក្រៅឃុំរបស់អ្នកទាំង៥ ត្រូវបានបដិសេធដោយតុលាការកំពូលនាព្រឹកនេះ...








