សហជីពមួយបានស្នើដល់នាយករដ្ឋមន្ត្រីថ្មី និងអ្នកបញ្ជាទិញជួយអន្តរាគមន៍ទៅក្រុមហ៊ុន ហួយ ស៊ីនទូ (ខេមបូឌា) ហ្វេសិន ឯ.ក ស្ថិតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពៅធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យបញ្ឈប់ការរើសអើងសហជីពនិងទទួលយកកម្មករដែលបញ្ឈប់ឱ្យចូលធ្វើការវិញ។
សម័្ពន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(C.CAWDU)បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៥ ខែមករាឆ្នាំ២០២៤នេះ ដោយបង្ហាញការសោកស្តាយចំពោះក្រុមហ៊ុន ហួយ ស៊ីនទូ ដោយថា មិនបានអនុវត្តច្បាប់ និងបានរើសអើងចំពោះសហជីពស៊ីខៅឌូ។
សេចក្តីថ្លែងការណ៍ឱ្យដឹងថា ក្រុមហ៊ុន ហួយ ស៊ីនទូ បានធ្វើអាជីវកម្មកាត់ដេរសម្លៀកបំពាក់ ដោយផលិតសម្លៀកបំពាក់ឱ្យក្រុមហ៊ុនបញ្ជាទិញដ៏ល្បីមួយរបស់ប្រទេសអង់គ្លេសឈ្មោះ អឹមខេ(MK) និងឈ្មោះ អឹម&អេស(M&S) បានធ្វើសកម្មភាពប្រឆាំង និងរើសអើងសហជីពដែលផ្ទុយពីអនុសញ្ញាអន្តរជាតិខាងការងារលេខ ៨៧ និង៩៨ ព្រមទាំងច្បាប់ស្តីពីការងារ និងច្បាប់សហជីព។
សហជីពស៊ីខៅឌូ អះអាងថា ក្រុមហ៊ុន ហួយ ស៊ីនទូ បានបណ្តាញចេញសកម្មជនសហជីពចំនួន៣នាក់ ចេញពីកន្លែងការងារ ក្រោយពួកគេចូលជាសមាជិកសហជីពស៊ីខៅឌូដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនៅក្រុមហ៊ុននេះ។
សហជីពស៊ីខៅឌូបន្តថា ក្រោយថៅកែបណ្តេញចេញពីការងារ គឺសកម្មជនសហជីពទាំង៣នាក់នោះបានបាត់បង់ប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ហើយថា ក្រុមកម្មករបានប្តឹងករណីនេះទៅក្រសួងការងារ ហើយរដ្ឋមន្ត្រីក្រសួងការងារលោក ហេង សួរ បានចេញសេចក្តីបង្គាប់ឱ្យក្រុមហ៊ុនទទួលយកសកម្មជនសហជីពទាំងនោះចូលធ្វើការងារវិញ និងទូទាត់ប្រាក់ឈ្នួលព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជូនពួកគេវិញផងដែរ ប៉ុន្តែភាគីក្រុមហ៊ុនមិនអនុវត្តតាមឡើយ។
បើតាមសេចក្តីថ្លែងការណ៍ដដែលបានចាត់ទុកករណីនេះថា ជាការរើសអើងសហជីពយ៉ាងខ្លាំង និងជាសកម្មភាពមិនអនុវត្តច្បាប់របស់ប្រទេសកម្ពុជា ជាពិសេសមិនផ្តល់តម្លៃដល់ក្រសួងការងារ។
សេចក្តីថ្លែងការណ៍៖«យើងខ្ញុំសូមថ្កោលទោសដល់នាយកក្រុមហ៊ុនឈ្មោះ CHEN YUEZHONG និងលោក ណយ សុភ័ក្ត រដ្ឋបាលក្រុមហ៊ុនដែលបានផ្សំគំនិត និងធ្វើសកម្មភាពប្រឆាំងសហជីព ដែលកម្មភាពនេះផ្ទុយពីប្បញ្ញត្តិ នៃច្បាប់ជាតិ និងអន្តរជាតិ»។
សហជីពស៊ីខៅឌូបានសំណោមពរដល់នាយករដ្ឋមន្ត្រីថ្មីលោក ហ៊ុន ម៉ាណែត និងក្រុមហ៊ុនបញ្ជាទិញជួយអន្តរាគមន៍ទៅក្រុមហ៊ុន ហួយ ស៊ីនទូបញ្ឈប់ការរើសអើងសហជីព និងទទួលយកសកម្មជនសហជីពទាំង៣នាក់នោះចូលធ្វើការងារវិញ និងសងរំលឹកប្រាក់ឈ្នួលព្រមទាំងអត្ថប្រយោជន៍ផ្សេងៗដោយចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការងារវិញ។
មន្ត្រីដោះស្រាយវិវាទនៃសម្ព័នសហជីពប្រជាធិតេយ្យកម្មករកាត់ដេរកម្ពុជាលោក ស៊ាង យ៉ូតបន្ថែមលើសេចក្តីថ្លែងការណ៍ថា កំពុងល្មើសច្បាប់ដែលចេញដោយក្រសួងការងារ។ លោកថា កម្មករនឹងប្តឹងករណីនេះទៅតុលាការបន្ត ដើម្បីរកដំណោះស្រាយដល់កម្មករទំាងបីរូប។
លោកបន្ថែម៖« បងប្អូនកម្មករមានសិទ្ឋិប្តឹងទៅតុលាការ និងសុំសាលក្រមដើម្បីអោយក្រុមហ៊ុនទទួលស្គាល់លិខិតដែលចេញដោយក្រសួងការងារ និងទទួលយកកម្មករចូលធ្វើការវិញ ព្រមជាមួយការទូទាត់សំណងផងដែរ»។
ចំណែករដ្ឋបាលថ្មីរបស់ក្រុមហ៊ុន ហួយ ស៊ីនទូ ដែលកម្មករប្រាប់ថា ឈ្មោះ លីជីងហួយ មានប្រសាសន៍ថា ទាក់ទងបញ្ហានេះខាងរោងចក្រកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់។
អ្នកស្រីបន្ថែមថា៖« ទាក់ទងបញ្ហានេះខាងរោងចក្រកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់។ ចំពោះមូលហេតុដែលសហគ្រាសមិនអាចទទួលយកបុគ្គលិកចូលធ្វើការវិញដោយសារពួកគាត់ឧស្សាហ៍អុកឡុកនៅក្នុងម៉ោងការងារ ញុះញង់មិនអោយកម្មករផ្សេងទៀតមិនធ្វើការ បិទភ្លើងក្នុងអំឡុងពេលធ្វើការជាដើម ដូច្នេះទើបធ្វើអោយប៉ះពាល់ដល់ចង្វាក់ផលិតកម្ម»។
អ្នកនំាពាក្យក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈលោក កត្តា អ៊ន មានប្រសាសន៍ថា ករណីវិវាទការងាររបស់ក្រុមហ៊ុន ហួយ ស៊ីនទូ ត្រូវបានបែងចែកជាពីរ។ លោកថា ទី១ករណីថ្នាក់ដឹកនំាសហជីពពីររូប និងទី២បុគ្កលិកចំនួនបីរូប គឺក្រសួងតម្រូវឱ្យក្រុមហ៊ុនទទួលយកធ្វើការវិញ។
អ្នកនាំពាក្យរូបនេះបន្តថា ករណីទី២គឺក្រសួងកំពុងសម្របសម្រួលរវាងសហជីព និងភាគីក្រុមហ៊ុនដើម្បីស្វែងរកដំណោះស្រាយ។
លោកបន្ថែមថា៖« ដោយទីមួយ គឺឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកបីរូបជាដាច់ខាត។ ចំពោះករណីក្រុមហ៊ុនមិនទទួលយកតាមនិតិវិធីនោះក្រសួងការងារនឹងអោយអធិការកិច្ចចុះអង្កេតដាក់កំហឹត ហើយឈានទៅរកការផាកពិន័យនោះថែមទៀត។ ទោះជាយ៉ាងណាក៏ដោយសហគ្រាសនោះត្រូវតែទទួលយកបុគ្គលិកទំាងបីរូបនោះចូលធ្វើការងារវិញដែរ»។
លោកបន្ថែមថា ចំពោះលក្ខខណ្ឌទីពីរប្រសិនបើមានការបញ្ចប់ការងារដោយទូទាត់សំណងក៏ជាដំណោះស្រាយដែរដូច្នេះហើយពេលនេះក្រសួងការងារកំពុងដោះស្រាយករណីនេះ។
ក្រុមហ៊ុន ហួយ ស៊ីនទូ (ខេមបូឌា) ហ្វេសិន ឯ.ក ស្ថិតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពៅធិ៍សែនជ័យ រាជធានីភ្នំពេញមានថៅកែជាជនជាតិចិន បច្ចុប្បន្នមានបុគ្គលិកធ្វើការសរុបចំនួន៣៧៣នាក់កំពុងបម្រើការងារ៕
…………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា បូ សុភា