កម្មករជាង ១ ០០០នាក់បម្រើការងារនៅរោងចក្រ ដាប់ប៊ែយូភីស្ព័ត ខេមបូឌា (WP SPORTS Cambodia) នៅខេត្ដស្វាយរៀង បាននាំគ្នាតវ៉ានៅថ្ងៃទី២៦ ខែឧសភានេះ ដើម្បីទាមទារឱ្យថៅទទួលយកកម្មករជាង៤០នាក់ចូលធ្វើការងារវិញ ក្រោយបញ្ឈប់ពួកគេពីការងារដោយខុសច្បាប់។
កម្មការិនីម្នាក់ អ្នកស្រី ខេន ស៊ីនួន បម្រើការងារនៅរោងចក្រដាប់ប៊ែយូភីស្ព័ត ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ថៅកែបានបញ្ឈប់កម្មករជាង៤០នាក់ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះទេ។
កម្មការិនីរូបនេះ អះអាងថា ក្រៅពីបញ្ឈប់កម្មដោយខុសច្បាប់ គឺថៅកែរោងចក្រនេះបានគៀបសង្កត់លើកម្មករ ដូចជាចូលបន្ទប់ទឹកមិនឱ្យលើ៥នាទី និងបើលុយឱ្យកម្មករមានភាពយឺតយ៉ាវជាដើម។
អ្នកស្រីព្រមានថា បើថៅកែមិនព្រមទទួលយកកម្មករឱ្យចូលធ្វើការវិញទេ គឺពួកគាត់មិនចូលធ្វើការងារ ដោយនាំគ្នាតវ៉ារហូត។
អ្នកស្រីលើកឡើងថា៖ «ថ្ងៃហ្នឹងកម្មករចេញតវ៉ាដោយសារតែថៅកែស្រីគាត់បញ្ឈប់កម្មករដោយគ្មានមូលហេតុ។ខ្ញុំចង់ឱ្យគាត់ចូលធ្វើការវិញ ហើយមួយទៀតកុំឱ្យគាត់បញ្ឈប់កម្មករបន្តទៀត» ។
កម្មការិនីម្នាក់ទៀតអ្នកស្រី សន សុខដា បានប្រាប់ថា បច្ចុប្បន្នរោងចក្រមួយនេះមិនសូវមានការងារឱ្យកម្មករធ្វើនោះទេ។ អ្នកស្រីថា មុនបញ្ឈប់កម្មករជាង៤០នាក់នោះពីការងារ គឺកស្រីថា មុនោយបញ្ឈប់កម្មករ្ឡទថៅកែបានឱ្យកម្មករទាំងនោះ ធ្វើការងាអនាម័យសម្អាតរោងចក្រ២ទៅ៣ថ្ងៃ។
អ្នកស្រីបានសំណូមពរដល់ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ដស្វាយរៀងជួយអន្តរាគមន៍ដោះស្រាយករណីនេះជូនកម្មករ ដោយធ្វើយ៉ាងណាឱ្យថៅកែទទួលយកម្មករចូលធ្វើការងារវិញ និងបើកលុយជូនកម្មករទៅតាមការកំណត់។
អ្នកស្រីលើកឡើងថា៖ «មុនហ្នឹងយើងមានកំហុសអ្វីយើងត្រូវព្រមាន យើងត្រូវនិយាយមិនមែនមកដល់ថតកាតបញ្ឈប់ចោលៗខ្ញុំយល់ថាអយុត្តិធម៌សម្រាប់ពួកគាត់ អយុត្តិធម៌ហើយការងាររញ៉េរញ៉ៃ» ។
បើតាមលិខិតរបស់កម្មករ គឺពួកគេទាមទារលក្ខខណ្ឌការងារមានចំនួន១៣ចំណុច រួមមាន ពេលក្រុមហ៊ុនបញ្ឈប់កម្មករពីការងារត្រូវទូទាត់អត្ថប្រយោជន៍ជូនកម្មករតាមច្បាប់ស្តីពីការងារ ហើយត្រូវផ្ដល់លុយធ្វើដំណើរចំនួន១៨ដុល្លា លុយព្រីម១៥ដុល្លានៅក្នុងមួយខែ លុយបាយថ្ងៃត្រង់មួយថ្ងៃ៤០០០រៀល សម្អាតបន្ទប់ទឹកឱ្យស្អាតមានទឹកគ្រប់គ្រាន់ និងត្រូវឧបត្ថម្ភលុយចំនួន២០ដុល្លាដល់ស្រ្ដីមានកូនខ្ចីនៅក្នុងមួយខែផងដែរ។
លិខិតដដែលនេះបន្ថែមថាទៀតថា នៅពេលកម្មករមានធុរៈសុំច្បាប់ ឬមានសំបុត្រពេទ្យដែលបញ្ជាក់ពីគ្រូពេទ្យត្រឹមត្រូវ គឺក្រុមហ៊ុនត្រូវរក្សាប្រាក់ឈ្នួលនៅដដែល ហើយក្រុមហ៊ុនត្រូវធ្វើកិច្ចសន្យាការងារចាប់ពី៦ខែទៅ១ឆ្នាំ និងលក្ខខណ្ឌផ្សេងៗទៀត។
ជុំវិញរឿងនេះ ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីប្រធានរដ្ឋបាលរោងចក្រដាប់ប៊ែយូភីស្ព័តបានទេ ដោយទូរសព្ទចូលតែគ្មានអ្នកទទួល ។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ដស្វាយរៀងលោក អ៊ូ សុខឿន បានថ្លែងយ៉ាងខ្លីថា លោកមិនអាចបញ្ជាក់បានទេ ដោយលោកថា លោកកំពុងដោះស្រាយករណីនេះ។
លោក ប៊ុត ម៉ារ៉ា អនុប្រធានសហព័ន្ធសហជិព សិទ្ធិកម្មករខ្មែរ មានប្រសាសន៍ថា ការបញ្ឈប់កម្មករតាមអំពើចិត្ដបែបនេះ គឺជាការរំលោភច្បាប់ស្ដីពីការងារ។ លោកថា កម្មករ កម្មការិនីបាននាំគ្មាផ្ដិតមេដៃឱ្យលោកអមដំណើរកម្មករចូលទៅដោះស្រាយជាមួយក្រុមហ៊ុន និងមន្រ្ដី នៃមន្ទីរការងារខេត្ដស្វាយរៀង ប៉ុន្តែក្រុមហ៊ុនមិនឱ្យចូលដោះស្រាយនោះទេ ដែលលោកចាត់ទុកសកម្មភាពនេះថា ជាការរើសអើងសហជិព។
លោកលើកឡើងថា៖ «ខ្ញុំយល់ឃើញថាគាត់បញ្ឈប់ខុសពីនិតិវិធីច្បាប់ចង់បញ្ឈប់ៗ»។
ក្រុមកម្មករឱ្យដឹងថា រោងចក្រដាប់ប៊ែយូភីស្ព័ត ខេមបូឌា(WP SPORTS Cambodia) ជារោងចក្រផលិតសម្ភារៈកីឡាសម្រាប់នាំទៅលក់នៅក្រៅប្រទេស មានថៅកែជាជនជាតិចិន និងមានកម្មករបម្រើការងាជាង១០០០នាក់៕
………………………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា