អង្គការមួយដែលធ្វើការងារផ្នែកលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ ជំរុញទៅអាជ្ញាធរ និងប្រជាពលរដ្ឋឱ្យត្រៀមវិធានការទប់ស្កាត់គ្រោះមហន្តរាយផ្សេងៗ ក្រោយពីបញ្ហានេះ បានកើតឡើងក្នុងសហគមន៍ដោយសារបញ្ហាការបម្រែបម្រួលអាកាសធាតុ។
ថ្មីៗនេះ អង្គការលំនៅឋានមនុស្សជាតិកម្ពុជាបានរៀបចំកិច្ចពិភាក្សាមួយរវាងតំណាងសហគមន៍ និងអាជ្ញាធរក្រោមប្រធានបទ «ការគ្រប់គ្រងគ្រោះមហន្តរាយនៅឃុំសង្កាត់ពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ» ដែលប្រជាពលរដ្ឋ និងចៅសង្កាត់មកពីសង្កាត់ចំនួន៦ នៃក្រុងបាត់ដំបងចូលរួម។
ក្នុងកិច្ចប្រជុំនោះ អ្នកស្រី គីម ស្រៀង មន្ត្រីមគម្រោងការលំនៅឋានមនុស្សជាតិកម្ពុជាបានថ្លែងថា គ្រោះមហន្តរាយដែលធ្លាប់កើតឡើងក្នុងសហគមន៍ក្នុងខេត្តបាត់ដំបងកន្លងមកមានដូចជាបញ្ហាទឹកជំនន់ គ្រោះអគ្គិភ័យ បាក់ច្រាំងស្ទឹង និងខ្យល់ព្យុះ ឬខ្យល់កន្រ្តាក់ជាដើម ដែលបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ។
អ្នកស្រី គីម ស្រៀង បន្តថា ដើម្បីដោះស្រាយ និងបញ្ជៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ គឺ ប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងដែលសមត្ថកិច្ចនីមួយៗត្រូវត្រៀមខ្លួន និងត្រៀមវិធានការទប់ស្កាត់បញ្ហាទាំងអស់នោះ។
អ្នកស្រីបន្ថែមថា៖«ពេលទឹកជនលិចយើងត្រូវពិនិត្យប្រព័ន្ធលូ។ ពេលមានខ្យល់កន្ត្រាក់បាក់ផ្ទះសម្បែងយើងត្រូវមានកម្មវិធីជួយឧបត្ថម្ភសម្ភារៈទុកជួសជុលផ្ទះសម្បែងប្រជាពលរដ្ឋឡើងវិញ។ ពេលទឹកជាន់ខ្លាំងយើងត្រូវវិធីសាស្ត្រជម្លាស់ប្រជាពលរដ្ឋ យើងត្រូវទីទួលសុវត្តិភាពសម្រាប់គាត់ ហើយត្រូវមានតង់ ថ្នាំព្យាលសង្គ្រោះបឋម ម្ហូបអាហារ និងត្រូវធ្វើផែនទីកន្លែងងាយរង់គ្រោះដើម្បីងាយស្រួសជួយសង្គ្រោះ»។
លោក គាំ ចាន់ថា ប្រធានគម្រោងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា បានណែនាំដល់អាជ្ញាធរ និងប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ និងផ្សព្វផ្សាយពីផលប៉ះពាល់ នៃគ្រោះមហន្តរាយដែលកើតឡើងដោយសារការបម្រែបម្រួលអាកាសធាតុ ដោយលោកបង្ហាញយុទ្ធសាស្ត្រចំនួន ដើម្បីបញ្ជៀស និងទប់ស្កាត់មុនពេលកើតហេតុ។
លោក គាំ ចាន់ថា បន្តថា ប្រជាពលរដ្ឋជាពិសេសអាជ្ញាធរក្នុងដែនសមត្ថកិច្ចត្រូវកសាងទំនប់ទឹក ការដាំដើមឈើទប់ខ្យល់កន្ត្រាក់ ការផ្តល់ជាជំនួយ និងរកទីតាំង ដើម្បីជួយរំដោះប្រជាពលរដ្ឋឱ្យមានសុវត្តិភាពជាដើម។
លោកបន្ថែមថា៖«ទីតាំងសំខាន់ៗដែលរងការខូចខាតត្រូវស្ដារឡើងវិញ ត្រូវពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍ លើកបញ្ហាមកប្រជុំមុនជួយអន្តរាគមន៍ដូចជា បញ្ហាទឹកជំនន់ បាក់ច្រាំងស្ទឹង គ្រោះអគ្គិភ័យ ដែលកើតឡើង ខ្យល់ព្យុះកន្ត្រាក់ និងគ្រោះរាំងស្ងួត» ។
លោក ខាំ សម្រើប ជាមន្រ្តីទទួលបន្ទុកធនធានទឹក និងឧតុនិយខេត្តបាត់ដំបងមានប្រសាសន៍ថា ការចូលរួមពិភាក្សានេះជាការដាស់ស្មារតីដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធឱ្យមានការប្រុងប្រយ័ត្ន និងមានវិធានការមុនពេលកើតហេតុ។ លោកថា នៅឆ្នាំ២០២៤នេះ អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវត្រៀមខ្លួនដោះស្រាយទីតាំងដែលធ្លាប់រងគ្រោះកាលពីឆ្នាំចាស់ ដើម្បីកុំឱ្យកើតមានបញ្ហាម្តងទៀត។
លោកបន្ថែមថា៖«ក្នុងនាមយើងជាអាជ្ញាធរដែនដី និងពលរដ្ឋសហគមន៍គួរតែត្រៀមខ្លួនឱ្យបានមុនពេលកើតហេតុ ដើម្បីកុំឱ្យបញ្ហាទាំងនោះកើតឡើងក្នុងទីតាំងចាស់បន្តទៀត។ ហើយសហគមន៍នីមួយៗគួរតែប្រមូលគ្នាត្រៀម GPS និងរូបផែនទីប្រចាំទីតាំងសហគមន៍ ដើម្បីងាយស្រួលរុករកទីរកន្លែងដែលគាត់នៅ។ ហើយត្រៀមកន្លែងទីជម្រកដែលមានដីទួល ព្រមទាំងថ្នាំសង្កូវទុកសម្រាប់ព្យាបាលពលរដ្ឌផងដែរ»។
របាយការណ៍សង្ខេបរបស់ក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងឆ្នាំ២០២៣បញ្ហាគ្រោះរាំងស្ងួតបានធ្វើឱ្យប៉ះពាល់ដំណាំស្រូវសរុប ចំនួន៩ ៥៥៨ហិកតា ស្មើនឹងគ្រួសារកសិករចំនួន១៨ ៩៩៦គ្រួសារដោយក្នុងនោះខូចខាតស្រូវសរុបចំនួន៥១១៣ហិកតា។
របាយការណ៍នេះឱ្យដឹងទៀតថា ចំពោះបញ្ហាខ្យល់កន្ត្រាក់វិញ បានធ្វើឱ្យប៉ះពាល់ពលរដ្ឋសរុបចំនួន៣៧គ្រួសារ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ ៣៧ខ្នង ដោយក្នុងនោះខូចមធ្យម១១ខ្នង ខូចធ្ងន់១៣ខ្នង ខូចទាំងស្រុង ១៣ខ្នង និងខូចខាងអគារសាធារណៈសាលរៀនរដ្ឋចំនួន១ខ្នង៕
……………………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ងាប សុខចន្ទ