CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

ក្រសួងថា រាជធានី-ខេត្តចំនួន៤ មានសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដែលមានការបំពុលខ្លាំង​

CJs khmer ដោយ CJs khmer
January 24, 2025
ក្នុង បរិស្ថាន
0
ក្រសួងថា រាជធានី-ខេត្តចំនួន៤ មានសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដែលមានការបំពុលខ្លាំង​

ទិដ្ឋភាពប្រជាពលរដ្ឋឆ្លងសាឡាងពេលព្រឹក ពីកំពង់ចម្លងស្វាយជ្រុំមកកាន់រាជធានីភ្នំពេញ។ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ (រូបភាព៖ នឿន ដាវីន)

0
ចែករំលែក
150
ចំនួនមើល

ក្រសួងបរិស្ថាន ឱ្យដឹង​​ថា រាជធានីភ្នំពេញ និង​ខេត្ត​ចំនួន៣ មានសន្ទស្សន៍គុណភាពខ្យល់​ដល់បន្ទាត់ក្រហម ដែលមានន័យ​ថា ខ្យល់ពុល​​​ខ្លាំង ខណៈ​ខេត្តចំនួន​៣ផ្សេងទៀត​ស្ថិតក្នុងកម្រិត​ការបំពុលមធ្យម ដែលករណីនេះក្រសួង​បានណែនាំ​ដល់​អាជ្ញាធរ​រាជធានី ខេត្ត និង​ពលរដ្ឋ ចូលរួម​ចាត់វិធានការ​ទប់ស្កាត់ និង​​​កាត់បន្ថយ​ការ​បំពុល ព្រមទាំង​​​​ការ​ពារ​សុខភាព​។​

អ្នកនាំពាក្យក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា បាន​ឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះថា ​យោងតាម​ទិន្នន័យ​គុណ​ភាព​ខ្យល់ តាម​រយៈ​ឧបករណ៍ និង​ស្ថានីយ​តាម​ដាន​ត្រួត​ពិនិត្យ​គុណភាព​ខ្យល់​ចំនួន​៦០​ទីតាំង​នៅ​ទូទាំង​ប្រទេស បានបង្ហាញថា ខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។

តែយ៉ាងណា លោកថា ទីតាំងរាជធានី​-ខេត្តចំនួន៤ រួមមាន បន្ទាយ​មាន​ជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិត​ក្នុង​សន្ទស្សន៍​គុណភាព​ខ្យល់​ពណ៌​ក្រហម (មានការ​បំពុលខ្លាំង) ដោយ​​មាន​​ការ​​កើន​ឡើង​​កំហាប់ភាគ​ល្អិត​និចល ដែល​មានវិជ្ឈមាឌតូចជាង ឬ​ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស ខណៈ​​ខេត្ត​ចំនួន៣ផ្សេង​ទៀត​ រួមមាន ព្រៃវែង ពោធិ៍សាត់ និងប៉ៃលិន ស្ថិតនៅក្នុងសន្ទស្សន៍ពណ៌ទឹកក្រូច (ការបំពុលមធ្យម)។

មន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងទៀត​ថា៖ «ការកើនឡើងកំហាប់សារធាតុបំពុលខ្យល់​នៅក្នុងបរិយាកាសនេះ គឺពាក់ព័ន្ធទៅនឹងការប្រែប្រួលធាតុ​អាកាស ដែល​បណ្តាល​ឱ្យ​ PM2.5 មានការកើនឡើង ព្រមទាំងការបញ្ចេញសារធាតុ​បំពុល​ពី​ប្រភព​នានា ដូចជា មានការឆេះ ការដុត ការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹងនៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត»។

ក្នុងន័យនេះ អ្នកនាំពាក្យក្រសួង​បរិស្ថាន បានស្នើដល់​អាជ្ញាធរ​រាជធានី-ខេត្ត និង​ប្រជាពលរដ្ឋ នៅ​ក្នុង​តំបន់ដែល​​​​​មាន​​ខ្យល់​ពុល​​ ចូលរួមសហការផ្សព្វផ្សាយ និងចាត់វិធានការទប់ស្កាត់និងកាត់បន្ថយការបំពុល ដូចជាសម្អាត​លំនៅដ្ឋាន ផ្លូវថ្នល់ ប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទប់ស្កាត់ការដុត ធូលីហុយ និងករណីឆេះផ្សេងៗ ជាពិសេសការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹង នៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។ លោក​ក៏បានអំពាវនាវ​ដល់ប្រជាពលរដ្ឋ ត្រូវ​ការពារសុខភាពឱ្យ​បាន​​ល្អ ហើយ​​ប្រសិនបើមានស្ថានភាពសុខភាពខុសប្រក្រតី គួរតែពិគ្រោះជាមួយគ្រូពេទ្យ នៅតាមមន្ទីរពេទ្យ ដែលស្ថិតនៅក្បែរកន្លែងរស់នៅ។

ក្នុងសន្និសីទសារព័ត៌មាន នៅ​ថ្ងៃទី២៣ ខែមករា​ ម្សិលមិញនេះ អ្នកនាំពាក្យក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា បាន​លើកឡើង​ថា ការបំពុលខ្យល់នៅកម្ពុជា មិនទាន់កើនឡើងដល់កម្រិត​នៃការបង្កហានិភ័យធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​នោះ​ទេ។ 

សម្រាប់បញ្ហាបំពុលខ្យល់នេះ គម្រោង Clean Air Cambodia Project របស់ JICA រកឃើញថា កំហាប់ភាគល្អិត PM2.5 នៅរាជធានីភ្នំពេញ មានអត្រាខ្ពស់​លើស​ពី​ធម្មតា ចន្លោះ​ពី​ 70 µg/m³ ទៅ 105 µg/m³ តាំងពីថ្ងៃ​ទី​២៣ ខែ​មករា ម្សិលមិញ ដែលចំនួននេះ ជំរុញឱ្យការប្រុងប្រយ័ត្នអំពីហានិភ័យសុខភា​ព​ប្រព័ន្ធ​ផ្លូវ​ដង្ហើម សម្រាប់​ប្រជាជន ជាពិសេសមនុស្សចាស់ និងកុមារ។

ចំណែក គេហទំព័រ IQ Air ដែលជាក្រុមហ៊ុនវាស់ស្ទង់គុណភាពខ្យល់របស់ប្រទេសស្វីស ក៏បាន​បង្ហាញទិន្នន័យ​ពី​កម្រិត​ខ្យល់ពុលនៅតាមបណ្តាទីក្រុង​នានា​ក្នុងពិភពលោក ដោយក្នុងនោះ រាជធានី​ភ្នំពេញ ឈរនៅលេខរៀងទី៥ ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ដែលមានខ្យល់ពុលខ្ពស់។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បានឱ្យ​ដឹងតាមរយៈសំណេរ​​នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក​នៅថ្ងៃទី២៣ ខែ​មករា​ថា ខ្យល់​ពុល អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ព្រោះវា​អាចចូលទៅជ្រៅទៅក្នុង​សួត​ពេល​ស្រូប​ចូល។​ ក្រសួងបន្ត​ថា អ្នកដែល​ងាយ​រង​គ្រោះ​ដោយសារ​ខ្យល់ពុល គឺ​​កុមារ និងទារក ដោយ​សារ​ពួក​គេដកដង្ហើមលឿន និងទំហំ​រាង​កាយ​នៅ​តូច។

លោកស្រីបន្តថា ផលប៉ះពាល់ដោយសារ​ខ្យល់ពុល​ទៅលើ​សុខភាព មានដូចជា ខ្វះអុកស៊ីហ្សែន ក្អក រលាក​ផ្លូវ​ដង្ហើម ទម្ងន់ទារកកើតមក​ទាប រោគ​ហឺត ជំងឺរលាកសួត និងបំពង់ក លើសសម្ពាធឈាម ជំងឺបេះដូង និងបណ្តាល​ឱ្យមានការប៉ះពាល់ដល់ប្រព័ន្ធប្រសាទខួរក្បាលជាដើម។

លោកស្រីបានណែនាំពី​វិធី​ការពារ​នៅពេលកម្រិត​គុណភាព​ខ្យល់​មិនល្អកើត​មាន​ច្រើន​នៅកន្លែង​ណាមួយ​ថា ត្រូវ​​ពាក់​ម៉ាស់​ពេល​ចេញក្រៅ ​ជៀសវាងការស្នាក់យូរម៉ោង​នៅក្នុងតំបន់មានសកម្មភាពច្រើនពេក ដូចជា​ទីតាំង​ដែល​មាន​ការ​ប្រើ​ប្រាស់យាន​យន្ត​ច្រើន ឬតំបន់ដែលមានចរាចរណ៍ច្រើនពេក ប្រើឧបករណ៍ស្រូបយកធូលីក្នុងផ្ទះ និងដាំដើមឈើជុំវិញផ្ទះ ព្រមទាំង​ត្រូវ​គ្រប់គ្រង​សុខភាពផ្ទាល់ខ្លួន ដោយទៅពិនិត្យសុខភាពជាប្រចាំ​ ដើម្បីអាច​ដឹង​បាន​ទាន់​ពេល​នូ​វ​ផលប៉ះពាល់ពីការដឹងថា​មានការបំពុលខ្យល់។

អ្នកស្រី បូ ធារ៉ី អាយុ ៣៥ឆ្នាំ​ ជាអាជីវករ​នៅ​ផ្សារ​កាប់គោ ក្នុង​រាជធានីភ្នំពេញ មានប្រសាសន៍ថា ប៉ុន្មានថ្ងៃចុងក្រោយ​នេះ អ្នកស្រី​​សង្កេត​ឃើញ​ស្ថាន​ភាព​អាកាសធាតុ​នៅរាជធានី​ភ្នំពេញ មាន​ចុះ​ផ្សែង​អ័ព្ទ​ច្រើន តែមិនដឹងថាជាខ្យល់​ពុលឬយ៉ាងណា​​​នោះទេ ខណៈមួយរយៈនេះ អ្នកស្រីក៏​មាន​អាការៈ​ក្តៅ​ខ្លួន ក្អក ឈឺ ក និង​ឆាប់​ឈឺភ្នែក​ជាដើម។ តែយ៉ាងណា អ្នកស្រីបានទទួលព័ត៌មានតៗគ្នាមកថា ការ​ចុះអ័ព្ទនេះ អាចជាខ្យល់ពុល ដែល​អាច​ប៉ះ​ពាល់​ដល់​សុខភាព។

ករណីនេះ អ្នកស្រី​បាន​បង្ហាញ​ពីក្តីបារម្ភចំពោះបញ្ហាសុខ​ភាព ដែលបង្ក​ដោយ​ខ្យល់ពុលនេះ ដោយសារ​អ្នកស្រីប្រកបរបរលក់ដូរទីសាធារណៈ និងមាន​កូន​តូចៗ​ពីរនាក់ និងមនុស្សវ័យ​ចំណាស់នៅផ្ទះ។

អ្នកស្រី ធារ៉ី បាន​និយាយថា៖ «ខ្ញុំមានកូនតូចៗពីរនៅផ្ទះ បើខ្យល់ពុលកាន់​តែកើនឡើង ខ្ញុំបារម្ភដល់កូន ពេលចេញ​ក្រៅម្ត​ង​ៗ ខ្ញុំពាក់ម៉ាស់ឱ្យពួកគាត់ជានិច្ច»។

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែមករា ក៏បានចេញសេចក្តីប្រកាសព័ត៌មានដែរ​ថា​ កម្ពុជា នឹង​មាន​បាតុភូតចុះអ័ព្ទ​ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែ​មករា ឆ្នាំ២០២៥ ដោយ​អំពាវនាវ​ដល់​​ប្រជាពលរដ្ឋ​​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ ប៉ុន្តែក្រសួង​មិនបានបញ្ជាក់​ពីមូលហេតុ និង​​​អំពីកម្រិតខ្យល់ពុលនោះទេ ។

ពាក់ព័ន្ធនឹងរឿង​ខ្យល់ពុលមានកម្រិត​ខ្ពស់​នេះដែរ នៅ​​ប្រទេសថៃ ក្បែរខាងកម្ពុជា ក៏កំពុងជួបប្រទះដែរ ដោយរដ្ឋាភិបាល​នៃ​ប្រទេស​នេះ បាន​​ប្រកាសបិទសាលារៀនជិត ២០០កន្លែង ក្នុងក្រុង​​បាងកក និង​បាន​ណែនាំព​លរដ្ឋខ្លួន​ឱ្យបំពេញការងារពីផ្ទះ និងរឹតបន្តឹងលើការប្រើប្រាស់យានយន្តធុនធ្ងន់​ក្នុង​ទីក្រុង។ នេះបើតាមកា​រចុះផ្សាយ​របស់​​កាសែត The Nation Thailand នៅ​ថ្ងៃទី២៣ ខែមករា។ 

​លោក វៀត សាវុធ អាយុ២១ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យមួយកន្លែងក្នុងរាជធានីភ្នំពេញ បង្ហាញការ​ព្រួយបា​រម្ភចំពោះសុខភាព បន្ទាប់ពីទទួលព័ត៌មានអំពីខ្យល់ពុល។

លោកថា បើតាមព័ត៌មានដែល​ក្រសួងប្រកាស សន្ទស្សន៍​​ខ្យល់​ពុលនៅ​រាជធានីភ្នំពេញ និង​ខេត្តចំនួន​៣ទៀត​នោះ មានភាព​​ប្រហាក់​ប្រហែល​គ្នា​នឹង​នៅទីក្រុង​បាងកក​ ប្រទេសថៃ ប៉ុន្តែរដ្ឋាភិបាលថៃបានប្រកាសប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន ហើយ​ឱ្យធ្វើការ​នៅផ្ទះ​ និងឈានដល់ការ​បិទសាលារៀន​ជាដើម ដោយឡែកនៅកម្ពុជា លោក​ហាក់ពុំបានឃើញវិធានការ​ដូចនៅប្រទេស​ជិត ហើយ​ប្រជាពលរដ្ឋ​នៅបន្តធ្វើដំណើរតាមដងផ្លូវជា​ធម្មតាដោយភាគច្រើនពុំមានពាក់ម៉ាស់ថែមទៀត។​

លោកថា៖ «ខ្ញុំព្រួយបារម្ភ គ្រាន់ឃើញព័ត៌មានហ្នឹងភ្លាម ខ្ញុំឆាតប្រាប់ទៅកាន់មិត្តភត្តិ និងអ្នកស្គាល់ដែលរស់នៅភ្នំពេញ ឱ្យប្រយ័ត្ន ព្រោះវាប៉ះពាល់ច្រើន ដូចទិន្នន័យមួយរយៈមុននៅប្រទេសថៃ មាន​អត្រាអ្នកកើតជំងឺមហារីកសួត​ច្រើន ដោយ​សារ​ដង់ស៊ីតេនៅប្រទេសថៃមួយរយៈមុនកង្វក់(ខ្យល់ពុលខ្លាំង) អ៊ីចឹងខ្ញុំឃើញហើយ ខ្ញុំព្រួយបារម្ភ ចាប់ផ្ដើមពាក់ម៉ាស់​មកធ្វើការ»។

លោក សាន់ ម៉ាឡា អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន មាន​ប្រសាសន៍ថាចំពោះស្ថានភាពគុណភាពខ្យល់ពុល​នៅរាជធានី​ភ្នំពេញ និងខេត្តមួយចំនួន គឺ​​ជា​​កត្តា​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ បើទោះបីមន្ត្រី​ក្រសួងបរិស្ថាន​​ថា មិនទាន់ដល់កម្រិតប្រកាសអាសន្នក៏ដោយ។ 

លោកថា៖​ «ខ្មែរយើងតែងមានពាក្យថា ការពារប្រសើរជាងព្យាបាល ដូច្នេះហើយទោះបីស្ថានភាពគុណភាពខ្យល់​នៅក្នុងរាជធានីភ្នំពេញ មិនទាន់ឈានដល់កម្រិតប្រកាសអាសន្ន ក៏រដ្ឋគួរតែមានវិធានការការពារ។ ជាពិសេស​ផ្តល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយមានតម្លាភាពចំពោះប្រជាពលរដ្ឋ»។ 

លោកជំរុញឱ្យអាជ្ញាធរគួតែប្រកាសឱ្យប្រជាពលរដ្ឋដឹងចំៗ នៅពេលមានបញ្ហាអ្វីមួយកើតឡើង និងណែនាំវិធានការបង្ការទប់ស្កាត់ ដើម្បីជាការត្រៀមខ្លួន ព្រមទាំងការពារសុខភាពរបស់ពួកគាត់។ លើសពីនេះ លោកថា រដ្ឋាភិបាលថ្មី គួរ​តែ​គិត​គូរដល់សោភណ្ឌភាពទីក្រុង និងចាប់ផ្តើមដាំដើមឈើ​ឱ្យបានច្រើនក្នុងទីក្រុង ក៏ដូចជាបង្កើតសួន​សាធារណៈឱ្យបានច្រើន ដើម្បីការពារស្ថានភាពបែបនេះ​ទៀតនាពេលអនាគត។

សូមជម្រាបថា ការបំពុលខ្យល់ បានក្លាយជាកត្តាដ៏គ្រោះថ្នាក់ ដែលបណ្ដាលឱ្យស្លាប់ឈានមុខគេទី២ បន្ទាប់ពីជំងឺ​លើស​សម្ពាធ​ឈាម ហើយយ៉ាងហោចណាស់ មនុស្សនៅលើពិភពលោក​​ចំនួន​ ៧លាននាក់​​​បានស្លាប់​​ក្នុងមួយឆ្នាំៗ ពីការបំពុល​ខ្យល់ នេះ​បើតាមការប៉ាន់ប្រមាណរបស់អង្គការសុភាពពិភពលោក (WHO)៕
……………………………………

អត្ថបទដោយ៖ រ៉ាត់ ទី 

អត្ថបទមុន

កម្ពុជាមានកំណើនអ្នកធ្វើអត្តឃាតកើនឡើងជាង២០០ករណីភាគច្រើនជាបុរស

អត្ថបទបន្ទាប់

តុលាការកំពូល ​តម្កល់​សាលក្រម​តុលាការថ្នាក់ក្រោមក្នុង​សំណុំរឿងមន្ត្រីបក្សភ្លើង​ទៀន​លោក ចៅ វាសនា

អត្ថបទបន្ទាប់
តុលាការកំពូល ​តម្កល់​សាលក្រម​តុលាការថ្នាក់ក្រោមក្នុង​សំណុំរឿងមន្ត្រីបក្សភ្លើង​ទៀន​លោក ចៅ វាសនា

តុលាការកំពូល ​តម្កល់​សាលក្រម​តុលាការថ្នាក់ក្រោមក្នុង​សំណុំរឿងមន្ត្រីបក្សភ្លើង​ទៀន​លោក ចៅ វាសនា

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង