បណ្ដាញសហគមន៍ព្រៃឡង់ខេត្ដកំពង់ធំបានឱ្យដឹងថា ព្រៃឡង់ប្រមាណ៥០ហិកតាត្រូវបានគេកាប់បំផ្លាញ ដើម្បីយកដីធ្វើជាកម្មសិទ្ធិឯកជនដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ។
បណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ បានសហការគ្នាជាមួយសហគមន៍ព្រៃឈើក្បាលអូរធ្នង់ សហគមន៍ក្បាលខ្លា និងសហគមន៍អូដាស្គរចុះល្បាតព្រៃឡង់រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រទះឃើញការកាប់ឈើនៅតំបន់ព្រៃឡង់ប្រមាណ៥០ហិកតា ស្ថិតនៅត្រង់ចំណុចអូរតាលោកក្នុងភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ ។
អ្នកសម្របសម្រួលបណ្ដាញព្រៃឡង់ប្រចាំខេត្ដកំពង់ធំ លោក ហឿន សុភាព បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា បទល្មើសកាប់បំផ្លាញព្រៃឈើនេះគឺ ស្នាមកាប់ថ្មីៗ និងមានលក្ខណៈទ្រង់ទ្រាយធំ។ លោកថា តំបន់ដែលកំពុងរងការកាប់បំផ្លាញនោះ គឺស្ថិតនៅក្រោមការគ្រប់គ្រង់របស់ក្រសួងបរិស្ថាន។
លោក ហឿន សុភាព បានដាក់ការសង្ស័យថា ការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំបែបនេះ គឺអាចជាប់ពាក់ព័ន្ធអំពើពុករលួយ ឬការផ្សំគំនិតគ្នាណាមួយ រវាងមន្ត្រីបរិស្ថានដែលឈរជើងនៅទីនោះ និងជនល្មើស ព្រោះថា ការកាប់បំផ្លាញព្រៃឈើនៅតំបន់នោះ ធ្វើឡើងដោយម៉ាស៊ីនដែលមានសំឡេងលឺខ្លាំង និងមានជួលកម្មករជាច្រើននាក់ទៅកាប់ទៀតផង។
សកម្មជនការពារព្រៃឈើរូបនេះបន្តថា កន្លងមកដីព្រៃដែលត្រូវបានកាប់រានគឺ រដ្ឋមិនដែលបានដកហូតយកមកគ្រប់គ្រងវិញឡើយ ហើយដីព្រៃទាំងនោះតែងតែធ្លាក់ទៅដៃឈ្មួញជាអ្នកគ្រប់គ្រងទៅវិញ។ លោកបន្ថែមថា កន្លងមកសហគមន៍ធ្លាប់ចាប់ជនល្មើសកាប់ឈើចំនួន២នាក់ និងឧបករណ៍មួយចំនួនទៅឱ្យរដ្ឋបាលព្រៃឈើ ប៉ុន្តែត្រូវបានដោះលែងវិញ ដោយមិនបានអនុវត្តតាមច្បាប់ឡើយ។
លោកលើកឡើងថា៖ « ច្បាប់មានហើយ ច្បាប់ព្រៃឈើច្បាប់តំបន់ការពារ យើងគួរតែអនុវត្តទៅតាមគោលការណ៍ច្បាប់។ដំណាក់កាលនេះ យើងនៅតែយោគយល់ យើងនៅតែនិយាយថា ខ្លាចបាត់សន្លឹកឆ្នោតខ្លាចបាត់តំណែងពីជួររដ្ឋាភិបាល ប្រជាជនគាត់នៅតែធ្វើការខុសច្បាប់។ […..]បរិស្ថានគាត់មានស្នាក់ការអែបផ្លូវ ហើយផ្លូវហ្នឹងហើយ គឺជាផ្លូវដែលគេដឹកឈើរាល់ថ្ងៃ បើមិនមានជាប់ពាក់ព័ន្ធមន្រ្ដីនៅក្នុងស្នាក់ការនោះទេ ឈើមិនអាចចេញរួចនោះទេ» ។
សមាជិកបណ្ដាញព្រៃឡង់លោក សេក សឿង និយាយថា ពេលយប់ឡើងលោកបានលឺសំឡេងម៉ាស៊ីនអារឈើនៅក្នុងដែនព្រៃឡង់ ហើយសំឡេងទាំងនោះ មានចំនួនច្រើនកន្លែង ប៉ុន្តែពួកគាត់មិនអាចទប់ស្កាត់បានឡើយ ដោយសារមានការហាមឃាត់ពីមន្ត្រីបរិស្ថានមិនឱ្យចូលទៅមើល។
សកម្មជនព្រៃឈើរូបនេះ បានបង្ហាញការព្រួយបារម្ភពីការបាត់បង់ព្រៃឈើនៅតំបន់ព្រៃឡង់ឆាប់រហ័សដែលធ្វើប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋដែលរស់នៅពឹងផ្អែកអាស្រ័យផលទៅលើព្រៃឈើ និងបាត់បង់ជម្រកសត្វព្រៃជាដើម។
លោក សេក សឿង បន្តថា ការកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតមាននេះ គឺដោយសារក្រសួងបរិស្ថានមិនឱ្យពលរដ្ឋឬសហគមន៍ព្រៃឈើចុះល្បាតនៅក្នុងព្រៃឡង់បានដូចគ្រាលមុន។
លោកលើកឡើងថា៖ « ខ្ញុំមានការព្រួយបារម្ភច្រើនសកម្មភាពកាប់ព្រៃឡង់ធំធេង កាប់ទ្រង់ទ្រាយធំដុំណាស់។ ខ្ញុំសោកស្ដាយណាស់ដោយសារសហគមន៍ព្រៃឡង់យើងអត់បានចុះ [ល្បាត]ដូចពីដើម ពីមុនមកយើងបានធ្វើការពាក់ព័ន្ធព្រៃឡង់រាល់ថ្ងៃគេឈប់ឱ្យចូលព្រៃឡង់ចឹងបានវាបាត់បង់បន្តិចម្ដងៗ» ។
ជំទប់ទី១ ឃុំមានរិទ្ធ លោក សូរ ឌុច ដែលបានចូលរួមល្បាតជាមួយសហគមន៍បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ការកាប់បំផ្លាញព្រៃឈើ ដើម្បីយកដីធ្វើជាកម្មសិទ្ធិពិតជាមានប្រាកដមែន ប៉ុន្តែទំហំប៉ុន្មានហិកតាឱ្យពិតប្រាកដលោកមិនបានដឹងនោះទេ ដោយសារមិនបានវាស់ជាក់ស្ដែង ហើយការកាប់នេះមិនមែនថ្មីទាំងអស់នោះទេ គឺដើមឈើខ្លះនៅក្នុងចំការរបស់ពលរដ្ឋដែលនៅសេសសល់មួយៗ ហើយកន្លែងខ្លះកាប់ថ្មី។
ជំទប់ទី១ឃុំរូបនេះបន្តថា ករណីនេះអាជ្ញាធរកំពុងស្រាវជ្រាវរកមុខអ្នកកាប់បំផ្លាញ ហើយលោក នឹងរាយការណ៍បញ្ហានេះជូនលោកមេឃុំ និងលោកអភិបាលស្រុកនៅពេលប្រជុំប្រចាំខែឱ្យបានដឹង ហើយមានចំណាត់ការបែបណានោះទុកឱ្យថ្នាក់លើជាអ្នកសម្រេច ។
លោកលើកឡើងថា៖ « ខ្ញុំបានដាក់ឱ្យភ្នាក់ងារយើងស្រាវជ្រាវដែរទាំងសហគមន៍ទាំងអ្នកក្រៅសមាជិកសហគន៍របស់យើងខ្ញុំបានឱ្យស្រាវជ្រាវថាតើអ្នកដែលកាប់នោះឈ្មោះអីអ្នកដែលឱ្យកាប់នោះឈ្មោះអីខ្ញុំបានដាក់ឱ្យគាត់ស៊ើបអង្កេតហើយ » ។
មន្រ្ដីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន មានប្រសាសន៍ថា មូលហេតុនៅតែមានការកាប់បំផ្លាញព្រៃឈើ ឬធ្វើអាជីវកម្មមកលើធនធានធម្មជាតិនៅទូរទាំងប្រទេសបែបនេះ គឺបណ្ដាលមកពីកម្សោយនៃការអនុវត្តច្បាប់របស់អាជ្ញាធរ។
លោក អូត ឡាទីន លើកឡើងថា ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ឬរំលោភបំពានធនធានធម្មជាតិធ្វើកម្មសិទ្ធិឱ្យមានប្រសិទ្ធភាពគឺរដ្ឋាភិបាលត្រូវបើកចំហឱ្យមានការចូលរួមការពារពីគ្រប់ភាគីពាក់ព័ន្ធជាពិសេសក្រសួងបរិស្ថានត្រូវបើកឱ្យប្រជាសហគមន៍ចូលការពារព្រៃឡង់ឡើងវិញ។ លោកថា ចាប់តាំងពីក្រសួងបរិស្ថានហាមឃាត់មិនឱ្យប្រជាពលរដ្ឋចូលទៅល្បាតនៅក្នុងព្រៃឡង់ គឺបទល្មើសការកាប់បំផ្លាញព្រៃឈើយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់ ឬកាប់ឈើធ្វើអាជីវកម្មក្នុងតំបន់ការពារមួយនេះមិនអាចការពារបានឡើយ។
លោកលើកឡើងថា៖ « អាជ្ញាធរមានសមត្ថកិច្ចត្រូវធ្វើការសិក្សាស្រាវជ្រាវអំពីបញ្ហាដែលកើតមាន រកអ្នកដែលពាក់ព័ន្ធ ហើយចោទប្រកាន់ ឬរុញករណីហ្នឹងទៅតុលាការ ដើម្បីធ្វើការដោះស្រាយតែម្ដង ដើម្បីឱ្យមានភាពរាងចាល់។ អាជ្ញាធរមូលដ្ឋានត្រូវតែសកម្មនៅក្នុងការបំពេញតួនាទីរបស់ខ្លួន ហើយធ្វើការស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធរកអ្នកដែលប្រព្រឹត្តបទល្មើសយកមកផ្ដន្ទាទោសទៅតាមនីតិវិធីច្បាប់ ដើម្បីផ្ដល់ជាគំរូភាពទៅដល់តំបន់ផ្សេងទៀតធ្វើឱ្យមានភាពរាងចាល់ »។
យោងតាមរបាយការណ៍របស់អង្គការ Global Forest Watch បានឱ្យដឹងថា ចន្លោះពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដែលជាពេលប្រជាជនកម្ពុជាឈប់សម្រាករីករាយក្នុងពិធីបុណ្យចូលឆ្នាំ មានការកាប់បំផ្លាញព្រៃឈើចំនួន ៩៥ ៤៧៨ករណី បានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ១១៥ហិកតា៕
…………………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា