មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានអះអាងថា សមត្ថកិច្ចកំពុងស្រាវជ្រាវអ្នកពាក់ព័ន្ធ ករណីផ្សព្វផ្សាយនូវព័ត៌មានរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធបញ្ហាកោះគុត ដែលជាបញ្ហាកំពុងកើតមានភាពចម្រូងចម្រាស់នាពេលបច្ចុប្បន្នរវាងកម្ពុជា និងថៃ។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានលើកឡើងថា ខ្លឹមសារដែលគណនីឈ្មោះ មុត ចន្ថា (Chantha Muth )បានបង្ហោះគឺជាព័ត៌មានក្លែងបន្លំ ក្នុងចេតនាបោកបញ្ឆោតមតិសាធារណជន ស្ដីពីបញ្ហាអធិបតេយ្យភាពព្រំដែនទឹករវាងប្រទេសកម្ពុជានិងថៃ។ ក្រៅពីនេះ លោកថា ខ្លឹមសារនោះក៏មានគោលបំណងបញ្ឆេះកំហឹងឱ្យប្រជារាលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលកម្ពុជាលើបញ្ហានេះ។
លោកសរសេរលើទំព័រហ្វេសប៊ុកថា៖ «សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធ នឹងការផ្សាយព័ត៌មានក្លែងបន្លំនេះតាមនិតីវិធីច្បាប់ជាធរមាន។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រលំ និងកុំបន្តចែកចាយនូវព័ត៌មានក្លែងបន្លំនេះបន្តទៀត»។
ការអះអាងនេះ ក្រោយពេលគណនីហ្វេសប៊ុកមួយដែលគេស្គាល់ថា ជាមនុស្សជំនិតនឹងលោក កឹម សុខា ហើយក៏ជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ គឺលោក មុត ចន្ថា បានសរសេរថា ប្អូនធម៌ ថាក់ ស៊ីន ថាបងធម៌ ហ៊ុន សែន ចុះហត្ថលេខាលើអនុស្សារណៈ លេខ៤៤ ប្រគល់កោះគុតឱ្យថៃ។
លោក សរសេរទៀតថា អតីតនាយករដ្ឋមន្រ្តី ថាក់ ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវជាប្អូនធម៌របស់អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា “កោះគុត” ជាកម្មសិទ្ធិរបស់ប្រទេសថៃ យោងតាមអនុស្សារណៈ លេខៈ ៤៤ ដែលខ្លួនបានចុះហត្ថលេខាជាមួយលោក ហ៊ុន សែន។
យ៉ាងណា លោកថា កាលពីពលថ្មីៗនេះ លោក ហ៊ុន ម៉ាណែត បានថ្លែងដោយមិនពេញចិត្តចំពោះការរិះគន់ចំពោះរដ្ឋាភិបាលរបស់ខ្លួនដែលថាមិនអើពើចំពោះបញ្ហាកោះគុតដែលប្រទេសថៃបានទន្រ្ទានយក។
លោក មុត ចន្ថា សរសេរទៀតថា៖ «លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រហូតមដល់ពេលនេះគ្មាននរណាទាមទារយកកោះគុតទេ សូម្បីតែថៃក៏អត់មានដែរ។ ប៉ុន្តែអ្វីដែលលោក ហ៊ុន ម៉ាណែត បានអះអាងបែបនេះ ត្រូវបានលោក ថាក់ស៊ីន ទះមួយកំផ្លៀងយ៉ាងធ្ងន់ ដោយលោក ថាក់ស៊ីន បានអះអាងនៅចំពោះមុខតំណាងរាស្រ្តគណបក្សភឿថៃថា “កោះគុត គឺជារបស់ថៃ១០០%។ រីឯនាយករដ្ឋមន្រ្តីថៃដែលជាកូនស្រីរបស់លោក ថាក់ ស៊ីន និងត្រូវជាប្អូនស្រីធម៌របស់លោក ហ៊ុន ម៉ាណែត ក៏បានអះអាងអំពីកម្មសិទ្ធិរបស់ប្រទេសថៃទៅលើកោះគុត ផងដែរ។ ដូច្នេះទាំងឪ ទាំងកូនស្រី បានទះកំផ្លៀងលោក ហ៊ុន សែន ដោយចំអកសើចពេបជ្រាយ»។
លោក មុត ចន្ថា ក៏បានសរសេរចោទជាសំណួរថា តើអនុស្សារណៈ លេខៈ 44 ដែលលោក ហ៊ុន សែន បានចុះហត្ថលេខាជាមួយលោក ថាក់ ស៊ីន អតីនាយករដ្ឋមន្រ្តីថៃ ដែលជាប្អូនធម៌នោះ បានប្រគល់កោះគុតដែលជាតំបន់សមុទ្រត្រួតស៊ីគ្នាទៅឱ្យប្រទេសថៃមែនទេ? លោកថា បើសិនជាវាមិនពិតទេ ហេតុអីប្អូនធម៌ឈ្មោះថាក់ស៊ីន ស៊ីណាវ៉ាត្រា ហ៊ានអះអាងពីកម្មសិទ្ធិលើកោះគុត ឬមួយបានប្រគល់កោះគុតទៅឱ្យប្អូនធម៊មែន?
អតីតមនុស្សជំនិតរបស់លោក កឹម សុខា ដដែលបន្ថែមថា បើទោះបីមានអនុស្សារណៈដែលបានប្រគល់កោះគុតទៅឱ្យប្រទេសថៃមែន ក៏ដោយ ប៉ុន្តែវាមិនអាចធ្វើបានទេ ព្រោះវាបានរំលោភបំពានលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលបានក្លាយជាច្បាប់អន្តរជាតិ អំពីបញ្ហាដែនសមុទ្ររវាងកម្ពជា និង សៀម។
លោក មុត ចន្ថា បន្ថែមថា ៖«ប្រជាពលរដ្ឋខ្មែរទាមទារឱ្យលោក ហ៊ុន សែន ចេញមុខស្រាយបំភ្លឺចំពោះអនុស្សារណៈ លេខ៤៤ ដែលលោក ថាក់ ស៊ីន បានអះអាងថាបានប្រគល់កោះគុតទៅឱ្យថៃរួចហើយនោះ។ ប្រសិនជារឿងពិតដូចការអះអាងរបស់លោក ថាក់ស៊ីន មែននោះ វាជាអំពើក្បត់ជាតិមួយធំណាស់ ប៉ុន្តែយើងមិនទាន់ជឿសម្តីអះអាងរបស់លោក ថាក់ស៉ីន នៅឡើយទេ។ ដូចនេះមានតែបងធម៌របស់លោក ថាក់ស៉ីន គឺលោក ហ៊ុន សែន ទេ ដែលមានសិទ្ធិឆ្លើយតបចំពោះការចោទប្រកាន់របស់លោក ថាក់ស៉ីន ដែលថាអនុស្សារណៈ លេខ៤៤ បានកាត់កោះគុតទៅឱ្យថៃនោះ»។
លើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ កាលពីថ្ងៃទី២១ វិច្ឆិកា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអះអាងថា គ្មានឡើយ ការស៊ុមគ្រលុំគ្នាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន រវាងគ្រួសារលោក ហ៊ុន សែន និងគ្រួសារលោក ថាក់ ស៊ីន លើតំបន់ត្រួតស៊ីគ្នានៃកោះគុត។ បន្ថែមពីនេះ កិច្ចការទាក់ទងនឹងរឿងកោះគុត គឺមិនមែនធ្វើឡើងដោយស្ងាត់ៗនោះទេ ដោយថារដ្ឋាភិបាលបានចរចាជាបន្តបន្ទាប់ តាំងពីឆ្នាំ១៩៩៥ ដើម្បីផលប្រយោជន៍ជាតិរួមគ្នា ហើយក៏គ្មានការធ្វើឱ្យបាត់បង់សិទ្ធិក្នុងការចរចាព្រំដែននោះដែរ។
ដោយឡែក នៅពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រចាំឆ្នាំ២០២៤ ដែលរៀបចំនៅថ្ងៃដដែលនោះ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានចាត់ទុកការចោទប្រកាន់របស់ក្រុមប្រឆាំងថៃ និងក្រុមប្រឆាំងខ្មែរនៅក្រៅប្រទេសដែលថា លោក និងលោកថាក់ ស៊ីន បានត្រូវរ៉ូវគ្នាលើបញ្ហាកោះគុតនោះថា ជារឿងអាក្រក់បំផុត។ លោក ហ៊ុន សែន អះអាងថា ការចរចារវាងលោក និងលោក ថាក់ ស៊ីននៅពេលដែលរូបលោកទាំងពីរនៅជានាយករដ្ឋមន្រ្តីនោះ គឺផ្តោតសំខាន់លើការធ្វើអាជីវកម្មខួងប្រេងនៅតំបន់ត្រួតស៊ីគ្នា ប៉ុន្តែកិច្ចការទាំងអស់នេះមិនអាចឈានទៅមុខបាន៕
អ្នកវិភាគនយោបាយមួយរូប គឺ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងថា បើមានភ័ស្តតាងច្បាស់លាស់ ខ្មែរយើងអាចប្រើប្រាស់យន្កការដោះស្រាយការរំលោភរបស់ថៃយកកោះរបស់យើង ដែលមានចែងក្នុងមាត្រា៥ នៃកិច្ចព្រមព្រៀងទាក់ទិនទៅនិងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹត្យភាព និងឯកភាពជាតិនៃកម្ពុជា៕
…………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ