អ្នកសារព័ត៌មានម្នាក់បានចាត់ទុក ករណីសមត្ថកិច្ចខេត្តស្វាយរៀង កោះហៅខ្លួនឱ្យឆ្លើយបំភ្លឺពាក់ព័ន្ធបណ្តឹងបទបរិហាកេរ្ដិ៍ជាសាធារណៈ ថាជាការគំរាមកំហែង និងរឹតត្បិតសេរីភាពផ្នែកសារព័ត៌មាននៅកម្ពុជា ដោយការចាត់ទុកនេះ ក្រោយពេលលោកផ្សាយរឿងមិនប្រក្រតីនៃដំណើរការសាងសង់ផ្លូវមួយចំនួនក្នុងមូលដ្ឋាននៅខេត្តនេះ។
កាលពីថ្ងៃទី២៨ ខែសីហា ស្នងការដ្ឋាននគបាលខេត្ដស្វាយរៀង បានចេញលិខិតកោះហៅលោក ផាត់ ហ៊ន ដែលជាចាងហ្វាងសារព័ត៌មានអនឡាញខេអេចផ្លើសញ៉ូ(KH Plus News) ឱ្យឆ្លើយបំភ្លឺនៅការិយាល័យនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៅថ្ងែទី១ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធបទ «បរិហាកេរ្ដិ៍ជាសាធារណៈ» តាមបណ្តឹងរបស់មេធាវីមួយរូប។
ករណីសមត្ថកិច្ចខេត្តស្វាយរៀងកោះហៅលោក ផាត់ ហ៊ន ឱ្យឆ្លើយបំភ្លឺនេះ ធ្វើឡើងក្រោយពីអ្នកសារព័ត៌មានរូបនោះបានព្យាយាមផ្សាយជាបន្តបន្ទាប់ ជុំវិញរឿងអាជ្ញាធរខេត្តស្វាយរៀង យកលុយបដិភាគឃុំទៅសាងសង់ផ្លូវ ដោយមិនមានគុណភាព និងបន្ទាប់ពីរដ្ឋបាលខេត្តហៅលោក ផាត់ ហ៊ន អ្នករាយការណ៍ព័ត៌មាន ខេអេចផ្លើសញ៉ូ ទៅព្រមានឱ្យឈប់ផ្សាយបែបនោះទៀត។
លោក ផាត់ ហ៊ន ជាចាងហ្វាងគេហទំព័រ ខេអេចផ្លើសញ៉ូ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា អ្នកដែលប្តឹងរូបលោកនោះ គឺជាមេធាវីតំណាងឱ្យរដ្ឋបាលសាលាខេត្ដស្វាយរៀង។ លោកថា ករណីអាជ្ញាធរខេត្តស្វាយរៀងប្តឹងរូបលោកនេះ គឺជាការគំរាមកំហែង និងរឹតត្បិតសិទ្ធិសេរីភាពផ្នែកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។
ជាចាងហ្វាងនិងជាអ្នករាយការណ៍ព័ត៌មានផងរូបនេះបន្តថា កន្លងមកលោកបានផ្សារជាច្រើនជុំវិញរឿងរដ្ឋបាលខេត្តស្វាយរៀងប្រើប្រាស់ថវិកាជាតិមិនបានល្អ ដោយមន្ត្រីថ្នាក់ក្រោមជាតិមួយនេះបានចំណាយថវិការជាតិសម្រាប់ធ្វើផ្លូវនៅតាមឃុំសង្កាត់មួយចំនួនអស់លុយច្រើន ប៉ុន្តែផ្លូវគ្មានគុណភាពឡើយ។
លោកលើកឡើងថា៖ « លើសពីរឹតត្បិត ដោយសារយើងផ្សាយតែព័ត៌មាន យើងមិនបានប៉ះពាល់ដល់អាជ្ញាធរខេត្ដនោះទេ។ យើងផ្សាយប៉ះពាល់តែមន្រ្ដីមូលដ្ឋានមួយចំនួនដែលអត់យកចិត្ដទុកដាក់មើលក្រុមហ៊ុនសាងសង់ផ្លូវ។ នៅប៉ុន្មានថ្ងៃមុន ខាងរដ្ឋបាលខេត្ដគេហៅយើងទៅ ដើម្បីបិទយើងមិនឱ្យផ្សាយជាដាច់ខាតតែម្ដង »។
លោក ផាត់ ហ៊ន បន្ថែមថា លោកនឹងចូលខ្លួនចូលឆ្លើយបំភ្លឺតាមការកោះហៅរបស់សមត្ថកិច្ច ដោយថា លោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ ហើយលោកសង្ឃឹមថា នឹងទទួលបានយុត្តិធម៌។ លោកថា ការផ្សាយព័ត៌មានរបស់លោកកន្លងមករឿងធ្វើផ្លូវគ្មានគុណភាពនោះ គឺធ្វើឡើងតាមការសំណូមពររបស់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវនៅតំបន់នោះតែប៉ុណ្ណោះ និងជារឿងពិតផងដែរ។
អ្នករាយការណ៍ព័ត៌មានរូបនេះបានលើកឡើងទៀតថា ការប្តឹងរូបលោក និងសារព័ត៌មានផ្សេងទៀត ដោយគ្រាន់តែផ្សាយរឿងមិនប្រក្រដី រឿងមន្ត្រីពុករលួយ និងភាពអសកម្មរបស់មន្ត្រីរដ្ឋនោះ គឺជាការផ្តល់ឱកាស ឬបើកដៃមន្ត្រីខិលខូចប្រព្រឹត្តអំពើពុករលួយកាត់តែខ្លាំងថែមទៀត។ លោកថា មន្ត្រីថ្នាក់លើគួរតែចុះស៊ើបអង្កេតរកការពិត ក្រោយពីអ្នកសារព័ត៌មានផ្សាយពីបញ្ហាមិនប្រក្រតីរបស់អាជ្ញាធរថ្នាក់ក្រោម ជាជាងប្តឹងអ្នកសារព័ត៌មានបែបនេះ។
លោកបន្ថែមថា៖ « ខ្ញុំសុំសំណូមពរទៅដល់មន្រ្ដីពាក់ពន្ធទាំងអស់ពេលដែលយើងផ្សាយ[ព័ត៌មាន]ទៅហើយ សង្ឃឹមថាគាត់នឹងចុះស្រាវជ្រាវព័ត៌មាន។ ខ្ញុំនិងអង្គភាពផ្សេងៗទៀតដែលផ្សាយព័ត៌មានចុះស្រាវជ្រាវស៊ើបអង្កេតថា រឿងហ្នឹងវាពិតអត់? កុំចាំចាប់តែកំហុសរបស់អ្នកសារព័ត៌មាន ដើម្បីដាក់បន្ទុក ឬក៏ប្ដឹងទៅលើអ្នកសារព័ត៌មានគ្រាន់តែផ្សព្វផ្សាយព័ត៌មានឱ្យមន្រ្ដីជ្រាបជាព័ត៌មាន ស្រាវជ្រាវសិនទៅហើយចាំប្ដឹងខ្ញុំ »។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីមេធាវីដែលតំណាងឱ្យរដ្ឋបានសាលាខេត្ដស្វាយរៀង និងប្រធានមន្ទីរព័ត៌មានខេត្ដនេះ លោក កែវ ចាន់លី បានទេពាក់ព័ន្ធករណីនេះ។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី មានប្រសាសន៍ថា នៅពេលដែលអ្នកសារព័ត៌មានចេញផ្សាយព័ត៌មានទៅ ហើយអាជ្ញាធរពាក់ព័ន្ធយល់ឃើញថា មិនមានភាពត្រឹមត្រូវ លើសខ្វះ ឬមិនមានព័ត៌មានគ្រប់គ្រាន់នៅក្នុងព័ត៌មាននោះទេ គឺអាជ្ញាធរគួរតែផ្ដល់ព័ត៌មានបន្ថែម ដើម្បីឱ្យអ្នកសារព័ត៌មានធ្វើការកែតំរូវព័ត៌មាននោះឡើងវិញ។
លោក ណុប វី លើកឡើងថា ការប្ដឹងអ្នកសារព័ត៌មានបែននេះគួរតែជៀសវាង។ លោកស្នើដល់អាជ្ញាធរនៅថ្នាក់មូលដ្ឋានត្រូវចេះស្វែងយល់ឱ្យបានច្រើនជាមួយច្បាប់ដែលពាក់ព័ន្ធ មុនសម្រេចចិត្ដប្ដឹងអ្នកសារព័ត៌មាន។ លោកថា ការចូលរួមផ្សាយរបស់អ្នកសារព័ត៌មាន ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍ។
លោក ណុប វី អំពាវនាវឱ្យបញ្ឈប់ការបង្កការរាំងស្ទះទៅដល់អ្នកសារព័ត៌មានក្នុងការចូលរួមបង្ហាញពីភាពអវិជ្ជមានដែលកើតមានឡើងនៅក្នុងសង្គម។ យ៉ាងណា លោកក៏ស្នើដល់អ្នកសារព័ត៌មានគ្រប់រូបត្រូវមានក្រមសីលធម៌វីជ្ជាជីវៈក្នុងការរាយការណ៍ព័ត៌មានផងដែរ ដោយជៀសវាងការប្រើប្រាស់ពាក្យសំដីដែលធ្វើឱ្យមានការយល់ច្រឡំ និងមិនត្រូវដើរតួរជាអាជ្ញាធរនោះទេ។
លោកលើកឡើងថា៖ « ការប្ដឹងផ្ដល់ដោយមិនអនុវត្តតាមច្បាប់វាជាចំណុចមួយដែលខុសឆ្គង។ គប្បីគួរជឿសវាង ហើយខ្ញុំមើលឃើញថា សមត្ថកិច្ច ឬអាជ្ញាធរនៅមូលដ្ឋានគួរតែស្វែងយល់ឱ្យបានច្រើនទាក់ទងហ្នឹងច្បាប់ពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណា យើងធ្វើកិច្ចការរួមមួយមានប្រសិទ្ធភាព។ វាមិនរាំងស្ទះក្នុងការចូលរួមចំណែកនៅក្នុងការចូលរួមបង្ហាញពីភាពអវិជ្ជមាននៅក្នុងសង្គម ឬជំរុញឱ្យមានតម្លាភាពនៅក្នុងសង្គម » ។
កាលពីថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៣ រដ្ឋបាលខេត្តស្វាយរៀង បានចេញលិខិតបំភ្លឺមួយជុំវិញការផ្សាយរបស់សារព័ត៌មានអនឡាញ ខេអេចផ្លើសញ៉ូ ដែលផ្សាយថា រដ្ឋបាលខេត្តនេះ ប្រើប្រាស់ថវិកាជាតិដែលជាមូលនិធិឃុំទៅសាងសង់ផ្លូវមួយចំនួនក្នុងខេត្តនេះពុំមានគុណភាព។
ក្នុងលិខិតនោះ រដ្ឋបាលខេត្តបានលើកឡើងថា ការផ្សាយរបស់សារព័ត៌មានជារឿងមិនពិត និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ និងមានចរិកញុះញង់ឱ្យសាធារណជនរើសអើងមន្ត្រីសាធារណៈ និងបានព្រមានចាត់វិធានការច្បាប់ផងដែរ។
រដ្ឋបាលខេត្តស្វាយរៀង អះអាងថា តាមការចុះពិនិត្យពីមន្ត្រីបច្ចេកទេស នៃរដ្ឋបាលខេត្ត គឺរាល់ការសាងសង់ផ្លូវនោះបានអនុវត្តត្រឹមត្រូវតាមស្តង់ដា។
កាលពីខែមីនា ឆ្នាំ២០២៣ គេហទំព័រព័ត៌មានជាភាសាខ្មែរចំនួនបី ត្រូវបានក្រសួងព័ត៌មានលុបចោលអាជ្ញាបណ្ណ ដោយសារសរសេរចោទប្រកាន់ករណីឆបោកដីធ្លីជាប់ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាល៕