អ្នកសារព័ត៌មានអនឡាញម្នាក់ បង្ហាញក្តីសង្ឃឹមថា តុលាការខេត្តកំពង់ធំ នឹងផ្តល់យុត្តិធម៌ដល់រូបគេក្នុងសំណុំរឿងមន្ត្រីបរិស្ថានខេត្តនេះបានប្រើប្រាស់អំហិង្សាកាលពីចុងឆ្នាំ២០២៤។
ក្តីសង្ឃឹមនេះ ក្រោយពេលរូបគេបានចូលឆ្លើយបំភ្លឺនៅតុលាការកាលពីថ្ងៃទី៦ ខែឧសភា តាមដីកាកោះហៅរបស់តំណាងអយ្យការអមសាលាដំបូងខេត្ដកំពង់ធំ ក្នុងនាមជាដើមបណ្ដឹងឱ្យផ្ដល់សក្ខីកម្មនៅក្នុងសំណុំរឿងប្រើប្រាស់អំពើហិង្សាលើអ្នកសារព័ត៌មានរូបនោះបង្កឡើងដោយមន្រ្ដីបរិស្ថាន ។
លោក សឿ សុជា អ្នកកាសែតអនឡាញ HPN News បានប្រាប់ពលរដ្ឋអ្នកសាព័ត៌មាននៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នេះរំលឹករឿងរ៉ាវហិង្សានោះថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបានចុះទៅយកព័ត៌មានថតរូប និងវីដេអូពាក់ព័ន្ធករណីឈូសឆាយព្រៃឈើដើម្បីរំលោភយកដីព្រៃធ្វើកម្មសិទ្ធិឯកជន ឯដីខ្លះត្រូវបានគេកាប់ ឆ្ការ ដុត និងដាំកៅស៊ូថ្មីស្ថិតនៅក្នុងឃុំសុចិត្រ ។
លោកបន្តថា ក្រោយពីប្រមូលព័ត៌មានរួចក្នុងនាមលោកជាអ្នកកាសែតបានចូលទៅសុំសម្ភាសន៍មន្រ្ដីបរិស្ថានដែលប្រចាំការនៅទីបញ្ជាការស្រាលការពារធនធានធម្មជាតិព្រៃឈើអូរឃ្នង តែត្រូវមន្រ្ដីនៅទីនោះមិនផ្ដល់បទសម្ភាសន៍ និងដើរគេចចេញទៅបាត់ ។
លោកបន្ថែមទៀតថា ក្រោយរងចាំមន្រ្ដីបរិស្ថានរយៈពេលជាង១០នាទី លោកក៏បានជិះម៉ូតូត្រឡប់ទៅវិញចេញពីស្នាក់ការបរិស្ថានបានប្រហែល១០ម៉ែត្របានជួបលោក ផាន សំអាត មន្រ្ដីបរិស្ថានប្រចាំការនៅតំបន់អូរឃ្នង លោកចូលទៅសុំសម្ភាសន៍ម្ដងទៀតតែត្រូវលោក ផាន សំអាត ប្រើពាក្យសម្ដីមិនសមរម្យ និងបានប៉ះសម្ដីគ្នាបន្តិបន្តួច ។
លោក សឿ សុជា បានអះអាងថា លោ ផាន សំអាត បានធាក់លោកមួយជើងពីក្រោយធ្វើឱ្យលោកដួល ហើយលោក សំអាត បានចាប់ក្រៀកកលោកបោកខ្ទុបទៅលើដីធ្វើឱ្យលោកពិបាកដកដង្ហើម។
លោកលើកឡើងថា៖ «ខ្ញុំចាំពេលហ្នឹងគាត់ធាក់ជើងឆ្វេងខ្ញុំមួយជើងគេធាក់ដើម្បីផ្ដួលដើម្បីឱ្យខ្ញុំអស់ជំហរ។ ធាក់ហើយបានគេចាប់កខ្ញុំក្រៀក ក្រៀកហើយគេបោក នៅពេលក្រៀកទៅវាខ្ទុបដង្ហើម ដកដង្ហើមអត់រួចទេពេលហ្នឹង ខ្ញុំដួលភ្ជុញទៅនឹងដីបានទាហានម្នាក់ដែលឈរនៅក្បែហ្នឹងស្រែកថាបានហើយៗបានគាត់[លោក ផាន សំអាត]លែង» ។
លោក សឿ សុជា ថាបន្ទាប់ពីរងនូវអំពើហិង្សារួចលោកបានទៅដាក់ពាក្យប្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសុចិត្រ ប៉ុន្តែនៅល្ងាចថ្ងៃកើតហេតុប៉ូលិសរដ្ឋបាលឃុំសុចិត្របានឱ្យលោកទៅដាក់ពាក្យប្ដឹងនៅស្នងការនគរបាលខេត្ដកំពង់ធំវិញ បច្ចុប្បន្នរឿងនេះត្រូវបានទៅដល់ដៃតុលាការ ។
តំណាងអយ្យការអមសាលាដំបូងខេត្ដកំពង់ធំលោក សឿ ឡងឌី បានចេញដីការកោះហៅលោក សឿ សុជា អ្នកកាសែតអនឡាញ HPN News ដែលជាដើមបណ្ដឹងឱ្យចូលខ្លួនផ្ដល់សក្ខីកម្មកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ រឿងមន្រ្ដីបរិស្ថានម្នាក់ឈ្មោះ ផាន សំអាត ប្រើអំពើហិង្សាកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចទីបញ្ជាការស្រាលការពារធនធានធម្មជាតិព្រៃឈើអូរឃ្នង ភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ។
ក្រោយចូលឆ្លើយបំភ្លឺរួច លោក សឿ សុជា សង្ឃឹមថា តុលាការខេត្តកំពង់ធំនឹងចាត់វិធានការផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងទៅលើជនដៃដល់ដែលប្រើអំពើហិង្សាដោយមិនមានការលើកលែងបទចោទឬបន្ធូរបន្ថយទោស ព្រោះការប្រើអំពើហិង្សាមកលើរូបលោកជាបទល្មើសព្រហ្មទណ្ឌ។
លោកលើកឡើងថា៖ «សំណូមពរឱ្យតុលាការគាត់ចាត់វិធានការទៅតាមនិតិវិធីច្បាប់។សូមឱ្យអយ្យការហើយហ្នឹងតុលាការមេត្តាចាត់វិធានការទៅតាមផ្លូវច្បាប់ទៅកុំឱ្យលើកលែងការចោទប្រកាន់ឬបន្ធូរបន្ថយទោសណាមួយ» ។
លោក សុជា ចាត់ទុកការប្រើអំពើហិង្សាមកលើរាងកាយរបស់លោកថា ជាការបំភិតបំភ័យជាបទល្មើសជាក់ស្ដែងជាការប្រមាថបង្កឡើងដោយមន្រ្ដីអនុវត្តច្បាប់ដែលមិនអាចលើកលែងបាន។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីលោក ផាន សំអាត មន្រ្ដីបរិស្ថានដែលរងការចោទថាបានប្រើអំពើហិង្សាទៅលើអ្នកសារព័ត៌មានបានទេនៅថ្ងៃពុធនេះ។
លោក សាយ វាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ដកំពង់ធំ ប្រាប់ថាបច្ចុប្បន្នតុលាការកំពុងធ្វើការស៊ើបអង្កេតប្រមូលភស្តុតាងកោះហៅអ្នកពាក់ព័ន្ធមកសួរនាំស្ដាប់ចម្លើយដើម្បីធ្វើការស្រាវជ្រាវមុនពេលបើសវនាការ។
លោកលើកឡើងថា៖ «គេកំពុងធ្វើការស៊ើបអង្កេត គេកំពុងប្រមូលភស្តុតាង គេកំពុងហៅអ្នកពាក់ព័ន្ធមកសួរ មកស្ដាប់ចម្លើយមកសួរនាំសិន។គេធ្វើលឿនណាស់បងមិនយូរទេធម្មតានិតិវិធីការ[ហៅ]ភាគីពាក់ព័ន្ធមកស្ដាប់ចម្លើយអាចរៀងយូរដែរដោយសារយើងត្រូវស្រាវជ្រាវឱ្យបានល្អិតអន់» ។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាខេមបូចា លោក ណុប វី បានថ្លែងថា អាជ្ញាធរមានសមត្ថកិច្ចជាពិសេសតុលាការត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុតទៅលើជនទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើសឬប្រើអំពើហិង្សាទៅលើអ្នកសារព័ត៌មានព្រោះអ្នកសារព័ត៌មានធ្វើកិច្ចការដើម្បីបម្រើផលប្រយោជន៍សាធារណៈ ។
លោកបន្តថា នៅក្នុងឆ្នាំ២០២៤ខេមបូចាបានរកឃើញការធ្វើទុកបុកម្នេញទៅអ្នកសាព័ត៌មាន មានចំនួន៤១ករណី មានអ្នកសារព័ត៌មានចំនួន៦៤នាក់ត្រូវបានធ្វើទុកបុកម្នេញតាមរយៈប្ដឹងទៅតុលាការ។
លោកលើកឡើងថា៖ «បើសិនជានៅតែមានការកើតឡើងនៅអំពើហិង្សាឬការវាយដំផ្សេងៗលើអ្នកសារព័ត៌មានធ្វើឱ្យអ្នកដែលធ្វើកិច្ចការងារនៅក្នុងការផ្សព្វផ្សាយព័ត៌មានគឺធ្វើឱ្យពួកគាត់ភ័យខ្លាចរអានៅក្នុងការផ្សព្វផ្សាយព័ត៌មាន ជាពិសេសរឿងទាក់ទងហ្នឹងបរិស្ថាន រឿងកាប់បំផ្លាញធនធានធម្មជាតិឬមួយក៏ការកាប់ទន្រ្ទានដីរដ្ឋជាដើមនេះគឺជាផលលំបាកក្នុងករណីដែលការប្រើប្រាស់អំពើហិង្សាមិនត្រូវបានចាត់វិធានការផ្លូវច្បាប់» ។
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកំពង់ធំលោក ផូង វណ្ណ បានចេញដីកា បង្គាប់ឱ្យឃុំខ្លួនលោក សឿ សុជា ពីបទ«ញុះញង់ឱ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យមានការរើសអើង និងបទបរិហាកេរ្តិ៍ជាសាធារណៈ» ប្រព្រឹត្តនៅតាមប្រព័ន្ធហ្វេសប៊ុក និងប្រព័ន្ធតេឡេក្រាម ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៤ តាមមាត្រា៤៩៥ មាត្រា៤៩៦ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។
លោក សឿ សុជា ធ្លាប់អះអាងថា លោកជាអតីតអ្នកសារ ព័ត៌មានអនឡាញធីអិនអឹម(TNM) និងបច្ចុប្បន្នធ្វើជាភ្នាក់ងារ សារព័ត៌មានហង្សប៉ុស្តិ៍(HPN News)។ អ្នកកាសែតរូបនេះក៏ធ្លាប់ត្រូវបានបុរសពីរ នាក់ដែលលោកស្គាល់ថា ជាអ្នករកស៊ីដឹកឈើ និងធ្លាប់ស្គាល់ រាប់អានគ្នាប្តឹងលោកពីបទ៖ «កំហែងយក» នៅអំឡុងឆ្នាំ២០២២ និង២០២៣។ លោកក៏ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនក្នុងពន្ធនាគាររយៈពេល៥ខែ ២០ថ្ងៃផងដែរ។ សំណុំរឿងនេះ លោកត្រូវបានតុលាការខេត្ត កំពង់ធំចេញសាលក្រមកាត់ទោសលោកឱ្យជាប់ពន្ធនាគារ២ឆ្នាំ ប៉ុន្តែទោសនៅសល់ត្រូវព្យួរនៅក្រៅឃុំ។ ប៉ុន្តែលោកមិនពេញចិត្តនឹងការសម្រេចនេះឡើយ ដោយថាជារឿងអយុត្តិធម៌ និងជាការរៀបចំគម្រោងធ្វើស៊ីលោកតែប៉ុណ្ណោះ ហើយក្រោយមក លោក សុជា បានប្តឹងទាស់ទៅសាលាឧទ្ធរណ៍នៅខែធ្នូ ឆ្នាំ២០២៣៕
……………………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា