របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
សហគមន៍ព្រៃឈើមួយកន្លែងស្ថិតក្នុង ស្រុកសន្ទុក ខេត្តកំពង់ធំ កំពុងរងការកាប់បំផ្លាញយកឈើធ្វើអាជីវកម្ម និង ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិឯកជន ដោយពុំទាន់មានការចុះទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាន ក្រោយពីប្រធានសហគមន៍បានទទួលមរណៈភាព។
តំណាងសហគមន៍ព្រៃឈើអូរតាក្រេះ លោក ព្រំ គន្ធី រស់នៅភូមិ ស្រែស្រម៉ ឃុំ ទីពោ ស្រុកសន្ទុក ខេត្ត កំពង់ធំ បានរៀបរាប់ប្រាប់ពលរដ្ឋសារព៍ត៌មាន CCIM ថា លោកមានការព្រួយបារម្ភនឹងការបាត់បង់ព្រៃសហគមន៍ព្រៃឈើអូរតាក្រេះមួយនេះ ដោយថាកំពុងមានការប្រឈមខ្លាំង ព្រោះមានប្រជាពលរដ្ឋចូលកាប់ព្រៃឈើ និងរានយកដីសម្រាប់ដាំស្វាយចន្ទី។ អនុប្រធានសហគមន៍រូបនេះបានបន្តទៀតថា ព្រៃឈើក្នុងសហគមន៍ត្រូវបានកាប់បំផ្លាញជារៀងរាល់ថ្ងៃហើយដឹកចេញក្នុងមួយថ្ងៃៗ មិនតិចជាង២០ ទៅ៣០ គោយន្តកន្ត្រៃនោះឡើយ តែលោកថាមិនទាន់ឃើញមានមន្រ្តីអាជ្ញាធរមានសមត្ថកិច្ចទប់ស្កាត់ឡើយ។
លោកបន្តថា៖ «ទប់លែងឈ្នះហើយ ប្រជាពលរដ្ឋមិនស្តាប់ការហាមប្រាមរបស់តំណាងព្រៃឈើដែលបានហាមទេ គឺរលាយអស់ហើយបើគ្មានកិច្ចអន្តរាគមន៍ពីអាជ្ញាធរ»។
លោក ព្រំ គន្ធី ថា កន្លងមកលោកបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដែរ ប៉ុន្តែគ្មានការឆ្លើយតបឬ កិច្ចអន្តរាគមន៍ណាមួយដើម្បីទប់ស្កាត់ឡើយ ដោយលោកស្នើសុំឱ្យអាជ្ញាធរ ក៏ដូចជាសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ជួយចុះមកទប់ស្កាត់ និងរៀបចំឱ្យមានប្រធាន គណៈកម្មការសារជាថ្មី ដើម្បីបន្តការគ្រប់គ្រងឱ្យមានប្រសិទ្ធភាពឡើងវិញ។
តំណាងបណ្តាញសហគមន៍ព្រៃឈើឃុំ ទីពោ លោក ជៀម វឿន បានឱ្យដឹងថា សហគមន៍ព្រៃឈើក្នុងឃុំ ទីពោ នោះមានចំនួន ៧ សហគមន៍ ប៉ុន្តែសហគមន៍ចំនួន ៣ ដែលមានបញ្ហារងការកាប់រានទន្ទ្រាន់ពីប្រជាពលរដ្ឋ ក្នុងនោះមានសហគមន៍អូរតាក្រេះផងដែរ ក្រោយប្រធានគណៈកម្មការបានស្លាប់ក្នុងអំឡុងឆ្នាំ ២០២១ ដែលមិនទាន់មានគណៈកម្មកាគ្រប់គ្រងច្បាស់លាស់។
លោកបន្តថា៖ « អនុប្រធានមិនហានបន្តកិច្ចការងារការពារ ដោយមិនទាន់ទទួលបានការជ្រើសរើស ឬតែងតាំងជាថ្មី ម្យ៉ាងទៀតសហគមន៍មួយនេះ មិនទាន់មានអង្គការដៃគូរសហការណ៍ជួយគាំទ្រ»។
អនុប្រធានសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង លោក ហ៊ី ឡូត បានប្រាប់ពលរដ្ឋសារព័ត៌មានថា លោកនឹងចុះទៅជួយរៀបចំឱ្យមានប្រធានសហគមន៍ថ្មី ហើយលោកសន្យាថាមិនឱ្យមានការកាប់ទន្ទ្រានបន្តទៀតនោះឡើយ បើមានទៀតលោកនឹងអនុវត្តតាមផ្លូវច្បាប់។
លោកបន្តថា៖ «បើមាន គឺចាប់ដាក់គុកតែម្តង អត់មានស៊ុំក្រលំជាមួយជនខិលខូច បួន ឬប្រាំនាក់ នោះទេ»។
លោក ហ៊ី ឡូតបានបន្ថែមទៀតថា គណៈកម្មការសហគមន៍ព្រៃឈើអូរតាក្រេះ ហាក់មិនបានរាយការណ៏មកខាងសង្កាត់រដ្ឋបាលព្រៃឈើឱ្យជួយឡើយ។
លោកបន្តទៀតថា៖ « ពួកគាត់ហាក់ដូចជាស្ងាត់ មិនបានមកដាក់ពាក្យបណ្តឹងឱ្យសង្កាត់ជួយ បើបានដឹងក៏មិនបណ្តែតបណ្តោយដែរ»។
សហគមន៍ព្រៃឈើអូរតាក្រេះ បានបង្កើត និង ចុះកិច្ចព្រមព្រៀងឡើង នៅថ្ងៃទី២៧ ខែមិនា ឆ្នាំ ២០០៩ មានទំហំដីក្នុងហគមន៍ សរុប ៥៨៩.៩៧ ហិកតា ហើយមានប្រជាពលរដ្ឋអាស្រ័យផលពីផលអនុផលព្រៃឈើចំនួន ១២៥ គ្រួសារ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសលេខ៤៨៩ ប្រក.កសក. ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៨ ប្រកាសលេខ៥៥៥ ប្រក.កសក. ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១០ និងប្រកាសលេខ ០៧៨ ប្រក.កសក. ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការបង្កើតនិងការគ្រប់គ្រងតំបន់ព្រៃសហគមន៍ក្នុងខេត្តកំពង់ធំ មាន ៨២ សហគមន៍ ។
____________________________
អត្ថបទពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ