ក្នុងកិច្ចប្រជុំពិសេសរវាងថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ីនៅថ្ងៃចន្ទនេះ ភាគីទាំងពីរបានកំណត់យកជាផ្លូវការនូវបទឈប់បាញ់ដោយឥតលក្ខខណ្ឌជាបន្ទាន់មួយចាប់ពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ដោយមានវត្តមានភាគីប្រធានប្តូរវេនអាស៊ាន ព្រមទាំងភាគីសង្កេតការណ៍ពីរទៀតគឺសហរដ្ឋអាមេរិក និងចិន។
ទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងនៅល្ងាចថ្ងៃទី២៨ ខែកក្កដា នេះថា ជាលទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងលោក និងនាកយរដ្ឋមន្ត្រីស្តីទីថៃ លោកPhumtham Wechayachai ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នានូវចំណុច៣សំខាន់ៗ រួមមានបទឈប់បាញ់ដោយឥតលក្ខខណ្ឌមួយចាប់ពីម៉ោង១២ យប់នេះ ដើម្បីបន្ថយភាពតានតឹងនៃជម្លោះព្រំដែននៃប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីលើកឡើងថា៖ «1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង24៖00 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡើងវិញនៅសន្តិភាព និងសន្តិសុខ។ 2. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង07៖ 00 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បើមានការឯកភាពពីភាគីទាំងពីរ និង 3. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ»។
នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណដល់ប្រធានអាស៊ានប្តូរវេនគឺ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម(Anwar Ibrahim) ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីនេះ លោកក៏សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ បន្ថែមពីនេះ ក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តអោយភាគីទាំងពីរស្វែងរកការឈប់បាញ់ និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ។
លោកហ៊ុន ម៉ាណែត បន្ថែមថា៖ «ខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងកងទ័ពកម្ពុជានិងកងទ័ពថៃនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់ការកសាងទំនុកចិត្តរវាងគ្នា និងការកែលំអរស្ថានការអោយប្រសើរឡើង ឈានទៅរកប្រក្រតីភាពនៅពេលអនាគត»។
ក្រោយកិច្ចប្រជុំថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាប្រធានអាស៊ានប្តូរវេនជាភាគីសម្របសម្រួល និងមានភាគអាមេរិក ព្រមទាំងចិន ជាអ្នកសង្កេតការណ៍នៅល្ងាចថ្ងៃទី២៨ ខែកក្កដានេះបញ្ចប់ ក៏មានការធ្វើសន្និសីទកាសែតរយៈពេលខ្លីក្រោមការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា បានថ្លែងនៅនាទីដំបូងអំពីលទ្ធផលនៃកិច្ចចរចាដោយ បានសរសើរថា ជំនួបនេះ ទទួលបានលទ្ធផលវិជ្ជមាន។ មេដឹកនាំទាំងពីរ បានបង្ហាញពីបំណងចង់មានបទឈប់បាញ់ភ្លាមៗ។ ក្រោយថ្លែងរួច លោកអាន់វ៉ា ក៏បានប្រគល់វេទិកាដំបូងទៅឱ្យនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដោយលោកមានប្រសាសន៍វែង និងក្បោះក្បាយអំពីលទ្ធផលប្រជុំ ព្រមទាំងចេតនារបស់កម្ពុជាក្នុងការចង់បានសន្តិភាព ខណៈមេដឹកនាំថៃបាននិយាយដោយខ្លីនិងមិនសូវស្តាប់បាននោះឡើយ។
យ៉ាងណា មន្ត្រីជាន់ខ្ពស់នៃកងទ័ពកម្ពុជាបានអះអាងពីការបន្តវាយប្រហារពីសំណាក់កម្លាំងយោធាថៃមកលើអធិបតេយ្យកម្ពុជា នៅមុនពេលមេដឹកនាំប្រទេសទាំងពីរកំពុងបើកកិច្ចប្រជុំនៅប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រឹកទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា ថ្ងៃចន្ទនេះគឺថ្ងៃទី៣ហើយដែលកម្ពុជាត្រូវរងការវាយប្រហារដោយកម្លាំងប្រដាប់អាវុធពីភាគីថៃ។ លោកស្រីបន្តថា តាំងពីថ្ងៃទី២៧ ខែកក្កដា រហូតដល់រំលងអាធ្រាតចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃនៅតែបន្តវាយប្រហារមកលើកម្ពុជានៅតំបន់យោធពលភូមិភាគ៤ ដោយអាវុធធន់ធ្ងន់ ពង្រាយទ័ពកាន់តែច្រើន ព្រមទាំងមានទាំងការប្រើប្រាស់យន្តហោះបាញ់ផ្សេងពុលមកលើអធិបតេយ្យភាពកម្ពុជាផងដែរ។
លោកស្រី ម៉ាលី សុជាតា មានប្រសាសន៍ថា៖ «ការឈ្លានពានេះ បង្ហាញយ៉ាងច្បាស់ក្រឡែត នូវចេតនាក្នុងការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ»។
លោកស្រីបន្តថា ទោះបីជានៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ ដែលខាងរដ្ឋាភិបាលគម្រោងនឹងជួបគ្នាដើម្បីឈានទៅរកបទឈប់បាញ់ក្តី ប៉ុន្តែភាគីថៃនៅតែវាយដោយកម្លាំងយោធាយ៉ាងច្រើនមកលើកម្ពុជារហូតដល់ម៉ោង៥ព្រឹកថ្ងៃនេះ ក្នុងគោលដៅឈ្លានពានយកដីកម្ពុជាដដែល។ យ៉ាងណាលោកស្រីថា កម្លាំងកម្ពុជានៅតែតតាំងជាមួយសត្រូវយ៉ាងអង់អាច ក្លាហាន មិនចុះញមនោះឡើយ។
ខណៈនាយករដ្ឋមន្ត្រីនិងប្រតិភូរបស់កម្ពុជាកំពុងប្រជុំជាមួយភាគីថៃនៅប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលពីប្រធានអាស៊ានប្តូរវេន និងក្រោមការឃ្លាំមើលពីភាគីសហរដ្ឋអាមេរិក និងចិននោះ សារព័ត៌មានដើមអំពិលដែលកំពុងយកព័ត៌មាននៅក្បែរសមរភូមិមុខបញ្ជាក់ថា តំបន់ព្រះវិហារ ថៃសន្ធប់ចូល ថ្មើរជើង និង ផ្លោង ក្តៅលើសដើម រហូតដល់រសៀលថ្ងៃទី២៨ ខែកក្កដានេះ។
សារព័ត៌មានដើមអំពិលលើកឡើងថា៖ «តំបន់ព្រះវិហារ ថៃសន្ធប់ចូល ថ្មើរជើង និង ផ្លោង ក្តៅលើសដើម នៅម៉ោង ៣៖២០នាទីនេះ ខណ: មេដឹកនាំ កម្ពុជា ថៃ កំពុងចរចា នៅប្រទេសម៉ាឡេស៊ី»។
អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា រហូតមកដល់ថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២៥ ពលករខ្មែរបានវិលត្រឡប់ពីប្រទេសថៃវិញមានចំនួនប្រមាណ ២០៣ ៧០៦ នាក់។ ដោយឡែកកាលពីថ្ងៃម្សិលមិញមានពលរដ្ឋខ្មែរចំនួន ១២០ ៤៣៨ នាក់ដែលបានវិលចូលប្រទេសកម្ពុជាវិញ។ នៅថ្ងៃនេះ កម្ពុជារំពឹងថា នឹងមានពលករវិលត្រឡប់ពីប្រទេសថៃមកកម្ពុជាប្រមាណ ១៥ម៉ឺននាក់។ ដូច្នេះក្នុងរយៈពេល ៥ ថ្ងៃនេះ ពលករខ្មែរបានវិលត្រឡប់មកកាន់កម្ពុជាវិញប្រមាណ ៤០ ម៉ឺននាក់ ហើយចំនួននេះនឹងត្រូវកើនឡើងបន្ថែមទៀត ប្រសិនបើការប្រយុទ្ធគ្នានៅតែបន្ត។
ដោយឡែកករណីជនភៀសសឹកវិញ លោកស្រីបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ជនភៀសសឹកដែលបានជម្លៀសមកទីទួលសុវត្ថិភាព និងផ្ទះសាច់ញាតិមានចំនួន ៤ ខេត្ត មានចំនួនសរុបប្រមាណជិត៤ម៉ឺនគ្រួសារ(៣៩ ៨២៨) ស្មើនឹងជាង១៣ម៉ឺននាក់(១៣៤ ៧០៧)រាប់ទាំងកុមារ ស្ត្រីមានផ្ទៃពោះ ចាស់ជរា និងជនពិការ។
ជម្លោះព្រំដែនកម្ពុជា-ថៃ នេះកើតឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយភាគីថៃ បានបង្កហេតុតាមរយៈចេតនារារាំងមិនឱ្យពលរដ្ឋឡើងទៅកាន់ប្រាសាទតាមាន់ និងបានបើកការវាយប្រហារមកលើកម្ពុជាមុន។
ក្រោយកើតហេតុនេះ បណ្តាប្រទេសធំៗតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានសម្តែងក្តីព្រួយបារម្ភជាខ្លាំងចំពោះស្ថានការណ៍នៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ នៅតាមព្រំដែន និងទទូចឱ្យប្រទេសទាំងពីរបានវិលត្រឡប់ទៅរកកិច្ចចរចាដោយសន្តិវិធី។ ក្នុងនោះប្រធានធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៦ ខែកក្កដា ក៏បានចេញមុខសម្របសម្រួលដោយបានទាក់ទងតាមខ្សែទូរសព្ទមកកាន់មេដឹកនាំកម្ពុជា និងថៃ ដើម្បីស្នើឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយផងដែរ៕
……………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ