ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតមួយទៅប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) ស្នើសុំកោះប្រជុំស្ថាប័ននេះជាបន្ទាន់ ដើម្បីសុំកិច្ចអន្តរាគមន៍បញ្ឈប់ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្តីនៃកម្ពុជា ហ៊ុន ម៉ាណែត បានលិខិតផ្ញើជូន លោក Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។
នាយករដ្ឋមន្ត្រីបានបញ្ជាក់ក្នុងលិខិតនោះថា ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានបើកការវាយប្រហារដោយមិនញញើតនិងគិតទុកជាមុន និងដោយចេតនាមកលើទីតាំងកម្ពុជានៅតាមតំបន់ព្រំដែន រួមមានប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ។
លិខិតនាយករដ្ឋមន្ត្រីលើកឡើងថា កម្ពុជាថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត និងខកចិត្តយ៉ាងខ្លាំងចំពោះការឈ្លានពានផ្នែកយោធាដែលគ្មានហេតុផល និងគិតទុកជាមុនដោយកងទ័ពរបស់ថៃ។ ប្រភពដដែលបន្តថា ការវាយប្រហារដោយយោធាថៃនេះ បានបំពានលើគោលការណ៍មិនឈ្លានពាន និងការដោះស្រាយវិវាទដោយសន្តិវិធី ដែលជាគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ការហាមប្រា មការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋណាមួយ ក៏ដូចជាការមិនយកចិត្តទុកដាក់ទាំងស្រុងចំពោះស្មារតីនៃអ្នកជិតខាងដ៏ល្អ។
លោកនាយករដ្ឋមន្ត្រីលើកឡើងក្នុងលិខិតនោះជាភាសាខ្មែរថា៖ « «ដោយពិចារណាលើការឈ្លានពានដ៏ធ្ងន់ធ្ងរនាពេលថ្មីៗនេះរបស់ប្រទេសថៃ មកលើកម្ពុជា ដែលបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ខ្ញុំសូមស្នើឱ្យអ្នកកោះប្រជុំជាបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីបញ្ឈប់ការឈ្លានពានរបស់ប្រទេសថៃ»។
ការស្នើសុំកោះប្រជុំនេះ បន្ទាប់ពីមានហេតុការណ៍ ផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងថៃ ដោយកងទ័ពថៃ បានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបីនាព្រឹក ថ្ងៃទី២៤ កក្កដា។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានសមាជិកចំនួន ១៥ប្រទេស ដែលក្នុងនោះមានសមាជិកអចិន្ត្រៃយ៍មានចំនួន ៥ប្រទេស និងសមាជិកមិនអចិន្ត្រៃយ៌ ១០ ប្រទេស។ សមាជិកអចិន្រ្តៃយ៍ចំនួន៥ ដែលមានសិទ្ធិអំណាចវេតូឬជំទាស់នោះ រួមមានសហរដ្ឋអាមេរិក រុស្ស៉ី ចិន ចក្រភពអង់គ្លេស និងបារាំង។
ដោយឡែកក្រសួងការបរទេសកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយថ្កោលទោសការឈ្លានពានរបស់ថៃមកលើកម្ពុជា។ ក្រសួងការបរទេសក៏បានអំពាវនាវឱ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោលទោសដោយមិនស្ទាក់ស្ទើរ ចំពោះសកម្មភាពខុសច្បាប់របស់ថៃ ហើយត្រូវឱ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលរបស់ខ្លួន។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងជៀសវាងសកម្មភាពឈ្លានពានដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាបានលើកឡើងថា៖ « ទង្វើឈ្លានពាននេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ាន ដែលហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋណាមួយ»។
សេចក្តីថ្លែងការណ៍ដដែលបន្តថា រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះទង្វើគ្មានការគិតគូរ និងអរិភាពនេះរបស់ប្រទេសថៃ។ ការឈ្លានពានខាងយោធាដោយ គ្មានមូលហេតុបែបនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅតាមព្រំដែនរួមរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះបទដ្ឋានក្នុងតំបន់ និងកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិផងដែរ។
នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្ងៃនេះ កងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី។
លោកបន្តថា កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងករណីនេះយើងគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ។
លោកហ៊ុន ម៉ាណែត បន្ថែមថា៖ «រាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធ ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាបាននិងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកបដោយភាពក្លាហានមោះមុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី និង ឧត្តមប្រយោជន៍របស់ជាតិយើងទាំងលើសមរភូមិយោធា និងសមរភូមិការទូត ក៏ដូចជាជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់កងទ័ពថៃនៅពេលនេះ»។
ដោយឡែក ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានលើកឡើងថា ការឈ្លានពានដូចយោធាថៃថានឹងបិទប្រាសាទតាមាន់ធំនៅថ្ងៃនេះដែលបានចេញបទបញ្ជាពីថ្ងៃទី២៣ ខែកក្កដា ហើយពេលនេះទាហានថៃបានចាប់ផ្តើមវាយមកលើកងទ័ពកម្ពុជាហើយ ហើយ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីវាយបកទៅវិញនោះឡើយ។
លោកលើកឡើងថា៖ «កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ»។
ជាមួយគ្នានេះអតីតនាយករដ្ឋមន្ត្រីបានស្នើទៅ ជនរួមជាតិកម្ពុជាកុំភ័យស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុកឬការលក់ទំនិញដំឡើងថ្លៃជាដើម។ លោកក៏ស្នើឱ្យពលរដ្ឋសូមប្រកបកិច្ចការធម្មតាលើគ្រប់វិស័យ និងគ្រប់ទីកន្លែងលើកលែងតែតំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលរងការបាញ់ផ្លោងពីកងទ័ពឈ្លានពានថៃ ព្រមទាំង សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធរបស់យើង៕
……………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ