តំណាងជនជាតិដើមភាគតិចចំនួន៣នាក់នៅស្រុកឆែប ខេត្តព្រះវិហារ បានទាមទារទៅតុលាការខេត្តនេះឱ្យទម្លាក់ចោលបទចោទដោយថា ពួកគេមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។
ប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ លោក យុត ពន្លឺ ចេញដីកាកោះហៅតំណាងតំណាងជនជាតិដើមភាគតិចកួយ៣នាក់ រួមមាន លោក សឿន ថា លោក ពាន សុផាត និងលោក អៀម អោន រស់នៅភូមិប្រើសក្អក ឃុំម្លូរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារចូលបំភ្លឺនៅថ្ងៃទី២៣ ខែកក្កដានេះ ដើម្បីសួរចម្លើយពាក់ព័ន្ធ អំពើលួច (ច្រូតស្រូវ និងដកដំឡូង) ទៅតាមណឹងរបស់តំណាងក្រុមហ៊ុន រ៉ូយហ្វេង (ខេមបូឌា) ។
ខណៈអ្នកភូមិជាង១០០នាក់បានប្រមូលផ្តុំនៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីគាំទ្រតំណាង៣នាក់របស់ពួកគេ ដែលបំភ្លឺចំពោះមុខតុលាការ ដោយពួកគេអះអាងថា តំណាងទាំង៣នាក់នោះពុំមានកំហុសដូចការចោទប្រកាន់។
តំណាងជនជាតិដើមភាគតិច និងជាអ្នកជាប់បណ្តឹងម្នាក់ លោក សឿន ថា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានក្រោយចេញពីសវនាការថា នៅក្នុងសវនាការលោក និងពលរដ្ឋជាប់បណ្តឹងពីរនាក់ទៀតបានស្នើដល់តុលាការសាលាដំបូងខេត្តព្រះវិហារ ផ្តល់យុត្តិធម៌ និងជួយទម្លាក់ចោលបទចោទលើពួកគាត់ ដោយថា ពួកគាត់មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។
ជនជាតិដើមភាគតិចកូយរូបនេះ លើកឡើងថា ករណីពួកគាត់ជាប់បណ្តឹងនៅតុលាការនេះបានធ្វើដល់ជីវភាព ថវិកា រំខានពេលវេលា និងខូចកេរិ៍្តឈ្មោះជាដើម។
លោកបន្តថា ៖«ពួកខ្ញុំអត់មានខុស។ ប្រសិនបើពួកខ្ញុំខុស ខ្ញុំមិនប្រកែកនោះទេ។ ប្រសិន បើបានលួចដកដំឡូងគេត្រឹម១កំណាត់មើម ឬស្រូវគេមួយគ្រាប់ក៏ខ្ញុំអស់ចិត្តដែរ។ គេចោទប្រកាន់ចឹងទៅខ្ញុំអត់សុខចិត្ត»។
តំណាងជនជាតិដើមភាគតិច និងជាអ្នកជាប់បណ្តឹងម្នាក់ទៀត លោក ពាម សុផាត និយាយថា ពាក់ព័ន្ធករណីតុលាការបានកោះហៅពូកគាត់ឱ្យចូលបំភ្លឺចំនួន២ដងរួចមកហើយ ប៉ុន្តែត្រូវបានពួកគាត់សុំពន្យាពេល ហើយសម្រេចបំភ្លឺនៅថ្ងៃ២៣កក្តដានេះ។
ជនជាតិដើមភាគតិចកួយរូបនេះលើកឡើងថា ករណីក្រុមហ៊ុនប្តឹង ហើយតុលាការចាត់ការលើបណ្តឹងនេះ គឺជារឿងអយុត្តិធម៌មួយចំពោះពួកគាត់។ លោកថា ក្រុមហ៊ុនចិនរំលោភយកដីធ្លីដែលពួកគាត់បានអាស្រ័យផលតាំងពីដូនតា និងបានប្តឹងពួកគាត់ទៅតុលាការថែមទៀត។
លោកថាបន្ថែមថា៖«ចំពោះរឿងនេះ គឺវាអយុត្តិធម៌ណាស់ចំពោះពួកខ្ញុំ ហើយពួកខ្ញុំមិនបានប្រព្រឹត្តដូចអ្វីដែលគេចោទទេ គឺវាស្រឡះតែម្ដង។ ហើយខ្ញុំសុំសូមពរឱ្យខាងរាជរដ្ឋាភិបាលក៏ដូចជាសម្ដេចធិបតីហ៊ុនម៉ាណែត ក៏ដូចជាតុលាការចៅក្រម សុំសូមពរទម្លាក់បទចោទនោះទាំងស្រុង ព្រោះអីពួកខ្ញុំមិនបានប្រព្រឹត្តដូចគេចោទទេ»។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បញ្ហានេះជាបញ្ហារ៉ាំរ៉ៃដែលរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធគួរតែរួសរាន់ដោះស្រាយតាមនីវិធីដើម្បីបញ្ចប់បញ្ហា។
លោកថា ៖« ផ្ទុយទៅវិញយើងឃើញថា ពួកគាត់ទទួលរងនៅពាក្យបណ្ដឹងពីតុលាការជាបន្តបន្ទាប់។ ចឹងគួរតែទម្លាក់បទចោទប្រកាន់ពួកគាត់ចោល ហើយងាកទៅរកការដោះស្រាយបញ្ហាដីធ្លីដោយសន្តិវិធី»។
បើតាមជនជាតិដើមភាគតិចកួយនៅតំបន់នោះ បានអះអាងថា ក្រុមហ៊ុនចិន រ៉ូយហ្វេង (ខេមបូឌា) បានចូលមករំលោភបំពានដីធ្លីពួកគេតាំងពីឆ្នាំ២០១២ ពោលគឺ ជិត១៣ឆ្នាំទៅហើយ ដែលអាជ្ញាធរមិនអាចដោះស្រាយបាន ទោះក្រុមហ៊ុននេះ បានប្រកាសក្ស័យធុននៅឆ្នាំ២០១៩ហើយក្តី។
ច្បាប់ភូមិបាលឆ្នាំ២០០១ បានចែងពីកាតព្វកិច្ចរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធត្រូវការពារសិទ្ធិជនជាតិដើមភាគតិច លើសិទ្ធប្រើប្រាស់ដីធ្លីតាមរបៀបជនជាតិផងដែរ។
មាត្រា២៣ នៃច្បាប់នេះចែងថា សហគមន៍ជនជាតិដើមភាគតិច គឺអាចដាំដុះលើដីដែលខ្លួនកាន់កាប់តាមក្បួនខ្នាត ទំនៀមទម្លាប់ នៃការប្រើប្រាស់ដីជាសមូហភាព តាមបែបវប្បធម៌ និងប្រពៃណី។
មាត្រាដដែលនេះបញ្ជាក់ថា ដីជនជាតិដើមភាគតិច មិនមែនមានតែដីដែលបានដាំដុះជាក់ស្តែងនោះទេ ប៉ុន្តែមានដីបំរុងចាំបាច់ ក្នុងការដូរវេនដំណាំថែមទៀត ដែលគេនិយមហៅថា ការធ្វើចំការវិលជុំ។
ចំណែកមាត្រា២៨ នៃច្បាប់ដដែលនេះចែងថា គ្មានអាជ្ញាធរណាមួយ ក្រៅពីសហគមន៍អាចទទួលបានសិទ្ធិលើអចលនវត្ថុរបស់ជនជាតិដើមភាគតិចបានឡើយ។
ក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិរបស់ជនជាតិដើមភាគតិចត្រង់មាត្រា២៦បានចែងថា ជនជាតិដើមភាគតិចមានសិទ្ធិលើដីធ្លី ដែនដី និងធនធានដែលពួកគេមាន ឬកាន់កាប់ ឬបានទទួលជាប្រពៃណី។
មាត្រាដដែលនេះបន្តទៀតថា ជនជាតិដើមភាគតិចមានសិទ្ធិជាម្ចាស់ និងគ្រប់គ្រងរួមទាំងធនធានដែលខ្លួនមាន ដោយសារហេតុផល នៃកម្មសិទ្ធិជាប្រពៃណី ឬការកាន់កាប់ ឬការប្រើប្រាស់ជាប្រពៃណីដ៏ទៃទៀត ក៏ដូចជាអ្វីៗផ្សេងទៀតដែលពួកគេមាន។
សេចក្តីប្រកាសនេះបានបញ្ជាក់ថា រដ្ឋត្រូវទទួលស្គាល់ និងការពារតាមផ្លូវច្បាប់ចំពោះដីធ្លី ដែនដី និងធនធាននានា។ ការទទួលស្គាល់បែបនេះ ត្រូវប្រព្រឹត្តទៅដោយគោរពយ៉ាងត្រឹមត្រូវចំពោះទំនៀមទំលាប់ប្រពៃណី និងប្រព័ន្ធកាន់កាប់ដីធ្លីរបស់ជនជាតិដើមភាគតិចដែលពាក់ព័ន្ធ៕
……………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ចាន់រ៉ាត់ សៀវម៉ិញ