នាយករដ្ឋមន្ត្រីមន្ត្រីបានបញ្ជាក់ថា កម្ពុជាទទួលស្វាគមន៍ព្រះតេជព្រះគុណជនជាតិថៃមួយអង្គ ក្នុងករណីព្រះអង្គចង់និមន្តមករស់នៅប្រទេសកម្ពុជា ក្រោយមានព័ត៌មានថាព្រះអង្គនឹងត្រូវចាប់ព្រះកាយប្រសិនបើចូលទឹកដីថៃ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងនៅលើទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃទី១៩ ខែមិថុនាដោយឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ ដែលមានព្រះនាមហៅក្រៅថា លោកឪស៊ុច។ លោកបានបន្តថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនលោកផ្ទាល់ សូមស្វាគមន៍ព្រះតេជគុណ លោកឪស៊ុច គ្រប់ពេលវេលា ព្រមទាំងពលរដ្ឋផ្សេងទៀតដែលរងការរើសអើងឬប្រមាថដោយប្រការណាមួយពីភាគីថៃ។
លោកនាយករដ្ឋមន្ត្រីលើកឡើងថា៖ «មិនត្រឹមតែចំពោះលោកឪស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារមានសង្ឃដីកាឬបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ខ្ញុំព្រះករុណាខ្ញុំ សូមនិមន្តនិងអញ្ជើញព្រះតេជគុណនិងបងប្អូនមករស់នៅនៅប្រទេសកម្ពុជា»។
ព្រះតេជព្រះគុណ មហានរិន្ទថន ដែលពុទ្ធបរិស័ទខ្មែរស្គាល់ជាទូទៅថា លោកតាស៊ុច ឬលោកឪស៊ុច ជាធម្មកថិកមួយព្រះអង្គ ដែលតែងតែនិមន្តមកទេសនានៅកម្ពុជា ជាពិសេសបណ្តាខេត្តជាប់ព្រំដែន។ មានដើមកំណើតថៃ សញ្ជាតិថៃ និងជាព្រះចៅអធិការវត្តនៅវត្តមួយក្នុងខេត្តបុរីរ៉ាំ តែលោកតាស៊ុច តែងអះអាងថា ព្រះអង្គគឺជាខ្មែរ។
ថ្មីៗនេះ មានព័ត៌មានលើបណ្តាញសង្គមថាព្រះអង្គបានផ្តល់ជំនួយមួយចំនួនដល់កងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងនៅតំបន់ជាប់ព្រំដែនថៃ ជាចំណុចមានភាពតានតឹងនឹងគ្នា។ ក្រៅពីផ្តល់ជំនួយព្រះអង្គក៏បានមានថេរដីការរិះគន់រដ្ឋាភិបាល យោធាថៃ លើរឿងបញ្ហាព្រំដែនកម្ពុជា-ថៃ។ ក្រោយសកម្មភាពរបស់ព្រះអង្គទាំងនេះ ឃើញមានរូបភាពលើបណ្តាញសង្គមបង្ហាញថាតម្រួតថៃជាច្រើនចុះទៅដល់វត្តអារាមដែលព្រះអង្គគង់នៅ ដោយមានព័ត៌មានខ្លះថា រកចាប់ព្រះកាយព្រះអង្គជាដើម។
ការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកម្ពុជាដូចនេះ ក្រោយមានវីដេអូឃ្លីបមួយដោយលោកឪស៊ុច មានថេរដីកាថា តាមព័ត៌មានលោកទទួលបាន គឺព្រះអង្គមិនអាចវិលត្រឡប់ទៅកាន់ប្រទេសថៃដែលលោកធ្លាប់គង់នៅបានឡើយ ដោយអាជ្ញាធរថៃនឹងចាប់ព្រះកាយព្រះអង្គតែម្តង។ តែយ៉ាងណាព្រះអង្គដែលកំពុងគង់នៅប្រទេសកាណាដាថា នឹងវិលមកវិញដែរ ប៉ុន្តែមិនមែនមកថៃឡើយ គឺមកកម្ពុជា។ ព្រះអង្គក៏ស្នើឱ្យរដ្ឋាភិបាលកម្ពុជាកុំចាប់ព្រះអង្គបញ្ជូនទៅរដ្ឋាភិបាលថៃដោយប្រការណាមួយ។
ព្រះអង្គមានថេរដីកាថា៖ «អានេះសូមមេត្តាពីរដ្ឋាភិបាលខ្មែរ កុំចាប់កូណាបញ្ជូនទៅថៃ។ ឧទាហរណ៍ថា រដ្ឋាភិបាលខ្មែរចិត្តខ្មៅចាប់កូណាបញ្ជូនទៅថៃ មុនទៅដល់ថៃ កូណាសុំចងករងាប់លើឡាន ថ្វាយជីវិតនេះទុកនៅទឹកដីខ្មែរ »។
នៅព្រឹកថ្ងៃទី២០ ខែមិថុនា មានការផ្សព្វផ្សាយវីដេអូរបស់ព្រះអង្គពីប្រទេសកាណាដាជាថ្មីទៀត ដោយព្រះអង្គបានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានបញ្ជាក់ជំហរស្វាគមន៍ព្រះអង្គនិងប្រកាសទទួលព្រះអង្គឱ្យគង់នៅកម្ពុជាដោយសុវត្ថិភាព ប្រសិនបើព្រះអង្កចង់និមន្តមក។
ព្រះអង្គបន្តថា៖ «អាត្មាលោកតាស៊ុច សូមអរគុណដល់រដ្ឋាភិបាលខ្មែរ ដែលបានទទួលរាប់អានអាត្មានេះអរគុណនូវទឹកចិត្តនាយករដ្ឋមន្ត្រី រដ្ឋាភិបាលខ្មែរ ព្រមទាំងប្រជាជនខ្មែរគ្រប់ៗគ្នា។ ជីវិតនេះសូមលំអោនកាយថ្វាយព្រះមហាក្សត្រខ្មែរគ្រប់ៗព្រះអង្គ ហើយក៏សូមថ្វាយឧទ្ទិសជីវិតនេះក្នុងទឹកដីខ្មែរ។ សូមជូនពរឱ្យរដ្ឋាភិបាលខ្មែរ សុខសប្បាយ គ្រប់គ្រងប្រទេសដោយសន្តិភាពរហូតដល់ញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាដែលបានរាប់អាននេះ ឱ្យជួបតែសេចក្តីសុខសេចក្តីចម្រើន»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដែរអះអាងថា រាជរដ្ឋាភិបាលនិងប្រជាជនខ្មែរស្វាគមន៍ព្រះតេជគុណ ស៊ុច និងប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយធានាថានឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ។
កាលពីថ្ងៃទី១២ និង១៣ ខែមិថុនា អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្នលោក ហ៊ុន សែន បានលើកឡើងលើបណ្តាញសង្គមថា ប្រសិនបើថៃនៅតែប្រមាថកម្ពុជា និងក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើបញ្ឈប់ទិញទំនិញថៃយកមកប្រើប្រាស់ក្នុងប្រទេសតែម្តង។ លោកក៏បាននែនាំទៅរដ្ឋាភិបាលនូវវិធានការបន្ទាន់៦ចំណុច ដើម្បីទប់ទល់វិធានការបិទច្រកព្រំដែនដោយឯកតោភាគីរបស់ថៃ ទាំងការទិញផលិតផលកសិករ ការបង្វែរអ្នកជំងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។ បន្ថែមពីនេះ ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ លោកថា ពលករខ្មែរអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។
លោក ហ៊ុន សែន ក៏បានបន្តថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន ខណៈបណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់សុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យនិងសំភារៈចាំបាច់ផ្សេងទៀត។
ទោះបីយ៉ាងណា ក៏ដោយលោកអំពាវនាវឱ្យជនរួមជាតិ កុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ៕
……………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ