សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសមេដឹកនាំសហជីព លោក ម៉ម រិទ្ធី ពាក់ព័ន្ធនឹងបទញុះញង់ ទុកជាបានការ។
កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសកំបាំងមុខ តាមមាត្រា ៤៩៤ ៤៩៥ និង ៥២៣ នៃក្រមព្រហ្មទណ្ឌ ដាក់ពន្ធនាគាររយៈពេល១៨ខែ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍» និងបទ «ធ្វើឲ្យបាត់បង់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ» និងពិន័យជាប្រាក់ពីរលានរៀល (ស្មើប្រមាណ ៥០០ដុល្លារ) ក្រោយលោករិះគន់កាស៊ីណូ ជីនប៉ី។ លោកត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីបានកាត់ទោស ក្រោយពីមានបណ្តឹងពីក្រុមហ៊ុន ជីនប៉ី គ្រុប ដែលជាកម្មសិទ្ធិរបស់ជនជាតិចិន។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង មានប្រសាសន៍យ៉ាងខ្លីថា សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី២៧ ខែឧសភានេះ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសលោក ម៉ម រិទ្ធី ទុកជាបានការដដែល។ ប៉ុន្តែលោកពុំបានបញ្ជាក់ថា ការសម្រេចរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដោយសំអាងលើមូលហេតុអ្វីនោះទេ។
លោកថា៖ «តាមសវនាការព្រឹកមិញ ដូចសម្រេចតម្កល់ តម្កល់សាលក្រមរបស់ថ្នាក់ក្រោម»។
ភរិយា លោក ម៉ម រិទ្ធី គឺអ្នកស្រី គង់ សូដា យល់ថា ការចោទប្រកាន់របស់តុលាការទៅលើលោក រិទ្ធី ហាក់មិនស្របតាមសកម្មភាពដែលគាត់បានធ្វើ ខណៈលោក រិទ្ធី ធ្វើសកម្មភាពដើម្បីតែជួយដល់កម្មករ មិនមានចេតនាអ្វីផ្សេងឡើយ។
អ្នកស្រីថា៖ «អ្វីដែលការចោទប្រកាន់របស់គាត់ គឺវាខុសពីការដែលបងរិទ្ធីគាត់ធ្វើ គាត់ធ្វើដើម្បីកម្មករ ហើយការចោទប្រកាន់ថាធ្វើឱ្យមានបទឧក្រិដ្ឋជាអាទិ៍ ធ្វើឱ្យជំទាស់ពីការសម្រេចរបស់តុលាការ ចឹងបងគ្រាន់តែចង់ដឹងថាច្បាប់បែបណា ព្រោះបងអត់បានយល់ដឹងពីខាងហ្នឹង។ តែការឆ្លើយរបស់គាត់ គឺគាត់អត់មានចេតនាធ្វើឱ្យប៉ះពាល់ ឬក៏ចង់ឱ្យមហាជនមិនគោរពការសម្រេចរបស់តុលាការទេ ការលើកឡើងរបស់គាត់គឺដើម្បីជួយកម្មករ ហើយនិងជួយកូនចៅរបស់គាត់ ក្រុមការងាររបស់គាត់អញ្ចឹងណាអូន»។
អ្នកស្រីសំណូមពរឱ្យតុលាការទម្លាក់បទចោទលើលោក ម៉ម រិទ្ធី ព្រោះស្វាមីអ្នកស្រីពុំមានចេតនាបង្កឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនរណាម្នាក់ឡើយ។
អ្នកស្រីស្នើថា៖«សំណូមពរឱ្យគាំត់បានដោះលែងបងរិទ្ធី ឱ្យគាត់បានចេញមកវិញ ព្រោះគាត់អត់មានចេតនាធ្វើឱ្យក្តៅក្រហាយដល់អ្នកណា ឬក៏ធ្វើឱ្យមិនមានការគោរពទៅកាន់តុលាការ ដូចការចោទប្រកាន់ ព្រោះគាត់ជាទូទៅគឺចង់ជួយបុគ្គលិកស្រីម្នាក់ ដែលគាត់បានជាប់ពន្ធនាគារតែប៉ុណ្ណឹងឯង»។
លោក សំ ចំរើន មេធាវីការពារក្ដីឱ្យលោក ម៉ម រិទ្ធី មិនអាចសុំការបញ្ជាក់បន្ថែមបានទេ នៅរសៀលថ្ងៃទី២៧ ខែឧសភានេះ។
លោក អាត់ ធន់ អតីតប្រធានសហភាពការងារកម្ពុជា បង្ហាញការសោកស្ដាយចំពោះសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ ដោយលោកយល់ឃើញថា ការចោទប្រកាន់លើលោក រិទ្ធី មិនផ្អែកលើភស្តុតាងគ្រប់គ្រាន់ទេ។
លោកថា៖ «ជារួមដែលខ្ញុំចូលមើលទិដ្ឋភាពទាំងស្រុងនៅក្នុងសវនាការ ខ្ញុំគិតថា ចំពោះដើមចោទគឺព្រះរាជអាជ្ញាមានតែមួយទេ អត់មានដើមចោទណាមកទេ ប៉ុន្តែចំពោះដើមចោទ ចុងចម្លើយ ឬក៏ជនរងគ្រោះហ្នឹង គឺមានមេធាវី និងបង រិទ្ធី មកចូលរួមឡើងសវនាការ។ ការលើកឡើងរបស់គាត់[លោក ម៉ន រិទ្ធី]គឺច្បាស់ណាស់ គឺច្បាស់មានអង្គហេតុច្បាស់លាស់ ឲ្យដឹងថាបើយោងតាមផ្លូវច្បាប់គាត់ ព្រោះខ្ញុំជាអ្នកសហជីព គឺខ្ញ្ញុំធ្វើការដូចជាមិនមានអ្វីដែលធ្វើការចោទប្រកាន់គាត់ទេ ដូចខ្ញុំនិយាយចឹងវាមិនមែនជាការសម្រេចក្តីរបស់ខ្ញុំ គឺជាការសម្រេចក្តីក្រុមប្រឹក្សាចៅក្រមអ្នកសម្រេចចឹង»។
ទោះជាយ៉ាងនេះក្តី លោកសង្ឃឹមថា ប្រព័ន្ធតុលាការគួរត្រួតពិនិត្យមើលសំណុំរឿងឡើងវិញ ដើម្បីរកយុត្តិធម៌ជូនលោក រិទ្ធី ដោយទម្លាក់សំណុំរឿង និងដោះលែងគាត់ឱ្យមានសេរីភាពវិញ។
លោកមានប្រសាសន៍ថា៖ «ក្នុងនាមខ្ញុំជាតំណាងសហជីពមួយរូបដែរ ខ្ញុំស្នើឱ្យចៅក្រម ព្រះរាជអាជ្ញា ត្រូវត្រួតពិនិត្យមើលសំណុំរឿងឡើងវិញ ជាពិសេសនិតិវីធីនៅក្នុងការកាត់ក្តីហ្នឹង ព្រោះ រិទ្ធី បានបញ្ជាក់តាំងពីសាលាដំបូងរយៈពេលពីរឆ្នាំហ្នឹង អត់ដែលកោះ[ហៅ]គាត់ទេ មកដល់ចោទប្រកាន់នៅ[ភ្នំ]ពេញនេះ ស្រាប់តែមានទោសតែម្តង បានចាប់ខ្លួន ចឹងមានន័យថាតើមានភាពមិនប្រក្រតី»។
ចំណែក មន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក លោក យី សុខសាន្ត ដែលបានចូលរួមស្តាប់ក្នុងសវនាការផ្ទាល់ មានប្រសាសន៍ថា នៅក្នុងសវនាការ លោក ម៉ម រិទ្ធី នៅតែបញ្ជាក់ថា ការចោទប្រកាន់លើរូបលោកជារឿងអយុត្តិធម៌ ក្នុងនាមលោកជាសហជីពដែលបានចុះបញ្ជី នៅក្រសួងការងារ គឺលោកមានសិទ្ធអនុវត្តទៅតាមអ្វីដែលមានចែងក្នុងច្បាប់ ក្នុងការធ្វើសកម្មភាពជួយដល់កម្មករនិយោជិត។
ជាមួយគ្នានេះដែរ លោក យី សុខសាន្ត យល់ថា សកម្មភាពរបស់លោក ម៉ម រិទ្ធី គឺជាការបញ្ចេញមតិ ដើម្បីការពារផលប្រយោជន៍កម្មករ ដែលមិនគួរត្រូវបានចោទប្រកាន់ និងផ្តន្ទាទោស។
លោកថា៖ «ខ្ញុំគិតថា វាជាការបញ្ចេញមតិមួយ ជាការអន្តរាគមន៍មួយ ដើម្បីឱ្យអ្នកស្ថាប័នពាក់ព័ន្ធ ឬក៏រាជរដ្ឋាពិបាលមេត្តាជួយដោះស្រាយដល់កម្មកររបស់គាត់ ដែលមានការរំលោភបំពានពីសំណាក់ថៅកែ ហើយអ្វីដែលគាត់បានបញ្ចេញមតិនេះ គួរតែសមត្ថកិច្ច ឬមួយតុលាការពិចារណាថាត់មែនឬអត់?[…] ដូច្នេះការលើកឡើង របស់គាត់គេហៅថារិះគន់ស្ថាបនា គាត់យកតួនាទីគាត់មកធ្វើការជាមួយសមាជិកគាត់ ដូច្នេះវាមិនខុសច្បាប់អ្វីទេ»។
លោកនៅតែយល់ថា សេចក្តីសម្រេចរបស់សាលាឧទ្ធណ៍ភ្នំពេញ ចំពោះករណីលោក ម៉ម រិទ្ធី ជារឿងអយុត្តិធម៌ ហើយលោកស្នើឱ្យតុលាការដោះលែងលោក ម៉ម រិទ្ធី ឱ្យមានសេរីភាពឡើងវិញ។
លោកបន្ថែមថា៖ «ជាពិសេសថ្ងៃនេះ ដែលប្រកាសភ្លាមៗដោយតម្កល់ សាលក្រមរបស់សាលាដំបូងវាជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ ហើយខ្ញុំគិតថា រដ្ឋាភិបាលក៏ដូចជាអ្នកដែលធ្វើការពាក់ព័ន្ធ ជាពិសេសតុលាការមេត្តាគួរតែដោះលែងឱ្យគាត់មានសេរីភាព ល្អជាងគេដាក់ទោសទណ្ឌគាត់ឱ្យបន្តឃុំខ្លួន»៕
អត្ថបទដោយ៖ នឿន ដាវីន