CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

សហគមន៍​នៅ​ព្រៃព្រះរការ​​ត្អូញត្អែរ​​ពីកា​របាត់​ចំណូល​​ ដោយសារ​​​​បទ​ល្មើស​ព្រៃ​ឈើ​​នៅបន្ត​កើត​មាន​​​និងប៉ះពាល់​ដល់​​អនុផលព្រៃឈើ​

CJs khmer ដោយ CJs khmer
May 13, 2025
ក្នុង បរិស្ថាន, ព័ត៌មាន
0
សហគមន៍​នៅ​ព្រៃព្រះរការ​​ត្អូញត្អែរ​​ពីកា​របាត់​ចំណូល​​ ដោយសារ​​​​បទ​ល្មើស​ព្រៃ​ឈើ​​នៅបន្ត​កើត​មាន​​​និងប៉ះពាល់​ដល់​​អនុផលព្រៃឈើ​
0
ចែករំលែក
8
ចំនួនមើល

សហគមន៍​ជនជាតិដើមភាគតិចកួយ នៅ​តំបន់​ដែន​ជម្រកសត្វ​​ព្រៃ​​ព្រះរការ ក្នុង​ខេត្ត​ព្រះវិហារ​ បន្ត​​ព្រួយ​បា​រម្ភ​ពីការបាត់បង់ចំណូល​​របស់​​ពួក​​គេ​ ពីការ​​​​អាស្រ័យ​ផល​​អនុ​​ផល​​ព្រៃ​ឈើ ខណៈ​បទ​​ល្មើស​​ព្រៃឈើ​​នៅ​​​​​តែ​ត្រូវ​បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់ និង​មានសភាព​ខ្លាំង​ក្លាជាងបណ្តា​​​​ឆ្នាំមុន​ៗ។

កាលពីថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២៥ ​សហគមន៍​ជនជាតិដើមភាគតិច​កួយ​ភូមិ​ប្រមេរុ បាន​បង្ហាញ​របាយការណ៍មួយ នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់ខ្លួន ជុំវិញ​បទល្មើសព្រៃឈើ​​ ដែល​ពួក​គេ​​បាន​​រក​ឃើញ​អំឡុងពេល​ចុះល្បាត​នៅ​ក្នុង​ដែនជម្រក​សត្វព្រៃ​ព្រះរការ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែឧសភា ដោយក្នុងនោះពួកគេ​បាន​រក​ឃើញ​​បទល្មើស​​បានកើត​ឡើង​ចំនួន ៣៣៤​ករណី។​

ប្រភពដដែល​បន្តថា​ ភស្តុតាង​ដែល​បាន​រក​ឃើញក្នុង​បទល្មើ​សព្រៃ​ឈើ​​​នោះ រួម​​មាន ដើមឈើប្រណិត​​​តូច​​​ធំ​ដែល​មាន​មុខ​​កាត់​​ចាប់​ពី ២៥សង់ទីម៉ែត្រ ទៅ១៧៨សង់ទីម៉ែត្រ​ ទី​កន្លែង​បោះ​​តង់​​អ្នក​​អារឈើ ឡាមម៉ាស៊ីនអារឈើ និង​សម្ភារ​ជួសជុ​លម៉ា​ស៊ីន​ជាដើម ហើយ​ដើមឈើ​ដែល​ត្រូវ​កាប់​​ភាគ​​ច្រើន​នៅ​ចំនុច​ជាំ​ទឹ​ក​ខ្មៅ អូរ​ស្កាច អូរ​រំស៊ែ។

សហគមន៍​បាន​​បន្ថែម​ថា៖ «ពួកយើង​ដែល​ជា​សមាជិក​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ ដែល​អាស្រ័យផល​លើ​អនុផល​ព្រៃ​ឈើ​ តាម​រយៈការប្រមូល​ជ័រ​ទឹក បេះ​ផ្លែ​ឈើ ប្រមូល​ទឹក​ឃ្មុំ ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិ​ត​ជា​ប្រចាំថ្ងៃ ពិត​ជា​មាន​សេចក្តី​សោក​ស្តាយ​ជា​ខ្លាំង​ ចំពោះ​ការ​អនុវត្ត​ផែន​ការ​ក្នុង​ការ​ល្បាត​ការ​ពារ​ព្រៃ​ពីសំណាក់​ក្រសួង​បរិស្ថាន ដែល​មិន​អាច​ទប់​ស្កាត់​បទ​ល្មើស​បាន»។

អ្នកស្រី សុក មឿន ជាជនជាតិដើមភាគតិចកួយ ដែលបាននិងកំពុង​អាស្រ័យអនុផលព្រៃឈើនៅតំបន់ព្រៃព្រះរការ បានលើកឡើង​ថា អត្រា​​​បទ​​ល្មើស​​ព្រៃឈើ​​នៅ​​តែ​​បន្ត​​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ហើយ​នៅ​ដើម​ឆ្នាំ​នេះ បទល្មើស​មានការ​កើនឡើង​ជា​ឆ្នាំ​ណា​ៗទាំងអស់ ព្រោះ​ត្រឹម​តែរយៈពេល​៣ថ្ងៃនៃ​កា​រចុះល្បាតរបស់សហគមន៍ បាន​រកឃើញ​បទល្មើស​​កើត​ឡើង​ដល់ទៅជាង ៣០០ករណី។

អ្នកស្រីបន្តថា នៅពេល​ដែល​មានបទល្មើសព្រៃឈើ​កើតឡើង បានធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ធន​ធាន​​​ធម្មជាតិ កា​រប្រែប្រួលអាកាសធាតុ និង​មុខ​របររបស់​ប្រជាសហគមន៍ជនជាតិ​ដើម​ភាគតិច ដែលរស់ពឹង​អាស្រ័យ​ទៅលើ​ផល​អនុផលព្រៃឈើ។

អ្នកស្រីលើកឡើងថា៖ «បទល្មើសទាំងនេះបង្កផលប៉ះពាល់ខ្លាំងណាស់ដល់ពួកយើង ខ្ញុំមិនចេះថាប៉ុន្មានគ្រួសារទេ ប៉ុន្តែប្រជាពលរដ្ឋនៅឃុំប្រមេរុនេះទាំងមូល គឺសុទ្ធតែប៉ះពាល់ទាំងអស់។ […] យើងអាស្រ័យផលនៅព្រៃហ្នឹង​ទាំងអស់គ្នា ខែគុយ យើងបានបេះគុយទៅលក់ វាបានទៅតាមរដូវ ហើយបើដើមឈើធំៗ យើងបានជ័រយកទៅលក់ ប៉ុន្តែពេលគេកាប់ទៅ យើងអស់អីអា​ស្រ័យផល គ្មានសល់ទេ»។

ស្ត្រីវ័យ៣៨ឆ្នាំ ដែលមានកូន​ចំនួន​៦នាក់ក្នុងបន្ទុក បន្តថា ចំណូល​ប្រចាំថ្ងៃរបស់ពួកគាត់​ពឹង​តែ​លើ​ផលអនុផលព្រៃឈើនេះទេ ដោយពុំមានមុខរបរផ្សេង​ដើម្បីចិញ្ចឹមជីវិតឡើយ។ ករណីនេះ អ្នកស្រី​បាន​អំពាវនាវ​ដល់​ប្រសួងបរិស្ថាន ចុះទប់ស្កាត់ និងបង្ក្រាប​បទល្មើស ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បីទុកព្រៃឈើ​ឱ្យ​សហគមន៍បាន​ថែរក្សា និង​អាស្រ័យ​ផល។

ប្រជា​​សហគមន៍​ភូមិព្រះមេរុ​ម្នាក់​ទៀត លោក ហួន មេ បានលើកឡើងពីក្តីកង្វល់ស្រដៀងគ្នានេះ​ផងដែរ ​ពាក់ព័ន្ធនឹងប្រភពចំណូលនៅក្នុងគ្រួសារ ទន្ទឹមនឹងការទន្ទ្រានព្រៃឈើខុសច្បាប់ឥតឈប់ឈរ​ពីសំណាក់ឈ្មួញរកស៊ីឈើនៅតំបន់ព្រៃព្រះរការ ហើយក្រសួង និងអាជ្ញាធរ​ពាក់ព័ន្ធ ​មិនមានវិធានការច្បាប់ទៅលើពួកគេ។

លោកបានអះអាងថា៖ «គ្រួសារខ្ញុំក៏ជាអ្នកអាស្រ័យផលព្រៃឈើនៅទីនោះដែរ ធម្មតាគេកាប់​ឈើធំទេ ប៉ុន្តែវាប៉ះពាល់ដល់ឈើតូចៗដូចគ្នា។ វាប៉ះពាល់ចំណូលយើងច្រើន ជីវភាពកាន់តែយ៉ាប់ ព្រោះព្រៃឈើទាំងនោះក៏ជាប្រភព​​នៃ​​ការផ្តល់បន្លែផ្លែឈើឲ្យយើងហូបជាប្រចាំ​​ដែរ ថែមទាំងអាចយកទៅលក់ដោះស្រាយជីវភាពថែមទៀតផង។  […] មួយវិញទៀតនោះ គឺការបាត់បង់ព្រៃឈើធម្មជាតិ ក្មេងៗជំនាន់​​​ក្រោយលែងមានឱកាសស្គាល់ហើយ»។

រដ្ឋាភិបាល​ បាន​ចេញ​អនុក្រឹត្យ​បង្កើត​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ដែល​មាន​ទំហំ​ជាង​៩​ម៉ឺន (៩០.៣៦១) ហិកតា ទុក​ជា​តំបន់​ការពារ​និង​អភិរក្ស ចាប់​​តាំង​ពីអំឡុង​​​ខែ​ឧសភា ឆ្នាំ​២០១៦។ 

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា​ មិនបាន​ឆ្លើយតបនឹងរបាយការណ៍បទល្មើស​​ដែល​សហគមន៍​​បាន​រកឃើញ និង​​​​ក្តី​បារម្ភរបស់ពួកគេ​​​នោះទេ។ ប៉ុន្តែ​លោក​​បានលើកឡើង​ថា កិច្ចការការពារ និងអភិរក្សធនធម្មជាតិ ចាំបាច់​ត្រូវការចូលរូមពីគ្រប់ភាកីពាក់ព័ន្ធ ក្នុងនោះមានទាំងសហគមន៍មូលដ្ឋាន ដើម្បីថែរក្សាព្រៃឈើ និងបង្កើនគម្របបៃតង រួម​ទាំង​មានការសហការការពារ និងដាំស្តារព្រៃដែលរិចរិល។

លោកនិយាយ​ថា៖ «កិច្ចសហការក្នុងទប់ស្កាត់ទាមទារឱ្យមានការចូលរួម និងសហការពីអ្នកពាក់ព័ន្ធ ក្នុងសហគមន៍​តំបន់ការពារ ជាមួយមន្រ្តីមានសមត្ថកិច្ច មានដូចជាការរាយការណ៍ និងចូលរួមការពារ ទប់ស្កាត់បទល្មើស ស្រប​តាមក្របបរិស្ថានធនធានធម្មជាតិ និងតាមនីតិវិធីច្បាប់ ចូលជាធរមាន»។

ក្នុងពិធី​ចុះអនុស្សារណៈមួយ កាលពីថ្ងៃរសៀលថ្ងៃទី១២ ខែឧសភា​នេះដែរ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បាន​​ណែនាំទៅ​ប្រធាន​មន្ទីរ​បរិស្ថាន​រាជធានី-ខេត្ត​ទាំង​អស់​​​ ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឹង​ម៉ាត់ ដើម្បី​ការ​ទប់​ស្កាត់​ និង​ប្រឆាំង​បទ​ល្មើស​ធន​ធានធម្ម​ជាតិ នៅ​ក្នុង​តំបន់ការពារធម្មជាតិ។

លោកក៏បាន​ជំរុញ​ឱ្យ​មន្ត្រី​ទាំងនោះ ត្រូវ​​​ពិនិត្យ​លើ​ផែន​ទី​ផ្កាយ​រណប ដែល​ក្រសួង​បាន​ផ្តល់ជូន ថែម​ទាំង​ធ្វើការ​បង្ហោះ​ដ្រូន ដើម្បី​ធ្វើការ​ពិនិត្យ​ពី​​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​តំបន់​ការ​ពារធម្ម​ជាតិផង​ដែរ។

ចំណែក លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍន៍ មានប្រសាសន៍ថា ដែន​ជម្រក​សត្វ​ព្រៃ​ព្រះរការ​ បាន​ផ្តល់នូវ​​ប្រយោជន៍ជាច្រើន​​ និងជា​ប្រភព​ចំណូល​មិនចេះ​រីង​ស្ងួតសម្រាប់​ប្រជា​សហគមន៍​ តាមរយៈការដកហូតនូវអនុផលព្រៃឈើតាម​រដូវកាល ជាពិសេសគឺការរកឃ្មុំ ការបោចវល្លិ៍ និងប្រភេទបន្លែព្រៃជាច្រើនទៀត ដែលពួកគាត់អាចយកមកលក់បាន សម្រាប់​ផ្គត់​ផ្គង់ជីវភាព​ប្រចាំ​ថ្ងៃ។

លោក​ថា៖ «ការបាត់បង់ព្រៃឈើនៅព្រៃព្រះរការ ច្បាស់ណាស់នឹងប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងតែលំបាក ការអាស្រ័យផលព្រៃឈើគឺកាន់តែមានសារៈសំខាន់»។

ជាមួយគ្នានេះ​ដែរ លោកក៏បានសង្កេត​ឃើញដែរថា​ ក្រសួងបរិស្ថាន មិន​ដែលទទួលយកនូវ​ការពិតទាំងឡាយណា ដែលត្រូវបានលើកឡើងដោយ​ជនជាតិដើមភាគតិច សហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល ទៅលើបញ្ហា​ព្រៃឈើនោះទេ បើទោះបីជា​ពួកគេ​​តែង​តែ​មាន​ជារូប​ភាព​ភស្តុតាង​ក៏​ដោយ។ 

ចំណែក ​លោក ហេង គីមហុង អ្នកជំនាញគោលនយោបាយ​ផ្នែកសិទ្ធិមនុស្ស និងបរិស្ថាន មាន​ប្រសាសន៍ដែរ​​​ថា របកគំហើញរបស់សហគមន៍ជុំវិញ​បទល្មើសព្រៃឈើ​​ ​គួរតែត្រូវបានប្រើប្រាស់​ជាធាតុផ្សំ និងប្រភពព័ត៌​មានថ្មី​ សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធ និង​សហគមន៍​ ក្នុងការ​​ធ្វើ​​កិច្ច​សហ​ការរួម​គ្នា ដើម្បី​ស្វែង​រក​ឬស​គល់​នៃ​បទ​ល្មើស​ដែល​នៅ​តែ​បន្ត​រហូត​មក​នេះ ជាជាងការដាក់បន្ទុក និងចោទប្រកាន់គ្នាទៅវិញទៅមក។

លោកមានប្រសាសន៍ថា៖ «គួរតែដល់ពេលនៅក្នុងការរកចំណុចប្រសព្វគ្នា នៅក្នុងការពិនិត្យមើលបទល្មើស ហើយ​និងរៀបចំនូវ​យុទ្ធនាការទប់ស្កាត់កុំឲ្យមានបទល្មើសកើតឡើងតទៅទៀត។ […] បើសិនជានៅតែបណ្តែត​បណ្តោយ​​​បែបនេះ យើងឃើញថាគម្របព្រៃឈើយើងកាន់តែមានការថយចុះ ដែលជាការព្រួយបារម្ភ។ ចំពោះការចោទ​ប្រកាន់ផ្នែកនយោបាយរវាងក្រសួង និងសកម្មជន នៅតែជាចំណុចដែលគួរឲ្យព្រួយបារម្ភ និងបាត់បង់សាមគ្គីភាពនៅក្នុងការថែរក្សាធនធានធម្មជាតិ»។

ដើម្បីធានាឲ្យបាននូវនិរន្តរភាពព្រៃឈើ​ លោក ហេង គីមហុង បានជំរុញឲ្យរាជរដ្ឋាភិបាល ជាពិសេស​ក្រសួងបរិស្ថាន ធ្វើការងារឲ្យបានជិតដិត​ជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីធានាឲ្យបាននូវការបង្ក្រាបគ្រប់ជ្រុងជ្រោយ។

បើតាម​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយភូមិព្រះមេរុ​ ការកាប់បំផ្លាញព្រៃឈើ​ នៅ​តែ​បន្តកើត​មាន​បែប​នេះ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​កង្វះ​សមត្ថ​ភាព និង​ឆន្ទៈ​ក្នុង​ការ​ការ​ពារ​ព្រៃឈើ ធន​ធាន​ធម្មជាតិ ពីសំណាក់ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ដែល​វាបាន​បង្ក​ផលប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ ទៅ​លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បរិស្ថាន និងទំនៀមទម្លាប់របស់​សហគមន៍ជនជាតិដើមភាគតិចកួយ។

ជាមួយគ្នា​នេះ សហគមន៍ជនជាតិដើមភាគតិចកួយ ក៏បានអំពាវនាវសារជាថ្មី​ដល់អាជ្ញាធរមូ​ល​​ដ្ឋាន និងក្រសួងបរិស្ថាន ត្រូវ​​បើកទូលាយ និងបង្កបរិយាកាស​ល្អដល់សហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល សាធារណជន ក្នុងការរួមចំណែកធ្វើសកម្មភាពដើម្បីការពារ ថែរក្សា និង​អភិរក្សព្រៃឈើ ធនធានធម្មជាតិ ដែលជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។

លើសពីនេះ ពួកគេក៏បាន​ទទូចឲ្យមានការពង្រឹងការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋានប្រកប​ដោយ​​ប្រសិទ្ធិភាព តម្លាភាព និងការទទួលខុសត្រូវ ព្រមទាំងបង្កើតយន្តការតាមដានការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋាន និងដាក់ទោសទណ្ឌ បើសិនរកឃើញថា​មន្ត្រី​រូបណា​​ជាប់ពាក់​ព័ន្ធ​នឹង​ការ​ស៊ី​សំណូក​ជាមួយ​ឈ្មួញ​ខិល​ខូច៕

អត្ថបទដោយ៖ ណុប ស្រីម៉ៅ

អត្ថបទមុន

ជន​ជាតិ​ដើម​ភាគ​តិច​កួយ​នៅ​ក្រចេះ​បន្ត​ធ្វើ​ពិធី​ឡើង​អ្នក​តា​ដើម្បី​រក្សា​ប្រពៃណី​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង