រដ្ឋាភិបាលបានប្ដេជ្ញាការពារសេរីភាពសារព័ត៌មាននៅកម្ពុជា តាមរយៈការរក្សាបរិយាកាសសុវត្ថិភាពសម្រាប់វិស័យសារព័ត៌មាន និងការបើកទូលាយឱ្យរាយការណ៍ពីភាពអសកម្មរបស់រដ្ឋាភិបាលជាដើម ខណៈសង្គមស៊ីវិលបន្តលើកឡើងពីការរឹតត្បិតការបំពេញការងាររបស់អ្នកសារព័ត៌មាន តាមរូបភាពមួយចំនួន។
កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ ក្រោមប្រធានបទ «ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន៖ ផលប៉ះពាល់នៃបញ្ញាសប្បនិមិ្មតលើសេរីភាពសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ» លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្នើក្រសួងព័ត៌មាន និងគ្រប់ស្ថាប័នទាំងអស់សហការគ្នា ក្នុងការបន្តពង្រឹងប្រព័ន្ធសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែរឹងមាំ។
លោកនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានការផ្សាយពីភាពខ្វះខាតរបស់រដ្ឋាភិបាល ដើម្បីឱ្យមានដំណោះស្រាយលើបញ្ហាទាំងនោះ។
លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «រដ្ឋគ្មានហេតុផលនៅក្នុងការបិទសិទ្ធិ[…]សារព័ត៌មានដែលផ្សព្វផ្សាយរឿងអវិជ្ជមាន ខ្ញុំ screenshot ឱ្យទៅដោះស្រាយ។ បងប្អូនដែលមានសុត្រឹតភាពផ្សាយខុសកែឡើងវិញ អត់មានពីណាហាមឃាត់ទេ ហើយខ្ញុំលើកទឹកចិត្តឱ្យបងប្អូនផ្សាយនូវភាពកង្វះខាតនៃការអនុវត្តតួនាទីរបស់រាជរដ្ឋាភិបាលដើម្បីឱ្យយើងដឹងផង ដើម្បីឱ្យយើងដោះស្រាយឱ្យទាន់ពេលវេលារួមគ្នាទៅ»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏ឆ្លៀតព្រមានដល់អ្នកសារព័ត៌មានទាំងឡាយណា ដែលផ្សាយព័ត៌មានខ្វះសុចរិតភាព ត្រូវទទួលខុសត្រូវចំពោះការផ្សាយរបស់ខ្លួន។
លោកថា៖ «តែអ្នកដែលធ្វើ cross [ឆ្លង] ព្រំដែន មិនថាអ្នកឯងអ្នកយកព័ត៌មានឱ្យបរទេស កាសែតបរទេសឯករាជ្យ មិនឯករាជ្យស្អីទេ ប៉ុន្តែក្នុងទង្វើជាបុគ្គលរបស់អ្នក កុំជ្រកក្រោមផ្លាករបស់អ្នកសារព័ត៌មានឯករាជ្យ ហើយធ្វើព័ត៌មានដែលមិនសុក្រឹត ហើយដឹងហើយខុសមិនព្រមកែ គឺខ្វះសុចរិតភាព បើគ្មានសុចរិតភាពត្រូវទទួលខុសត្រូវ ហើយកុំចោទថាយើងគ្មានការគោរពសិទ្ធិអ្នកសារព័ត៌មាន»។
កញ្ញា កែវ សុជាតា ជាអ្នកសារព័ត៌មាននៅវិទ្យុស្ដ្រីនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) គាំទ្រការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការការពារសេរីភាពសារព័ត៌មាននៅកម្ពុជា។
កញ្ញាថា៖ «ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលជារឿងល្អប្រសើរ ដោយសារតែក្នុងនាមជាអ្នកសារព័ត៌មាន គឺយើងចង់ឃើញការជួយអន្តរាគមន៍ពីមន្ត្រីពាក់ព័ន្ធ មន្ត្រីមានសមត្ថកិច្ច ឬក៏ក្រសួងពាក់ព័ន្ធអីជាដើមនៅពេលដែលយើងចុះយកព័ត៌មាននៅកន្លែងកើតហេតុផ្ទាល់ ឬក៏ជាពិសេសនៅពេលដែលយើងទទួលកាន់ព័ត៌មានក្ដៅៗ»។
តែយ៉ាងណា អ្នកសារព័ត៌មានស្ដ្រីរូបនេះ មិនចង់ឃើញតែការប្ដេជ្ញាចិត្តប៉ុណ្ណោះទេ តែកញ្ញាចង់ឃើញការអនុវត្តជាក់ស្ដែង។
កញ្ញានិយាយថា៖ «យើងអត់ចង់បានត្រឹមជាការប្ដេជ្ញាចិត្តទេ យើងចង់បានទាំងការប្ដេជ្ញាចិត្តនិងការអនុវត្តជាក់ស្ដែង មានន័យថា នៅពេលដែលមេដឹកនាំបាននិយាយបែបហ្នឹង ប្ដេជ្ញាចិត្តបែបហ្នឹង គឺមន្ត្រីក្រោមឱវាទបានយកសំដីទាំងអស់ហ្នឹងទៅអនុវត្ត ដែលផ្ដល់សិទ្ធិអំណាចពេញលេញទៅដល់អ្នកសារព័ត៌មាន»។
ទោះបីកញ្ញាមិនបានប្រឈមនឹងបញ្ហាប្រឈមលើរូបរាងកាយ ឬផ្លូវចិត្តក្ដី តែកញ្ញានៅតែជួបការលំបាកមួយចំនួននៅក្នុងអាជីពជាអ្នកសារព័ត៌មាន ដូចជា អ្នកនាំពាក្យ ឬមន្ត្រីមួយចំនួន មិនព្រមផ្ដល់សម្ភាសន៍ ឬរុញដាក់គ្នា ឬជាដើម។ ករណីនេះ សុជាតា ចង់ឱ្យមន្ត្រីថ្នាក់ក្រោមជាតិមួយចំនួន ឈប់រុញច្រានដាក់គ្នា ហើយផ្ដល់ព័ត៌មាននៅក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លួនតាមដែលអាចធ្វើទៅបាន។
ចំណែក លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA) យល់ថា ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលតែមួយមុខមិនគ្រប់គ្រាន់ទេ ដោយលោកចង់ឃើញមានការអនុវត្តជាក់ស្ដែងវិញលើការពារសេរីភាពសារព័ត៌មាននៅកម្ពុជា។
លោកថា៖ «ខ្ញុំគិតថា ការលើកឡើង ការលើកទឹកចិត្ត ហើយនិងការបង្ហាញពីការប្ដេជ្ញាចិត្តនៅមិនទាន់គ្រប់គ្រាន់ទេ។ វាគួរតែស្ដែងចេញតាមរយៈសកម្មភាពជាក់លាក់ដែលរដ្ឋាភិបាលលោកគួរដាក់ចេញ ហើយសកម្មភាពជាក់លាក់ហ្នឹង រួមទាំងការធានាថាមិនមានជនណាម្នាក់ដែលមានសេរីភាព ដោយបានធ្វើការវាយដំ ឬមួយក៏ធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មាន ទោះបីជាការវាយដំទៅលើរូបរាងកាយ ឬមួយការការគំរាមកំហែងតាម Offline ឬក៏ Online ក៏ដោយ»។
លោក ណុប វី បន្តថា កាលបើរដ្ឋាភិបាលពិនិត្យឡើងវិញនូវច្បាប់ទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់ការបំពេញការងាររបស់អ្នកសារព័ត៌មាន និងដាក់ចេញច្បាប់នានាដែលបើកទូលាយនូវការទទួលបានព័ត៌មានជាដើម ទើបបង្ហាញពីឆន្ទៈរបស់រដ្ឋាភិបាល ក្នុងការពារសេរីភាពសារព័ត៌មាននៅកម្ពុជាពិតប្រាកដ។
លោកបន្ថែមថា៖ «ការធានាសន្តិសុខសុវត្ថិភាពរបស់អ្នកសារព័ត៌មានស្ដែងឡើង តាមរយៈការពិនិត្យមើលឡើងវិញចំពោះមូលដ្ឋានច្បាប់ផ្សេងៗដែលមានផលប៉ះពាល់ ឬមួយក៏មានទំនោររឹតត្បិតទៅលើលំហនាំការអនុវត្តការងាររបស់អ្នកសារព័ត៌មាន ត្រូវបានយកមកធ្វើវិសោធនកម្មកែលម្អ ហើយច្បាប់ផ្សេងៗដែលគាំទ្រទៅដល់សកម្មភាព ក្នុងការទទួលបានព័ត៌មាន ដូចជា ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានហ្នឹង ត្រូវបានអនុម័ត»។
តាមរយៈសេចក្ដីប្រកាសរួមរបស់ក្រុមអង្គការសង្គមស៊ីវិលចំនួន ១៧ស្ថានប័ន ក្នុងនោះមាន សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)ជាដើម បានសម្ដែងការព្រួយបារម្ភចំពោះការកើនឡើងនៃការរឹតបន្តឹង និងការគំរាមកំហែងទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់នៅកម្ពុជា។
សេចក្ដីប្រកាសរួមបន្តថា៖ «បន្ថែមពីលើបញ្ហាប្រឈមជាច្រើនដែលអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យប្រឈមនឹងរដ្ឋាភិបាល និងតួអង្គដ៏មានឥទ្ធិពល ដែលក្នុងនោះរួមមាន ការយាយីតាមផ្លូវច្បាប់ ការគំរាមកំហែង ការចាប់ខ្លួន ការដកហូតអាជ្ញាបណ្ណ ការដាក់កំហិត តែឥឡូវនេះ ពួកគេប្រឈមនឹងការកាត់ផ្តាច់មូលនិធិបន្ថែមទៀត»។
អង្គការសង្គមស៊ីវិលទាំងនោះ ក៏បានស្នើដល់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធចំនួន៦ចំណុច ដូចជា ធានាបរិយាកាសការងារដែលសេរីភាព សុវត្ថិភាព និងសន្តិសុខ ដល់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ បញ្ឈប់ការចោទប្រកាន់ព្រហ្មទណ្ឌទៅលើអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងសកម្មភាពបំពេញវិជ្ជាជីវៈរបស់ពួកគេ និងលើកលែងបទចោទលើអ្នកសារព័ត៌មាន ព្រមទាំងដោះលែងអ្នកសារព័ត៌មានដែលកំពុងជាប់ឃុំ។
ក្រុមអង្គការសង្គមស៊ីវិល ក៏បានស្នើឱ្យបញ្ឈប់រាល់ទម្រង់នៃការយាយីប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន និងអំពាវនាវរកការគាំទ្រមូលនិធិសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផងដែរ។
យ៉ាងណា លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍នៅថ្ងៃទី៥ ខែឧសភានេះ បានបដិសេធចំពោះការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិល អំពីការរឹតបន្តឹង និងការគំរាមកំហែងទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់នៅកម្ពុជា ដោយអះអាងថា នៅកម្ពុជាគ្មានទេការរឹតត្បិតសិទ្ធិរបស់អ្នកសារព័ត៌មាន។
លោកថា៖ «ផ្អែកតាមការសិក្សាស្រាវជ្រាវស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ពុំមានឡើយការរឹតត្បិតសិទ្ធិរបស់អ្នកសារព័ត៌មាន ឬការយាយីដល់ការអនុវត្តរបស់អ្នកសារព័ត៌មាន មានតែករណីពាក់ព័ន្ធនឹងការពង្រឹងការអនុវត្តច្បាប់ចំពោះបទល្មើសក្រៅដែននៃច្បាប់ស្តីពីរបបសារព័ត៌មាន ដែលការអនុវត្តនេះបានអនុលោមតាមគោលការណ៍នៃរបបប្រជាធិបតេយ្យនីតិរដ្ឋ»។
លោកបន្តថា រដ្ឋាភិបាល ជាពិសេសក្រសួងព័ត៌មាន នឹងរក្សាបរិយាកាសប្រកបដោយសុវត្ថិភាព សម្រាប់ការប្រកបវិជា្ជជីវៈសារព័ត៌មាននៅកម្ពុជា ដោយបន្តលើកកម្ពស់ការគោរពសិទ្ធិសេរីភាពសារព័ត៌មាន តាមរយៈការឈរលើមូលដ្ឋានសមភាព គ្មានការរើសអើង គ្មានការគំរាមកំហែង និងមិនប្រកាន់និន្នាការនយោបាយឡើយ។
យោងតាមលទ្ធផលនៃការស្ទង់មតិឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន ពាក់ព័ន្ធនឹងលំហសេរីភាពក្នុងការប្រកបការងារជាអ្នកសារព័ត៌មាន អ្នកសារព័ត៌មានចំនួនជាង ៨៦% យល់ថា ពួកគេមានសេរីភាពពេញលេញក្នុងការយកព័ត៌មានពីប្រភពនានា ដោយសុវត្ថិភាព សម្រាប់ការផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី ដែលតួលេខនេះបានកើនឡើងចំនួន ៦,២% បើធៀបនឹងលទ្ធផលនៃរបាយការណ៍ឆ្នាំ២០២៤ ដែលមានចំនួន ៧៩,៨%។
សម្រាប់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA) វិញ បានរកឃើញថា ក្នុងឆ្នាំ២០២៤ មានករណីរំលោភបំពានចំនួន ៤១ករណី ដែលពាក់ព័ន្ធនឹងអ្នកសារព័ត៌មានយ៉ាងតិច៦៤នាក់ ក្នុងនោះករណីយាយីតាមផ្លូវច្បាប់ គឺជារឿងដែលកើតឡើងញឹកញាប់បំផុត ដែលក្នុងនោះមានអ្នកសារព័ត៌មានចំនួន ៥នាក់ ត្រូវបានឃុំខ្លួន និងអ្នកសារព័ត៌មានម្នាក់ ត្រូវបានសម្លាប់ ពេលពួកគេកំពុងអនុវត្តការងាររបស់ខ្លួន។ ចំណែក នៅដើមឆ្នាំ២០២៥ អ្នកសារព័ត៌មាន ៣នាក់ទៀត ត្រូវបានឃុំខ្លួន ពីបទ ញុះញង់ និងអ្នកសារព័ត៌មានស៊ើបអង្កេតរាយការណ៍អំពីការកាប់បំផ្លាញព្រៃឈើ និងបញ្ហាបរិស្ថាននៅកម្ពុជាជនជាតិអង់គ្លេសម្នាក់ ត្រូវបានហាមឃាត់មិនឱ្យចូលមកប្រទេសកម្ពុជា៕
……………………………
អត្ថបទដោយ៖ ហុង សេរីហ្វុង