តុលាការសហព័ន្ធទីក្រុងវ៉ាស៊ិនតោន បានបង្គាប់ឱ្យទទួលយកបុគ្គលិកវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)និងបុគ្គលិករបស់វិទ្យុអាស៊ីសេរី (RFA)ចូលធ្វើការវិញ និងផ្តល់ជំនួយកញ្ចប់ថវិកាដើម្បីដាក់ឱ្យដំណើរការនូវស្ថាប័នសារព័ត៌មានទាំងនេះឡើងវិញ។
សម្រេចនេះ ធ្វើឡើងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីចៅក្រមបើកសវនាការទៅលើបណ្តឹងរបស់អ្នកតំណាងវិទ្យុទាំងពីរនេះ ដែលបានដាក់ពាក្យប្តឹងជំទាស់នឹងការផ្តាច់ជំនួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល(USAGM) ទៅតាមបទបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីខែមីនា។
កាលពីថ្ងៃទី២២ ខែមេសា គម្រោងគណនេយ្យភាពរបស់អន្តរជាតិបានចុះផ្សាយសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា តុលាការថ្នាក់ទាបរបស់សហរដ្ឋអាមេរិកបានចេញដីកាបឋមដោយបញ្ជាក់ថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ហៅកាត់ថា USAGM ដែលគ្របដណ្តប់ទៅលើស្ថាប័នសារព័ត៌មានមួយចំនួនដូចជា វិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA) វិទ្យុអាស៊ីសេរី(RFA) វិទ្យុសេរីអឺរ៉ុប ជាដើមនោះ ត្រូវបានបិទដោយខុសច្បាប់។ តុលាការបានសម្រេចឱ្យរដ្ឋបាលលោក ដូណាល់ត្រាំ ទម្លាក់កញ្ចប់ថវិកាដើម្បីឱ្យស្ថាប័នផ្សព្វផ្សាយព័ត៌មានទាំងនេះបន្តដំណើរការដូចដើមវិញ និងបញ្ជាឱ្យបុគ្គលិកដែលត្រូវបានបញ្ឈប់កាលពីពេលថ្មីៗនេះ ត្រូវត្រឡប់មកធ្វើការជាប្រក្រតីដូចកាលពីមុនថ្ងៃទី១៤ ខែមិនាឡើងវិញ។
នាយកគ្រប់គ្រងវិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA) លោក Michael Abramowitz បានបង្ហាញការពេញចិត្តជាខ្លាំងចំពោះសេចក្តីសម្រេចរបស់តុលាការពេលនេះ។ លោកចាត់ទុកការសម្រេចរបស់តុលាការថា ជាការបើកផ្លូវឲ្យបុគ្គលិក VOA ទាំង១៣០០ នាក់ រួមទាំងបុគ្គលិកក្រៅម៉ោងត្រឡប់ទៅធ្វើការវិញ និងបំពេញតួនាទីរបស់ពួកគេ ក្នុងការផ្តល់ព័ត៌មានផ្អែកលើការពិត អំពីអាមេរិក និងគោលនយោបាយរបស់ខ្លួនទៅកាន់ពិភពលោក។
ប្រធានអង្គការប្រជាធិបតេយ្យនៅអូស្ត្រាលីខ្មែរ លោក ស៊ឹង សែនករុណា បានលើកឡើងដោយសូមចូលរួមរំភើបអបអរសម្រាប់ពលរដ្ឋកម្ពុជា និងស្ថាប័នព័ត៌មានទាំង២ គឺវីអូអេ និងវិទ្យុអាស៊ីសេរី ចំពោះការសម្រេចឱ្យឈ្នះក្តីពីសំណាក់តុលាការសហព័ន្ធទីក្រុងវ៉ាស៊ិនតោន។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា ជារឿងគួរឱ្យរីករាយនៅពេលតុលាការអាមេរិកសម្រេចឱ្យបើកដំណើរការឡើងវិញនូវវិទ្យុវីអូអេ និងវិទ្យុអាស៊ីសេរី នៅពេលនេះ។ លោកចង់ឃើញស្ថាប័នសារព័ត៌មានទាំងនេះអាចបន្តដំណើរការឡើងវិញបាន ដើម្បីជាផ្នែកមួយជួយដល់ការផ្សព្វផ្សាយអំពីរឿងរ៉ាវនៅកម្ពុជា ពិសេសជួយបញ្ចេញសំឡេងរបស់ពលរដ្ឋទន់ខ្សោយឬអ្នកគ្មានសំឡេង។
លោកមានប្រសាសន៍ថា៖ «ពេលនេះយើងពិតជាមានក្តីរំភើប ហើយចង់ឃើញវីអូអេ និងអាស៊ីសេរី មានវត្តមានដូចពីមុន ពីព្រោះយើងអាចទទួលបានព័ត៌មានច្រើនប្រភព ហើយអាចជាព័ត៌មានមួយដែលអាចមកថ្លឹងថ្លែង និងធ្វើការសិក្សាដើម្បីធ្វើការពិចារណា និងវាយតម្លៃ ទៅលើទិដ្ឋភាពជាក់ស្តែងដែលកំពុងតែកើតមាននៅក្នុងប្រទេសមួយចំនួន ដែលសារព័ត៌មានទាំងពីរកំពុងធ្វើការងារយ៉ាងសកម្មក្នុងវិស័យសារព័ត៌មាននៅក្នុងបណ្តាប្រទេសទាំងអស់ហ្នឹង»។
លោកបន្ថែមថា សម្រាប់កម្ពុជា គឺប្រទេសមួយដែលត្រូវការនូវព័ត៌មានពិត និងព័ត៌មានដែលធ្វើឱ្យពលរដ្ឋពីគ្រប់ភាគីទាំងអស់ អាចស្តាប់បាន ដើម្បីជាមូលដ្ឋានក្នុងការពិចារណា ជាជាងការទទួលបានព័ត៌មានតែមួយជ្រុងឬព័ត៌មានមិនពិត។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញផ្សាយរបាយការណ៍កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ បង្ហាញថា សិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាន នៅតែបន្តវាយប្រហារនៅកម្ពុជាចាប់តាំងពីដើមខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ចុងខែសីហា ឆ្នាំ២០២៤។ ក្នុងរយៈពេលនេះ CCHR រកឃើញថា ស្ថានភាពសេរីភាពសារព័ត៌មានស្ថិតក្នុងការរឹតត្បិតធ្ងន់ធ្ងរ ក្នុងនោះ អាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយយ៉ាងតិចចំនួន ៣ ត្រូវបានដកហូត ខណៈអ្នកសារព័ត៌មាន១៧នាក់ ត្រូវប្រឈមមុខនឹងផ្លូវច្បាប់៕
………………………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ