មន្រ្ដីបរិស្ថានខេត្ដកោះកុងត្រូវបានពលរដ្ឋចោទថា អនុវត្តច្បាប់មិនស្មើភាពគ្នា និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ ក្រោយមន្រ្ដីបរិស្ថានចំនួន៤នាក់ចុះទៅចាប់យកផ្លែសំរ៉ងពីប្រជាពលរដ្ឋ។
ក្នុងវីដេអូឃ្លិបមួយប្រវែងជិត២នាទីដែលផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ក្នុងវីដេអូនោះគេឃើញមន្រ្ដីបរិស្ថានចំនួន៤នាក់បានឃាត់បុរសម្នាក់ដែលបានដើរទិញផ្លែសំរ៉ងពីប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្ដកោះកុង។
ក្នុងវីដេអូដដែលនោះគេឃើញមានមន្រ្ដីបរិស្ថានម្នាក់ឈ្មោះ ភាព បានប្រើកាយវិការមិនសមរម្យទៅលើពលរដ្ឋដែលយកទូរសព្ទថតវីដេអូអំពីសកម្មភាពរបស់មន្រ្ដីទាំងនោះធ្វើការចាប់យកផ្លែសំរ៉ង និងបោកជញ្ជីញរបស់គាត់ចោល។ ពលរដ្ឋដែលនិយាយនៅក្នុងវីដេអូនោះបានលើកឡើងថា ពលរដ្ឋទិញផ្លែសំរ៉ង១០គីឡូក្រាមត្រូវបានមន្រ្ដីបរិស្ថានចាប់ និងចោទមន្រ្ដីបរិស្ថានថា ចាប់តែរូបខ្លួន ឯអ្នកផ្សេងទៀតមិនបានចាប់ ហើយធ្វើឱ្យខូចជញ្ជីងថ្លឹងរបស់ខ្លួនទៀតផង។
លោកនិយាយនៅក្នុងវីដេអូនោះថា៖ «សំរ៉ងបួនដប់គីឡូរបស់ប្រជាជនទិញតិចទួចបងឯងចាប់ ហើយបងឯងបម្រុងធ្វើបានប្រជាជន ហើយបងឯងបោកជញ្ជីងខ្ញុំចោល[…]បើខ្ញុំទិញតែម្នាក់ឯងខ្ញុំអត់ថាបងប្អូនទិញទាំងអស់គ្នាហើយខុសតែខ្ញុំម្នាក់[…]ឬមួយខ្ញុំទិញសំរ៉ងបួនដប់គីឡូខុស។បើទិញៗទាំងអស់គ្នាចាប់ៗទាំងអស់គ្នាខ្ញុំអត់ថាទេ» ។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចស្វែងរកការឆ្លើយតបបន្ថែមពីពលរដ្ឋដែលទទួលទិញផ្លែសំរ៉ងបាននោះទេ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ។
ប្រធានមន្ទីរបរិស្ថានខេត្ដកោះកុងលោក ហ៊ុន ម៉ារាឌី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកមិនអាចឆ្លើយតបបានភា្លមៗនោះទេ ព្រោះពេលនេះកំពុងធ្វើការលើរឿងនេះ។ លោកថា លោកនឹងឆ្លើយបំភ្លឺតាមក្រោយ។
លោកលើកឡើងថា៖ «ខ្ញុំកំពុងធ្វើការរឿងហ្នឹង ខ្ញុំកំពុងធ្វើការ ចាំខ្ញុំឆ្លើយបំភ្លឺទៅតាមពេលក្រោយ» ។
លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូរដើម្បីបរិស្ថាន និងការអភិវឌ្ឍន៍ បានថ្លែងថា ប្រសិនបើការដកហូតផលអនុផលព្រៃឈើ ឬផ្លែសំរ៉ងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានធ្វើឡើងដោយគ្មានការកាប់រំលំដើមវាមិនមែនជាបញ្ហានោះទេ។ ហើយអាជ្ញាធរគួរតែសម្របសម្រួលឱ្យពលរដ្ឋបេះតាមសម្រួល។
ប៉ុន្តែលោកថា ប្រសិនបើប្រជាពលរដ្ឋនាំគ្នាកាប់រំលំដើមសំរ៉ង ដើម្បីប្រមូលផ្លែអាជ្ញាធររដ្ឋត្រូវធ្វើការទប់ស្កាត់ ដោយមិនមានការរើសអើងប្រកាន់បក្សពួកនិយម។ លោកថា កន្លងមកមានឈ្មួញមួយចំនួនចូលទៅប្រមូលផលសំរ៉ង គឺតែងតែធ្វើការកាប់រំលំដើម ដើម្បីបេះយកផ្លែ ។
លោកលើកឡើងថា៖ «ប្រសិនបើពួកគាត់នាំគ្នាកាប់រំលំដើមសំរ៉ងដើម្បីប្រមូលផង អានោះវាជារឿងមួយដាច់ដោយឡែកទៀតហើយអាជ្ញាធររដ្ឋគួតែទប់ស្កាត់ដោយគ្មានការរើសអើងថាអ្នកណាជាអ្នកណា ហើយធ្វើឡើងតាមរយៈបក្សពួកនិយមនោះទេ។កន្លងមកក៏យើងបានទទួលដំណឹងថាឈ្មួញខិលខូចខ្លះគាត់ប្រមូលទិញឬក៏គាត់ទៅបេះតារយៈការកាប់រំលំដើមឈើ» ។
កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយលើកឡើងថា មានការកើនឡើងនូវសកម្មភាពកាប់ផ្ដួលរំលំដើមសំរ៉ង ដើម្បីប្រមូលផលនៅតាមសហគមន៍ និងនៅតាមព្រៃ ក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងឧទ្យានជាតិផងដែរ។
ក្រសួងបរិស្ថានចាត់ទុកសកម្មភាពកាប់រំលំដើមសំរ៉ងនោះថា គឺជាការបំផ្លិចបំផ្លាញធនធានធម្មជាតិមានសភាពធ្ងន់ធ្ងរបំផុតនឹងឈានទៅរកការផ្ដាច់ពូជរុក្ខជាតិសំរ៉ងរបស់ជាតិទាំងស្រុង។ ក្រសួងថា សកម្មភាពកាប់រំលំដើមសំរ៉ង ជាការល្មើសទៅនឹងច្បាប់ដែលមានចែងក្នុងមាត្រា៣៨៤ និងមាត្រា៣៨៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះដែរ ក្រសួងបរិស្ថាន ស្នើដល់អង្គភាពមានសមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិរួមទាំង ប្រជាពលរដ្ឋមេត្តាផ្តល់ព័ត៌មានអំពី សកម្មភាពកាប់រំលំដើមសំរ៉ងទៅអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ចូលរួមសហការ ជាមួយមន្ទីរបរិស្ថាន ដើម្បីចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាព កាប់ផ្ដួលដើមសំរងដោយល្មើសច្បាប់គ្រប់រូបភាព។
ក្រមបរិស្ថាន និងធម្មជាតិមាត្រា៣៨៤ចែងថា តំបន់ការពារធម្មជាតិនីមួយៗ ត្រូវការពារ ទប់ស្កាត់ និងហាមឃាត់នូវរាល់សកម្មភាពកាប់គាស់ រុករាន ទន្ទ្រានដីព្រៃដោយរំលោភ ធ្វើអាជីវកម្ម បំពុលមជ្ឈដ្ឋានធនធានជីវៈចម្រុះ ភ្លើងឆេះព្រៃ ភ្លើងឆេះតំបន់ដីមមោក ធ្វើកសិកម្មពនេចរ នាំចូលជំងឺ សត្វល្អិតចង្រៃ និងប្រភេទរុក្ខជាតិ ឬសត្វរាតត្បាត ដែលធ្វើឱ្យខូចខាត ឬប៉ះពាល់ក្នុង តំបន់ការពារធម្មជាតិ
មាត្រា៣៨៦ បុគ្គលពុំមានសិទ្ធិផ្តល់ការអនុញ្ញាតទោះដោយផ្ទាល់ក្តីឬប្រយោលក្តី ឱ្យរានដីព្រៃ កាន់កាប់ដី កាប់ដើមឈើ ចាប់សត្វព្រៃគ្រប់ប្រភេទ ឬធ្វើសកម្មភាពគ្រប់យ៉ាង ដើម្បីប្រមូលផល អនុផលធនធានធម្មជាតិក្នុងតំបន់ការពារ ធម្មជាតិ ដែលផ្ទុយនឹងបទប្បញ្ញត្តិនៃក្រមនេះ៕
…………………………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក សួន វុត្ថា