ប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាល បាននិងកំពុងបើកយុទ្ធនាការបោសសម្អាតក្រុមក្មេងទំនើងដែលបង្កអសន្តិសុខក្នុងសង្គម ប៉ុន្តែស្របពេលគ្នានេះ ក៏កើតមាននូវករណីហិង្សាបង្កដោយជនប្រើប្រាស់គ្រឿងញៀន វាយទៅលើអ្នកដំណើរតាមដងផ្លូវ និងការករណីបាញ់បោះនៅកណ្តាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលបង្កដោយជនជាតិចិនមួយចំនួនផងដែរ។
ជាក់ស្តែង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ មានគណនីហ្វេសប៊ុកឈ្មោះ ( Zei Phea) បានចែករំលែកនូវសារ អមជាមួយនឹងរូបថត ២សន្លឹក ដែលមានស្នាមរបួសនៅលើផ្ទៃមុខ ក្រោយមានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានវាយទៅលើកញ្ញាដោយកម្រោល ទាំងព្រឹក ដោយមិនដឹងមូលហេតុ។
កញ្ញា ភា បានលើកឡើងក្នុងសំណេរដើមថា៖ «ជិះម៉ូតូទៅធ្វើការសុខៗ មានបុរសម្នាក់លោតមកវាយខ្ញុំទាំងកម្រោលដោយមិនដឹងមូលហេតុទាំងព្រឹក… នេះខ្ញុំពាក់មួកការពារ និងវ៉ែនតាទៀតនៅរហែក[ស្បែក]ប៉ុណ្ណឹង ចុះបើអត់ តើទៅជាយ៉ាងណា? ចុះបើមានកាំបិទ ឬរបស់មុតស្រួច តើទៅជាយ៉ាងណា»?[…] ធ្លាប់គិតថា ពេលយប់គ្មានសុវត្ថិភាព តែនេះទាំងព្រឹក។ លែងហ៊ានជិះម៉ូតូទៅណា ដោយសារសង្គមបច្ចុប្បន្នពោរពេញ ដោយមនុស្សឆ្កួតដោយសារបែកថ្នាំ និងគ្រឿងញៀន»។
បើតាមម្ចាស់គណនីហ្វេសប៊ុករូបនេះ ករណីហិង្សាបែបនេះ មិនមែនកើតតែលើកញ្ញានោះទេ ព្រោះកញ្ញាបានសួរនាំពលរដ្ឋនៅទីនោះ គឺមានករណីបែបនេះកើតឡើងលើពលរដ្ឋផ្សេងទៀត ដែលធ្វើដំណើរឆ្លងកាត់ផ្លូវទល់មុខមន្ទីរពេទ្យព្រះកេតុមាលា ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ប៉ុន្តែអាជ្ញាធរហាក់មិនមានវិធានការទប់ស្កាត់។ ករណីហិង្សានេះ មានការចែករំលែកព្រោងព្រាតនៅលើបណ្តាញសង្គម។
ចំណែក នៅថ្ងៃទី២១ ខែកុម្ភៈ មានករណីជនជាតិចិនផ្ទុះអាវុធនៅមុខសណ្ឋាគារមួយកន្លែង ក្នុងខេត្តព្រះសីហនុ បណ្តាលឱ្យរងរបួសម្នាក់ ដោយសារតែជនជាតិចិនរូបនោះបានចាញ់ល្បែង ហើយយកកាំភ្លើងដើរភ្ជង់អ្នកដទៃ និងពលរដ្ឋតាមដងផ្លូវ ពេលរត់ចេញពីសណ្ឋាគារ។ នេះបើតាមការចុះផ្សាយព័ត៌មានក្នុងស្រុក និងវីដេអូដែលចែករំលែកក្នុងបណ្តាញសង្គម។
ដោយឡែក កាលពីថ្ងៃទី១៤ ខែកុម្ភៈ ក៏មានករណីជនជាតិចិនមួយក្រុមមានគ្នា ៤នាក់ ក៏បានប្រើប្រាស់អាវុធប្រភេទអាកា (AK) ចំនួន ២ដើម និងអាវុធខ្លីចំនួន ១ដើម បាញ់ចំនួន៣គ្រាប់ សំដៅលើគូទំនាស់ក្នុងវង់ផឹកស៊ី ស្ថិតនៅមជ្ឈមណ្ឌលរតនៈសម្បត្តិ នៅទល់មុខនឹងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។ ហេតុការណ៍បាញ់បោះនេះ ពុំបណ្ដាលឱ្យមានជនរងរបួសឡើយ ដោយសារតែភាគទំនាស់ម្ខាងទៀត បានដឹងខ្លួនមុន និងបានគេចខ្លួនពីកន្លែងកើតហេតុ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក។
ករណីទាំងនេះ បានបង្កជាក្តីបារម្ភសម្រាប់ប្រជាពលរដ្ឋ ពីបញ្ហាសុវត្ថិភាព និងអសន្តិសុខសង្គម បើទោះជារដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
កញ្ញា ពៅ ស្រីលក្ខ អាយុ៣០ឆ្នាំ អះអាងថាជាប្រជាពលរដ្ឋរស់នៅក្បែរវត្តភ្នំ ក្នុងខណ្ឌដូនពេញ មានប្រសាសន៍ថា នៅតំបន់ដែលអ្នកស្រីរស់នៅ សម្បូរទៅដោយក្មេងទំនើង អ្នកញៀនថ្នាំ និងចោរកម្ម ដោយពេលខ្លះ ពួកគេធ្វើសកម្មភាពទាំងព្រឹកព្រលឹម ដោយមិនខ្លាចញញើត ទោះនៅតំបន់នោះមានមនុស្សម្នាធ្វើដំណើរទៅមក និងរកស៊ីអ៊ូអរក៏ដោយ។
កញ្ញាថា៖ «ខ្ញុំមិនចង់ឱ្យពួកអស់ហ្នឹងមករញ៉េរញ៉ៃនៅម្តុំហ្នឹងទេ និយាយទៅកន្លែងហ្នឹងពិបាករស់នៅណាស់ ចោរក៏មានពួកបែកថ្នាំក៏មាន។ កន្លែងហ្នឹងដូចកន្លែងប្រែតនៅអ៊ីចឹង សំរាមក៏គរពេញហ្នឹង នេះនៅក្បែរមន្ទីរពេទ្យផង។ វាអត់មានសុវត្ថិភាពសោះតែម្តងហ្នឹងណា។ សមត្ថកិច្ច ឬសង្កាត់អីចុះមកតែមានបណ្តឹង ឬបញ្ហាម្តងៗប៉ុណ្ណោះ អស់ពីហ្នឹងហើយក៏បាត់ឈឹង»។
មានមាឌតូចល្អិត សម្បុរស កញ្ញា ស្រីលក្ខ បានបង្ហាញពីក្តីបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ ដោយសារតែកញ្ញាធ្លាប់ឃើញមានករណីឆក់ និងការប្រើហិង្សា ពីសំណាក់ក្រុមអ្នកញៀនថ្នាំញៀនទាំងនោះ។ ករណីនេះ កញ្ញាបានស្នើដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះអន្តរាគមន៍ជាប្រចាំ និងលុយបំបាត់ក្រុមអ្នកញៀនថ្នាំ និងក្មេងទំនើងទាំងនោះ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់។
កញ្ញានិយាយថា៖ «បើមានឡានខូចអ៊ីចឹង គ្នាចតតែមួយភ្លែត លួចទូរសព្ទបាត់។ អ្នកខ្លះមកពីចម្ងាយ គ្នាមិនដឹង អង្គុយមួយភ្លេតឆក់ទូរសព្ទបាត់ទៅ។ ពេលខ្លះ វាបន្លំធ្វើដូចយកកូនមកពេទ្យអ៊ីចឹង ហើយឆក់របស់គេគ្រប់សព្វ ឱ្យតែប្រហែស។ អ្នកឆក់ហ្នឹងមានទាំងស្រីទាំងប្រុស ពេលខ្លះម៉ូតូគេបុកគ្នា ឬក៏ដួលអីហ្នឹង ពួកវាមកមួយរំពេច ឆក់របស់ទៅបាត់[…] ខ្ញុំសង្ឃឹមថា អ្នកពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល បើធ្វើអីបាន ក៏ឆាប់ធ្វើទៅ ដើម្បីកុំឱ្យពួកវាមកអុកឡុក និងបង្កភាពអណាធិបតេយ្យអ៊ីចឹង»។
មិនខុសគ្នាប៉ុន្មាននោះទេ លោក សុខ វណ្ឌី អាយុ៥៥ឆ្នាំ ជាអ្នករត់កង់បីនៅក្នុងរាជធានីភ្នំពេញ បានលើកឡើងដែរថា រាល់ថ្ងៃ បើទោះបីជាលោកជាបុរស ក៏នៅតែមានអារម្មណ៍ភ័យខ្លាចពីសុវត្ថិភាព ដែលបង្កដោយជនញៀនថ្នាំ និងជនជាតិចិន មិនថានៅពេលយប់ឬពេលថ្ងៃនេះទេ។ លោកថា នៅម្តុំមន្ទីរពេទ្យព្រះកេតុមាលា និងតំបន់មួយចំនួនទៀត សម្បូរទៅដោយអ្នកញៀនថ្នាំ ដោយពួកគេធ្វើសកម្មភាពឆក់ ឬប្លន់នៅតាមទីសាធារណៈ ដោយមិនខ្លាចរអ៊ានឹងមនុស្សច្រើនឡើយ។
លោកថ្លែងថា៖ «ពេលបើកកង់បីម្តងៗខ្ញុំនៅតែខ្លាច ព្រោះពួកវាមិនខ្លាចយើងទេ។ ជួនកាលយើងបើកចៀសពួកវាទៀតហ្ន វាមិនចៀសយើងទេ។ និយាយទៅតំបន់នេះ[ក្បែរមន្ទីរពេទ្យព្រះកេតុមាលា]អសុវត្ថិភាព សូម្បីខ្ញុំប្រុសក៏ដោយ ក៏នៅតែខ្លាចដែរ។ ការណ៍ដែលមានពួកបែកថ្នាំចេញមកដើរតាមផ្លូវបង្កឱ្យអសណ្តាប់ធ្នាប់នៅទីនេះ វាញឹកញាប់ទៅ ក្លាយជាទម្លាប់កែលែងឡើងហើយ ដែលពួកយើងជាអ្នកជិះកាត់ និងអាជីករ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ដោយខ្លួនឯង។ ពេលខ្លះតូបនៅម្តុំហ្នឹង ពួកវាគាស់ពេលយប់ បើយើងមិនជួលអ្នកយាមទេ»។
ចំណែក កញ្ញា សួន ទីឡែន អាយុ ២៥ឆ្នាំ បច្ចុប្បន្នជានិស្សិតពេទ្យ និងរស់នៅក្នុងរាជធានីភ្នំពេញ ក៏បានលើកឡើងដែរថា ខ្លួនបានទទួលព័ត៌មានពីហេតុការណ៍ជាច្រើនបានកើតឡើងនៅក្នុងសង្គម ទាំងបញ្ហាក្មេងទំនើងវៃកាប់ចាក់គ្នា អ្នកញៀនថ្នាំដើរអុកឡុកឆក់ ឬលួចទ្រព្យសម្បត្តិពលរដ្ឋ បញ្ហាបាញ់បោះដែលបង្កឡើងដោយជនជាតិចិនជាដើម។
កញ្ញាបន្តថា បញ្ហាទាំងនេះ បានបង្កជាក្តីបារម្ភ និងការភ័យខ្លាចសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជារូបកញ្ញាផ្ទាល់ ជាពិសេសនៅពេលដែលកញ្ញាធ្វើដំណើរនៅពេលយប់ព្រលប់។ កញ្ញាបន្ថែមថា បញ្ហាសុវត្ថិភាពជារឿងចាំបាច់ដែលអាជ្ញាធរមានសមត្ថកិច្ច គួរមានវិធានការទប់ស្កាត់ និងការពារសុខសុវត្ថិភាពឱ្យបានតឹងរឹងជូនប្រជាពលរដ្ឋ ទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
កញ្ញាថា៖ «និយាយរួមអសុវត្ថិភាពតែម្តង ត្រឹមម៉ោង៩យប់អីស្ងាត់ មនុស្សបែកថ្នាំដើរហើរតាមផ្លូវ ហើយបើរបស់យើងទុកអីនៅខាងក្រៅផ្ទះ ពួកវាលួចអស់តែម្តង។ ខ្ញុំចង់ឱ្យមានសុវត្ថិភាពជាងហ្នឹង ហើយមានការយាមតឹងរឹងគ្រប់ទីកន្លែង ព្រោះយប់សម្បូរក្មេងស្ទាវ និងពួកបែកថ្នាំ ចេញបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃអ៊ីចឹងទៅ»។
កាលពីអំឡុងពាក់កណ្តាល ខែសីហា ឆ្នាំ២០១០ រដ្ឋាភិបាល បានដាក់ចេញនូវផែនការណែនាំស្តីពីការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-មានសុវត្ថិភាព» ក្នុងគោលបំណងគៀរគរការចូលរួមពីគ្រប់មជ្ឈដ្ឋាន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរនៅគ្រប់ច្រកល្ហកនៃភូមិ-ឃុំទូទាំងប្រទេស។
ផែនការនេះ បានកំនត់នូវលក្ខណៈសម្បត្តិនៃភូមិ-ឃុំមានសុវត្ថិភាពចំនួន៥ រួមមាន គ្មានសកម្មភាពលួច ឆក ប្លន់គ្រប់ប្រភេទ, គ្មានការផលិត ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់, គ្មានអំពើអនាចារ ការជួញដូរស្ត្រីនិងកុមារ និងអំពើហិង្សាក្នុងគ្រួសារ, គ្មានក្មេងទំនើង និងគ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ នេះបើតាមសៀវភៅណែនាំស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-មានសុវត្ថិភាព» របស់ក្រសួងមហាផ្ទៃ ដែលចេញផ្សាយនៅឆ្នាំ២០២៣។
ក្រោយការអនុវត្តមួយរយៈ ថ្មីៗនេះ រដ្ឋាភិបាលក៏បានបន្ថែមលក្ខណៈសម្បត្តិដល់ទៅ៧យ៉ាងក្នុងគោលនយោបាយ «ភូមិ-ឃុំ-មានសុវត្ថិភាព»នេះ ដោយកំណត់ការងារសំខាន់ៗពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃប្រជាពលរដ្ឋ ដូចជាការទប់ស្កាត់បទល្មើសក្នុងសង្គម ការផ្តល់សេវាសាធារណៈ ការងារអនាម័យនិងបរិស្ថាន ការទប់ស្កាត់គ្រោះថ្នាក់សង្គមលើពលរដ្ឋ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាដើម។ នេះបើតាមការផ្សព្វផ្សាយក្នុងគេហទំព័ររបស់ក្រសួងមហាផ្ទៃ។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានទេ។
តែយ៉ាងណា ជារឿយៗ ប្រមុខរដ្ឋាភិបាល តែងតែដាក់បទបញ្ជា និងណែនាំទៅក្រសួង អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅគ្រប់រាជធានី-ខេត្ត ត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរឹង ចំពោះបញ្ហាក្មេងទំនើង និងបញ្ហាអសន្តិសុខសង្គមនានា។
ជាក់ស្តែងក្នុងពិធីចែកសញ្ញាប័ត្រ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអាជ្ញាធរនៅគ្រប់រាជធានីខេត្ត បន្តចាត់វិធានការច្បាប់ ដោយគ្មានការលើកលែងចំពោះករណីក្មេងទំនើងដែលបង្កហិង្សាដាក់គ្នា។ ទន្ទឹមគ្នានេះ លោកបានស្នើឱ្យក្រសួងយុត្តិធម៌ ធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទម្ងន់ទោសបន្ថែមទៀតចំពោះក្មេងទំនើង ដើម្បីឱ្យពួកគេរាងចាល និងខ្លាចរអា។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក យិន ម៉េងលី សង្កេតឃើញថា ក្រោយមានគោលនយោបាយភូមិឃុំមានសុវត្ថិភាព សមត្ថកិច្ចបានរៀបចំឱ្យមានប្រជាការពារនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងមានការចូលរួមពីប្រជាពលរដ្ឋមួយចំនួន ក្នុងការរាយការណ៍ពីអសន្តិសុខសង្គម ទៅកាន់សមត្ថកិច្ចផងដែរ។
តែយ៉ាងណា លោកថា ការអនុវត្តនេះ នៅមិនទាន់គ្រប់គ្រាន់នោះទេ ដោយសារមានប្រជាពលរដ្ឋមួយចំនួន នៅមិនហ៊ានរាយការណ៍ពីរឿងអសន្តិសុខសង្គម ដែលពួកគាត់ជួបប្រទះ ទៅកាន់សមត្ថកិច្ចឱ្យបានពេញលេញនៅឡើយ ដោយសារតែបារម្ភពីសុវត្ថិភាពរបស់ពួកគេ។
លោកថា៖ «នៅតាមបណ្តាលប៉ុស្ត៍រដ្ឋបាលភូមិឃុំមានប្រជាការពារ មាននគរបាលប៉ុស្ត៍ និងប៉ូលិសជាដើម។ តែមិនទាន់គ្រាប់គ្រាន់ទេ វាត្រូវចូលរួមពីប្រជាពលរដ្ឋ អ៊ីចឹងពេលពលរដ្ឋគាត់រាយការណ៍ គាត់ប្រើប្រាស់សេរីភាពបញ្ចេញមតិដើម្បីផ្តល់ព័ត៌មានដល់ដល់អាជ្ញាធរ។ ដូច្នេះត្រូវធ្វើយ៉ាងណាលាក់ប្រភព ដើម្បីកុំឱ្យប៉ះពាល់សុវត្ថិភាពពួកគាត់។ កាលណាប៉ះពាល់ដល់សន្តិសុខពួកគាត់ ពួកគាត់មិនហ៊ានចូលរួមរាយការណ៍ទេ អ៊ីចឹងអាជ្ញាធរត្រូវបើកលំហរសេរីភាពបញ្ចេញមតិ។ លំហរនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ព័ត៌មានអសន្តិសុខក្នុងតំបន់ហ្នឹង»។
លោក យិន ម៉េងលី បន្តថា សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ មានតួនាទីសំខាន់ក្នុងការទប់ស្កាត់បញ្ហាអសន្តិសុខសង្គម និងការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ពីការបង្កហិង្សា ការប្រព្រឹត្តបទល្មើសនានាពីសំណាក់ជនញៀនថ្នាំ និងជនល្មើស។ លោកថា បើសិនសមត្ថកិច្ចពាក់ព័ន្ធ មិនយកចិត្តទុកដាក់លើការការពារសន្តិសុខសង្គមនោះទេ វានឹងប៉ះពាល់ដល់ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋ ព្រមទាំងមុខមាត់ និងសេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ។
លោកបានគូសបញ្ជាក់ថា៖ «ដើម្បីធានាថាពលរដ្ឋពិតជារស់នៅសុខសុវត្ថិភាពពិតប្រាកដមែន បើអាជ្ញាធរនៅតំបន់ខ្លួនឯង មិនអាចបង្រ្កាបពួកដែលអុកឡុកក្នុងសង្គមបាន អ៊ីចឹងមានន័យថា ពួកគាត់អសមត្ថភាពហើយ អ៊ីចឹងត្រូវត្រួតពិនិត្យដើម្បីផ្លាស់ប្តូរគាត់ចេញ។ រឿងដែលបង្រ្កាបមិនបាន វាអាចមកពីបញ្ហាបក្សពួក អំពើពុករលួយជាដើម។ បើគ្មានការផ្លាស់ប្តូរ ដើម្បីកែលម្អទេនោះ ប្រជាពលរដ្ឋនៅតែគ្មានជំនឿលើអាជ្ញាធរដដែល។ បើតំបន់នោះជាតំបន់ទេសចរនឹងគ្មានភ្ញៀវជាតិ អន្តរជាតិណាហ៊ានទៅលេងទេ អ៊ីចឹងវាប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសយើងហើយ»។
ចំណែក លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម បានលើកឡើងថា បញ្ហាអសន្តិសុខក្នុងសង្គម និងបញ្ហាក្មេងទំនើងជាដើមនេះ អាចដោះស្រាយបាន បើសិនជាសមត្ថកិច្ចមូលដ្ឋាន មានការសហការណ៍ជាមួយពលរដ្ឋ និងចាត់វិធានការទប់ស្កាត់និងបង្ក្រាប ដោយមិនរងចាំតែបញ្ជាពីថ្នាក់ដឹកនាំ។ លោកថា បើសិនជាមន្ត្រីនៅមូលដ្ឋាន ចាំតែថ្នាក់លើបញ្ជា និងផ្តល់អនុសាសន៍ ទើបធ្វើសកម្មភាពចាត់វិធានការបង្ក្រាប នោះបញ្ហាអសន្តិសុខសង្គម នឹងនៅតែបន្តកើតមានជាហូរហែរ ហើយប្រជាពលរដ្ឋនៅតែមានក្តីបារម្ភពីសុវត្ថិភាព។
លោកថា៖ «មែនទែនទៅរឿងនេះ ខ្ញុំគិតថា កំពុងអនុវត្តគោលនយោបាយរបស់ថ្នាក់ដឹកនាំ ដើម្បីបង្កើននូវការបង្រ្កាបឱ្យតឹងរឹងចំពោះក្មេងទំនើង ឬពួកបែកថ្នាំហ្នឹង មិនពិបាកអីទេ ប្រសិនបើអាជ្ញាធរនៅក្នុងមូលដ្ឋានក្នុងខណ្ឌនីមួយៗដែលមានមន្ត្រីប៉ូលិសចេះរាយករណ៍ភ្លាមៗ។ បើក្នុងករណីមិនបានផលទេ ត្រូវចេះស្នើសុំទៅសាលាក្រុងដើម្បីអន្តរាគមន៍វាចប់រឿងបាត់ហើយ។ សំខាន់គឺអាជ្ញាធរនៅក្នុងមូលដ្ឋាន ទទួលបន្ទុកមើលរឿងទាំងអស់ហ្នឹង។ មិនមែនទាល់តែពលរដ្ឋព្រួយ និងមានការស្រែករបស់ថ្នាក់លើមកហើយ បានធ្វើ វាមិនបានផលអីទេ។ ដូច្នេះហើយបានតាមភូមិឃុំ ត្រូវមានអាជ្ញាធរមូលដ្ឋាន ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋហ្នឹង។ បើវិធានការមួយមិនមានប្រសិទ្ធភាពហើយ ទោះបីមានវិធានការដប់ទៀតក៏នៅតែគ្មានប្រសិទ្ធភាពដែរ»៕
………………………………….
អត្ថបទដោយ៖ ណឺ មិនា