កំណើននៃចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារបន្តធ្វើឱ្យពន្ធនាគារនៅកម្ពុជាស្ថិតក្នុងស្ថានភាពចង្អៀតណែនខ្លាំង ដោយពន្ធនាគារចំនួន១៨ នៅក្នុងចំណោមពន្ធនាគារ១៩កន្លែង ដាក់អ្នកជាប់ឃុំលើសពីសមត្ថភាពដែលអាចដាក់បាន ហើយការណ៍នេះ ទាមទារឱ្យមានកំណែទម្រង់ប្រព័ន្ធពន្ធនាគារជាបន្ទាន់ នេះបើយោងតាមរបាយការណ៍របស់អង្គការលីកាដូ ដែលចេញផ្សាយនៅសប្តាហ៍នេះ។
យោងតាមរបាយការណ៍របស់អង្គការលីកាដូ ដែលបានចេញផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភៈបានឱ្យដឹងថា នៅត្រឹមដំណាច់ឆ្នាំ២០២៤ ពន្ធនាគារចំនួន១៨ ក្នុងចំណោមពន្ធនាគារទាំង ១៩ កន្លែង ដែលអង្គការលីកាដូធ្វើការងារជាមួយ ដាក់ជនជាប់ឃុំលើសពីសមត្ថភាពរបស់ខ្លួន ដោយក្នុងនោះ មានពន្ធនាគារចំនួន១១ កន្លែង ដាក់ជនជាប់ឃុំយ៉ាងតិចចំនួន ២០០% នៃសមត្ថភាពដែលអាចដាក់បាន ។ ប្រសិនបើបូកបញ្ចូលគ្នាចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារទាំងនេះ ដាក់ជនជាប់ឃុំជាង ៤ ៥០០០នាក់ គឺកើនឡើងចំនួន២៣% ដោយគិតចាប់ពីខែធ្នូ ឆ្នាំ២០២៣។
របាយការណ៍ដដែលបញ្ជាក់ទៀតថា ភាពចង្អៀតណែននេះ គឺបណ្តាលមកពីការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ ជនដែលមិនទាន់ទទួលបានការផ្តន្ទាទោសឬកំពុងរង់ចាំសាលក្រមចុងក្រោយ ដែលមានប្រមាណជាង ៧៥% នៃជនជាប់ឃុំក្នុងពន្ធនាគារដែលលីកាដូធ្វើការជាមួយ ។ បច្ចុប្បន្ន ពន្ធនាគារខេត្តកណ្តាល គឺជាពន្ធនាគារ ដែលមានភាពចង្អៀតណែនជាងគេ ដោយមានជនជាប់ឃុំជាង ៣៩០០នាក់ នៅក្នុងទំហំពន្ធនាគារ ដែលអាចដាក់បានត្រឹមតែ៦០០នាក់ ដែលធ្វើឱ្យពន្ធនាគារនេះ មានអត្រាដាក់ជនជាប់ឃុំដល់ទៅជាង៦៥០%។
ទិន្នន័យពីរបាយការណ៍សង្ខេបនៃពន្ធនាគារក្នុងពិភពលោក (World Prison Brief) របស់វិទ្យាស្ថានសម្រាប់ការស្រាវជ្រាវគោលនយោបាយយុត្តិធម៌ និងបទល្មើស បានចាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេស ដែលមានពន្ធនាគារមានស្ថានភាពចង្អៀតណែនជាងគេបំផុត ទីពីរ ក្នុងពិភពលោក ដោយគិតត្រឹមខែកក្កដា ឆ្នាំ២០២៣។
ជុំវិញបញ្ហានេះ លោក ឃៀង សុណាឌីន អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារមានប្រសាសន៍ថា លោកនឹងពិនិត្យមើលរបាយការណ៍របស់អង្គការលីកាដូ ដែលបានបង្ហាញថា ពន្ធនាគារដាក់ជនជាប់ឃុំលើសសម្ថភាពនោះ ប៉ុន្តែលោកអះអាងថា របាយការណ៍របស់អង្គការលីកាដូមិនបានផ្ទៀងផ្ទាត់ជាមួយខាងអគ្គនាយកដ្ឋានពន្ធនាគារនោះទេ។
លោកមានប្រសាសន៍ថា ៖«ខាងពន្ធនាគារមិនបានផ្តល់ជារបាយការណ៍ជាក់លាក់បញ្ចេញឱ្យខាងអង្គការលីកាដូទេ ប្រហែលជាលីកាដូប្រើប្រាស់មធ្យោបាយរបស់លីកាដូខ្លួនឯង ដោយគ្មានការផ្ទៀងផ្ទាត់ជាមួយខាងពន្ធនាគារ»។
បើតាមលោក សុណាឌីន ថា បច្ចុប្បន្ន មណ្ឌលអបរ់រំកែប្រែ«ម១» និង «ម២» មានដាក់ជនជាប់ឃុំសរុបក្នុងរង្វង់ជាង ១ ម៉ឺននាក់ ហើយថា ដើម្បីដោះស្រាយបញ្ហាចង្អៀតណែនតាមពន្ធនាគារ អគ្គនាយកដ្ឋានពន្ធនាគារ និងក្រសួងពាក់ព័ន្ធបានធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារផ្នែកច្បាប់ និងផ្ទេរជនជាប់ឃុំ ដែលមានសាលក្រមជាស្ថាពរ ដែលត្រូវអនុវត្តទោសឱ្យទៅមណ្ឌលកែប្រែតាមខេត្ត។
លោកមានប្រសាសន៍ថា៖ «ក្នុងក្របខណ្ឌក្រសួង និងក្រសួងយើងបានគិតគ្នាហើយ ហើយលីកាដូគាត់មិនបានចូលរួមពាក់ព័ន្ធនៅក្នុងការងារហ្នឹងទេ»។
របាយការណ៍របស់អង្គការលីកាដូបានលើកឡើងផងដែរថា កាលពីឆ្នាំ២០១០ អង្គការលីកាដូបានលើកឡើងថា នៅក្នុងពន្ធនាគារទាំង ១៨ ដែលអង្គការលីកាដូកំពុងឃ្លាំមើល ពន្ធនាគារនីមួយៗឃុំឃាំងអ្នកទោសរហូតដល់ ១៧៥% នៃ សមត្ថភាពរបស់ខ្លួន ហើយថា រយៈពេល១៥ឆ្នាំមកនេះ ពន្ធនាគារនៅតែមានសភាពចង្អៀតណែននិងកង្វះធនធាន។
អង្គការលីកាដូបានអះអាងថា រាជរដ្ឋាភិបាលមិនទាន់បានអនុវត្តវិធានការណ៍ណាមួយឱ្យមានប្រសិទ្ធភាពនៅឡើយទេ ដើម្បីអាចកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់វិធានការឃុំខ្លួន លើជនដែលត្រូវបានចោទថា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនោះ ហើយថា រដ្ឋាភិបាលគួរប្រើប្រាស់វិធានការផ្សេងទៀត ដែលមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយចំនួនជនជាប់ឃុំក្នុងពន្ធនាគារ ដែលបន្តកើនឡើងជាប្រចាំនេះ។
អង្គការលីកាដូបន្តថា ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរដែលពាក់ព័ន្ធគួរអនុវត្តវិធានការមួយចំនួនដូចជា ការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការគួរធ្វើតែក្នុងករណីចាំបាច់ អនុញ្ញាតឱ្យនៅក្រៅឃុំ សម្រាប់គ្រប់បុគ្គលដែលមានសិទិ្ធទទួលបាន ជាពិសេសជនងាយរងគ្រោះដូចជាអនីតិជន ស្ត្រីមានផ្ទៃពោះ ចាស់ជរានិងស្ត្រីដែលមានកូនតូចនៅជាមួយ ការប្រើប្រាស់វិធានការទោសជំនួស ក៏ដូចជាការដោះលែងមុនពេល អំឡុងពេលសាកល្បង ឬដោះលែងដោយមានលក្ខខណ្ឌ ចំពោះជនជាប់ឃុំណា ដែលត្រូវបានតុលាការផ្តន្ទាទោសពីបទល្មើសមជ្ឈិម ឬបទល្មើសដែលអហិង្សា និងជនជាប់ឃុំ ដែលអនុវត្តទោសជិតចប់។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការ ការពារសិទ្ធិមនុស្ស លីកាដូ(LICADHO) បានមានប្រសាសន៍ថា ជាងពាក់កណ្តាលនៃជនជាប់ឃុំនៅក្នុងពន្ធនាគារបច្ចុប្បន្ន គឺពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ហើយលោកបារម្ភថា ភាពចង្អៀតណែននៅពន្ធនាគារអាចផ្តល់ផលប៉ះពាល់ការដល់ការស្នាក់នៅ សុខភាពអនាម័យនិងសិទ្ធិមួយចំនួនរបស់ជនជាប់ឃុំ។ លោកបន្ថែមថា តួអង្គសំខាន់ៗ នៅក្នុងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដូចជាក្រសួងយុត្តិធម៌ ស្ថាប័នអយ្យការ និងតុលាការ មិនទាន់បានអនុវត្តនូវការកែទម្រង់ឱ្យមានប្រសិទ្ធភាពពេញលេញនៅឡើយ។
លោកមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលមិនទាន់បានអនុវត្តវិធានការណ៍ណាមួយឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យប្រព័ន្ធយុត្តិធម៌អាចកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់វិធានការឃុំខ្លួន លើជន ដែលត្រូវចោទថា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនោះនៅឡើយទេ»។
ជុំវិញបញ្ហានេះ លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ក្រសួងកំពុងសិក្សាទៅលើលទ្ធភាពអនុវត្តទោសជំនួស សម្រាប់ករណីខ្លះ ដែលជាប្រភេទបទល្មើសស្រាល និងអាស្រ័យទៅលើស្ថានភាពរបស់ជន ដែលប្រព្រឹត្តបទល្មើស។
លោកមានប្រសាសន៍ថា៖ «យ៉ាងណាក៏ដោយ យើងត្រូវការថ្លឹងថ្លែងឱ្យបានម៉ត់ចត់ រវាងម្ខាង យុទ្ធសាស្រ្តកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ និងម្ខាងទៀត ការអនុវត្តច្បាប់ដោយតឹងរ៉ឹង និងម៉ឺងម៉ាត់ ដើម្បីធានានូវប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌ ក៏ដូចជា ដើម្បីធានារក្សាសន្តិសុខសាធារណៈ សណ្តាប់ធ្នាប់សង្គម ក៏ដូចជា ភាពសុខសាន្តរបស់ប្រជាពលរដ្ឋយើង»។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានគិតត្រឹមព្រឹកថ្ងៃព្រហស្បត្តិ៍នេះ៕
……………………………..
អត្ថបទ៖លី រូស្សឡាន និង តាំង ប៉ហ្គិច