ប្រទេសកម្ពុជាបន្តស្ថិតនៅលេខរៀងទាបបំផុតទីពីរពីរ ជាប្រទេសដែលមានអំពើពុករលួយខ្លាំង ក្នុងតំបន់អាស៊ាននៅឆ្នាំ២០២៤ ដោយថយចុះ១ពិន្ទុបន្ថែមទៀត ធៀបនឹងឆ្នាំមុន។ នេះបើយោងតាមអង្គការតម្លាភាពកម្ពុជា (TIC)។
សន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយ (CPI) ឆ្នាំ២០២៤ ដែលចេញផ្សាយនៅថ្ងៃអង្គារនេះ ដោយអង្គការតម្លាភាពកម្ពុជា បានបង្ហាញថា កម្ពុជាទទួលបានពិន្ទុ២១ លើពិន្ទុអតិបរមា ១០០ ដោយធ្លាក់ចុះ ១ពិន្ទុ ធៀបនឹងឆ្នាំ២០២៣ ដែលកម្ពុជាទទួលបាន២២ពិន្ទុ។ ពិន្ទុនេះ ធ្វើឱ្យប្រទេសកម្ពុជាបន្តស្ថិតនៅចំណាត់ថ្នាក់ទាបបំផុតទី២ នៅក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដោយនៅពីលើតែប្រទេសមីយ៉ាន់ម៉ាមួយប៉ុណ្ណោះ ខណៈកម្ពុជាបន្តឈរនៅចំណាត់ថ្នាក់ទី១៥៨ ក្នុងចំណោម១៨០ ប្រទេស ដែលត្រូវបានវាយតម្លៃ។
ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច កម្ពុជាស្ថិតនៅលេខរៀងទាបជាងគេបំផុតទីបួន ដែលកម្ពុជានៅល្អប្រសើរជាងតែប្រទេសអាហ្កានីស្ថាន (ពិន្ទុ១៧) មីយ៉ាន់ម៉ា ( ពិន្ទុ១៦) និងកូរ៉េខាងជើង (ពិន្ទុ១៥)។ ចំណែកប្រទេសសិង្ហបុរីវិញ បានជាប់ក្នុងចំណោមប្រទេសទាំងប្រាំ ដែលមានសន្ទស្សន៍យល់ឃើញអំពើពុករលួយល្អជាងគេនៅលើពិភពលោក។ ប្រទេសនៅតំបន់អាស៊ានផ្សេងទៀតក៏បានធ្លាក់ពិន្ទុដែរ ដូចជាវៀតណាមធ្លាក់ពី៤១ មក៤០ពិន្ទុ ថៃធ្លាក់ពី ៣៥មក ៣៤ពិន្ទុ ហ្វីលីពីន ពី ៣៤ មក៣៣ និង មីយ៉ាន់ម៉ាពី ២០មក១៦ពិន្ទុ។
ដោយឡែកប្រទេសម៉ាឡេស៊ី ឡើងពី៤៧ទៅ៥០ពិន្ទុ និងហ្វីលីពីន ពី៣៣ទៅ៣៤ពិន្ទុ។ ជាមួយគ្នានេះដែរប្រទេសកើនមានសន្ទស្សន៍ជាវិជ្ជមាន មានសឹង្ហបុរី ពី៨៣ ទៅ ៨៤ ឥណ្ឌូនេស៊ី ពី៣៤ មក៣៧ និងឡាវ ពី ៣១ មក៣៣ ពិន្ទុរបស់ម៉ាឡេស៊ី រក្សាបាននៅដរដែរ។
សេចក្ដីថ្លែងការណ៍ព័ត៌មានដដែលបញ្ជាក់ថា៖ «លទ្ធផលនេះ បានបង្ហាញពីនិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដោយសារតែពិន្ទុCPI របស់កម្ពុជា បន្តនៅក្នុងចន្លោះពិន្ទុ ២០ បន្តិចបន្តួច ដែលជាពិន្ទុទាប ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ បើទោះបីជាមានការប្រសើរឡើងនៅឆ្នាំខ្លះក្តី»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានប្រាប់ Newsroom Cambodia ថាពិន្ទុសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនាពេលបច្ចុប្បន្ន ដែលបង្ហាញពីបញ្ហាប្រឈមនៃអំពើពុករលួយនៅកម្ពុជា ដែលរារាំងដល់ការអភិវឌ្ឍន៍លើវិស័យផ្សេងៗ។
លោកបានគូសបញ្ជាក់ថា ក្នុងវិស័យនយោបាយ អំពើពុករលួយប៉ះពាល់ទៅកាន់ប្រព័ន្ធអភិបាលកិច្ច ប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ និងរំលោភសិទ្ធិពលរដ្ឋ។ លើសពីនេះ លោកបានកត់សម្គាល់ថា អំពើពុករលួយនៅតែបន្តរារាំងដល់ការវិនិយោគ និងការធ្វើអាជីវកម្មស្មុគស្មាញ ដែលជាក្តីកង្វល់ដែលតែងលើកឡើងដោយវិស័យឯកជនជាញឹកញាប់។
លោកមានប្រសាសន៍ថា៖ « ផ្នែកសង្គមដូចគ្នាប៉ះពាល់ដល់សិទ្ធិ ទទួលបានយុត្តិធម៌ដោយស្មើមុខស្មើមាត់គ្នា ប៉ះពាល់ដល់ជីវភាពបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសនៅពេលដែលសេវាសាធារណៈមិនបានផ្តល់ទៅកាន់ជូនពួកគាត់ជាដើម ដូច្នេះកម្ពុជានៅតែមានអំពើពុករលួយជាឧបសគ្គសម្រាប់កម្ពុជានៅឡើយ។ ដែលទាមទារឲ្យរដ្ឋាភិបាលយកចិត្តទុក។»
លោកបានលើកឡើងពីអាទិភាពសំខាន់ពីរសម្រាប់រដ្ឋាភិបាល ក្នុងការស្តារស្ថានភាពនៅប្រទេសកម្ពុជា ទី១ គឺទាមទារជាបន្ទាន់ក្នុងការពង្រឹងការផ្តល់សេវាដោយការដោះស្រាយអំពើពុករលួយ ជាពិសេសសេវាសាធារណៈ ដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋ នេះរួមបញ្ចូលវិស័យសំខាន់ៗដូចជាផ្នែកសុខាភិបាល និងអប់រំ។
លោកបន្តថា តាមរយៈការកាត់បន្ថយអំពើពុករលួយក្នុងវិស័យទាំងនេះប្រកបដោយប្រសិទ្ធភាព រដ្ឋាភិបាលអាចធ្វើអោយប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាសំខាន់ៗ ហើយទីបំផុតជីវិតរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
លោកមានប្រសាសន៍ថា៖ «ទី២ការលើកកម្ពស់ធុរកិច្ចប្រកបដោយតម្លាភាព ប្រកបដោយអនុលោមខ្ពស់ដោយធានាថា ប្រតិបត្តិការអាជីវកម្មមិនមានអំពើពុករលួយហើយជម្រុញការវិនិយោគឲ្យសមស្រប ឲ្យកាន់តែប្រសើរឡើងតាមរយៈការទប់ស្កាត់ឬក៏ការលុបបំបាត់អំពើពុករលួយនៅក្នុងការវិនិយោគ ហើយក្នុងការធ្វើប្រតិបត្តិការធុរកិច្ចផ្សេងៗនឹង»។
ជុំវិញរឿងនេះ លោក សយច័ន្ទ វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយប្រាប់ Newsroom Cambodia ថា លោកយល់ថា សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ (CPI) ឆ្នាំ២០២៤ ត្រូវបានចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិមិនមានទម្ងន់ តែអាចយកជាព័ត៌មានសម្រាប់អង្គភាពបាន ព្រោះកម្ពុជា គឺជារដ្ឋភាគី មួយនៃអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីការប្រឆាំងអំពើពុករលួយ បច្ចុប្បន្ន មានសមាជិករហូតដល់១៩៤ប្រទេស ដូចនេះក្នុងនាមកម្ពុជាជារដ្ឋភាគី នៃអនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងអំពើពុករលួយ គឺមានកាតាព្វកិច្ចគោរពតាម។
លោកបន្តថា៖ «របាយការណ៍មួយនេះ គឺមិនមានមូលដ្ឋានច្បាស់លាស់ មិនមានទម្ងន់អ្វីទាំងអស់ ពីព្រោះថា ជាការវាយតម្លៃ របស់ក្រុមមួយ ប៉ុន្តែអង្គភាពក៏ចាត់ទុកថា របាយការណ៍មួយនេះជាព័ត៌មានមួយដែរ សម្រាប់ខ្លួនអាចយកទៅពិនិត្យ ហើយស្វែងយល់អំពីព័ត៌មានខ្លះ ដែលមាននៅក្នុងហ្នឹង»។
លោកបន្ថែមទៀតថា ក្នុងនាមអង្គភាពប្រឆាំងអំពើពុករលួយ ជាសេនាធិការមួយរបស់រាជរដ្ឋាភិបាល ក្នុងការប្រឆាំងនឹងអំពើពុករលួយគឺ តែងតែទទួលខុសត្រូវចំពោះការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត គឺបានន័យថា រដ្ឋាភិបាលអនុវត្តការងារដោយត្រឹមត្រូវ ដោយច្បាស់លាស់ ដោយតម្លាភាព ទៅតាមច្បាប់ដែលមានជាធរមាន។ លោក វិចិត្រ ក៏បានអំពាវនាវឱ្យមានការចូលរួមពីសាធារណជនផងដែរ ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ចំណែកឯលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា មានអំពើពុករលួយនៅកម្ពុជា។ តែយ៉ាងណាលោកបញ្ជាក់ថា រដ្ឋាភិបាលបានព្យាយាមប្រយុទ្ធប្រឆាំងអំពើពុករលួយតាមរយៈវិធីមួយចំនួនរួមមាន ការបង្កើតនូវអង្គភាពប្រឆាំងអំពើពុករលួយ ការដាក់ចេញនូវគោលការណ៍ នៃអភិបាលកិច្ចល្អ បង្កើតនូវច្រកចេញចូលតែមួយ និងកំណែទម្រង់មួយចំនួនទៀត។
លោកបន្ថែមថា៖ «សួរថា តើអង្គការដែលដើរដាក់ចំណាត់ថ្នាក់គេ ប្រទេសនេះលេខប៉ុន្មានលេខប៉ុន្មានហ្នឹង អាហ្នឹងសម្រាប់យើង គឺជាកិច្ចការងាររបស់គាត់ទេ។ គ្រាន់តែមានសំណួរថា តើអង្គការទាំងនោះធ្វើការដោយសុចរិតភាពទេ? តម្លាភាពទេ? ហើយគាត់មានអីមកវាស់វែង ដែលគួរឱ្យជឿជាក់ទេ? នេះជាចំណោទ! ខ្ញុំគិតថា ប្រទេសណាក៏ដោយសុទ្ធតែមានអំពើពុករលួយ ហើយសុទ្ធតែប្រយុទ្ធប្រឆាំងអំពើពុករលួយរៀងៗខ្លួនរាប់ទាំងកម្ពុជាដែរ។ ដោយមិនបានយកអង្គការណាមួយ របាយការណ៍អង្គការណាមួយមកធ្វើជាមូលដ្ឋានទេ គឺគេខិតខំធ្វើតែរៀងៗខ្លួន ដើម្បីកសាងប្រទេសរបស់គេ កម្ពុជាយើងក៏ដូច្នោះដែរ»។
លោក ប៉ែន បូណា សង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តប្រយុទ្ធប្រឆាំងអំពើពុលរលួយ លើកកម្ពស់តម្លាភាព ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។
គួរជម្រាបជូនថា សន្ទស្សន៍នៃអំពើពុករលួយឆ្នាំ២០២២ កម្ពុជាទទួលបានពិន្ទុ ២៤ ពិន្ទុលើ១០០ពិន្ទុ ខណៈប្រទេសនេះទទួលបានចំណាត់ថ្នាក់លេខ១៥០ ក្នុងចំណោម ១៨០ ប្រទេសនៅទូទាំងពិភពលោក។ រីឯឆ្នាំ២០២៣ កម្ពុជាទទួលបានពិន្ទុ ២២ ពិន្ទុលើ១០០ពិន្ទុ ហើយស្ថិតនៅចំណាត់ថ្នាក់លេខ១៥៨ ក្នុងចំណោម ១៨០ ប្រទេសនៅទូទាំងសកលលោក៕
…………………………………….
អត្ថបទដោយ៖ ពូ សូរាជីនី