ការរើសអើង និងការបដិសេធផ្ដល់ឱកាសការងារ នៅតែជាបញ្ហាចោទចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេសអ្នកបង្ហាញអត្តសញ្ញាណជាខ្លួនឯងជាសាធារណៈ តាមរយៈការតុបតែងរាងកាយខាងក្រៅ(Transgender)។ នៅកម្ពុជា គេសង្កេតឃើញមានស្ថានប័នរដ្ឋ និងឯកជនមួយចំនួន ដែលផ្ដល់ឱកាសការងារសម្រាប់គ្រប់គ្នា ដោយមិនផ្អែកលើការកំណត់អត្តសញ្ញាណភេទ តែយ៉ាងណា ក៏នៅមានស្ថាប័នមួយចំនួនតូច នៅមានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។

ដូចករណី កញ្ញា សុន រស្មី អាយុ ២៦ឆ្នាំ ដែលកំណត់អត្តសញ្ញាណខ្លួនឯង ជាអ្នកផ្លាស់ប្ដូរយេនឌ័រពីបុរសទៅជាស្ត្រីជាដើម។ រស់នៅក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កញ្ញា រស្មី បានលើកឡើងថា ទោះបីរូបគាត់រៀនចប់បរិញ្ញាបត្រផ្នែកភាសាវិទ្យា រយៈពេល ២ឆ្នាំមកហើយក្ដី ប៉ុន្ដែកញ្ញានៅមិនទាន់មានការងារច្បាស់លាស់នោះទេ ដោយសារតែស្ថាប័ន ឬកន្លែងការងារខ្លះ មិនបានផ្តល់ឱកាសអ្នកស្រឡាញ់ភេទដូចគ្នា នៅពេលដែលពួកគេបានឃើញការតុបតែងកាយខាងក្រៅរបស់គាត់។
រស្មី មានក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀន ប៉ុន្តែកាលពីឆ្នាំ២០២៤ កន្លងមកនេះ គាត់បានដាក់ពាក្យស្នើសុំធ្វើជាគ្រូបង្រៀន នៅស្ថាប័នឯកជនមួយ ប៉ុន្តែត្រូវបានគេបដិសេធ ដោយសារបញ្ហាយេនឌ័ររបស់គាត់។
កញ្ញាថា៖ «ភាគច្រើន គឺគេប្រើប្រាស់ពាក្យសម្ដី កាយវិការ ជាការបដិសេធ នៅពេលគេដឹងថាយើងជាអ្នក LGBT ឬអ្នកផ្លាស់ប្ដូរយេនឌ័រ ពេលហ្នុងអារម្មណ៍ គឺគេគិតសិនហើយ គេសម្រេចចិត្តសិន។ កន្លែងខ្លះទៅ ក៏គាត់យល់ដឹងគាត់សម្រចចិត្តឱ្យធ្វើការ ប៉ុន្ដែកន្លងមកកន្លែងខ្ញុំដាក់ពាក្យទៅ គេមិនអាចទទួលយកយើងបានអ៊ីចឹង គឺពិបាកសម្រាប់គេ គេថាឱ្យយើងផ្លាស់ប្ដូរ ឬកែប្រែខ្លួនឯងទៅ បើចង់ធ្វើការ»។
ក្នុងសម្លៀកបំពាក់ជាស្ត្រី និងបបូរមាត់មានលាបក្រែមក្រហមព្រឿង រស្មីនិយាយទាំងទឹកមុខស្រងូតស្រងាត់ថា ការរើសអើងអ្នកផ្លាស់ប្ដូរយេនឌ័រ និងបដិសេធផ្ដល់ការងារពីស្ថាប័នផ្សេងៗ បានក្លាយផលលំបាកផ្អែកហិរញ្ញវត្ថុ និងការរស់នៅប្រចាំថ្ងៃ ខណៈបច្ចុប្បន្ន កញ្ញា បានទទួលការជួយទំនុកបម្រុងថវិកាខ្លះៗពីម្តាយនៅឡើយ បើទោះជាដល់វ័យដែលត្រូវរកការងារចិញ្ចឹមជីវិតដោយខ្លួន និងជួយដល់សង្គមក្តី។
សុន រស្មី បាននិយាយថា៖ «មានបញ្ហាពិបាកខ្លះដែរ ប៉ះពាល់ផ្លូវចិត្តជាដើម ដោយសារតែយើងរៀនចប់ហើយ តែមិនបានយកចំណេះជំនាញមកបម្រើការងារជូនសង្គមជាតិដូចគេឯងដទៃអ៊ីចឹងទៅ ទោះយើងមានសមត្ថភាពដូចគេមែន តែយើងមិនមានឱកាសអាចបង្ហាញហើយត្រូវកប់សមត្ថភាពចំណេះជំនាញចោលក្នុងខ្លួនឯងវិញ»។
ស្រដៀងគ្នានេះដែរ កញ្ញា ឆន រក្សា អាយុ ២៩ឆ្នាំ ជាអ្នកផ្លាស់ប្ដូរយេនឌ័រពីបុរសទៅស្រ្តីម្នាក់ទៀត បានរៀបរាប់ថា កញ្ញាត្រូវបង្ខំចិត្តចាកចេញពីផ្ទះនៅខេត្តពោធិ៍សាត់ មករស់នៅផ្ទះជួលមួយកន្លែងក្នុងរាជធានីភ្នំពេញ ដោយសារឪពុកម្ដាយមិនគាំទ្រអត្តសញ្ញាណរបស់គាត់។ រស្មី បានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១១ ហើយពេលមករស់នៅភ្នំពេញម្នាក់ឯង កញ្ញាត្រូវជួបការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ដោយសារតែពុំអាចរកការងារសមរម្យធ្វើបាន។
រក្សា និយាយថា គាត់បានព្យាយាមរកការងារធ្វើនៅតាមរោងចក្រកាត់ដេរ និងក្រុមហ៊ុននានា ប៉ុន្តែពុំទទួលបានឱកាសការងារនោះទេ ដោយសារតែកន្លែងការងារខ្លះមានការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងខ្លះទៀតគេតម្រូវឱ្យកញ្ញាកាត់សក់ខ្លីតែងខ្លួនជាប្រុសវិញ ទើបគេផ្តល់ការងារឱ្យធ្វើ។
រក្សាបានគូសបញ្ជាក់ថា៖ «មកដាក់ការងារដំបូង គឺការងាររោងចក្រ។ ពេលដែលគេឃើញយើងអ៊ីចឹង(ផ្លាស់ប្ដូរយេនឌ័រ) កន្លែងខ្លះ គេអត់ទទួលតែម្ដង គេអត់ទាន់មើលអត្តសញ្ញាណរបស់យើងទេ។ កន្លែងខ្លះទៀត គេមើលឯកសារយើង ហើយគេមើលរូបយើង មុខមាត់យើងហើយ គេអត់យកទៀត ដោយសារតែឯកសារយើងប្រុស អត្តសញ្ញាណយេនឌ័រ[រូបរាងខាងក្រៅ]យើង[តែងខ្លួន]ជាស្រី អ៊ីចឹងគេអត់យក»។
ដោយសារតែជួបបញ្ហារើសអើងអ្នកស្រឡាញ់ភេទដូចគ្នា នៅកន្លែងដែលកញ្ញាដាក់ពាក្យធ្វើការនោះ រក្សាបានសម្រេចចិត្តរៀនផ្នែកសំអាង ហើយបច្ចុប្បន្ន រក្សាអាចមានឱកាសរកប្រាក់បានគ្រាន់នឹងចិញ្ចឹមជីវិត តាមរយៈការជួយផាត់មុខឱ្យសម្អាងការផ្សេងៗ។ ករណីនេះ កញ្ញា រស្មី បានអំពាវនាវឱ្យបញ្ឈប់ការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងផ្តល់ឱកាសឱ្យបានស្មើៗគ្នាក្នុងការទទួលបានការងារសមរម្យ។
កញ្ញានិយាយថា៖ «ខ្ញុំសំណូមពរគ្រប់ស្ថាប័នការងារទាំងអស់ សូមឲ្យពួកគាត់ឈប់រើសអើងលើអ្នកស្រលាញ់ភេទដូច និងអ្នកផ្លាស់ប្ដូរយេនឌ័រដូចពួកខ្ញុំ ព្រោះពួកយើងអាចបំពេញការងារឱ្យ ធ្វើបានដូចមនុស្សប្រុសស្រីទូទៅដូចគ្នា។ ពួកយើងយកដៃជើងធ្វើការ មិនមែនយកភេទទៅធ្វើការទេ»។
សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាមួយរូបទៀត សុទ្ធ ពៅសំណាង ក៏ជួបបទពិសោធន៍ជូរចត់នៃការរើសអើងក្នុងវិស័យការងារដូចគ្នាដែរ។ សំណាង បានរៀនចប់បរិញ្ញាបត្រ និងទទួលបានសញ្ញាបត្រចំនួន ៣មុខជំនាញបន្ថែមទៀត ក្នុងនោះមាន ផ្នែកបុរាណវិទ្យា អក្សរសាស្ត្រខ្មែរ និងបរិញ្ញាបត្រក្នុងកម្មវិធីភាសាបារាំង ហើយបានព្យាយាមដាក់ពាក្យចូលបម្រើការងារនៅស្ថាប័នរដ្ឋ និងឯកជន ទៅតាមជំនាញនិមួយៗមិនតិចជាង ២០នោះទេ ប៉ុន្តែត្រូវគេបដិសេធទាំងអស់ ដោយសារតែការតុបតែងរូបរាងខាងក្រៅទៅជាមនុស្សស្រី។
សំណាងនិយាយថា៖ «ជម្នះច្រើនណាស់ ក្នុងនាមអ្នកប្ដូរយេនឌ័រជាស្រ្តីម្នាក់ មានរឿងច្រើន ដែលប្រឈម ពិសេសរឿងធំចម្បងនោះរឿងការងារ។ រឿងការងារ គឺពិបាកខ្លាំងតែម្ដង ស្មាទោស គេគ្រាន់តែឃើញជាខ្ទើយភ្លាម គឺគេអត់ឱ្យយើងធ្វើការតែម្ដង គេអត់មើលថាអ្នកឯងប្រវត្តិ (Profile) អីទេ ស្រួលមិនស្រួល ទោះយើងចប់បណ្ឌិត (Ph.D.) ទៀត ក៏គេមិនយកយើងធ្វើដែរ»។
បើទោះជាជួបបញ្ហារើសអើងក្នុងវិស័យការងារ ប៉ុន្តែ សំណាង នៅតែជំនះបន្តដំណើរជីវិត ដោយព្យាយាមដាក់ពាក្យរកការងារធ្វើពីមួយកន្លែងទៅមួយកន្លែងទៀត អស់ជាច្រើនខែ ហើយរហូតមកដល់ឆ្នាំ២០២៤ គាត់ត្រូវបានអង្គការសង្គមស៊ីវិលមួយកន្លែង អនុញ្ញាតឱ្យចូលបម្រើការងារក្នុងតួនាទីមួយ ដែលត្រូវធ្វើការជាមួយក្រុមយុវជនគន្លឹះវ័យក្មេង។ ក្រៅពីម៉ោងការងារ សំណាង ក៏បានចូលរួមចែករំលែកក្នុងការផ្តល់ចំណេះដឹងទាក់ទងនឹងសមភាពយេនឌ័រ ព្រមទាំងជាសំឡងមួយក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។
តាមបទពិសោធន៍ដែលធ្លាប់ធ្វើការជាមួយអ្នកស្រឡាញ់ភេទដូចគ្នា សុទ្ធ ពៅសំណាង បានរកឃើញដែរថា៖ «សម្រាប់ខ្ញុំ អ្នកប្ដូរយេនឌ័រជាស្ត្រី ពួកគាត់មានការប្រឈមមែនទែន ក្នុងវិស័យការងារហ្នឹង ភាគច្រើនពួកគាត់បង្កើតការងារខ្លួនឯង[…] ដល់ថ្នាក់មានអ្នកស្រឡាញ់ភេទដូចគ្នាជាច្រើន ពួកគាត់ត្រូវបង្ខំចិត្ត ធ្វើការក្នុងវិស័យកម្សាន្ត ជាបុរសបម្រើសេវា ឬក៏អីផ្សេងៗទៀតអ៊ីចឹងទៅ ដែលពួកគាត់កាន់តែងាយរងគ្រោះ ជាងអត្តសញ្ញាណជាអ្នកស្រឡាញ់ភេទដូចគ្នាទៅទៀត»។
នៅកម្ពុជាបច្ចុប្បន្ន មិនទាន់មានទិន្នន័យ ឬការសិក្សាថ្មីជាក់លាក់អំពើការរើសអើង ឬការបដិសេធផ្ដល់ការងារចំពោះអ្នកផ្លាស់ប្ដូរយេនឌ័រនៅឡើយទេ។ ប៉ុន្ដែបើតាមរបាយការណ៍ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយកាលពីឆ្នាំ២០២០ កន្លងទៅ មានអ្នកស្រឡាញ់ភេទដូចគ្នាជាង ៥០ភាគរយ ជួបប្រទះការមាក់ងាយ នៅកន្លែងធ្វើការ ដោយសារ និន្នាការភេទ និងអត្តសញ្ញាណយេនឌ័ររបស់ពួកគេ។
យោងតាមគេហទំព័រការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានលើកឡើងថា ស្ថិតក្រោមច្បាប់ជាតិ និងច្បាប់អន្ដរជាតិ បុគ្គលគ្រប់រូប រាប់ទាំងមនុស្សប្តូរភេទ (អ្នកស្រឡាញ់ភេទដូចគ្នា) មានសិទ្ធិទទួលបានសិទិ្ធដូចបុគ្គលដទៃទៀតដែរ។ ប្រភពដដែល បន្តថា មាត្រា១ នៃសេចក្តីប្រកាសជាសកលស្តីពីសិទិ្ធមនុស្ស អះអាងថា មនុស្សទាំងអស់កើតមកមានសេរីភាព និងសមភាពក្នុងផ្នែកសេចក្ដីថ្លៃថ្នូរ និងសិទ្ធិ ហើយមនុស្សម្នាក់ៗមានសិទ្ធិសេរីភាពគ្រប់យ៉ាងដោយមិនប្រកាន់បែងចែកណាមួយ។ គោលការណ៍ទាំងនេះ ស្តីពីសកលភាព ភាពស្មើគ្នា និងការមិនរើសអើង ដែលមានចែងផងដែរ នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិនិងសន្ធិសញ្ញាសិទ្ធិមនុស្ស។
ចំណែក រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១ បញ្ជាក់ជាថ្មីអំពីគោលការណ៍ទាំងនេះ ដោយការទទួលស្គាល់ និងការគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងសន្ធិសញ្ញាអន្តរជាតិ ដោយចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមាន «ភាពសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់» ដោយមិនគិតពីឋានៈសង្គមផ្សេងគ្នា ហើយ «មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ»។
ប្រភពដដែលបន្តថា ជាញឹកញយ មនុស្សស្រឡាញ់ភេទដូចគ្នា ត្រូវប្រឈមនឹង «ស្លាកស្នាមទុយស៍ ការរើសអើង និងការផាត់ចេញកម្រិតខ្ពស់ នៅកន្លែងផ្សេងៗ ដូចជា នៅលំនៅឋាន សាលារៀន កន្លែងធ្វើការ មណ្ឌលសុខភាព និងនៅទីសាធារណ»។
តែយ៉ាងណា កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្ត និងគំនិតផ្តួចផ្តើម ដើម្បីរួមបញ្ចូលមនុស្សស្រឡាញ់ភេទដូចគ្នា ក្នុងផែនការ និងកម្មវិធីផ្សេងៗផងដែរ។
លោកស្រី អ៊ុច និពន្ធ អនុប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងកំពុងធ្វើការជិតស្និទ្ធជាមួយសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីជំរុញនិងផ្សព្វផ្សាយអំពីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ដល់មហាជនទូទៅឱ្យកាន់តែទូលំទូលាយ។ តែយ៉ាងណា លោកស្រីទទួលស្គាល់ថា ក្នុងសង្គមបច្ចុប្បន្ន នៅមានការរើសអើងខ្លះៗ ហើយការរើងអើងនោះជាទស្សនៈរបស់បុគ្គលម្នាក់ៗ។
លោកស្រីថ្លែងថា៖ «ការយល់ដឹងកាន់តែច្រើន ការកាត់បន្ថយការយល់ខុសពីអ្នកស្រឡាញ់ភេទដូចគ្នាកាន់តែច្រើន។ ប៉ុន្ដែពាក់ព័ន្ធនឹងការជ្រើសរើសមន្ត្រី ឬក៏នៅកន្លែងការងារថា មានការរើសអើងអី យើងមិនបដិសេធថាអត់សោះទេ ប៉ុន្ដែបើថាជាប្រព័ន្ធនៃការរើសអើង យើងអត់មានទេ ព្រោះច្បាប់យើង យើងការពារ ប៉ុន្ដែផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ អាហ្នឹងវាអាចមានខ្លះហើយក្នុងសង្គមយើង»។
លោកស្រីបន្ថែមយ៉ាងដូច្នេះ៖ «យើងមិនអាចឈានមួយជំហាន លោតទៅឱ្យឆ្ងាយតែម្ដងទេ យើងធ្វើជាជំហានៗ ដោយសារសង្គមគ្រួសារខ្មែរមានប្រពៃណីទំនៀមទម្លាប់ ដែលមិនអាចភ្លាម យើងបត់១៨០ដឺក្រេបានទេ។ អីដែលធ្វើ យើងធ្វើការជាមួយសង្គមស៊ីវិល យើងធ្វើការជាមួយខាងអង្គការ UN ធ្វើការផ្សព្វផ្សាយ ដំបូងបំផុតឱ្យគាត់យល់សិន គាត់ទទួលយកបានសិន ថាសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា វាមានភាពទូលំទូលាយ មានលក្ខណៈចម្រុះបែបណាខ្លះ ពីព្រោះរដ្ឋពលយើង សង្គមយើង ការយល់ដឹងពីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា មិនទាន់បានច្រើនទេ»។
អ្នកសម្របសម្រួលគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ ការបង្ហាញទំនោរយេនឌ័រ និងលក្ខណៈភេទ(SOGIESC) នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក លឹម បូ រិន ឱ្យដឹងថា ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងវិស័យការងារ នឹងផ្តល់ផលជះអវិជ្ជមានដល់បុគ្គលដែលផ្លាស់ប្តូរយេនឌ័រនោះផ្ទាល់ និងសង្គម។ លោកពន្យល់ថា ភាពគ្មានការងារធ្វើ នាំឱ្យប៉ះពាល់ដល់កម្រិតជីវភាពប្រចាំថ្ងៃ ការធ្លាក់ទឹកចិត្ត ឬជាកត្តារួមផ្សំ ដែលអាចក្លាយជាបញ្ហាក្នុងសង្គម និងគួរយកចិត្តទុកដាក់។
លោកបន្តថា៖ «ហើយបើសិនពួកគាត់មានបញ្ហាផ្លូវចិត្ត វាអាចជះឥទ្ធិពលលើរាយកាយគាត់ដែរ អ៊ីចឹងបើគាត់គ្មានការងារសមរម្យ វាប្រឈមនឹងលទ្ធភាពទទួលបានសេវាព្យាបាលសុខភាព ហើយបើសិនពួកគាត់ទៅរកសេវាសុខភាពសាធារណៈ ហើយមានការរើសអើងទៀតអ៊ីចឹងបញ្ហារបស់គាត់កាន់តែបន្ថែមតៗគ្នា។ […] វាជះឥទ្ធិពលក្នុងសង្គម ព្រោះក្រុមហ៊ុន មនុស្ស គ្រួសារ ជាកោសិកាសង្គម អ៊ីចឹងបើសង្គមមិនទទួលយកភាពចម្រុះ អ៊ីចឹងស្ថាប័នការងារ នឹងបាត់បង់អ្នកជំនាញក្នុងផ្នែកណាមួយ សម្រាប់អភិវឌ្ឍន៍ក្រុមហ៊ុនគាត់»។
ករណីនេះ លោក បូរិន ជំរុញឱ្យមានគោលនយោបាយគាំពារពីរដ្ឋ សម្រាប់ការពារសិទ្ធិអ្នកស្រឡាញ់ភេទគ្នា ក៏ដូចជាស្ថាប័នមួយចំនួនដែលនៅរើសអើងអ្នកស្រឡាញ់ភេទដូចគ្នានោះ ត្រូវលុបបំបាត់ការរើសអើង និងទទួលស្គាល់អត្តសញ្ញាណយេនឌ័ររបស់ពួកគេនៅកន្លែងការងារ ដូចដែលស្ថាប័នរដ្ឋ និងស្ថាប័នឯកជនភាគច្រើនបានធ្វើរួចមកហើយ។
លោកបន្តថា៖ «តាមរយៈច្បាប់អស់ហ្នឹង តម្រូវឱ្យស្ថាប័ន មិនថាទាំងឯកជនរដ្ឋក៏ដោយ ឬក៏អង្គការសង្គមស៊ីវិល ត្រូវមានគោលនយោបាយរាប់បញ្ចូលភាពចម្រុះនៅកន្លែងធ្វើការ។ យើងមិនដឹងថានៅតាមស្ថាប័ន គាត់មានច្បាប់រាប់បញ្ចូលហ្នឹងអត់ ដូចថាច្បាប់វាអាចតស៊ូរយៈពេលយូរ ឬពិបាកធ្វើ ប៉ុន្ដែគោលនយោបាយអាចជំរុញឱ្យស្ថាប័នឯកជន និងស្ថាប័នពាក់ពា័ន្ធផ្សេងៗទៀត គាត់មានគោលនយោបាយរាប់បញ្ចូលទាំងអ្នកស្រឡាញ់ដូចគ្នានៅក្នុងនោះ អាហ្នឹងវាអាចរួមចំណែកក្នុងការលុបបំបាត់ការរើសអើង»។
ងាកមកកាន់អ្នកប្តូរយេនឌ័រជាស្ត្រី កញ្ញា សុទ្ធ ពៅសំណាង វិញ កញ្ញានៅតែមានសុទិដ្ឋិនិយម និងមានជំនឿចិត្តថា នាពេលអនាគត អ្នកស្រឡាញ់ភេទដូចគ្នា នឹងអាចទទួលបានបរិយាកាសល្អប្រសើរ និងមានភាពទូលំទូលាយក្នុងវិស័យការងារនៅកម្ពុជា តាមរយៈការបន្តបញ្ជ្រាបចំណេះដឹង និងសិទ្ធិ ទៅកាន់គ្រប់ស្ថាប័នទាំងរដ្ឋ និងឯកជន ពីសំណាក់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ជាពិសេសអ្នកស្រឡាញ់ភេទដូចគ្នា ឬអ្នកផ្លាស់ប្តូរយេនឌ័រខ្លួនឯងផ្ទាល់ ត្រូវហ៊ានជំនះ និងផ្តល់តម្លៃដល់ខ្លួនឯង។
សុទ្ធ ពៅសំណាង និយាយថា៖ «បញ្ហាប្រឈមទាំងអស់នេះ ខ្ញុំសង្ឃឹមថា យើងក្នុងនាមអ្នកអនុវត្តគម្រោងផ្សេងៗ ក៏ដូចជារដ្ឋាភិបាល អង្គការដៃគូអភិវឌ្ឍផ្សេងៗ យុវជន សូមបើកចិត្តទូលាយ យកចិត្តគេដាក់ចិត្តយើង ថាតើបើរឿងហ្នឹង ប្រឈមមកលើគាត់ គាត់រស់នៅរបៀបម៉េច? ព្រោះអ្នកផ្លាស់ប្ដូរយេនឌ័រជួបបញ្ហាច្រើនក្នុងសង្គម[…]អ៊ីចឹងអី្វដែលខ្ញុំនិយាយ សង្ឃឹមជាសារ ឬគតិសម្រាប់យុវជនទាំងអស់គ្នា ឲ្យបើកចិត្តទូលាយទទួលយកភាពចម្រុះនៃមនុស្សក្នុងសង្គម អ្នកស្រឡាញ់ភេទដូចគ្នា ក្នុងវិស័យការងារ ឱ្យពួកគាត់មានការងារធ្វើសមរម្យដូចគេដូចឯងដែរ»៕
…………………………………………..
អត្ថបទដោយ៖ រ៉ាត់ ទី (RATH Thy)