សង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សយល់ឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាអាចនឹងធ្លាក់ចុះ ក្រោយពេលដែលសហរដ្ឋអាមេរិកដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UNHRC) និងអង្គការយូនីស្កូ (UNESCO) តែយ៉ាងណាពួលគេសង្ឃឹមអាមេរិកនឹងបន្តគាំទ្រការពារសិទ្ធិមនុស្សនៅកម្ពុជា។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការ ការពារសិទ្ធិមនុស្ស លីកាដូ(LICADHO) លោក អំ សំអាត យល់ឃើញថា ការដែលសហរដ្ឋអាមេរិកដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UNHRC) និងអង្គការយូនីស្កូ(UNESCO)វាធ្វើឱ្យប៉ះពាល់អង្គការទាំងនេះ ព្រោះបានទទួលជំនួយច្រើនពីប្រទេសមហាអំណាចមួយនេះ។
លោកបន្តថា៖«ទី១គឺការប៉ះពាល់ថវិកាទៅលើអង្គការទាំងអស់នេះព្រោះអាមេរិកបានបង់វិភាគទានច្រើនសម្រាប់អង្គការទាំងនេះ ទី២ ឥទ្ធិពលអាមេរិកអាចថយចុះចំពោះកិច្ចការអន្តរាគមន៍លើវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងទី៣ អាមេរិកមិនសូវខ្វល់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាមួយបណ្តាប្រទេសផ្សេងៗ ។ ដូច្នេះកម្ពុជាយើងជាប្រទេសប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស និងកំពុងអភិវឌ្ឍន៍ ដែលត្រូវការអភិវឌ្ឍន៍ទាំងប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស អាចនឹងរងផលប៉ះពាល់បន្ថែមទៀតពីស្ថានភាពសិទ្ធិមនុស្ស គឺស្ថានភាពសិទ្ធិមនុស្សអាចបន្តធ្លាក់ចុះ» ។
លោក អំ សំអាត បន្តថា ទោះអាមេរិកដកខ្លួនពីអង្គការអន្តរជាតិទាំងនេះក្តី សម្រាប់រដ្ឋាភិបាលកម្ពុជានៅតែមានកាតព្វកិច្ចគោរព និងអនុវត្តតាមបទដ្ឋានសិទ្ធិមនុស្សទាំងអស់នោះដើម្បីធានាថាពលរដ្ឋគ្រប់រូបអាចអនុវត្តសិទ្ធិពេញលេញតាមបទដ្ឋានអន្តរជាតិទាំងនោះ និងរដ្ឋធម្មនុញ្ញ ព្រោះកម្ពុជាបានផ្ដល់សច្ចាប័នទៅលើបទដ្ឋានសិទ្ធិមនុស្សសំខាន់ៗជាច្រើនរួចទៅហើយ។
លោកបន្តថា៖ «កាតព្វកិច្ចរដ្ឋមាន៣ គឺ ទី១ គោរព បានន័យថារដ្ឋត្រូវធ្វើយ៉ាងណាគោរពតាមបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្ស និងធានាថាពលរដ្ឋអាចអនុវត្តសិទ្ធិបានពេញលេញ ទី២ការពារបានន័យថារដ្ឋត្រូវចាត់វិធានការទាំងឡាយទៅលើអ្នកដែលបានបំពានសិទ្ធិរបស់ពលរដ្ឋ និងទី៣ បំពេញបន្ថែម គឺរដ្ឋត្រូវបង្កើតច្បាប់ គោលនយោបាយ និងយន្តការ ដើម្បីការពារ និងធានាក្នុងការអនុវត្តន៍សិទ្ធិរបស់ពលរដ្ឋ» ។
មិនខុសគ្នាទេ លោក រស់ សារ៉ាត់ អ្នកសម្របសម្រួលគម្រោងការពារសេរីភាពមូលដ្ឋាននៅ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) មានប្រសាន៍ថា ការដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ គឺនឹងធ្វើឱ្យសហរដ្ឋអាមេរិក ខ្លួនឯងនេះបាត់បង់ឥទ្ធិពលនៅក្នុងការរិះគន់អំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិតេយ្យនៅកម្ពុជា តែការដកខ្លួនរបស់អាមេរិកនេះមិនមែនមានន័យថាកម្ពុជា អស់កាតព្វកិច្ចក្នុងការគោរពសិទ្ធមនុស្សឡើយ។
លោកបន្តថា៖ «ចំពោះប្រទេសកម្ពុជា ប្រទេសកម្ពុជាគឺជា រដ្ឋហត្ថលេខីនៃ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ មានដូចជា កតិកាសញ្ញាសិទ្ធិមនុស្សស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ កតិកាសញ្ញាស្តីពី សិទ្ធិសេដ្ឋកិច្ចសង្គម និងវប្បធម៌ និងមានកតិកាសញ្ញា អនុសញ្ញាផ្សេងៗទៀត ដែលយើងបានផ្តល់សច្ចាប័ន ទោះបីជាសហរដ្ឋអាមេរិក ដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ក៏ប្រទេសកម្ពុជានៅតែជាប់កាតព្វកិច្ចនៅក្នុងការគោរព និងលើកកម្ពស់ សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាដែរ» ។
គិតពីថ្ងៃដែលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ស្ថាប័នអន្តរជាតិធំៗ នៅលើពិភពលោក ដែលប្រទេសមហាអំណាចមួយនេះ ធ្លាប់ផ្តល់លុយ អាមេរិកដកខ្លួនចេញជាបន្តបន្ទាប់។ការិយាល័យ នៃទីភ្នាក់ងារសហរដ្ឋអាមេរិក សំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) នៅតាមបណ្តាប្រទេសមួយចំនួន រួមទាំងទីស្នាក់ការកណ្តាលនៅទីក្រុង ញូវយ៉ក ក៏ត្រូវបង្ខំចិត្តបិទទ្វារដូចគ្នាដែរ។នៅថ្ងៃដំបូង នៃការប្រកាសចូលកាន់តំណែងជាលើកទី២របស់លោក នៅក្នុងអាណត្តិនេះ លោក ត្រាំ បានចុះលើក្រឹត្យនៃបទបញ្ជាភ្លាមៗ ដោយតម្រូវឱ្យដកខ្លួនចេញពីកិច្ចព្រមព្រៀងប៉ារីសស្តីពីការបម្រែបម្រួលអាកាសធាតុ និងអង្គការសុខភាពពិភពលោក(WHO)។ជាជំហានបន្តបន្ទាប់ទៀត អាមេរិកគំរាមកាន់កាប់ព្រែកជីក ប៉ាណាម៉ា និងផែនការដំឡើងពន្ធនាំចូលពីប្រទេសចិន កាណាដា និងម៉ិកស៊ិកថែមទៀត។
អង្គការសុខភាពពិភពលោក បានចេញរាយការណ៍ដោយបង្ហាញ ក្នុងមួយឆ្នាំៗ អង្គការអន្តរជាតិមួយនេះ ត្រូវរកលុយមកបង្រ្គប់ការចំណាយ ក្នុងខ្ទង់២០០លានដុល្លារអាមេរិក។ក្នុងចំណោមប្រទេសជាសមាជិករបស់អង្គការសុខភាពពិភពលោកនេះ សហរដ្ឋអាមេរិក គឺជាមូលនិធិដែលធំជាងគេ។សម្រាប់ជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិក សំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)វិញ បើគិតក្នុងរយៈពេល៣០ឆ្នាំមកនេះ កម្ពុជាទទួលបានក្នុងទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក។
ដោយឡែក សម្រាប់ឆ្នាំ២០២៤នេះ USAID បានប្រកាសផ្តល់ជំនួយបន្ថែមប្រមាណ ៥៥លានដុល្លារអាមេរិកទៀត។ទំហំទឹកប្រាក់នេះ មិនទាន់គិតដល់បណ្តាប្រទេសផ្សេងៗទៀត ដែលទទួលបានជំនួយពីUSAID នៅឡើយផង។
រីឯមន្រ្តីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក(ADHOC) លោក យី សុខសាន្ត ឱ្យដឹងថាអង្គការរបស់លោកទទួលផលប៉ះពាល់ពីការសម្រេចរបស់អាមេរិកក្នុងកម្រិតមួយដែលមិនខុសគ្នាពីស្ថាប័នជាតិ និងអន្តរជាតិប៉ុន្មានដែរ។ តែយ៉ាងណាអង្គការលោកនៅតែបន្តសកម្មភាពជាធម្មតាទោះគ្មានថវិកាក៏ដោយ។
លោកបន្តថា៖«សម្រាប់ អាដហុក យើងទទួលស្គាល់ថាប៉ះពាល់មែន ប៉ុន្តែអាដហុកសុខចិត្តលះបង់ ទោះបីគ្មានថវិកាគ្រប់គ្រាន់ក៏ដោយ អាដហុកនៅតែធ្វើសកម្មភាពដដែលសម្រាប់រយៈពេល ៣ខែនេះ ហើយសង្ឃឹមថាសហរដ្ឋអាមេរិក អាចនឹងពិចារណា និងមិនបោះបង់ចោលពាក់ព័ន្ធទៅនឹងលទ្ធិប្រជាធិប្បតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ខ្ញុំគិតថា ប្រហែលថាគាត់មានគោលនយោបាយថ្មីធ្វើម៉េច ឱ្យការចំណាយរបស់សហរដ្ឋអាមេរិកហ្នឹងឱ្យមានលទ្ធផលល្អ ពីព្រោះអីមានតែប្រទេសអាមេរិកទេដែលជាប្រទេសដែលមានគុណធម៌ក្នុងការជួយគិតគូរដល់សិទ្ធិរបស់មនុស្សជាតិ» ។
ស្ថិតក្នុងស្ថានភាព នៃសង្រ្គាមពាណិជ្ជកម្ម ដែលនៅមិនទាន់ផុតនៅឡើយផង មកដល់ពេលនេះ លោក ដូណាល់ ត្រាំ មានមហិច្ចតាចង់ក្រសោបតំបន់កាហ្សាទ្រីបបន្តទៀត។បណ្តាញព័ត៌មានធំៗនៅលើពិភពលោក បានបន្តផ្សាយកាលពីថ្ងៃទី៥ កុម្ភៈថា ការប្រកាសជំហរដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះ បាននាំឱ្យពិភពលោកមានភាពស្រឡាំងកាំងចំពោះការសម្រេចចិត្តរបស់លោក ត្រាំ។យ៉ាងណាសង្រ្គាមនៅមជ្ឈឹមបូព៌ារវាងប៉ាឡេស្ទីន និងអ៊ីសស្រាអ៊ែល នាំឱ្យតំបន់កាហ្សាទ្រីប និងទីតាំងផ្សេងទៀត ត្រូវរង់ការខ្ទេចខ្ទាំ។តាមរយៈសន្និសីទរួមគ្នារវាងលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន នីតាន់យ៉ាហ៊ូ កាលពីថ្ងៃទី៤ កុម្ភៈ ប្រធានាធិតបីអាមេរិកទី៤៧ រូបនេះ អះអាងថាដោយមោទកភាពថា សហរដ្ឋអាមេរិកនឹងកសាងតំបន់កាហ្សាទ្រីបនេះ ឱ្យក្លាយទៅជាទីក្រុងថ្មីមួយ និងទំនើប។
ដោយឡែក លោក ហេង គឹមហុង ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា(CYN) លើកឡើងថា ការដកខ្លួនជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ក្នុងអាណាត្តិរដ្ឋបាល លោក ដូល ណាត្រាំ នេះមិនត្រឹមតែប៉ះពាល់ដល់កម្ពុជាជាទេ គឺប៉ះពាល់ដល់អាមេរិកខ្លួនឯង និងពិភពលោកទាំងមូល។
លោកបន្តថា៖ «ការដកខ្លួនជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកគឺនឹងធ្វើឱ្យ ខ្លួនឯង កាន់តែដកខ្លួនចេញពីសក្តានុពល កិត្យានុភាពអាមេរិក នៅចំពោះមុខអង្គការអន្តរជាតិ ក៏ដូចជា ពិភពលោក ហើយអាមេរិកដែលធ្លាប់ជាប្រទេសចម្បង ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស សេរីភាពបញ្ជេញមតិ និងការការពាបរិស្ថាន អាចធ្វើឱ្យមានភាពថមថយ នៅភាពសកម្មរបស់ខ្លួន ដែលជាចំណុចមួយ យើងមានការព្រួយបារម្ភខ្លាំងមែនទែន។ ហើយអ្វីដែលយើងកាន់តែពិបាកទៀត គឺ អាចធ្វើឱ្យស្ថានភាព ជារួមនៃការរំលោភសិទ្ធិមនុស្ស នៅជុំវិញពិភពលោក ហើយស្ថានភាពបម្រែបម្រួលអាកាសធាតុ មានល្បឿនលឿនជាងមុន ហើយធ្វើឱ្យភាគីពាក់ព័ន្ធផ្សេងទៀត អាចនឹងបាត់បង់ នៃការយកចិត្តទុកដាក់ក្នុងការគោពសិទ្ធិមនុស្សដែរ» ។
លោកបន្ថែមថា លោកនៅតែសង្ឃឹមថា ប្រជាជនអាមេរិក ក៏ដូចជាប្រព័ន្ធតុល្យភាពអំណាចអាមេរិក នឹងពិនិត្យអំពីការសម្រេចចិត្ត របស់ប្រធានាធិបតី ដូណាល់ ត្រាំ ថាប៉ះពាលដល់គុណតម្លៃស្នូលរបស់អាមេរិក ហើយអាចពិចារណាគិតគូរអំពីការចូលរួមឡើងវិញ។ជាងនេះទៀត រដ្ឋបាលថ្មីរបស់អាមេរិកអាចនឹងពិចារណាកំណត់អាទិភាពឡើងវិញ ក្នុងកាចូលរួមលើកកម្ពស់សិទ្ធិមនុស្ស និងកិច្ចការពារបរិស្ថាន សម្រាប់ពិភពលោក។
ជុំវិញករណីនេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៃទីស្តីការគណៈរដ្ឋមន្រ្តី បដិសេធក្នុងការផ្តល់ការអត្ថាធិប្បាយ អំពីស្ថានភាពសិទ្ធិមនុស្សនេះ ដោយលោកស្នើឱ្យសួរបញ្ហានេះទៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាវិញ។
លោកបន្តថា៖ «សួរទៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសិនទៅប្អូន។ ចង់ឱ្យគេនិយាយវិញត្រូវជាង» ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ស្រ៊ាង ចិន្តា ប្រាប់គេហទំព័រ Newsroom Cambodia ថាក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាយន្តការមួយ ហៅថាជាយន្តការ ៤ឆ្នាំកន្លះទៅ៥ឆ្នាំ ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ ឱ្យយោបល់លើស្ថានភាពសិទ្ធិមនុស្សទៅវិញទៅមក ដូចនេះបើអាមេរិកដកខ្លូនគឺមិនបានប៉ះពាល់ដល់កម្ពុជាឡើយ។
លោកបន្តថា៖ «ខ្ញុំសូមជម្រាបនៅក្នុងយន្តការសិទ្ធិមនុស្សរបស់UN មានតែយន្តការមួយគត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សយើងហើយថា យន្តការពិនិត្យឡើងវិញជាសកល សម្រាបការកំណត់ ឬហៅកាត់ថា UPR យន្តការមួយដែលប្រទេសទាំងអស់ដែលជាសមាជិក របស់អង្គការសហប្រជាជាតិទាំង១៩៣ប្រទេស រៀងរាល់៤ឆ្នាំកន្លះទៅ៥ឆ្នាំ ម្តងត្រូវតែដាក់ការអនុវត្តន៍សិទ្ធិមនុស្សរបស់ខ្លួនទៅក្រុមប្រឹក្សានេះ ហើយប្រទេសដ៏ទៃទៀតចូលរួមពិនិត្យ ចូលរួមផ្តល់មតិយោបល់ ហើយដោយអាមេរិកគាត់ចង់ដកខ្លួនដោយសារគាត់យល់ថា គាត់ជួយឧបត្ថម្ភក៏ដោយយន្តការច្រើនពេក វាអយុត្តិធម៌ អានេះវាជាសិទ្ធិរបស់សហរដ្ឋអាមេរិក»។
បញ្ហាស្មុគស្មាញ ដែលនាំឱ្យពិភពលោកកំពុងតែឈឺក្បាល ចំពោះឥរិយាបថនយោបាយរបស់លោក ដូណាល់ ត្រាំ នេះមិនត្រឹមតែប៉ះពាល់ទៅដល់ជំនួយមនុស្សធម៌ ដែលសហរដ្ឋអាមេរិក ធ្លាប់ផ្តល់ទៅប្រទេសកំពុងអភិវឌ្ឍន៍ និងដៃគូជាមិត្តទេ កត្តាសំខាន់នៅក្នុងរដ្ឋបាលលោក ត្រាំ នេះក៏បានបញ្ចប់ការរួមចំណែករបស់ពិភពលោករួចមកហើយដែរ ដូចជាបានផ្តាច់ខ្លួនចេញពី តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)ជាដើម។ហើយចុងក្រោយនេះ រដ្ឋការរបស់លោក ដូណាល់ ត្រាំ ក៏បានដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិថែមទៀត។
បើទោះជាបែបណា ទាំងសហគមន៍អឺរ៉ុប និងបណ្តាប្រទេស BRICS ទាំង១០ ក៏កំពុងរង់ចាំមើលពីជំហររបស់សហរដ្ឋអាមេរិកបន្តទៀតថាតើលោក ដូណាល់ ត្រាំ និងគណៈរដ្ឋមន្រ្តីរបស់លោកនឹងបន្តវិធានការរឹតបន្តឹងពន្ធគយ និងសម្រេចដកខ្លួនចេញពីអង្គការ ណាតូ(NATO) ទៀតឬយ៉ាងណា។ចំពោះជំហររបស់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន BRICS ទាំង១០ ធ្លាប់រង់ការព្រមានពីលោក ត្រាំ ក្នុងការដំឡើងពន្ធគយបន្ថែមម្តងរួចមកហើយដែរ ជាថ្នូរនឹងពួកគេកៀរគរចង់បោះពុម្ភលុយចាយ នៅក្នុងប្រទេសទាំង១០ ជំនួសដោយលុយដុល្លារអាមេរិកវិញ។ដោយឡែក លោក សេឡេនស្គី(Zelensky) ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន បានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិក ពិតជាត្រូវដកខ្លួនចេញពីអង្គការ ណាតូ មែន នោះវាសនារបស់សហគមន៍អឺរ៉ុបទាំងមូលនឹងស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសរុស្ស៊ីទាំងស្រុង។
ស្ថិតក្នុងស្ថានភាពសិទ្ធិមនុស្ស នៅជុំវិញពិភពលោក ហាក់មានភាពមិនប្រាកប្រជានេះ អង្គការអន្តរជាតិ ហ្វ្រីឌឹមហៅស៍ (Freedom House) បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួន ដែលបង្ហាញថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបាន ២៣ពិន្ទុ លើពិន្ទុសរុប១០០ពិន្ទុ ដែលក្នុងនោះកម្ពុជាបាន ៤ពិន្ទុ លើ៤០ពិន្ទុផ្នែកសិទ្ធិនយោបាយ និងសិទ្ធិនយោបាយ។ក្រៅពីនេះ១៩ពិន្ទុ លើ៦០ពិន្ទុផ្សេងទៀត លើសេរីភាពពលរដ្ឋ៕
…………………………………………..
អត្ថបទដោយ៖ នឿន ដាវីន