ជនជាតិដើមភាគតិចរស់នៅភូមិចំនួន២ ក្នុងខេត្តស្ទឹងត្រែង អំពាវនាវដល់អាជ្ញាធរជួយអន្តរាគមន៍ទៅក្រុមហ៊ុនឱ្យដាក់បង្គោលសេវាទូរសព្ទ ខណៈពួកគេត្អូញត្អែរពីផលពិបាកក្នុងការរស់នៅ និងមិនសូវទទួលបានព័ត៌មាន ដោយសារតែតំបន់នោះ មិនទាន់សេវាទូរសព្ទ និងអុីនធឺណិតប្រើប្រាស់។
ជនជាតិដើមភាគតិចគួយ អ្នកនាង លី សុភា ជាប្រជាកសិករ រស់នៅភូមិកែស ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានឱ្យដឹងថា បច្ចុប្បន្ន បើទោះជាក្នុងសម័យជឿនលឿន និងឌីជីថល ប៉ុន្តែនៅភូមិរបស់គាត់ នៅមិនទាន់មានក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរសព្ទ និងប្រព័ន្ធអុីនធឺណិត ដំឡើងអង់តែននៅឡើយទេ ដែលធ្វើឱ្យពួកគាត់ពិបាកក្នុងការប្រាស្រ័យទាក់ទងគ្នា ជាពិសេសបងប្អូន ឬសាច់ញាតិដែលនៅឆ្ងាយពីគ្នា។
អ្នកនាងនិយាយថា៖ «វាពិបាកដែរ ពេលខ្លះចង់ទាក់ទងអី ត្រូវផ្តាំផ្ញើតាមអ្នកបើកម៉ូតូលក់បន្លែលក់អី ពេលខ្លះក៏ចំណាយពេលទៅខ្លួនឯង បើយើងអត់ទៅទេ ឧទាហរណ៍ថាយើងការងារបន្ទាន់អី យើងរងចាំប្រាប់តាមគេចឹងទៅ វាពិបាក[…] សំខាន់គឺបញ្ហាអ៊ីនធឺណែត សេវាទូរស័ព្ទហ្នឹងបញ្ហាធំតែម្តង ព្រោះអីពេលយើងឧទាហរណ៍ថា មានកិច្ចការអី ឬក៏ចង់ដឹងព័ត៌មាននៅក្រៅភូមិអី យើងអត់ដឹងទេ ទាល់តែយើងចាំគេថា(ប្រាប់) បើយើងប្រើទូរស័ព្ទក៏អត់មានន័យដូចគ្នា អ្នកខ្លះប្រើទៅ ពេលត្រូវការទៅលេងនៅទីទួលឆ្ងាយទៅ(បានមានសេវាខ្លះ) ហើយវាក៏ជួបឧបសគ្គដែលពេលទៅ តាមផ្លូវមានចំការអីក៏ផ្លូវស្ងាត់ទៀត ហើយបើមើលទូរទស្សន៍ក៏ពិបាកដែរ ពេលវាខ្យល់អីសេវាក៏ដាច់ដែរ[…] បើយើងមើលតាមទូរស័ព្ទដឹងព័ត៌មានលឿនជាងតាមទូរទស្សន៍»។
ករណីនេះ ស្រ្តីវ័យ ២៣ឆ្នាំរូបនេះ អំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ជួយអន្តរាគមន៍ឱ្យមានការដាក់បង្គោលសេវាទូរស័ព្ទ និងអុីនធឺណិត ដល់ភូមិដាច់ស្រយាល ដូចជាភូមិកែសនេះឱ្យបានឆាប់ ដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសជនជាតិដើមភាគតិច ងាយស្រួលក្នុងការទំនាក់ទំនង និងអាចទទួលបានព័ត៌មាននានាទាន់ពេលវេលា។
អ្នកនាងថា៖ «បើសិនមានបង្គោលសេវា គឺមានសារសំខាន់ មិនមែនតែចំពោះខ្ញុំផ្ទាល់ទេ សូម្បីអ្នកនៅក្នុងសហគមន៍នេះទាំងអស់ ក៏ផ្តល់សារសំខាន់ដល់គាត់ដែរ ស្រួលទំនាក់ទំនងគ្នា យើងចង់ដឹងព័ត៌មានអី ក៏ទាន់ចិត្ត មានធុរៈអីក៏ទាន់ចិត្ត និយាយទៅបើមានបង្គោលសេវា ដឹងតែមានភាពងាយស្រួលតែម្តង ហើយខ្ញុំជឿថានៅក្នុងការសហគមន៍ប្រាកដជាមានការរីកចម្រើនជាងមុន»។
ជនជាតិដើមភាគតិចគួយរស់នៅភូមិកែសដែរនោះ លោក ស្រស់ ពឿន អាយុ៨១ឆ្នាំ មានប្រសាសន៍ថា នៅពេលដែលមិនមានសេវាទូរសព្ទទៅដល់ភូមិរបស់គាត់ ធ្វើឱ្យពួកគាត់ជួបការលំបាក ជាពិសេសនៅពេលឈឺថ្កាត់ ឬក៏មានធុរៈសំខាន់ម្តងៗ គឺពិបាកទាក់ទងរកសាច់ញាតិ ឬអាជ្ញាធរឱ្យជួយ។ ក្រៅពីនេះ លោកថា ប្រជាពលរដ្ឋក្នុងភូមិ ក៏មិនសូវទទួលបានព័ត៌មានច្រើនសំប្បូរបែបដូចប្រជាពលរដ្ឋនៅតំបន់ផ្សេងដែលមានសេវាទូរស័ព្ទ និងអុីនធឺណិតប្រើប្រាស់ដែរ។
លោកថា៖ «ពេលឈឺគ្រុន ឬមានហានិភ័យអី ទាក់ទងទៅបងប្អូនមិនបានទេ វាអត់មានសេវាទូរស័ព្ទប្រើ ចឹងបើមានសេវាទូរស័ព្ទទៅ យើងងាយស្រួលទំនាក់ទំនងបងប្អូន យើងទំនាក់ទំនងទៅអភិបាល អាជ្ញាធរស្រុកឃុំក៏ស្រួល ឬយើងអាចថាទំនាក់ទំនងទៅអ្នកណាមួយ ទៅមន្ទីរពេទ្យក្តី ក៏ស្រួលដែរ នៅមន្ទីរពេទ្យ នៅសាលាស្រុកអី ឃុំអី មានទូរស័ព្ទទាំងអស់ ប៉ុន្តែខាងយើងវាអត់មានសេវាទេ»។
ចំណែក ប្រជាពលរដ្ឋម្នាក់ទៀតរសនៅភូមិដូង ឃុំកាំងចាម លោក បុត្រ វិបុល បានឱ្យដឹងដែរថា នៅក្នុងសហគមន៍នេះក៏មិនមានសេវាទូរស័ព្ទប្រើប្រាស់ដូចគ្នា។ លោកថា កន្លងមក ប្រជាពលរដ្ឋធ្លាប់បានស្នើសុំទៅអាជ្ញាធរឱ្យជួយទាក់ទងទៅក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទ ដើម្បីដាក់នៅក្នុងសហគមន៍នេះដែរ ហើយអាជ្ញាធរក៏សន្យាថានឹងប្រាប់ទៅថ្នាក់លើពីរឿងនេះដែរ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ឃើញមានក្រុមហ៊ុនណាមកដាក់បង្គោលនៅឡើយ។
ករណីនេះ លោកបានអំពាវនាវជាថ្មីដល់អាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធ ជួយទាក់ទងក្រុមហ៊ុនដើម្បីឱ្យដាក់បង្គោលសេវាទូរស័ព្ទនៅតំបន់របស់ពួកគាត់ឱ្យបានឆាប់ផង ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការទំនាក់ទំនងគ្នា និងទទួលបានព័ត៌មាន ជាពិសេសព័ត៌មានជុំវិញតម្លៃទីផ្សារស្រូវអង្ករ និងដំណាំកសិកម្មផ្សេងៗ ដែលកសិករក្នុងសហគមន៍នេះកំពុងដាំដុះ។
លោកថា៖ «បើអត់សេវាទៅ សហគមន៍ពិបាករកស៊ី ចឹងបើមានសេវាសេដ្ឋកិច្ចនៅសហគមន៍ដើរតែម្តង ដោយសារតែមានការទាក់ទងគ្នាលឿន ដូចថា យើងដាំចន្ទីអីចឹង បើមានសេវា[ទូរស័ព្ទ និងអ៊ីនធឺណែត]ទៅ យើងទាក់ទងទៅថៅកែផ្ទាល់ទៅលឿន បើអត់សេវាយើងត្រូវជិះម៉ូតូទៅសួរ ចឹងវាពិបាកដែរ»។
ជុំវិញបញ្ហានេះ ជំទប់ទី១ឃុំកាំងចាម លោក អោម បេន មានប្រសាសន៍ថា ក្នុងឃុំនេះ មានភូមិមួយចំនួន ពិតជានៅមិនទាន់មានសេវាទូរស័ព្ទប្រើប្រាស់ ឬតំបន់ខ្លះមានសេវាខ្សោយនៅឡើយ ដែលប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ក៏ជួបការលំបាកក្នុងការទំនាក់ទំនងគ្នា ឬទំនាក់ទំនងការងារ។
លោកបន្តថា កន្លងមក អាជ្ញាធរធ្លាប់បានស្នើទៅក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទ ឱ្យដាក់បង្គោលសេវានៅតំបន់ទាំងនោះដែរ ប៉ុន្តែខាងក្រុមហ៊ុនគេថា ប្រជាពលរដ្ឋនៅតំបន់ទាំងនោះមានតិចគ្រួសារ ដែលធ្វើឱ្យពួកគេមិនទាន់សម្រេចចិត្តក្នុងការដាក់បង្គោល។ តែយ៉ាងណា លោកថា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ អាជ្ញាធរនឹងលើកសំណើរនេះជាថ្មីទៀតទៅថ្នាក់ស្រុក និងខេត្ត ដើម្បីឱ្យប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ទទួលបានសេវាទូរស័ព្ទប្រើប្រាស់។
បើតាមអាជ្ញាធរឃុំ នៅក្នុងឃុំកាំងចាមនេះ មានប្រជាពលរដ្ឋរស់នៅសរុបចំនួន ១៣៩៦គ្រួសារ ឬស្មើនឹងជាង ៥៣០០នាក់ ក្នុងនោះភូមិកែស មានពលរដ្ឋចំនួន ១៧២គ្រួសារ និងភូមិដូង មានចំនួន ២៥០គ្រួសារ ដែលភូមិទាំងពីរនេះ មិនមានសេវាទូរស័ព្ទប្រើប្រាស់នោះទេ ខណៈភូមិក្ងោក និងភូមិផ្សេងទៀតមានសេវាផិតផោយដែលពេលខ្លះពិបាកទំនាក់ទំនងគ្នាដែរ។
ប្រធានមន្ទីរប្រៃណីយ៍ និងទូរគមនាគមន៍ខេត្តស្ទឹងត្រែង លោកស្រី នេត ចាន់វរិន្ទ និងតំណាងក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទ ដូចជា ស្មាត ស៊ែលខាត និងមិត្តហ្វូន ពុំអាចទំនងសុំការអត្ថាធិប្បាយជុំវិញករណីនេះបានទេ។
មន្រ្តីអង្កេតនៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(អាដហុក)ប្រចាំនៅខេត្តស្ទឹងត្រែង លោក សៀ ទី មានប្រសាសន៍ថា ក្នុងសម័យជឿនលឿន និងឌីជីថលនេះ ការផ្គត់ផ្គង់សេវាទូរស័ព្ទ និងអ៊ីនធឺណែត ពិតជាមានសារសំខាន់ ជាពិសេសនៅតំបន់ដាច់ស្រយាល ដែលជួយដល់ពលរដ្ឋងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នា ចែករំលែកព័ត៌មានឬឯកសារ និងទទួលបានចំណេះដឹងផ្សេងៗ។
លោកថា៖ «យើងពិបាកនិយាយដែរ ព្រោះទូរស័ព្ទទាក់ទងនឹងការចែករំលែក អាហ្នឹងសិទ្ធិបញ្ចេញមតិដែរ ចឹងវាប៉ះពាល់ដែរ[….]បើនិយាយរឿងសេវា បានន័យថា សេវាទូរស័ព្ទ យើងអាចខលចេញចូល សេវាអ៊ីនធឺណែត យើងអាចរំលែកព័ត៌មាន មានជារូបភាព មានជាឯកសារផ្សេងៗ យើងផ្ញើឱ្យគ្នាអ្នកនៅខាងក្រៅៗពីភូមិហ្នឹង។ ចឹងបើមានសេវាវាល្អ ព្រោះយើងអាចចែករំលែកព័ត៌មាន បងប្អូនអាចទាក់ទងគ្នាអីវាងាយស្រួល»។
បើតាមសេចក្តីជូនដំណឹងមួយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងបានសហការជាមួយអាជ្ញាធររាជធានី-ខេត្ត និងប្រតិបត្តករទូរគមនាគមន៍ បាននិងកំពុងកែលម្អ និងសាងសង់បង្គោលអង់តែនបន្ថែម សម្រាប់ពង្រឹងសេវាទូរស័ព្ទនៅទូទាំងប្រទេស។
សេចក្តីជូនដំណឹងដដែល បន្តថា សម្រាប់នៅតាមបណ្តាខេត្ត ក្រសួងបានចាត់ក្រុមការងារបច្ចេកទេសឱ្យចុះវាស់ស្ទង់សេវាទូរគមនាគមន៍ និងបានជំរុញឱ្យប្រតិបត្តិករទូរគមនាគមន៍ សាងសង់បង្គោលអង់តែននៅតាមទីរួមខេត្ត ទីរួមស្រុក តំបន់ប្រជុំជន និងតំបន់ដាច់ស្រយាល ដើម្បីពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យបានល្អប្រសើរ និងជាប្រយោជន៍ដល់អ្នកប្រើប្រាស់ទាំងអស់។
ក្រសួងក៏បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងសាធារណជនទាំងអស់ ចូលរួមផ្តល់កិច្ចសហការរួមគ្នា ដើម្បីលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ឱ្យបានល្អប្រសើរ ក្នុងគោលដៅបម្រើដល់ផលប្រយោជន៍រួមរបស់សង្គមជាតិទាំងមូល៕
………………………………………..
អត្ថបទដោយ សិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មានជនជាតិដើមភាគតិច៖ លោក ហ៊ុំ ធាន, កញ្ញា ភោគ លេន និងលោក អញ អ៊ុំ៕