សមត្ថកិច្ចខេត្តកណ្ដាល បាននិងកំពុងបន្តស្រាវជ្រាវរកជនល្មើសដែលបានប្រើហិង្សាកាប់ទៅលើប្រធានសហជីពមួយរូបគឺលោក ស៊ីន ណាក់ ខណៈជនរងគ្រោះស្នើដល់សមត្ថកិច្ចពន្លឿនការស្រាវជ្រាវលើករណីនេះ បើទោះជាខ្លួនហាក់មិនមានសង្ឃឹមថានឹងអាចចាប់ខ្លួនជនដៃដល់បាននោះក៏ដោយ។
កាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ប្រធានសហជីពប្រជាធិបតេយ្យកម្មករប្រចាំនៅក្រុមហ៊ុន ស្តារឡៃថ៍ លោក ស៊ីន ណាក់ ត្រូវបានជនដៃដល់ម្នាក់ ប្រើប្រាស់កាំបិតតាំងតោ កាប់ចំក្បាលពីក្រោយ បណ្តាលឱ្យរងរបួសដេរ ៧ថ្នេរ ខណៈពេលលោកកំពុងរងចាំភរិយាចេញពីធ្វើការ នៅមុខក្រុមហ៊ុន ស្ថិតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ហេតុការណ៍នេះ បានកើតឡើងក្រោយពីលោកបានជួយដោះស្រាយវិវាទការងារជូនកម្មតែមិនបានលទ្ធផល។
អធិការរងនៃអធិការដ្ឋាននគបាលស្រុកខ្សាច់កណ្តាល ដែលកាន់ផ្នែកព្រហ្មទណ្ឌ លោក សឿន ផានស៊ី ប្រាប់ Newsroom Cambodia នៅថ្ងៃទី៥ ខែកុម្ភៈនេះថា សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវលើករណីហិង្សាលើប្រធានសហជីពរូបនេះ ហើយតាមការសន្និដ្ឋានបឋម ករណីនេះ អាចជារឿងគំនុំរវាងបុគ្គល និងបុគ្គល។
លោកមានប្រសាសន៍ថា៖ «ករណីនេះ សមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវបន្ត ហើយយើងមិនទាន់សន្និដ្ឋានថាក្នុងករណីអីទេ ប៉ុន្តែយើងអាចសន្និដ្ឋានមួយថាជាគំនុំ ព្រោះករណីនេះយើងកំពុងតែស្រាវជ្រាវទៅវាពាក់ព័ន្ធទៅលើបុគ្គលផ្ទាល់ខ្លួនរបស់គាត់ផង និងការងាររបស់គាត់[…]ទីមួយ គាត់[លោក ស៊ីន ណាក់]មានចំណងស្នេហា មួយទៀតកន្លែងការងារគាត់ យើងអត់ទាន់បានស្រាវជ្រាវដល់ហ្នឹងទេ ឥឡូវយើងកំពុងបន្តរឿងហ្នឹងបន្តទៀត យើងអត់ទាន់ហ៊ានថាម៉េចទេ ព្រោះសន្និដ្ឋានវាអាចខុស ហើយយើងឆែកកាមេរ៉ាឆែកអីបន្តទៀត»។
លោក ស៊ីន ណាក់ ប្រធានសហជីពប្រជាធិបតេយ្យកម្មករនៃក្រុមហ៊ុន ស្តារឡៃថ៍ អឹភែរឹល មេនូហ្វេកឆឹរីង ដែលជាជនរងគ្រោះ សង្កេតឃើញថា បច្ចុប្បន្ន សមត្ថកិច្ចបានយកចិត្តទុកដាក់ខ្លាំងលើការស៊ើបអង្កេត និងស្រាវជ្រាវរកជនដៃដល់ក្នុងករណីហិង្សានេះ។ តែយ៉ាងណា លោកហាក់មិនមានសង្ឃឹមនោះទេ ថាសមត្ថកិច្ចអាចរកឃើញជនដៃដល់ដែលប្រើហិង្សាទៅលើរូបលោក។
លោកបន្តថា៖ «ខ្ញុំគិតថា ប៉ូលីសមូលដ្ឋាននៅតំបន់នេះ ពិបាកនឹងរក ពិបាករកម៉េច? ទី១ ថ្ងៃដែលខ្ញុំកើតហេតុ ជនដៃដល់ពេលដែលគាត់កាប់ខ្ញុំហើយ គាត់អត់ខ្លាចទេ គាត់ជិះម៉ូត៉ូធ្វើធម្មតា អញ្ចឹងខ្ញុំសន្និដ្ឋានថា មនុស្សនោះជាមនុស្សនៅតំបន់ 7NG វិហាសួគ៍ […] បើជនដៃដល់មកពីក្រៅក្នុងរយៈពេលតែមួយថ្ងៃ គឺរត់អត់រួចទេ»។
បើទោះជាមិនមានសង្ឃឹម តែលោក ស៊ីន ណាក់ នៅបន្តអំពាវនាវដល់សមត្ថកិច្ច ពន្លឿនកិច្ចការងារនេះ និងចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ឱ្យបានឆាប់ ដើម្បីផ្តល់យុត្តិធម៌ដល់រូបលោក និងផ្តល់សុវត្ថិភាពដល់ក្រុមការងាររបស់លោក។
លោកថា៖ «សំណូមពរសូមឱ្យសមត្ថកិច្ចជួយចាប់ជនល្មើសឱ្យបាន ដើម្បីទី១ នៅកន្លែងការងារឱ្យមានសុវត្ថិភាព ដោយសារសកម្មជនខ្ញុំ អនុប្រធានខ្ញុំគាត់ខ្លាច គាត់បារម្ភ ខ្លាចកើតហេតុដូចខ្ញុំអញ្ចឹង»។
បើតាម លោក ស៊ីន ណាក់ នាពេលកន្លងមក លោកពុំដែលមានទំនាស់ជាមួយអ្នកណានោះទេ ទោះនៅកន្លែងការងារ ឬនៅផ្ទះ ឬនៅកន្លែងណាផ្សេង។
លោកបានប្រាប់ថា៖ «ទី១ ខ្ញុំធ្វើការងារនៅហ្នឹងចឹង ១៥ឆ្នាំហើយអត់មានជម្លោះទាស់ទែងជាមួយនរណាគេទេ ហើយមួយទៀតយើងនៅហ្នឹង យើងដោះស្រាយឲ្យកម្មករបានច្រើន បន្ទាប់ពីបង្កើតស៊ីខាវឌូក្នុងរោងចក្រហ្នឹង យើងបង្កើតបានច្រើនហើយ បានលទ្ធផលបានច្រើនចឹង»។
ចំណែក បុគ្កលិកផ្នែករដ្ឋបាលនៅក្រុមហ៊ុន ស្តារឡៃថ៍ លោក ឡ ម៉េងទ្រី មានប្រសាសន៍ថា ខាងរោងចក្រក៏មិនដឹងថា ហេតុការណ៍នេះកើតឡើងដោយសារមូលហេតុអ្វីនោះទេ ខណៈវាបានកើតឡើងនៅខាងក្រៅបរិវេណរោងចក្រ។ តែយ៉ាងណា លោកថា ខាងរោងចក្រក៏បានផ្តល់កិច្ចសហការជាមួយសមត្ថកិច្ច តាមរយៈការផ្តល់ភស្តុតាងដែលមានក្នុងកាមេរ៉ាសុវត្ថិភាព នៅមុខរោងចក្រជាដើម។
លោកបន្ថែមថា៖ «ខាងបង(រោងចក្រ)នេះ ក៏អត់ដឹងពីហេតុការណ៍នេះកើតពីអ្វីដែរ គ្រាន់ថា ខាងប៉ូលីស សមត្ថកិច្ចគេចុះមកស៊ើបអង្កេត គេមើលកាមេរ៉ា មើលអីហើយ ធ្វើសំណុំរឿង គេកំពុងស៊ើបអង្កេត[…] ខាងបងក៏អត់ដឹងដែរ ព្រោះករណីនេះកើតឡើងក្រៅរោងចក្រ មិនដឹងថារឿងអី»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន សង្ឃឹមថា សមត្ថកិច្ចនឹងចាប់ជនដៃដល់ដែលប្រព្រឹត្តហិង្សាលើ លោក ស៊ីន ណាក់ ទៅផ្ដន្ទាទោសតាមច្បាប់។
លោកថា៖ «នេះជាករណីព្រហ្មទណ្ឌ ដែលសមត្ថកិច្ចកំពុងអនុវត្តនីតិវិធីរបស់ខ្លួន។ យើងសង្ឃឹមថា ជនល្មើសនឹងត្រូវបានចាប់ខ្លួនដើម្បីផ្តន្ទាទោសតាមច្បាប់»។
អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) លោក អាត់ ធន់ មានប្រសាសន៍ថា លោក ស៊ីន ណាក់ ជាថ្នាក់ដឹកនាំសហជីពមួយរូប ដែលសកម្មក្នុងការជួយដោះស្រាយបញ្ហានានាដែលបានកើតឡើងនៅក្នុងរោងចក្រ។
លោកថា៖ «ថ្នាក់ដឹកនាំសហជីព គាត់មិនមែនធ្វើការតែរឿងឯកជនរបស់គាត់ទេ ជួនកាលគាត់ធ្វើការងារដោះស្រាយឱ្យសមាជិក ឬក៏គាត់ជាអ្នកតំណាងការចរចារ វាអាចប៉ះអារម្មណ៍ជាមួយអ្នកដទៃ ឬក៏ប៉ះអារម្មណ៍ជាមួយនិងក្រុមហ៊ុន ឬក៏អ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងនាមគាត់ជាថ្នាក់ដឹកនាំសហជីព។ អ៊ីចឹង បើសិនជាវាកើតឡើងដោយសារតែគាត់បំពេញការងារសហជីព អាហ្នឹងមិនមែនរឿងផ្ទាល់ខ្លួនទេ វាជារឿងការគំរាមកំហែងបំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញទៅលើសហជីព»។
ករណីនេះ លោកស្នើឱ្យសមត្ថកិច្ចចាប់ខ្លួនជនដៃដល់យកទៅផ្តន្ទាទោសឱ្យខានតែបាន ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ក៏ដូចជាផ្តល់សុវត្ថិភាពដល់សហជីពដែលធ្វើការដើម្បីប្រយោជន៍កម្មករ។ លោកបន្តថា បើសិនជាទុកបញ្ហានេះឱ្យបន្តកើតមាននោះ នឹងជះឥទ្ធិពលអាក្រក់ដល់វិស័យការងារនៅកម្ពុជា និងបង្កការភ័យខ្លាចសម្រាប់ពលរដ្ឋ ក៏ដូចជាសមាជិកសហជីពពីបញ្ហាអសន្តិសុខក្នុងសង្គម។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ ក៏មានករណីប្រើប្រាស់ហិង្សាទៅលើសមាជិកសហជីពចំនួន៤នាក់ ខណៈបុរស២នាក់ បានព្យាយាមដណ្តើមយកឯកសាររបស់សហជីពកម្ពុជានៃក្រុមហ៊ុនស៊ីក្លូ ទៅហែកចោល នៅទីតាំងហាងអាហារមួយកន្លែង។
បើតាមមន្ត្រីសហជីព កន្លងមក មានការប្រើប្រាស់ហិង្សា ការប្តឹងផ្តល់សមាជិកសហជីពទៅតុលាការ និងមានករណីសម្លាប់ថ្នាក់ដឹកនាំសហជីពផងដែរ ក្នុងនោះ មានករណីបាញ់ប្រហារទៅលើលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅកណ្តាលទីក្រុងភ្នំពេញ កាលពីខែមករា ឆ្នាំ២០០៤ ហើយ៥ខែបន្ទាប់ពីការបាញ់សម្លាប់លោក ជា វិជ្ជា សមាជិកម្នាក់ទៀតនៃគណៈកម្មាធិការសហជីពសេរីកម្មករ គឺលោក រស់ សុវណ្ណារ៉េត ក៏ត្រូវបានគេបាញ់សម្លាប់ ហើយនៅឆ្នាំ២០០៧ អតីតមេដឹកនាំសហជីព លោក ហ៊ី វុទ្ធី ត្រូវបានបាញ់សម្លាប់ទៀត ដែលរហូតមកដល់ពេលនេះពន្លឺនៃយុត្តិធម៌សម្រាប់ជនរងគ្រោះទាំងនោះនៅពុំទាន់មាននៅឡើយ៕
………………………………….
អត្ថបទដោយ៖ ពូ សូរាជីនី