អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាង២០ស្ថាប័ន ថ្កោលទោសចំពោះការមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានជនជាតិអង់គ្លេស លោក ជឺរល ហ្វីលីន (Gerald Flynn) ចូលមកប្រទេសកម្ពុជាវិញ និងដាក់ក្នុងបញ្ជីខ្មៅ ដែលការធ្វើបែបនេះ ពួកគេយល់ថាជាការរំលោភបំពានទៅលើអ្នកសារព័ត៌មានដែលហ៊ានរាយការណ៍ពីបញ្ហាបរិស្ថាន។
លោក ហ្វីលីន គឺជាប្រធានក្លឹបអ្នកកាសែតបរទេសនៅកម្ពុជា (OPCC) និងអ្នកកាសែតបែបស៊ើបអង្កេត ផ្តោតលើបញ្ហាបរិស្ថាន ដោយលោកបានធ្វើការងារទាំងនេះសម្រាប់ស្ថាប័នសារព័ត៌មានក្នុងស្រុក និងក្រៅស្រុក អស់ជាច្រើនឆ្នាំមកហើយ។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការ-សមាគមជាតិ និងអន្តរជាតិចំនួន២១ ដែលចេញផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លើកឡើងថា
កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ លោក ជឺរល ហ្វីលីន (Gerald Flynn) ត្រូវបានមន្ត្រីអន្តោប្រវេសន៍នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ហាមមិនឱ្យលោកចូលមកកម្ពុជាទេ ក្រោយពេលលោកវិលត្រឡប់មកពីវិស្សមកាលនៅប្រទេសថៃ។
សេចក្តីថ្លែងការណ៍ដដែលបន្តថា មន្ត្រីអន្តោប្រវេសន៍នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបបានប្រាប់លោក ហ្វីលីន ថាទិដ្ឋាការរបស់លោក គឺ “ក្លែងក្លាយ” ហើយលោកមិនត្រូវបានអនុញ្ញាតឱ្យចូលមកកម្ពុជាទៀតនោះទេ ដោយឈ្មោះរបស់លោក បានស្ថិតនៅក្នុង ”បញ្ជីខ្មៅ” កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោកត្រូវបានអាជ្ញាធរបង្ខំឱ្យត្រឡប់ទៅប្រទេសថៃវិញភ្លាមៗតាមយន្តហោះមួយផ្សេងទៀត និងប្រាប់លោកថា លោកត្រូវបានហាមឃាត់ មិនឱ្យត្រឡប់មកកាន់ប្រទេសកម្ពុជាវិញទៀតនោះទេ។
តែយ៉ាងណា បើតាមសេចក្តីថ្លែងការណ៍រួម គឺលោក ហ្វីលីន មានទិដ្ឋាការសម្រាប់ជនបរទេសធ្វើការងារដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងមានសុពលភាពមួយឆ្នាំ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ និងមានប័ណ្ណអនុញ្ញាតឱ្យធ្វើការងារ ចេញដោយក្រសួងការងារកម្ពុជា ដែលប័ណ្ណនេះត្រូវបានចេញដោយផ្អែកតាមទិដ្ឋាការដែលលោកទទួលបាន ព្រមទាំងមានប័ណ្ណសារព័ត៌មានឆ្នាំ២០២៤ ដែលចេញដោយក្រសួងព័ត៌មាន ខណៈលោកក៏បានទៅដាក់ពាក្យស្នើសុំ ប័ណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៥រួចផងដែរ មុនពេលលោកចាកចេញពីកម្ពុជា ទៅកាន់ប្រទេសថៃ ។
ករណីនេះ អង្គការសង្គមស៊ីវិលទាំងនោះ បានចាត់ទុកការមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានបរទេសរូបនេះ ចូលមកក្នុងប្រទេសកម្ពុជាវិញ ថាជារឿងមិនត្រឹមត្រូវ និងជាការរំលោភបំពានទៅលើអ្នកសារព័ត៌មាន និងបានអំពាវនាវឱ្យរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ សម្របសម្រួលឱ្យគាត់បានត្រឡប់ចូលមកកម្ពុជា ដើម្បីបន្តការងាររបស់គាត់ឡើងវិញ។
សេចក្តីថ្លែងការណ៍រួម បានគូសបញ្ជាក់ថា៖ «លោក ហ្វីលីន គួរតែអាចត្រឡប់ចូលមកកាន់ប្រទេសកម្ពុជាវិញ និងអាចបន្តការងារជាអ្នកកាសែតរបស់លោក ដែលការងារនេះ មានសារសំខាន់យ៉ាងខ្លាំងក្នុងកិច្ចប្រឹងប្រែងការពារធនធានធម្មជាតិរបស់កម្ពុជា។ រាជរដ្ឋាភិបាលត្រូវតែបញ្ឈប់ការរំខាន ការរំលោភបំពាន និងការរាំងស្ទះ ចំពោះអ្នកកាសែតទាំងអស់នៅក្នុងប្រទេស ដូចជា បញ្ឈប់ការចាប់ខ្លួនមិនត្រឹមត្រូវ ការបំភិតបំភ័យ ឬ ការធ្វើទុក្ខបុកម្នេញ ជាដើម»។
អង្គការជាតិ និងអន្តរជាតិទាំងនោះ មានដូចជា អង្គការលីកាដូ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា អង្គការHuman Rights Watch, Prachathai, Centre for Independent Journalism (Malaysia) និង Foreign Correspondents’ Club of Japan (FCCJ) ជាដើម។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ហាក់មើលមិនឃើញពីហេតុផលណា ដែលបញ្ជាក់ថា លោក ជឺរល ហ្វីលីន ប្រព្រឹត្តខុសច្បាប់ និងត្រូវហាមមិនចូលឱ្យក្នុងប្រទេសកម្ពុជាវិញនេះទេ ព្រោះអ្នកសារព័ត៌មានបរទេសរូបនោះ មានឯកសារគ្រប់គ្រាន់ ហើយលោកបានបំពេញការងារជាអ្នកសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយ។
លោកលើកឡើងថា៖ «យើងចាត់ទុកថាករណីនេះ គឺជាករណីរំលោភបំពានទៅលើអ្នកសារព័ត៌មាន ពីព្រោះយើងឃើញថា លោកហ្វីលីន គាត់បានធ្វើការជាអ្នកសារព័ត៌មានអាជីពនៅកម្ពុជានេះ រយៈពេល៥ឆ្នាំហើយ ហើយមានការទទួលស្គាល់នូវអាជ្ញាប័ណ្ណ ពីក្រសួងព័ត៌មាន អាជ្ញាប័ណ្ណការងារ ប័ណ្ណការងារពីក្រសួងការងារ ហើយមានវិសារមួយឆ្នាំបន្តទៀតទៅ»។
លោកបានបន្ថែមទៀតថា ការធ្វើបែបនេះ ជាទង្វើមួយដែលគំរាមកំហែងដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដទៃទៀត ក្នុងការបំពេញការងាររបស់ពួកគេជាអ្នកសារព័ត៌មានដែលសកម្ម និងស៊ើបអង្កេតបែបស៊ីជម្រៅ ដូចលោក ជឺរល ហ្វីលីន។
ចំណោះអ្នកសារព័ត៌មានសេរី (Freeland Journalist) លោក ព្រី នេរុ ដែលធ្លាប់ធ្វើការជាមួយលោក ជឺរល ហ្វីលីន បានលើកឡើងថា លោក ហ្វីលីន ជាអ្នកសារព័ត៌មួយរូបដែលគោរពវិជ្ជាជីវៈ មានភាពស្មោះត្រង់ ខ្វល់ខ្វាយ និងឈឺឆ្អាលពីបញ្ហាដែលកើតមានក្នុងសង្គមកម្ពុជា ដោយគាត់មិនខ្លាចក្នុងការស្វែងរកការពិត ទោះជាខ្លួនប្រឈមនឹងបញ្ហាជាច្រើននាពេលកន្លងមកក្ដី។
លោកនិយាយថា៖ «លោក ជឺរល ហ្វីលីន ជាអ្នកសារព័ត៌មានអន្តរជាតិមួយរូប ដែលគួរឱ្យគោរព ដោយសារតែការប្ដេជ្ញារបស់គាត់ ក្នុងការស្វែងរកការពិត ពុះពារគ្រប់ឧបសគ្គ ចុះទៅបណ្ដាខេត្តនានា ដើម្បីស៊ើបអង្កេតរឿង ទោះបីជារឿងមួយចំនួនហ្នឹង ប្រឈមជាមួយនឹងបញ្ហាសុវត្ថិភាពរបស់គាត់។ កន្លងមកក៏គាត់នៅតែមានភាពក្លាហានដើម្បីបង្ហាញពីតម្លាភាព និងស្វែងរកអ្នកពាក់ព័ន្ធដែលនៅពីក្រោយនៃបទល្មើសនៃព្រៃឈើជាច្រើននៅកម្ពុជា»។
លោកបន្ថែមថា ការមិនឱ្យលោក ហ្វីលីន ចូលមកបន្តការងាររបស់លោកនៅកម្ពុជាវិញ ជាការខាតបង់មួយសម្រាប់កម្ពុជា ព្រោះលោក ហ្វីលីន ជាអ្នកកាសែតមួយរូបដែលចូលចិត្តធ្វើរឿងស៊ើបអង្កេតបែបស៊ីជម្រៅ ទាក់ទងពីបទល្មើសជាច្រើន ជាពិសេសបទល្មើសព្រៃឈើ និងធនធានធម្មជាតិផ្សេងទៀត ដែលកើតមាននៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា៖ «ការមិនឱ្យទិដ្ឋាការគាត់ត្រឡប់មកស្រុកខ្មែរវិញនេះ ជាការខាតបង់មួយចំពោះកម្ពុជា ដោយសារតែបទឧក្រិដ្ឋ បទល្មើសមួយចំនួនពាក់ព័ន្ធជាមួយនឹងការបំផ្លាញធនធានធម្មជាតិនៅប្រទេសកម្ពុជាហ្នឹង នឹងពុំត្រូវបានគេរាយការណ៍ឱ្យបានទូលំទូលាយដូចមុនទៀតទេ»។
អ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជា លោក ទេព អស្នារិទ្ធ មានប្រសាសន៍ថា លោកមិនទាន់បានទទួលព័ត៌មានជាផ្លូវការណាមួយនោះទេ ទាក់ទងពីសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចមិនឱ្យអ្នកកាសែតជនជាតិអង់គ្លេស លោក ជឺរល ហ្វីលីន ចូលក្នុងប្រទេសកម្ពុជាវិញ ហើយបច្ចុប្បន្នលោកក៏កំពុងតែតាមដានករណីនេះដែរ។
លោកថា៖ «យើងមិនទាន់បានទទួលព័ត៌មានផ្លូវការ និងកំពុងតាមដានករណីនេះ»។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេនៅថ្ងៃនេះ។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល ជិតមួយខែទៅហើយ ដែលលោក ហ្វីលីន ត្រូវបានគេមិនអនុញ្ញាតឱ្យចូលមកកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា លោកស្នើសុំទិដ្ឋាការសម្រាប់ជនបរទេសធ្វើការងារ ក្នុងតួនាទីជាជាងអគ្គីសនី មិនមែនក្នុងតួនាទីជាអ្នកសារព័ត៌មាននោះទេ។
ប្រភពដដែលបន្តថា ការដាក់លោក ហ្វីលីន ក្នុងបញ្ជីខ្មៅកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានកើតឡើង ក្រោយពេលដែលឈ្មោះរបស់លោក ត្រូវបានគេបង្ហាញជាសាធារណៈ នៅក្នុងវីដេអូឯកសារមួយរបស់ទូរទស្សន៍ France24 កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយវីដេអូឯកសារនោះ និយាយអំពីគម្រោងឥណទានកាបូនរបស់កម្ពុជា នៅក្នុងតំបន់ជួរភ្នំក្រវាញ ដែលក្រោយមករាជរដ្ឋាភិបាល បានទាត់ចោលការលើកឡើងនៅក្នុងវីដេអូនោះថាជា “ព័ត៌មានក្លែងក្លាយ”។ ប្រភពព័ត៌មានពីររូបផ្សេងទៀត ដែលត្រូវបានបង្ហាញនៅក្នុងវីដេអូឯកសារនោះ ត្រូវបានអាជ្ញាធរឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយត្រូវបានដោះលែងវិញ ពីរថ្ងៃក្រោយមក។
សេចក្តីថ្លែងការណ៍បន្តទៀតថា ថ្មីៗនេះទៀត លោក ហ្វីលីន បានសរសេរអត្ថបទមួយ សម្រាប់ការចេញផ្សាយរបស់កាសែតអន្តរជាតិមួយឈ្មោះ ម៉ុងហ្គាបេ ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក អំពីការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារ ដូចជា ដែនជម្រកសត្វព្រៃ ព្រៃឡង់ ការនេសាទត្រីខុសច្បាប់នៅឯដែនសមុទ្រខាងត្បូងនៃប្រទេសកម្ពុជា និងការបរាជ័យចំពោះគម្រោងឥណទានកាបូនដែលជាតម្រូវការសកល។ ប៉ុន្តែព័ត៌មានទាំងនោះ ត្រូវបានរដ្ឋាភិបាលកម្ពុជាបានច្រាលចោល។
នៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ កម្ពុជាបានធ្លាក់ចំណាត់ថ្នាក់ចំនួន ៩ថ្នាក់ នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោករបស់ស្ថាប័នអ្នកកាសែតគ្មានព្រំដែន ដោយចុះដល់លេខរៀងទី ១៥១ ក្នុងចំណោមប្រទេសទាំង ១៨០ នៅក្នុងឆ្នាំ២០២៤៕
……………………………………
អត្ថបទដោយ៖ គង់ ស្រីរ័ត្ន