តុលាការខេត្តកណ្ដាល បានសម្រេចចោទប្រកាន់អ្នកសារព័ត៌មានចំនួន៤រូប ពីបទជំរិតទារប្រាក់ ពីពលរដ្ឋ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន ខណៈចាងហ្វាងឬអ្នកគ្រប់គ្រងនៅស្ថាប័នរបស់ពួកគេ អះអាងថា អ្នកសារព័ត៌មានទាំង៤រូបនោះ មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។
អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល លោក សូ សារិន មានប្រសាសន៍ថា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនអ្នកសារព័ត៌មានទាំង ៤រូប ដែលមានឈ្មោះ ទេស ចន្នី, ធី ដាយសំបូរ, ណុប វណ្ណា និងឌី ចាន់ធឿន នៅពន្ធនាគារខេត្តជាបណ្ដោះអាសន្ន កាលពីថ្ងៃអាទិត្យ ក្រោមបទចោទ កំហែងទារប្រាក់ តាមមាត្រា៣៦៣ និង៣៦៤ នៃក្រមព្រហ្មទណ្ឌ។
លោកបញ្ជាក់ថា៖ «ករណីនេះ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្នទាំង៤នាក់ ពាក់ព័ន្ធនឹងបទចោទ កំហែងយក ទារប្រាក់ តាមមាត្រា៣៦៣និងមាត្រា៣៦៤»។
លោកទេស ចន្នី ជាអ្នកកាសែតបម្រើការងារនៅអង្គភាព Sameanghotnews លោកណុប វណ្ណា នៅកាសែតកោះឯករាជ្យ លោកធី ដាយសំបូរ ទីប្រឹក្សាកាសែតរស្មីស្ទឹងត្រង់ និងលោកឌី ចាន់ធឿន បម្រើការងារនៅកាសែត វីរៈជន។
អ្នកសារព័ត៌មាន Newsroom មិនអាចសុំការអត្ថាធិប្បាយលម្អិតជុំវិញករណីនេះពី លោក ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាលបានទេ ដោយខលចូលតែពុំមានអ្នកទទួល ខណៈផ្ញើសំណួរតាមប្រព័ន្ធតេលេក្រាមចូលអានតែមិនមានការឆ្លើយតប។
បើតាម លោក ឃីម រដ្ឋា ចាងហ្វាងកាសែតរស្មីស្ទឹងត្រង់ (rasmeistorngtrong) ដែលជាថ្នាក់លើរបស់ លោក ដាយសំបូរ បានឱ្យដឹងថា ដើមហេតុដែលនាំឱ្យមានការប្តឹងអ្នកសារព័ត៌មានទាំង៤រូបនេះ ដោយសារតែមានការចោទថាពួកគេបានយកឈ្មោះស្នងការរងខេត្តកណ្តាល លោក ឡាក់ ម៉េងធី ដើម្បីជំរិតទារប្រាក់ ឬទារអាំងប៉ាវពីប្រជាពលរដ្ឋ ក្នុងពេលបុណ្យចូលឆ្នាំចិន។
លោករៀបរាប់ថា នៅថ្ងៃកើតហេតុ គឺថ្ងៃ៣១ ខែមករា ឆ្នាំ២០២៥ អ្នកសារព័ត៌មានទាំង៤នាក់នោះ បានបបួលគ្នាទៅសុំអាំងប៉ាវពីជនជាតិវៀតណាមម្នាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ក្រោយពីទទួលបានអាំងប៉ាវរួច ក៏មានជនជាតិវៀតណាម្នាក់ទៀតមកប្រាប់ឱ្យពួកគេមកយកអាំងប៉ាវនៅកន្លែងមួយផ្សេងទៀត នៅម៉ោង៨យប់ថ្ងៃដដែលនោះ។
លោកបន្តថា តែលុះដល់ពេលកំណត់ ពួកគេមិនបានទទួលអាំងប៉ាវពីជនជាតិវៀតណាមរូបនោះទេ ហើយក៏នាំគ្នាត្រលប់មកផ្ទះវិញ ប៉ុន្តែនៅតាមផ្លូវពេលឈប់ឡានជជែកគ្នា ក៏ស្រាប់តែសមត្ថកិច្ចស្រុកកៀនស្វាយបានទៅដល់ និងឃាត់ខ្លួនពួកគេ ដោយចោទប្រកាន់ថា ពួកគេបានជំរិតទារប្រាក់ចំនួន ៨ម៉ឺនរៀល ដោយយកឈ្មោះស្នងការរងខេត្តកណ្ដាល លោក ឡាក់ ម៉េងធី ដើម្បីគំរាមកំហែង រួចក៏ចាត់វិធានការតាមច្បាប់ បើទោះបីជាអ្នកកាសែតទាំងនោះបានបដិសេធក្ដី។
លោកបានបញ្ជាក់ថា៖ «[តាំងពីថ្ងៃ៣១ ខែមករា] តែមកទល់ពេលនេះឃុំខ្លួនគាត់ពីរយប់ពីរថ្ងៃហើយបន្តមក អធិការស្រុកកៀនស្វាយពេលថ្ងៃរសៀលយកទៅធ្វើកំណត់ហេតុបង្ខំឱ្យទទួលកំហុស ពីបទកំហែងយកនូវទឹកប្រាក់៨ម៉ឺននរៀលបានផ្ដិតមេដៃរួម ហើយក៏បង្ខំផ្ដិតមេដៃទទួលកំហុសថាបានយកឈ្មោះលោកស្នងការរង ផ្នែកព្រហ្មទណ្ឌ ឡាក់ ម៉េងធី យកមកប្រើដើម្បីគំរាមកំហែង […] ប៉ុន្តែអ្នកសារព័ត៍មានទាំង ៤នាក់ គាត់បដិសេធមិនទទួលទេពេលនោះ មានការតវ៉ាគ្នា ក៏មានការវ៉ៃខ្នោះ រួចបញ្ជូនមកសាលាដំបូងសាកសួរម្ដងទៀតបន្តយកទៅឃុំនៅពន្ធនាគារខេត្តកណ្ដាលតែម្ដង»។
Newsroom មិនអាចសូមការអត្ថាធិប្បាយពីស្នងការរងខេត្តកណ្ដាល លោក ឡាក់ ម៉េងធី បាននោះទេ ដោយខលចូលតែមិនមានអ្នកទទួល។
ចំណែក លោក ព្រុំ សំណាង អធិការស្រុកកៀនស្វាយ បានថ្លែងយ៉ាងខ្លីថា លោកបានបញ្ជូនអ្នកកាសែតទាំង ៤នាក់ ទៅស្នងការខេត្តកណ្ដាលហើយ ដោយមិនបញ្ជាក់ពីដើមចមនៃការចាប់ខ្លួនពួកគេនោះទេ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អាស្នារិទ្ធ ស្នើសុំឱ្យ Newsroom បង្ហាញដីកាពាក់ព័ន្ធនឹងការចោទប្រកាន់លើអ្នកកាសែតទាំង៤រូបនេះសិន ទើបលោកយល់ព្រមក្នុងការផ្ដល់អត្ថាធិប្បាយ។
ចំណែក លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ថ្លែងថា ប្រសិនបើអ្នកកាសែតទាំងនោះ មិនបានប្រព្រឹត្តកំហុសឆ្គង ដូចការចោទប្រកាន់មែន ពួកគេអាចទាក់ទងមកសមាគមខេមបូចា ដើម្បីទទួលបានសេវាគាំពារផ្លូវច្បាប់។
លោកបញ្ជាក់ថា៖ «ក្នុងករណីដែលមានការអនុវត្តវិជ្ជាជីវៈ ហើយគាត់ទទួលរងការគំរាមកំហែង ជាការពិតគឺយើងតែងតែផ្ដល់ការគាំទ្រផ្នែកផ្លូវច្បាប់ ហើយពួកគាត់អាចទាក់ទងមកកាន់ក្រុមការងារខេមបូចា បានក្នុងករណី ពួកគាត់មិនទាន់ទទួលបាននូវសេវាផ្លូវច្បាប់ផ្សេងៗ ក្នុងករណីដែលត្រឹមត្រូវតាមលក្ខណៈអ្វីដែលអាចផ្ដល់ជូនបានយើងនឹងផ្ដល់ជូន»។
លោក ណុប វី បន្តថា ការអនុវត្តក្រមសីលធម៌របស់អ្នកសារព័ត៌មានមួយចំនួន ជារឿយៗមានការឆក់ល្វែង ដែលគួរតែមានការអត់ឱ្យន ហើយជំរុញឱ្យមានការលើកកម្ពស់ការអនុវត្តក្រមសីលធម៌ឱ្យបានត្រឹមត្រូវ ប្រសើរជាងការចោទប្រកាន់ និងដាក់ពន្ធនាគារ។
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានឃុំខ្លួនចាងហ្វាងសារព័ត៌មានអនឡាញពីរនាក់ គឺលោក ដួង អក្ខរា និងលោក ឡាយ សុជាតិ នៅពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមបទចោទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជុំវិញការចុះផ្សាយអត្ថបទរបស់ខ្លួន ដែលអាជ្ញាធរ ថា ជាការផ្សាយបំភ្លៃការពិត៕
………………………..
អត្ថបទដោយ៖ វ៉ា សុភានុត