ពលរដ្ឋមួយចំនួនរស់នៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទទួចស្នើ សុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល ខណៈដីទីទួលសុវត្ថិភាពដែលពួកគេធ្លាប់ប្រើប្រាស់រួម សម្រាប់ស្នាក់នៅបណ្តោះអាសន្ន ពេលមានទឹកជន់លិចនារដូវវស្សានោះ ត្រូវគ្រួសារអ្នកមានអំណាចនិងបក្ខពួកដណ្តើមយកធ្វើជាកម្មសិទ្ធិ។
លោក ស្រី ភុន អាយុ ៧៩ ឆ្នាំរស់នៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រាប់ពលរដ្ឋរក្សាព័ត៌មានថា ដីទួលសុវត្ថិភាពនៅភូមិឈើទាលលើ ទុកសម្រាប់ពលរដ្ឋក្នុងភូមិប្រើប្រាស់ស្នាក់អាស្រ័យរួម ពេលមានទឹកជំនន់ក្នុងរដូវវស្សា តាំងពីក្រោយសម័យ ប៉ុល ពត មកម្លេះ ។
លោកអះអាងថា កាលពីឆ្នាំ ១៩៨៦ រដ្ឋបានបែងចែកដីឱ្យបង្កបង្កើនផលតាមគ្រួសារ តែដីនោះក៏នៅតែរក្សាទុកជាសម្បត្តិរួម សម្រាប់ពលរដ្ឋប្រើប្រាស់ដដែល។
លោកបន្ថែមថា ក្រោយមកទៀតមានពលរដ្ឋមួយចំនួនបានខ្ចីដីនោះ ដាំដំណាំអាស្រ័យផល ដោយសន្យាថា ពេលដែលក្រុមរួមត្រូវការនិងប្រគល់ជូនក្រុមវិញ។ ប៉ុន្តែនៅឆ្នាំ ២០០១ មានកិច្ចប្រជុំប្រមូលយកដីមកវិញ ប៉ុន្តែមានពលរដ្ឋមួយគ្រួសារដែលគេស្គាល់ថា ជាម្តាយក្មេករបស់ឈ្មោះ ឆែ ចេង មន្ត្រីពន្ធដាខេត្តកំពង់ស្ពឺសព្វថ្ងៃ មិនព្រមប្រគល់ដីឲ្យវិញឡើយ។ ក្រោយមក ក៏មានពលរដ្ឋផ្សេងទៀតចូលទៅកាន់កាប់ យកជាបន្តបន្ទាប់ រហូតកើនដល់១២គ្រួសារ ក្នុងនោះក៏មានប្រធាន និងអនុប្រធានភូមិផងដែរ។ បញ្ហានេះ ក៏បង្កឱ្យមានជម្លោះបន្តរហូតមកដល់សព្វថ្ងៃនេះ។
លោក ស្រី ភុន ដាក់ការសង្ស័យថា ការដែលពលរដ្ឋទាំង ១២ គ្រួសារនោះហ៊ានចូលហួងហែងដីសមូហភាពនេះ គឺប្រហែលដោយមានអាងអ្នកធំ នៅពីក្រោយ ។
លោក ស្រី ភុន ៖«ការដែលអ្នកដែលហ៊ានចូលកាន់កាប់ ហ៊ានធ្វើដល់ដំណាក់កាលហ្នឹងខ្ញុំក៏អត់ហ៊ានសន្និដ្ឋានដែរ តែជាពិសេស មានតែមួយហ្នឹង ឆែ ចេង ហ្នឹង គឺជាមេធំហ៉្មង គ្រប់គ្រងទីហ្នឹង ដែល១២គ្រួសារហ្នឹង គេស្ដាប់គាត់ហ្នឹងហើយ អាណឹងការសន្និដ្ឋានរបស់ខ្ញុំទេ»។
លោក អ៊ុំ ហ៊ីន អាយុ ៧៦ ឆ្នាំរស់នៅភូមិឈើទាលលើ ប្រាប់ថា ជម្លោះដីធ្លីនេះបានកើតឡើងតាំងពីឆ្នាំ ២០០១ ហើយពលរដ្ឋបានដាក់ពាក្យបណ្តឹងទៅឃុំរលាំងគ្រើលក្នុងឆ្នាំ ២០០៧ ប៉ុន្តែមិនអាចដោះស្រាយបាន។ ពលរដ្ឋក៏បន្តប្តឹងឡើងដល់ រដ្ឋសភា ក្រសួងដែនដី ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ដើម្បីសុំកិច្ចអន្តរាគមន៍។
លោកបន្តថា រដ្ឋសភា ធ្លាប់បានចេញ សជណ កាលពីខែសីហា ឆ្នាំ២០០៧ មករដ្ឋបាលខេត្តកំពង់ស្ពឺឱ្យដោះស្រាយ ប៉ុន្តែពលរដ្ឋមិនទាន់ទទួលបានដំណោះស្រាយសមស្របណាមួយពីអាជ្ញាធរខេត្តនៅឡើយទេមកទល់ពេលនេះ។
លោកបន្តថា៖ «ឆ្នាំ២០០៧បានចាប់ប្តឹង ប្តឹងហូរហែរហូតមក ថ្នាក់ស្រុក ខេត្ត អត់ដែលហៅប្រជុំដោះស្រាយទល់មុខគ្នាទេ ហៅសួរតែម្ខាងៗ គ្រាន់តែហៅសួរ »។
វ័យ៦៨ ឆ្នាំ អ្នកស្រី ពេជ្រ ស៊ន បានរៀបរាប់ថា អ្នកស្រីចង់ឱ្យទុកដីនេះ ជាសម្បត្តិរួមវិញសម្រាប់ប្រើប្រាស់ពេលគ្រាមានអាសន្នទឹកជំនន់ជនលិចលង់។ អ្នកស្រីបញ្ជាក់ថា ភូមិឈើទាលលើ នៅជាប់នឹងមាត់ស្ទឹងព្រែកត្នោត ដែលឧស្សាហ៍រងផលប៉ះពាល់ពីទឹកជំនន់។
អ្នកស្រីបន្តថា ពេលទឹកជន់ម្ដងៗ អ្នកភូមិតែងជញ្ជូនរបស់របរ គោក្របី ជ្រូក មាន់ទា និងកូនចៅទៅស្នាក់នៅបណ្តោះអាសន្នលើដីទួលសុវត្ថិភាពនេះ ។
អ្នកស្រីបន្តថា ៖«ចង់ទុកជាទីទួលសុវត្ថិភាព ជារួមគ្រាន់បានជំលៀសទៅជ្រកនៅ ពេលទឹកលិចម្តងៗ។ ខ្ញុំហើយវេទនាណាស់អូនអ្ហើយ អូសកូនដាក់ខ្ទះដើម្បីយក់ទៅជ្រកអីដីសមូហភាព ដីរួមហ្នឹង។ដល់តែពេលឥឡូវហ្នឹងប៉ុន្មានគ្រួសារហ្នឹងយក យកទៅដល់តែសុំឱ្យដោះស្រាយឱ្យ ចែកគ្នាវិញអត់ឱ្យ»។
លោក ណារ៉ា វ័យ ៤៥ ឆ្នាំ ជាតំណាងពលរដ្ឋរស់នៅភូមិឈើទាលលើ ប្រាប់ថា ដោយសារពលរដ្ឋអស់ជំនឿទៅលើអាជ្ញាធរមូលដ្ឋាន ថាអាចផ្ដល់ដំណោះស្រាយបានដល់ពួកគេ ទើបចាប់តាំងពីឆ្នាំ២០១០មកពលរដ្ឋបានបន្តដាក់ញតិទៅក្រសួងពាក់ព័ន្ធ ស្នើសុំកិច្ចអន្តរាគមន៍ជាហូហែរ តែរហូតមកដល់ពេលនេះក៏នៅមិនទាន់មានដំណោះស្រាយ។
លោក ណារ៉ា បន្តថា៖ « សំណូមពរឱ្យសម្តេចពុក សម្តេចម៉ែ ជាពិសេសសម្តេចបវធិបតី ហ៊ុន ម៉ាណែត ជួយដោះស្រាយជូនប្រជាពលរដ្ឋយើងខ្ញុំនៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនេះផង»។
ឆ្លើយតបនិងរឿងនេះ មេភូមិឈើទាលលើ លោក ម៉េង សុខគា បាននិយាយថា លោកបានកាន់កាប់អាស្រ័យផលនៅលើដីនេះតាំងពីឆ្នាំ១៩៨៧មក ដោយលោកអះអាងថា គ្មានអាងខ្នងអាងខ្សែរអ្វីនោះទេ។
លោកបន្តថា លោកមានទាំងលិខិត បញ្ជាក់ទទួលស្គាល់ការប្រើប្រាស់អាស្រ័យផលពី ឃុំ ស្រុក តាំងពីឆ្នាំ១៩៩៩មកម្លេះ។ លោកបញ្ជាក់ថា ពលរដ្ឋទាំងនោះ ក៏មានដីប្រើប្រាស់នៅលើទួលនេះដូចគ្នា។ តែនៅឆ្នាំ២០០១ពួកគេបានដាក់ដីពួកគេឱ្យជាដីសមូហភាព តែលោកនិងម្ចាស់ដីផ្សេងទៀតមិនព្រម ទើបកើតជម្លោះនិងបន្តរហូតមក។
លោកបន្តថា ៖«ពីមុនគាត់ធ្លាប់ប្រើប្រាស់ដល់ពេលគាត់ឈប់ប្រើប្រាស់គាត់យកទៅដាក់រួម ហើយអាខ្លះយករបស់គាត់ថែមទៀតទៅ។ អ្នកកាន់កាប់ហ្នឹង គេកាន់កាប់តាំងពី ៨៧ ដល់២០០៧ ហើយ បានគាត់ប្ដឹងពីគេគេមានឯកសារប្រើប្រាស់លើដីហ្នឹងអស់បាត់ហើយហ្នឹង»។
ពលរដ្ឋអ្នកសារព័ត៌មានបានទាក់ទងសុំការបំភ្លឺពីលោក កុយ ជៀម មេឃុំ រលាំងគ្រើល តែលោកបានបដិសេដ មិនឆ្លើយតបចំពោះរឿងនេះ។
លោក កុយ ជៀម ៖«ឥឡូវ ខ្ញុំសុំបញ្ជាក់ជាមួយលោកអញ្ចេះ សូមលោកមកដល់សាលាឃុំចាំជួបគ្នា ខ្ញុំមានការ»។
ចំណែកលោក ទៀង ដារ៉ា មន្ត្រីការិយាល័យភូមិបាល ស្រុកសំរោងទងបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា លោកមិនអាចឆ្លើយបានទេ ដោយឱ្យសួរប្រធានការិយាល័យ ខណៈប្រធានការិយាល័យមិនអាចសុំការឆ្លើយតបបាន។
លោក ទៀង ដារ៉ា លើកឡើងថា៖«ខ្ញុំអត់ដឹងរឿងនេះទេអូន ព្រោះខ្ញុំជាមន្ត្រីទេ ខ្ញុំមិនមែនប្រធានភូមិបាលទេ អ៊ីចឹងកិច្ចការងារនេះលោកប្រធានគាត់អ្នកក្តាប់បាន អ្នកចុះដោះស្រាយជាមួយប្រជាពលរដ្ឋ »។
ពលរដ្ឋអ្នកសារព័ត៌មាន បានទាក់ទងសុំការបំភ្លឺពីលោក ទិត្យ វុទ្ធី អភិបាលរង និងជាមន្ត្រីទទួលបន្ទុកដោះស្រាយវិវាទដីធ្លី ខេត្តកំពង់ស្ពឺ តែលោកប្រាប់ថា កំពុងជាប់ប្រជុំ ។
ពាក់ព័ន្ធរឿងនេះ នាយកប្រតិបត្តិនៃអង្គការ លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បើយោងតាមរដ្ឋធម្មនុញ្ញ កម្ពុជា មាត្រា៣៥ សេចក្តីស្នើទាំងឡាយរបស់ពលរដ្ឋ និងត្រូវបានទទួលការពិនិត្យនិងដោះស្រាយយ៉ាងម៉ត់ចត់ពីរដ្ឋ ។
លោកបន្ថែមថា នៅពេលដែលអាជ្ញាធរទទួលបាន បណ្ដឹង,ញត្តិ, ឬពាក្យស្នើសុំអន្តរាគមន៍អ្វីមួយពីពលរដ្ឋ អាជ្ញាធរត្រូវតែពិនិត្យ និងសិក្សាស្រាវជ្រាវព័ត៌មានឲ្យបានច្បាស់ ហើយដោះស្រាយយ៉ាងយកចិត្តទុកដាក់ និងមានហេតុផលសមរម្យ ជូនដល់ប្រជាពលរដ្ឋ។
លោកយល់ថា បើក្នុងករណី បើដីមួយកន្លែងដែលធ្លាប់ប្រើប្រាស់ជារួមដោយប្រជាពលរដ្ឋសម្រាប់ស្នាក់អាស្រ័យគេចពីគ្រោះទឹកជំនន់ អាជ្ញាធរគួរសិក្សាពីប្រវត្តដីឱ្យបានច្បាស់ និងដោះស្រាយ ដោយផ្អែកលើផលប្រយោជន៍ពលរដ្ឋជាធំ ជាជាងប្រយោជន៍បុគ្គល ឬឯកជន។
លោកយល់ថា៖ «បើសិនជាដីនោះជាទីទួលសុវត្ថិភាព ដែលសម្រាប់ប្រើប្រាស់ដាក់នៅទ្រព្យសម្បត្តិគោក្របីរបស់ប្រជាពលរដ្ឋនៅពេលមានគ្រោះទឹកជំនន់ ជន់លិច អាជ្ញាធរគួរតែគិតពិចារណាដោយផ្អែកទៅលើផលប្រយោជន៍ប្រជាពលរដ្ឋ ជាធំ ជាជាងបុគ្គល ឬឯកជន »។
ដីទួលសុវត្ថិភាពនៅភូមិឈើទាលលើ មានផ្ទៃដីជាង៨ហិកតា ហើយបច្ចុប្បន្នកំពុងកាន់កាប់ដោយពលរដ្ឋអះអាងថាជាអ្នកមានអំណាចនិងបក្ខពួកចំនួន១២គ្រួសារ៕
…………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ស្ពឺ លោក អ៊ុក ដែន