ការដាក់ឱ្យដំណើរការសាកល្បង ដែលអនុវត្តដោយសាលាក្រុងភ្នំពេញ សម្រាប់ផ្លូវថ្មើរជើង នៅប្របនឹងទន្លេ កាលពីចុងសប្តាហ៍កន្លងទៅនេះ គេសង្កេតឃើញថា ទទួលបានការសាទរពីពលរដ្ឋ និងអ្នកដំណើរ ប៉ុន្តែពួកគាត់ក៏លើកឡើងពីបញ្ហា នៃការកកស្ទះចរាចរណ៍ ពេលមិនអនុញ្ញាតឱ្យមានឡាន ម៉ូតូ និងមធ្យោបាយធ្វើដំណើរផ្សេងទៀត បានឆ្លងកាត់ផ្លូវថ្មើរជើងនេះ នៅរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដែរ។
រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ បានដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើង នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង ឬផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង។ផ្លូវថ្មើរជើងនេះបើកនៅរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់។ សាលារាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធរួមទាំងអ្នកជំនាញបានសិក្សាពីគម្រោងផ្លូវថ្មើរជើងនេះតាំងពីឆ្នាំ២០១៩ ក៏ប៉ុន្ដែគម្រោងនេះត្រូវបានផ្អាកមួយរយៈពេលដោយសារវិបត្តិជំងឺកូវីដ-១៩។
អ្នកស្រី ពៅ ទិត្យវត្តី ជាពលរដ្ឋដែលកំពុងដើរកំសាន្តនៅម្ដុំមាត់ទន្លេយល់ឃើញថា ការដាក់ឱ្យដំណើរការផ្លូវថ្មើរជើងនេះ ផ្ដល់នូវអត្ថប្រយោជន៍មួយចំនួន ដូចជាផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការដើរថ្មើរជើង និងអាចជំរុញដល់អាជីវកម្មនៅជុំវិញតំបន់នេះដែរ។ ស្ថិតក្នុងវ័យប្រមាណ៣០ឆ្នាំ អ្នកស្រីឱ្យដឹងថា ក្រៅពីអត្ថប្រយោជន៍ទាំងនេះ ភ្ញៀវទេសចរក៏អាចរីករាយនឹងទេសភាពដ៏ស្រស់ស្អាតដូចជាទេសភាពនៅមុខព្រះបរមរាជវាំងថែមទៀតផង។
អ្នកស្រីបន្តថា៖«ខ្ញុំគិតថាល្អបងដោយសារតែអី យើងអាចផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរដែលគាត់មកលេងនៅស្រុកយើងអ៊ីចឹងទេគាត់មានផ្លូវដើរជើងថ្មើរជើងមួយដែលមានការលក់អីវ៉ាន់ម្ហូបផ្សេងៗ មានទាំងបរទេសមានតែម្ហូបខ្មែរហើយវាក៏ជួយដល់ Business [អាជីវកម្ម]ជុំវិញ around [ជុំវិញ]ហ្នឹងផងដែរ ដូចគ្នា គាត់ក៏បាន enjoy the view យើងចឹងនឹងហា riverside viewផ្សេងៗនៅនៅមុខបរមរាជវាំងយើងផងដែរ»។
ស្របពេលការដាក់ឱ្យដំណើរការផ្លូវថ្មើរជើងនេះ អាចបង្កលក្ខខណៈងាយស្រួលសម្រាប់អ្នកធ្វើដំណើរការកំសាន្តប្របនឹងមាត់ទន្លេមែន ក៏ប៉ុន្តែអ្នកស្រី ពៅ ទិត្យវត្តី លើកឡើងថាការដាក់ឱ្យដំណើរការផ្លូវថ្មើរជើង នៅពេលនេះ ដំបូងអាចមានបញ្ហាប្រឈមមួយចំនួនដែរ ដូចជាការកកស្ទះចរាចរណ៍ ឬមនុស្សពិបាកធ្វើដំណើរ នៅពេលដែលបញ្ចៀសចរាចរណ៍ទៅផ្លូវផ្សេងដែលអ្នកដំណើរមិនបានដឹង។
លោកបន្តថា៖«អាចមានគុណវិបត្តិតិចតួចដែរព្រោះធម្មតានៅពេលដែលយើងចាប់ផ្ដើមអីដំបូងក៏ដោយវាក៏ជាមានការពិបាកខ្លះអ៊ីចឹងវាអាចនឹងមានការស្ទះចរាចរណ៍ឬក៏អ្នកដែលគាត់អត់ដឹងអ៊ីចឹងគាត់អាចចេញមកអត់មានផ្លូវចូលដោយសារតែបិទ បារ៉ាស អ៊ីចឹងទៅ ប៉ុន្តែបន្ទាប់ពីហ្នឹងទៅយូរទៅគេវាយយើងនឹងស៊ាំង អ៊ីចឹងទៅវានឹង ផ្តល់ផលល្អច្រើនជាងផលអាក្រក់»។
ដូចគ្នានេះដែរ លោក តេង សេរី ជានិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយ ក្នុងទីក្រុងភ្នំពេញ បង្ហាញការសាទរ និងរីករាយនៅពេលដែលសាលារាជធានីភ្នំពេញដាក់ឱ្យដំណើរការផ្លូវថ្មើរជើងនេះ ដោយបិទមិនឱ្យយាន្តជំនិះបើកចេញចូលបាន។មិនតែប៉ុណ្ណោះវិធានការនេះនឹងជួយទាក់ទាញភ្ញៀវទេសចរបានថែមទៀតផង។
លោកបន្តថា៖«ក្នុងចិត្តរំភើបដែលបានឃើញផ្លូវថ្មើរជើងកើតឡើងមួយវាស្រដៀង Pub street ដូចថាទៅដូចថាសប្បាយដូចថា Private មួយដែលយើងដើរទាន់មានចរាចរណ៍ម៉ូតូឡានរំខាន ក្នុងហ្នឹងគឺក្នុងចិត្តសប្បាយដែលគាត់បានដាក់ចេញតែរដ្ឋាភិបាលគាត់រៀបចំឲ្យហ្នឹង» ។
លោកបន្ថែមទៀតថា៖«ខ្ញុំយល់ថាវាជាការទាក់ទាញទៅដល់ភ្ញៀវទេសចរដែរដែលគាត់មកអ៊ីចឹងទៅគាត់គាត់ងាយស្រួលដូចថា អត់មានការរំខានពីម៉ូតូឡានអីផ្សេងៗចឹងអាហ្នឹងពួកខ្ញុំឃើញរាល់ដងពេលមកដល់ដឹងតែមានគេដេញនៅតាមចិញ្ចើមផ្លូវអ្នកដែលគាត់ចូលទៅអ៊ីចឹងដល់ពេលឃើញចេះតែស្រលះឱ្យយើងងាយស្រួលដែលមានអារម្មណ៍ថាស្រស់ស្រាយជាងមុន» ។
បន្ថែមពីលើនេះ លោក តេង សេរី យល់ឃើញថាការបិទចរាចរណ៍របស់យានជំនះអាចធ្វើឱ្យពលរដ្ឋដែលធ្វើដំណើរតាមយានយន្ដដែលតែងឆ្លងកាត់ផ្លូវថ្មើរជើងនេះ អាចត្រូវចំណាយពេលវេលាច្រើនក្នុងការធ្វើដំណើរព្រោះត្រូវជិះវាងទៅផ្លូវផ្សេង។
លោកបន្តថា៖«គុណវិបត្តិខ្ញុំយល់ថាវាមានដែរឧទាហរណ៍ដូចយើងធ្លាប់ធ្វើដំណើរតាមផ្លូវនិងតាមផ្លូវហ្នឹងពីមុនមកអ៊ីចឹងទៅផ្ទះទេអ៊ីចឹងអាហ្នឹងដើម្បីយកមកដាក់អ៊ីចឹង យើងទៅវាអ៊ីចឹងយើងអាចចំណាយពេលវាងហើយមួយទៀតដូចថាអ្នកដែលនៅក្នុងតំបន់ហ្នឹងអ៊ីចឹងទៅគាត់នឹងមានភាពលំបាកមែនតែគាត់មានយានយន្ត ប៉ុន្តែខ្ញុំយល់ថាយើងមានដំណោះស្រាយល្អដែរបើយើងមានចំណតមានអីស្រួលសម្រាប់ពួកគាត់អ៊ីចឹងទៅវាល្អដែរបើសិនជាយើងអាចមានអាហ្នឹងនិងល្អដែរ ទាំងអស់ដែលបាន» ។
បើតាមលោក តេង សេរី លោកក៏ចង់ឱ្យបង្កើនចំនួនបន្ទប់ទឹកសាធារណៈឱ្យបានច្រើនដើម្បីជួយរក្សាភាពស្អាត និងអនាម័យ។បន្ថែមពីលើនេះ លោកបានលើកឡើងពីកន្លែងលក់ដូរអាចជាមធ្យោបាយល្អសម្រាប់អ្នកស្រុកក្នុងការរកប្រាក់ចំណូលពីភ្ញៀវទេសចរណ៍ ប៉ុន្តែប្រសិនជាមានការរៀបចំកន្លែងលក់សម្រាប់អាជីវកម្មមួយកាន់តែល្អ។
លោកបន្តថា៖«ប្រសិនជាយើងមានជាបន្ទប់ទឹកសាធារណៈមួយទៀត អាចមានឲ្យច្រើនកាន់តែល្អទើបតែកពួកខ្ញុំឃើញនៅក្នុងតំបន់នៅខាងស្ដាំដៃព្រះអង្គដងកើផង និងការហ្នឹងគឺយើងឃើញអត់មានបន្ទប់ទឹកស្រួលបួលអ៊ីចឹងការពិតមានដែរប៉ុន្តែសម្រាប់ខ្ញុំៗគិតថាវានៅតិចចាំបាច់មានមួយចំនួនទៀតហើយដាក់តាំងឲ្យមានអនាម័យស្អាតកាន់តែល្អ សម្រាប់បន្ទប់ទឹក ទីពីរដីនៅក្នុងតំបន់ខាងជាប់នឹងទន្លេហ្នឹងប្រសិនបើអ្នកដែលគាត់លក់នៅតាមតំបន់ហ្នឹងខ្ញុំឃើញមានច្រើនប៉ុន្ដែបើកុំច្រើនពេក និងឲ្យធ្វើជាការល្អដែលពួកគាត់អាចរកចំណូលបានមួយចំនួនពីអ្នកទេសចរប៉ុន្តែបើសិនជាកុំឲ្យច្រើនពេកអ៊ីចឹងព្រោះចំណាយច្រើនពេកទេអ្នកទេសចរគាត់ចូលទៅរំខានគាត់ដែរហ្នឹងបញ្ជាសំណូមពរបើសិនជាយើងអាចមានកន្លែងគាត់ទៀតកាន់តែល្អ»។
ស្រដៀងគ្នានេះដែរ អ្នកស្រី អៀន អូន រីករាយដែលរដ្ឋបាលក្រុងភ្នំពេញរៀបចំផ្លូវថ្មើជើងបែបនេះ។ប្រភពបន្តថា ការរៀបចំដោយមិនអនុញ្ញាតឱ្យមានយានជំនិះជិះឆ្លងកាត់ផ្លូវនៅប្របនឹងមាត់ទន្លេយ៉ាងដូច្នេះ ធ្វើឱ្យអ្នកស្រីហាក់មានអារម្មណ៍ធូរស្បើពីជំងឺផ្សេងៗ ជាពិសេសមិនព្រួយបារម្មណ៍ពីសុវត្តិភាពពេលធ្វើដំណើរ និងឆ្លងកាត់ផ្លូវម្តងៗ។
អ្នកស្រីបន្តថា៖ «អ៊ីចឹងឲ្យរីកចម្រើនទីក្រុងយើងស្អាតរៀបរយ យើងដើម្បីចម្រើនស្រុកយើងហ្នឹង តែយើងហ្នឹងឲ្យជឿនលឿន អររំភើបចិត្តណាស់ ដែលធ្វើ អញ្ជឹងកុំឲ្យជ្រួលច្របល់មករាថាកុំឲ្យមានបញ្ហាដល់ឡានម៉ូតូច្រើន ទៅវាអត់ដូចទីក្រុង ដូចនៅសៀមរាបអញ្ចឹងអី មីងអរហា ដើរលេងកម្សាន្តចឹង អត់មានចាស់មានឡានម៉ូតូអីក៏អត់មាន ចឹងស្ងាត់ […]«ក៏វាធូរអារម្មណ៍ធូរស្បើយមានជំងឺអញ្ជឹង ជំងឺវាក៏ធូស្បើរដែរអត់មានឡានម៉ូតូអីស្និតស្នែង» ។
បើទោះជាបែបណា អ្នកស្រីអំពាវនាវឱ្យរដ្ឋបាលក្រុងភ្នំពេញ បន្តដាក់បន្ទប់ទឹកបន្ថែមទៀតនៅជុំវិញតំបន់ថ្មើរជើងនេះ ព្រោះបច្ចុប្បន្នអ្នកស្រីសង្កេតឃើញមិនមានបន្ទប់ទឹកគ្រប់គ្រាន់នៅឡើយទេ។
អ្នកស្រីបន្តថា៖«បន្ទប់ទឹកនៅឆ្ងាយពីថាពីមុខវាំងអ៊ីចឹងមានតែខាងមុខរវាងចិត្តដល់យើងមកខាងនេះវាឆ្ងាយបើអ៊ីចឹងចង់ឲ្យមានបន្ទប់ទឹកកាន់តែល្អទៅទៀតក្មេងក្មាងអីតាមមកលេងអ៊ីចឹងដូចបត់ជើងតូចបត់ជើងធំស្រួលចូលទៅ ហ្នឹងម្យ៉ាងដែរ»។
ចំណែកព្រះតេជព្រះគុណ មឿន ចំរើន ជានិស្សិតរៀនផ្នែកអន្តរវិស័យនៅវិទ្យាស្ថានស៊ីតិច គង់នៅវត្តឧណ្ណាលោម ក្នុងក្រុងភ្នំពេញ ព្រះអង្គមានថេរដីកាថាផ្លូវថ្មើរជើងល្អសម្រាប់ទេសចរណ៍ ជាពិសេសនៅជិតព្រះបរមរាជវាំង ហើយដំណើរការល្អនៅចុងសប្តាហ៍ ក៏ប៉ុន្ដែថាការបើកផ្លូវថ្មើរជើងនេះអាចបណ្តាលឱ្យមានការកកស្ទះខ្លះៗនៅតាមមហាវិថីផ្សេង ដោយសារចំនួនអ្នកធ្វើដំណើរ ដែលត្រូវឆ្លងកាត់ផ្លូវដែលត្រូវបិទនេះ ពីពេលមុនគឺប្រើដោយយានយន្ត។
ប្រភពបន្តថា៖«ផ្លូវ street walk អ៊ីចឹងគឺជាសម្រួលដល់វិស័យទេសចរណ៍យើងដែរព្រោះ ដូចជានៅតាមមាត់ទន្លេមានព្រះបរមរាជវាំងគឺជាស្នូលតំបន់ទេសចរណ៍នៅពេលណាយើងបើកឲ្យដំណើរការនូវចរាចរណ៍គឺធ្វើឲ្យមានការរំខានអ៊ីចឹងនៅពេលយើងដាក់ឲ្យមាន street walkក៏រយៈពេលពីរថ្ងៃពីថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងគឺវាជាផលល្អមែនទែន។បញ្ហាជាគុណវិបិត្តអាចថា វាធ្លាប់បង្កការកកស្ទះដល់ប្រជាពលរដ្ឋដែលគាត់តែងតែធ្វើដំណើរទៅតាមហ្នឹងប៉ុន្តែសម្រាប់គុណសម្បត្តិគឺយើងងាយស្រួលក្នុងការដើរទៅដើរមកអត់មានហានិភ័យដូចលើកមុនទេ […] ខាងរាជធានីភ្នំពេញហ្នឹងគាត់ដាក់រៀបចំមិនមែនដាក់រាល់ថ្ងៃតែរាប់ថ្ងៃចាប់ពីថ្ងៃសៅរ៍ថ្ងៃអាទិត្យអ៊ីចឹងក៏ងាយស្រួលដែរ»។
ទាក់ទិននឹងបញ្ហានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទទួលស្គាល់ថា សម្រាប់ចំណតរថយន្តនិងម៉ូតូនៅមិនទាន់គ្រប់គ្រាន់ ដើម្បីឱ្យប្រជាពលរដ្ឋដែលមានបំណងមកដើរកម្សាន្តផ្លូវថ្មើរជើងចូលចតបាននៅឡើយទេ។លោកបន្តថា កត្តារដែលនាំឱ្យចំណត់មិនគ្រប់នេះ ដោយសាររថយន្ត និងម៉ូតូនៅក្នុងរាជធានីភ្នំពេញចេះតែមានកំណើនមិនឈប់ឈរ។តែយ៉ាងណា លោក ឃួង ស្រេង ស្នើឱ្យប្រជាពលរដ្ឋគួរផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនទៅជាការជិះកង់បី រថយន្តក្រុងសាធារណៈ ឬមធ្យោបាយសាធារណៈ ទើបអាចកាត់បន្ថយ ឬបញ្ចៀសការកកស្ទះនេះបាន។
លោកបន្តថា៖ «បើនិយាយពីម៉ូតូរាប់លាននៅក្នុងរាជធានីភ្នំពេញ ប្រជាពលរដ្ឋចុះបញ្ជី ។ ឡាន ៧៥ម៉ឺន បើខ្ញុំរកចំណតម៉េច ក៏យកអត់គ្រាន់ដែរអូន។ ប៉ុន្តែ ខ្ញុំបាន ប្រកាសជម្រាបគាត់ថា បើចង់មានបំណងធ្វើដំណើរថ្មើរជើងមកលេងនៅក្នុងទីតាំងដែលយើងបិទមិនឱ្យធ្វើ ដំណើរថ្មើរជើងនេះសុំឱ្យគាត់ប្រើប្រាស់យានជំនិះជាមធ្យោបាយរួម ឬក៏ ជាមធ្យោបាយជា Pass App ជាអី កុំយកយានជំនិះមកព្រោះថា បើគាត់យកទៅផ្ញើគាត់អាច មានតម្លៃខ្ពស់ជាងគាត់ធ្វើដំណើរដោយ Pass App ឬក៏ដោយរថយន្តសាធារណៈ» ។
ត្រឡប់មកអ្នកស្រី ពៅ ទិត្យវត្តិ វិញ អ្នកស្រីស្នើឱ្យអ្នកទទួលខុសត្រូវ សម្រាប់ផ្លូវថ្មើរជើងនេះជួយចែករំលែកព័ត៌មានបន្ថែមទៀតដល់សាធារណជនឱ្យបានទូលំទូលាយអំពីការដាក់ឱ្យដំណើរការផ្លូវថ្មើរជើងនេះ ហើយអ្នកស្រីក៏ចង់ឃើញមានការបង្កើនការលក់ដូរនៅជុំវិញតំបន់នេះ ដូចជាការបង្កើតតូបផ្សាររាត្រី និងមានស្តង់លក់ចំណីអាហារជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកតំបន់នេះកាន់តែច្រើន។
អ្នកស្រីបន្តថា៖«ខ្ញុំចង់សំណូមពរឲ្យថ្នាក់ដឹកនាំគាត់ជួយប្រមូលទៅផ្សព្វផ្សាយឱ្យបានច្រើនដល់ប្រជាជនទាំងអស់គ្នាបានដឹងហើយក៏បង្កើតឲ្យមានជាការលក់ដូចជាស្តង់ផ្សាររាត្រីអីផ្សេងផ្សេងឲ្យកាន់តែច្រើនដើម្បីឲ្យនៅម្ដុំនេះគឺមានការលក់អីវ៉ាន់ម្ហូបច្រើនមែនទែនបើយើងទាក់ទាញភ្ញៀវទេសចរណ៍» ៕
អត្ថបទដោយ៖ ហ៊ែល កំសាន