មន្ត្រីរដ្ឋាភិបាលកម្ពុជា ឱ្យដឹងថា វិស័យមួយចំនួននៅប្រទេសកម្ពុជា ជាពិសេសសកម្មភាពបោសសម្អាតមីន កំពុងរងផលប៉ះពាល់ពីការផ្អាកជំនួយកម្មវិធីមូលនិធិដោយ USAID បើទោះបីជាបញ្ហានេះមិនប៉ះពាល់ដល់ការអភិវឌ្ឍប្រទេស ប៉ុន្តែកម្ពុជានៅបន្តស្នើដល់សហរដ្ឋអាមេរិក និងស្វាគមន៍ដៃគូរអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការបន្តសហប្រតិបត្តិការជួយដល់កម្ពុជា។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ក្រោយពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចូលកាន់តំណែង លោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិឱ្យផ្អាកជំនួយទៅក្រៅប្រទេសទាំងអស់ នៃកម្មវិធីរបស់ទីភ្នាក់ ងារ USAID ក្នុងរយៈពេល ៩០ថ្ងៃ ដើម្បីពិនិត្យមើលឡើងវិញ ពីប្រសិទ្ធភាព និងភាពស៊ីសង្វាក់នៃគោលនយោបាយការបរទេសរដ្ឋការរបស់លោក។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកប៉ែន បូណា មានប្រសាសន៍នៅថ្ងៃទី៣១ ខែមករានេះថា ការប្រកាសបង្កកជំនួយពីសំណាក់រដ្ឋាភិបាលអាមេរិក ក្រោមអាណត្តិដឹកនាំរបស់ លោក ដូណាល់ ត្រាំ ធ្វើឱ្យប៉ះពាល់ដល់គ្រប់បណ្តាប្រទេសនានាជុំវិញពិភពលោក ដែលទទួលជំនួយពីសហរដ្ឋអាមេរិក ក្នុងនោះប្រទេសកម្ពុជា ក៏រងផលប៉ះពាល់ផងដែរ ចំពោះវិស័យមួយចំនួន។
លោកថា៖ «នៅកម្ពុជាយើងក៏មានគម្រោងមួយចំនួន ដែលទទួលរងផលប៉ះពាល់ដែរ ដោយសារតែយើងមានកិច្ចសហប្រតិបត្តិការណ៍ ទទួលជំនួយពីសហរដ្ឋអាមេរិក។ ពិតណាស់ ពេលដែលគាត់ប្រកាសអញ្ចឹងទៅគម្រោងទាំងអស់ហ្នឹង ទទួលរងផលប៉ះពាល់ហើយជាការពិត។ ក៏ប៉ុន្តែ គ្រាន់តែថាជំនួយទាំងអស់ហ្នឹង ទៅតាមវិស័យនីមួយៗ ឧទាហណ៍ថា វិស័យកសិកម្ម វិស័យសុខាភិបាល អប់រំ ឬវិស័យដោះមីនអីហ្នឹងជាដើមហ្នឹង។ អញ្ចឹងប៉ះកន្លែងណា យើងព្យាយាមដោះស្រាយនៅកន្លែងហ្នឹង»។
តែយ៉ាងណា លោកបញ្ជាក់ថា ផលប៉ះពាល់លើគម្រោងទាំងនោះ មិនអាចរារាំងដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានោះទេ។
លោកបន្ថែមថា៖ «ប៉ុន្តែសួរថាតើផលប៉ះពាល់ទាំងអស់ហ្នឹង បង្កឧបសគ្គរារាំងដល់ដំណើរការអភិវឌ្ឍប្រទេសទេ? ធ្វើឱ្យសេដ្ឋកិច្ឋគាំងទេ? រដ្ឋាភិបាលកម្ពុជាគាំងដំណើរទេ? អត់ទេបាទ អត់មានទេ។ វាទៅតាមវិស័យ ហើយវិស័យដែលប៉ះពាល់យើងដោះស្រាយទៅតាមអ្វី ដែលយើងអាចដោះស្រាយបាន ព្រោះរដ្ឋាភិបាលយើងមានដៃគូអភិវឌ្ឍហ្នឹងច្រើន មានប្រភពលុយផ្សេងៗក៏ច្រើន អញ្ចឹងយើងអាចផ្លាស់ប្តូពីរមួយទៅមួយ ជាក់ស្តែង អូស្រ្តាលី គាត់នៅតែបន្តវិស័យដោះមីនជាហូរហែរបន្តបន្ទាប់ទៀត»។
ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ បានប្រាប់ Newsroom Cambodiaថា អាមេរិកជាដៃគូដ៏សំខាន់របស់កម្ពុជា ក្នុងការបោសសម្អាតមីនតាំងពីឆ្នាំ១៩៩០ដល់បច្ចុប្បន្ន ដោយអាមេរិកបានសម្រាលបន្ទុករដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយប្រមាណ ១០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ គិតជាមធ្យម ដើម្បីកាត់បន្ថយការបាត់បង់ជីវិត និងបានដីសុវត្ថិភាពសម្រាប់ធ្វើកសិកម្ម។ លោកបន្តថា ការដែលអាមេរិកផ្អាកជំនួយទៅទូទាំងពិភពលោកដែលរួមទាំងកម្ពុជាផងនោះ បានធ្វើឱ្យប៉ះពាល់គម្រោងបោសសម្អាតមីននៅកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ប៉ះពាល់ដល់៩៣គម្រោងបោសសម្អាត បោសសម្អាតមីនដោយប្រើធនធានមកពីអាមេរិក ដែលមានបុគ្គលិកអ្នកបោសសម្អាតមីន និងបុគ្គលិកពាក់ព័ន្ធប្រហែលជាជាង១ពាន់នាក់។ […] វាប៉ះពាល់ជាទូទៅ វាមានការប៉ះពាល់ហើយ ព្រោះថវិកាយើងត្រៀមចំណាយដែលបានមកពីសហរដ្ឋអាមេរិកគាំទ្រដល់ជីវភាពរស់នៅ របស់អ្នកដោះមីនយើង ហើយនិងកម្មវិធីផ្សេងៗទៀតក្នុងវិស័យមីនហ្នឹង»។
តែយ៉ាងណា លោកថា កម្ពុជាបាននឹងកំពុងព្យាយាមរកជំនួយពីបណ្ដាប្រទេសជាមិត្តផ្សេងទៀត ឬពីប្រភពផ្សេងៗទៀត ដើម្បីបន្តគាំទ្រដល់សកម្មភាព និងគម្រោងដែលបានត្រៀមប្រើធនធានពីអាមេរិក។ ជាមួយគ្នានេះ លោកក៏សង្ឃឹម និងស្នើដល់សហរដ្ឋអាមេរិក បន្តគាំទ្រដល់ការបោសសម្អាតមីននៅកម្ពុជា ខណៈអាជ្ញាធរមីនកំពុងបោសសម្អាតមីននៅខេត្តចំនួន៧ រួមមាន ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និងបន្ទាយមានជ័យ។
លោកថា៖ «អ្វីដែលយើងមានក្ដីសង្ឃឹមនោះ គឺ យើងសង្ឃឹមថា សហរដ្ឋអាមេរិកលោកនឹងបន្ត ពី៩០ថ្ងៃដែលផ្អាកនេះ នឹងបន្តសកម្មភាពដែលមានផែនការរួចមកហើយ ហើយដែលបានចាប់ផ្ដើមរួចមកហើយនេះទៅមុខ[…] យើងស្នើសុំឱ្យអាមេរិកបន្តជួយការងារបោសសម្អាតមីនរដ្ឋាភិបាលរបស់យើង គោលនយោបាយរដ្ឋាភិបាលរបស់យើង ក្នុងការងារបោសសម្អាតមីននេះបន្តទៅមុខទៀត ព្រោះយើងនៅសល់ចំការមីនយើងច្រើននៅប្រទេសរបស់យើងនេះ»។
ចំណែក អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា ការផ្អាកជំនួយរបស់អាមេរិក តាមរយះទីភ្នាក់ងារ USAID នេះ មិនប៉ះពាល់ដល់ដំណើរការរបស់ក្រសួងទេ ព្រោះជំនួយនោះធ្វើឡើងដោយប្រយោល។
កញ្ញាថា៖ «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិច្ចសហការមួយចំនួនជាមួយមូលនិធិ USAID តែកិច្ចសហការទាំងនោះ ធ្វើឡើងក្នុងរូបភាពជាការគាំទ្រប្រយោលប៉ុណ្ណោះ។ ម្ល៉ោះហើយ ជំនួយនិងការគាំទ្រនានា តាមរយៈ USAID មិនមានផលប៉ះពាល់ដល់ដំណើរការការងាររបស់ក្រសួងឡើយ»។
តែយ៉ាងណា អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ក្រសួងស្វាគមន៍នូវរាល់ជំនួយ ការគាំទ្រ និងកិច្ចសហការប្រកបដោយភាពស្មោះត្រង់ ពីអង្គការ និងដៃគូអភិវឌ្ឍន៍ ហើយក្រសួងនឹងនៅតែបន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីបម្រើដល់កសិករ និងពលរដ្ឋ។
រីឯ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ការផ្អាកជំនួយរបស់សហរដ្ឋអាមេរិកនេះមិនទាន់មានព័ត៌មានជាក់លាក់ណាមួយ ដែលថាអាចប៉ះពាល់ដល់ដំណើរការក្រសួងបរិស្ថានទេ។
លោកថា៖ «យើងនឹងនៅរងចាំមើលបន្តទៀត សម្រាប់ការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិក ដែលនៅក្នុងពេលនេះ យើងនៅសង្ឃឹមថា មិនមានអ្វីប្រែប្រួលទេ ចំពោះករណីជំនួយផ្សេងៗទាក់ទងនឹងវិស័យបរិស្ថាននេះ»។
លោកបន្ថែមថា៖ «កន្លងមកនេះ គឺយើងស្វាគមន៍ទាំងអស់នូវភាគីពាក់ព័ន្ធ ដែលចូលរួមនៅក្នុងវិស័យបរិស្ថាន ហើយយើងក៏ខិតខំប្រឹងប្រែងដើម្បីពង្រឹងគុណភាពបរិស្ថាន គេហៅថាសុក្រិត្យកម្មបរិស្ថាននេះ ដើម្បីបង្ហាញអំពីការចូលរួមរបស់អន្តរជាតិក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ក៏ដូចជាដើម្បីលើកកម្ពស់គុណភាពបរិស្ថាន ការពារធនធានធម្មជាតិរបស់យើង ហើយទាក់ទងនឹងជំនួយរបស់ USAID នេះ គាត់ផ្តោតសំខាន់ទៅលើសហគមន៍ដែលធ្វើការជាមួយដៃគូររបស់គាត់ ហើយយើងគាំទ្រសម្រាប់ការគាំទ្រកន្លងមកនេះ ធ្វើឲ្យ ជាចំណែកមួយជួយទៅដល់វិស័យបរិស្ថានយើង»។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក កុយ វ៉ាននី មានប្រសាសន៍ថា លោកមិនទាន់អាចវាយតម្លៃពីផលប៉ះពាល់នៃការផ្អាកជំនួយពីសហរដ្ឋអាមេរិកនៅឡើយទេនៅពេលនេះ ដោយសារការផ្អាកជំនួយទើបបានរយៈពេលខ្លី។
លោកបន្ថែមថា៖ «យើងអត់អាចដឹងជំហរបស់មិត្តភក្តិអាមេរិកយើងយ៉ាងម៉េចទេ ក៏ប៉ុន្តែអ្វីដែលយើងជឿជាក់នោះ គឺថារាល់គម្រោងទាំងឡាយដែលកំពុងតែធ្វើផ្នែកសុខាភិបាល សហភាតរៈយើងUSAID លោកដឹងច្បាស់ណាស់ គឺជាការគម្រោងអភិវឌ្ឍន៍ពិតប្រាកដនៅក្នុងភាពគេហៅថាចាំបាច់ សម្រាប់ប្រទេសកម្ពុជាយើង មិនមែនគម្រោងបង្កើតចេះតែបង្កើតដើម្បីបង្កើតទេ សហភាតរៈយើង USAID លោកដឹងច្បាស់ណាស់ថាលោកខិតខំការពារគម្រោងទាំងអស់នោះ ឲ្យបាននៅបន្ត ហ្នឹងជាអ្វីបានដឹងមក យើងមិនទាន់ឃើញUSAID ថាចប់ ឬថាផ្តាច់ អត់ទេ ផ្ទុយទៅវិញលោកចង់ឲ្យបាននៅបន្ត ហើយយើងកាន់តែចង់នៅបន្ត»។
ជុំវិញករណីនេះ លោកស្រី Kerry Pelzman នាយិកាទីភ្នាក់ងារជំនួយអាមេរិក USAID ឆ្លើយតបតាមរយៈអ៊ីម៉ែលមកNewsroom Cambodia ថា ដើម្បីធ្វើការពិនិត្យឡើងវិញឱ្យបានហ្មត់ចត់ នៅពេលនេះរាល់កម្មវិធី និងជំនួយទាំងអស់ដែលប្រើប្រាស់មូលនិធិជំនួយបរទេសត្រូវបានផ្អាក លើកលែងតែកម្មវិធីនិងជំនួយណា ដែលទទួលបានការលើកលែង ដែលអនុម័តដោយក្រសួងការបរទេសប៉ុណ្ណោះ។
លោកស្រីបន្តថា៖ «ក្រសួងការបរទេសបានអនុម័តយល់ព្រមផ្តល់ជំនួយមនុស្សធម៌។ អ្នកអនុវត្តកម្មវិធីជំនួយមនុស្សធម៌ ដែលមានស្រាប់គួរតែបន្ត ឬបន្តធ្វើការងារឡើងវិញ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅអានសេចក្តីជូនដំណឹង ដែលចេញផ្សាយដោយក្រសួងការបរទេស ស្តីពីដំណើរការលើកលែង»។
គួរជម្រាបជូនថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAID ជាកម្មវិធីជំនួយដំបូងគេរបស់សហរដ្ឋអាមេរិកនៅប្រទេសកម្ពុជា ហើយបានចាប់ផ្តើមតាំងពីឆ្នាំ១៩៦០។ កម្មវិធីនេះ បានរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈជំនួយមនុស្សធម៌ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ កម្មវីធី USAID បានវិវត្តន៍ជាកម្មវិធីរយៈពេលវែង និងទ្រង់ទ្រាយធំ ចាប់ពីឆ្នាំ១៩៩១។ វិស័យអាទិភាពមួយចំនួនដែល USAID ផ្ដោតលើរួមមាន លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ច វិស័យសុខភាព អប់រំ ការការពារកុមារ បរិស្ថាន និងសន្តិសុខស្បៀង។ ចំពោះជំនួយចំពោះការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអភិបាលកិច្ច ទីភ្នាក់ងារ USAID បានគាំទ្រអង្គការក្រៅរដ្ឋាភិបាលដែលជាដៃគូសំខាន់ៗចំនួន១១អង្គការនៅប្រទេសកម្ពុជា។
គេហទំព័រទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAID ឱ្យដឹងថា USAID បានចាត់ចែងថវិកាចំនួន ២២,៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ នៅទូទាំងពិភពលោក។
សម្រាប់នៅកម្ពុជា ក្នុងរយៈពេល ៣ទស្សវត្សរ៍មកនេះ ទីភ្នាក់ងារ USAID បានផ្តល់ជំនួយជាង ៣ពាន់លានដុល្លារដល់វិស័យផ្សេងៗ ដូចជា វិស័យសុខាភិបាល កសិកម្ម បរិស្ថាន អភិបាលកិច្ចល្អ ការអប់រំ និងសិទ្ធិមនុស្ស ជាដើម៕
……………………………………
អត្ថបទដោយ៖ នឿន ដាវីន